ក្រុមមន្ត្រីបានឲ្យដឹងថា កាលពីម្សិលមិញគណៈប្រតិភូស្ថានទូតបារាំងបានជួបជាមួយមន្ត្រីសាលារាជធានីភ្នំពេញដើម្បីពិភាក្សាគ្នាអំពីការសាងសង់ស្តូបរំឭកវិញ្ញាណក្ខន្ធជនរងគ្រោះនៅសម័យខ្មែរក្រហម ជាផ្នែកនៃការផ្តល់សំណងសម្រាប់ភាគីដើមបណ្តឹងរដ្ឋប្បវេណី ដែលបានដាក់ពាក្យប្តឹងទៅកាន់សាលាក្តីឧក្រិដ្ឋកម្មសង្គ្រាម។
លោក អាឡាំង ហ្វរទីន (Alain Fortin) កុង ស៊ុលទីមួយ និងជាអនុប្រធានគណៈកម្មការស្ថានទូតបារាំងប្រចាំនៅក្នុងប្រទេសកម្ពុជាបានដឹកនាំគណៈប្រតិភូទៅជួបជាមួយលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញដើម្បី ពិភាក្សាគ្នាអំពីសេចក្តីលម្អិតនៃគម្រោងដែលត្រូវបានស្នើឡើង។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានមានប្រសាសន៍ថា “សាលារាជធានីបានយល់ព្រមនឹងសំណើនេះ ប៉ុន្តែក្រុមការងារនៅសាលារាជធានីត្រូវតែសិក្សាបន្ថែមអំពីគម្រោងជាមុនសិន មុនពេលផ្តល់ទីតាំងជាក់លាក់”។ លោកបានមានប្រសាសន៍បន្តទៀតថា “លោក ប៉ា សុជាតិវង្ស បានប្រាប់លោក ហ្វរទីន ថា សាលារាជធានីនឹងបើកកិច្ចប្រជុំមួយដើម្បីពិភាក្សាអំពីកិច្ចប្រជុំនេះ ហើយក្រោយពីកិច្ចប្រជុំនេះរួចសាលារាជធានី នឹងបញ្ជូនសំណើទៅឲ្យរដ្ឋាភិបាល”។ លោកបានបន្ថែមថា ទំហំនៃស្តូបរំឭកវិញ្ញាណក្ខន្ធនេះនៅមិនទាន់សម្រេចថា តើត្រូវសាងសង់ក្នុងទំហំប៉ុណ្ណានៅឡើយទេ។
លោក នីកូឡាស ប៊ូឌង់ (Nicolas Baudouin)លេខាទីមួយនៅស្ថានទូតបារាំងបានលើកឡើងថា ស្ថានទូតបារាំងនឹងផ្តល់មូលនិធិសម្រាប់គម្រោងនេះដែលជាគម្រោងមួយក្នុងចំណោមគម្រោងផ្តល់សំណងមួយចំនួនសម្រាប់ជនរងគ្រោះ និងអ្នករស់រានមានជីវិតពីសម័យខ្មែរក្រហមដែលគ្រប់គ្រងដោយសាលាក្តីឧក្រិដ្ឋកម្មខ្មែរក្រហម។
លោក ប៊ូឌង់ បានមានប្រសាសន៍ថា “យើងបានបើកកិច្ចប្រជុំនេះនៅព្រឹកនេះដើម្បីពិភាក្សាអំពីគម្រោងផ្តល់សំណងនេះដែលស្ថិតនៅក្នុងចំណោមគម្រោងផ្តល់សំណងផ្សេងៗគ្នា និងពិភាក្សាអំពីពាក្យបណ្តឹងចុងក្រោយដែលត្រូវបានប្តឹងដោយមេធាវីរបស់ភាគីដើមបណ្តឹងរដ្ឋប្បវេណីសម្រាប់សំណុំរឿង០០២”។ លោកបានមានប្រសាសន៍បន្ថែមទៀតថា “វាជារឿងល្អប្រសើរដែលគម្រោងនេះមានពាក់ព័ន្ធជាមួយសា្ថនទូតបារាំង”។
អំឡុងនិងបន្ទាប់ពីកងកម្លាំងខ្មែរក្រហមបានជម្លៀសប្រជាពលរដ្ឋចេញពីទីក្រុងភ្នំពេញ កាលពីខែមេសា ឆ្នាំ១៩៧៥ ស្ថានទូតបារាំងនិងបរិវេណរបស់ស្ថានទូតនេះបានក្លាយទៅជាជម្រកភៀសខ្លួនសម្រាប់ជនបរទេសនិងពលរដ្ឋខ្មែរជាច្រើនរយនាក់។ កងកម្លាំងខ្មែរក្រហមបានបង្ខំពលរដ្ឋខ្មែរឲ្យចាកចេញពីស្ថានទូតនេះ មុនពេលអនុញ្ញាតឲ្យជនបរទេសដែលនៅសេសសល់ចាកចេញពីប្រទេសកម្ពុជាតាមរថយន្តធំៗដែលបានដឹកពួកគេទៅកាន់ព្រំដែននៃប្រទេសថៃ៕ស៊ុយឈាង