អ្នកចម្ការ និងឈ្មួញស្វាយចន្ទីសង្ឃឹមថា ឆ្នាំនេះខ្លួននឹងប្រមូលផលបានច្រើន នៅពេលរដូវប្រមូលទើបតែចាប់ផ្តើម ដោយលក្ខខណ្ឌអាកាសធាតុផ្តល់ភាពអំណោយផល ជាហេតុបណ្តាលឲ្យចម្ការស្វាយចន្ទីផ្តល់ផលច្រើន នៅក្នុងខេត្តរតនគិរី និងខេត្តកំពង់ចាម។
លោក ងួន វណ្ណៈ អ្នករកស៊ីក្នុងមុខរបរលក់ស្វាយចន្ទីមិនទាន់កែច្នៃ ឲ្យទៅប្រទេសវៀតណាម បានឲ្យដឹងថា អ្នកចម្ការនៅខេត្តកំពង់ចាមបានចាប់ផ្តើមប្រមូលផលបាន១ទៅ២ភាគរយ នៃបរិមាណទិន្នផលរបស់ខ្លួន ហើយសកម្មភាពប្រមូលផល នឹងដំណើរការទៅមុខយ៉ាងពេញលេញក្នុងរយៈពេលប្រហែលជា១០ថ្ងៃខាងមុខ។
លោក វណ្ណៈ បានព្យាករថា ទិន្នផលនឹងកើនឡើង២០ទៅ៣០ភាគរយ បើធៀបនឹងឆ្នាំមុន ដោយសារអាកាសធាតុអំណោយផលរហូតដល់ដំណាច់ឆ្នាំមុន ជាហេតុជំរុញឲ្យដីមានសំណើម ហើយដើមមានផ្លែពេញ។ លោកបានមានប្រសាសន៍ថា “នៅពេលខ្ញុំទៅមើលចម្ការនៅក្នុងខេត្តកំពង់ចាម ដើមស្វាយចន្ទីមានផ្លែពេញដើម”។
យោងតាមតួលេខថ្មីរបស់ក្រសួងពាណិជ្ជកម្ម បានបង្ហាញថា ប្រទេសកម្ពុជាបាននាំចេញស្វាយចន្ទី១.២៣៤តោន ដែលមានតម្លៃ៥៤៧.១៤១ដុល្លារក្នុងឆ្នាំ២០១៣ ពោលគឺបានធ្លាក់ចុះ៨៤ភាគរយបើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១២។
លោក ណុច ចំរើន ឈ្មួញគ្រាប់ស្វាយចន្ទីនៅខេត្តរតនគិរី បានឲ្យដឹងថា មូលហេតុដែលទិន្នផលក្នុងឆ្នាំ២០១៣ធ្លាក់ចុះគឺដោយសារតែមានទឹកភ្លៀងមិនគ្រប់គ្រាន់ក្នុងឆ្នាំ២០១២។ លោក ចំរើន បានមានប្រសាសន៍ថា “ដំណាំស្វាយចន្ទីពឹងផ្អែកលើទឹកភ្លៀង មិនមែនប្រព័ន្ធស្រោចស្រពទេ ទើបទិន្នផលមានបរិមាណទាប”។
ភាគច្រើននៃស្វាយចន្ទីដែលត្រូវបានដាំនៅក្នុងប្រទេសកម្ពុជាត្រូវបានគេបេះយកគ្រាប់មិនទាន់បកនាំចេញទៅប្រទេសវៀតណាម ដែលជាប្រទេសនាំចេញស្វាយចន្ទីច្រើនបំផុតនៅលើពិភពលោក។ គួរបញ្ជាក់ថា គ្រាប់ស្វាយចន្ទីត្រូវគេបកសំបកចេញហើយដុតនៅប្រទេសវៀតណាម បន្ទាប់មកត្រូវបាននាំចេញទៅទីផ្សារអន្តរជាតិ។
លោក សុន ពៅ មេឃុំកាចាញ ខេត្តរតនគិរីបានឲ្យដឹងថា អ្នកចម្ការប្រមូលផលជាមធ្យមបាន៧០០ទៅ៨០០គីឡូក្រាមក្នុងមួយហិកតា កាលពីឆ្នាំមុន និងលក់ក្នុងតម្លៃប្រហែល០,៨៥ដុល្លារក្នុងមួយគីឡូក្រាម។ ឆ្នាំនេះ លោករំពឹងថា ទិន្នផលនឹងមានច្រើនជាងមុន ដោយសារអាកាសធាតុមានលក្ខណៈអំណោយផលជាងមុន និងអាចលក់ក្នុងតម្លៃប្រហែល៣.៥០០រៀល ឬក៏ប្រហែល០,៨៨ដុល្លារក្នុងមួយគីឡូក្រាម។ លោក វណ្ណៈ បានឲ្យដឹងបន្តទៀតថា តម្លៃស្វាយចន្ទីមិនទាន់បករបស់ខេត្តកំពង់ចាម ខ្ពស់ជាងនៅខេត្តរតនគិរី ដោយសារតែផ្កានៃផ្លែធំជាងមុន ហើយគ្រាប់មានគុណភាពល្អជាងមុន៕សុធា