38 C
Phnom Penh

អ្នក​ចម្ការ​និង​ឈ្មួញ​ស្វាយ​ចន្ទី​សង្ឃឹម​ទទួល​បាន​ផល​ល្អ​ដោយ​សារ​តែ​អាកាស​ធាតុ​អំណោយ​ផល​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ចម្ការ​ និង​ឈ្មួញ​ស្វាយ​ចន្ទី​សង្ឃឹម​ថា ឆ្នាំ​នេះ​ខ្លួននឹង​ប្រមូល​ផល​បាន​ច្រើន​​ នៅ​ពេល​​រដូវ​ប្រមូល​ទើបតែចាប់​ផ្តើម​ ដោយ​លក្ខ​ខណ្ឌ​អាកាស​ធាតុ​ផ្តល់​ភាព​អំណោយ​ផល​ ជា​ហេតុ​បណ្តាល​ឲ្យ​ចម្ការ​ស្វាយ​ចន្ទីផ្តល់​ផល​ច្រើន ​នៅ​ក្នុង​ខេត្ត​​រតនគិរី និង​ខេត្ត​កំពង់​ចាម។

លោក ងួន វណ្ណៈ អ្នក​រក​ស៊ី​ក្នុង​មុខ​របរ​លក់​ស្វាយ​ចន្ទី​មិន​ទាន់​កែ​ច្នៃ​ ឲ្យ​ទៅ​ប្រទេស​វៀត​ណាម​ បាន​ឲ្យ​ដឹង​ថា អ្នក​ចម្ការ​នៅ​ខេត្ត​កំពង់​ចាម​បាន​ចាប់​ផ្តើម​ប្រមូល​ផល​បាន​១​ទៅ​២​ភាគ​​រយ​ នៃ​បរិមាណ​ទិន្ន​ផល​​​របស់​ខ្លួន​ ហើយ​សកម្មភាព​ប្រមូល​ផល​ នឹង​ដំណើរ​ការ​ទៅ​មុខ​យ៉ាង​ពេញ​លេញ​ក្នុង​រយៈពេល​ប្រ​ហែល​ជា​១០ថ្ងៃ​ខាង​មុខ​។

លោក វណ្ណៈ បាន​ព្យាករ​ថា ទិន្ន​ផល​នឹង​កើន​ឡើង​២០​ទៅ​៣០ភាគ​រយ​ បើ​ធៀប​នឹង​ឆ្នាំ​មុន​ ដោយ​សារ​​អាកាស​ធាតុ​អំណោយ​ផល​រហូត​​ដល់​ដំណាច់​ឆ្នាំ​មុន​ ជាហេតុ​ជំរុញ​​ឲ្យ​ដី​មាន​សំណើម​ ហើយ​ដើម​មាន​ផ្លែ​ពេញ​។ លោក​បាន​មាន​ប្រសាសន៍​ថា “នៅពេល​ខ្ញុំ​ទៅ​មើល​ចម្ការ​នៅក្នុង​ខេត្ត​កំពង់​ចាម​ ដើម​ស្វាយ​ចន្ទី​មាន​ផ្លែ​ពេញ​ដើម​​”។

យោង​តាម​តួលេខ​ថ្មី​របស់​ក្រសួង​ពាណិជ្ជ​កម្ម​ បាន​បង្ហាញ​ថា ប្រទេស​កម្ពុជា​បាន​នាំ​ចេញ​ស្វាយ​ចន្ទី​១.២៣៤តោន​ ដែល​មាន​តម្លៃ​៥៤៧.​១៤១ដុល្លារ​ក្នុង​ឆ្នាំ​២០១៣ ពោល​គឺ​បាន​ធ្លាក់​ចុះ​៨៤ភាគ​រយ​បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ កាលពី​ឆ្នាំ​២០១២។

លោក​ ណុច ចំរើន​ ឈ្មួញ​គ្រាប់​ស្វាយ​ចន្ទី​នៅ​ខេត្ត​រតនគិរី បាន​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​ទិន្ន​ផល​ក្នុង​ឆ្នាំ​២០១៣​ធ្លាក់​ចុះ​គឺ​ដោយ​សារ​តែ​មាន​ទឹក​ភ្លៀង​មិន​គ្រប់​គ្រាន់​ក្នុង​ឆ្នាំ​២០១២​។ លោក​ ចំរើន បាន​មាន​ប្រសាសន៍​ថា “ដំណាំ​ស្វាយ​ចន្ទី​​ពឹង​ផ្អែក​លើ​ទឹក​ភ្លៀង​ មិន​មែន​ប្រព័ន្ធ​ស្រោច​ស្រពទេ​ ទើប​ទិន្ន​ផល​មាន​បរិមាណ​ទាប​”។

ភាគ​ច្រើន​នៃ​ស្វាយ​ចន្ទី​ដែល​ត្រូវ​បាន​ដាំ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​បានគេ​បេះ​យក​គ្រាប់​​​មិន​ទាន់​បក​នាំ​ចេញ​ទៅ​ប្រទេស​វៀត​ណាម​ ដែល​ជា​ប្រទេស​នាំ​ចេញ​ស្វាយ​ចន្ទី​​ច្រើន​​បំផុត​នៅ​លើ​ពិភពលោក​។ គួរ​បញ្ជាក់​ថា គ្រាប់​ស្វាយ​ចន្ទី​​ត្រូវ​​​គេ​បក​សំបក​ចេញ​​ហើយ​ដុត​នៅ​​ប្រទេស​វៀតណាម​​ បន្ទាប់​មក​ត្រូវ​បាន​នាំ​ចេញ​ទៅ​​ទី​ផ្សារ​អន្តរ​ជាតិ​។

លោក សុន ពៅ មេឃុំ​កាចាញ ខេត្ត​រតនគិរី​បាន​ឲ្យ​ដឹង​ថា អ្នក​ចម្ការ​ប្រមូល​ផលជាមធ្យម​​បាន​៧០០​ទៅ​៨០០គីឡូក្រាម​​ក្នុង​មួយ​ហិកតា​ កាលពី​ឆ្នាំ​មុន និង​លក់​ក្នុង​​តម្លៃ​ប្រហែល​០,៨៥​ដុល្លារ​ក្នុង​មួយ​គីឡូក្រាម​។ ឆ្នាំ​នេះ​ លោក​រំពឹង​ថា ទិន្ន​ផល​នឹង​មាន​ច្រើន​ជាង​មុន​ ដោយ​សារ​​​អាកាស​ធាតុមាន​លក្ខណៈអំ​ណោ​យ​​ផល​ជាង​មុន​ និង​អាច​លក់​ក្នុង​តម្លៃ​ប្រហែល​៣.៥០០​រៀល​ ឬ​ក៏​ប្រហែល​០,៨៨ដុល្លារ​ក្នុង​មួយ​គីឡូ​ក្រាម​។ លោក វណ្ណៈ បាន​ឲ្យ​ដឹងបន្ត​​ទៀត​ថា តម្លៃ​ស្វា​យ​​ចន្ទី​មិន​ទាន់​បក​របស់​ខេត្ត​កំពង់​ចាម​ ខ្ពស់​ជាង​នៅ​ខេត្ត​រតនគិរី ដោយ​សារ​តែ​ផ្កា​នៃ​ផ្លែ​ធំ​​ជាង​មុន​ ហើយ​គ្រាប់​មាន​គុណ​ភាព​ល្អ​ជាង​មុន​៕សុធា​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស