38.8 C
Phnom Penh

ក្រសួង​​​ការ​​​ងារ និង​​​បណ្ដុះបណ្ដាល​​​វិជ្ជាជីវៈ​​​មិន​​​អើពើ​​​នឹង​​​ការ​​​ស្រាវ​​​ជ្រាវ​​​​​​របស់​​​ខ្លួនពាក់ព័ន្ធ​​​​​​​​​ប្រាក់ខែ​​​គោល​​​​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ​​​ក្រសួង​​​ការ​​​ងារ​​​ និង​​​បណ្ដុះ​​​​​​បណ្ដាលវិជ្ជាជីវៈ​​​ បាន​​​និយាយ​​​ការ​​​ពារ​​​ការ​​​ខក​​​ខាន​​​របស់​​​ខ្លួន​​​ក្នុង​​​ការ​​​មិន​​​បាន​​​​​​ចាត់​​​វិធានការ​​​ទៅ​​​តាម​​​​​​​​​លទ្ធផលនៃការ​​​ស្រាវ​​​ជ្រា​​​​​​វ​​​ផ្ទាល់​​​របស់​​​ខ្លួន​​​​​​ ដែល​​​កាលពីខែ​​​វិច្ឆិកា បាន​​​រក​​​ឃើញ​​​​​​ថា ប្រាក់​​​ខែ​​​គោល​​​ដែល​​​អាច​​​រស់​​​បាន​​​សម្រាប់​​​​​​​​​​​​កម្មករ​​​រោងចក្រ​​​កាត់​​​ដេរ​​​គឺ​​​ចន្លោះ​​​១៥៧​​​ដុល្លារ ទៅ​​​១៧៧​​​ដុល្លារ​​​។

នៅ​​​ក្នុង​​​របាយការណ៍​​​ប្រចាំ​​​ឆ្នាំ​​​របស់​​​ខ្លួន​​​ក្រសួង​​​នេះ​​​បាន​​​ចុះ​​​បញ្ជី​​​​​​របាយការណ៍​​​​​​​​​សិក្សា​​​ស្រាវ​​​ជ្រាវ​​​របស់​​​ខ្លួន​​​ពាក់​​​ព័ន្ធ​​​នឹង​​​​​​ប្រាក់​​​ខែ​​​​​​​​​ដែលធ្វើឡើង​​​ស្រប​​​​​​នឹង​​​សហជីព​​​​​​កម្មករ​​​ដែល​​​មាន​​​និន្នាការ​​​នយោបាយ​​​ផ្សេង​​​គ្នា​​​​​​ថា ជា​​​​​​សមិទ្ធ​​​ផល​​​កំពូល​​​របស់ខ្លួន​​​ក្នុង​​​ឆ្នាំ​​​២០១៣​​​ ប៉ុន្តែ​​​​​​ក្រសួង​​​មិន​​​បាន​​​អើពើ​​​នឹង​​​លទ្ធផលនេះ​​​ទេ ហើយ ​​​បាន​​​ដំ​ឡើ​ង​​​ប្រាក់​​​ខែ​​​គោល​​​ដល់ត្រឹម​​​​​​​​​​​​តែ៩៥​​​ដុល្លារ​​​ប៉ុណ្ណោះ និង​​​ឡើង​​​​​​ដល់​​​ត្រឹម​​​១០០​​​​​​ដុល្លារ​​​  បន្ទាប់ពីមាន​​​មហាកូដ​​​កម្ម​​​កាល​​​​​​ពីខែ​​​ធ្នូ ។

លោក ហេង សួ អ្នក​​​នាំពាក្យ​​​ក្រសួង​​​ការ​​​ងារ​​​ បាន​​​មាន​​​ប្រសាសន៍​​​កាលពីម្សិលមិញ​​​ថា ដោយ​​​នៅ​​​តាម​​​រោងចក្រ​​​នានា​​​មាន​​​ការ​​​ធ្វើ​​​ការ​​​​​​បន្ថែម​​​ម៉ោង​​​ច្រើន​​​​​​ កម្មករ​​​អាច​​​ទទួល​​​បាន​​​ចំនួន​​​ប្រាក់​​​ដែល​​​ពួក​​​គេបាន​​​ទាម​​​ទារ​​​។ លោក​​​បាន​​​​​​មាន​​​ប្រសាសន៍​​​ថា “កម្មករ​​​ភាគ​​​ច្រើន​​​ពិត​​​ជា​​​ទទួល​​​បាន​​​១៦០​​​ដុល្លារ​​​​​​តាម​​​​​​ការ​​​ទាម​​​ទារ​​​របស់​​​ពួកគាត់​​​”។

សំដៅ​ដល់​​​​កម្មករ​​​រោងចក្រ​​​កាត់​​​ដេរ​​​ជាង​​​៤សែន​​​នាក់​​​នៅទូទាំង​​​​​​ប្រទេស​​​កម្ពុជា​​​ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែ​​​ម​​​ទៀត​​​ថា “ពួក​​​គាត់​​​ត្រូវ​​​បាន​​​អនុញ្ញាត​​​ឲ្យ​​​ធ្វើការ​​​ថែម​​​ម៉ោង ហើយ​​​​​​ពួកគាត់​​​ក៏ទទួល​​​បាន​​​ប្រាក់​​​​​​រង្វាន់​​​ផ្សេង​​​ៗ​​​ទៀត​​​ដែល​​​​​​ផ្ដល់​​​កម្រៃ​​​គ្រប់​​​គ្រាន់​​​នឹង​​​ឲ្យ​​​ពួក​​គាត់​​​រស់​​​បាន​​​ ហើយ​​​ក៏គ្រប់​​​គ្រាន់​​​នឹង​​​សន្សំ​​​ប្រាក់​​​ដើម្បី​​​ផ្ញើ​​​ទៅ​​​ក្រុម​​​គ្រួសារ​​​របស់​​​ពួកគាត់​​​ផង​​​ដែរ​​​”។

លោក​​​ស្រី ជីល ថាក់ឃើ (Jill Tucker) ប្រធាន​​​​​​បច្ចេក​​​ទេស​​​នៅ​​​កម្មវិធី​​​​​​រោងចក្រ​​​​​​ល្អ​​​ប្រសើរ​​​​​​របស់​​​​​​អង្គការ​​​ពល​​​កម្ម​​​អន្តរជាតិ​​​ ហៅ​​​កាត់​​​ថា ILO បានមាន​​​ប្រសាស​ន៍​​​កាលពីម្សិលមិញ​​​ថា លោក ហេង សួ និង​​​ក្រសួង​​​ការ​​​ងារ​​​បាន​​​បក​​​ស្រាយ​​​ខុស​​​នូវ​​​​​​​​​​​​និយម​​​ន័យ​​​នៃ​​​ពាក្យ​​​ថា “ប្រាក់ខែ​ គោល​​​” ។ លោកស្រី​​​បានមាន ប្រ​សា​សន៍ ​​​​ទៀត​​​​ថា “ប្រាក់​​​ខែគោល​​​មិនមែន​​​​​​តំណាង​​​ឲ្យ​​​​​​ចំនួន​​​ប្រាក់​​​សរុប​​​ដែល​​​កម្មករ​​​ម្នាក់​​​ទទួល​​​បាន​​​នោះ​​​ទេ តែ​​​វាគឺ​​​ជា​​​ប្រាក់​​​ខែ​​​ដែល​​​កម្មករ​​​ម្នាក់​​​ទទួល​​​បាន​​​​​​ពី​​​ការ​​​ធ្វើ​​​ការ​​​ជាមូល​​​ដ្ឋាន​​​៤៨​​​ម៉ោង​​​ក្នុង​​​មួយ​​​សប្ដាហ៍​​​”។

លោក​​​ ហេង សួ ក៏បាន​​​មាន​​​ប្រសាសន៍​​​​​​​​​ដែរ​​​​​​ថា ក្រុម​​​ប្រឹក្សា​​​ការ​​​ងារ​​​បាន​​​សម្រេច​​​ហើយ​​​​​​ថា ប្រាក់​​​ខែ​​​គោល​​​៩៥​​​ដុល្លារ​​​​​​ដែល​​​បាន​​​ដាក់​​​ចេញ​​​​​​កាល​​​ពី​​​ខែ​​​ធ្នូ (និង​​​ដែល​​​ឡើង​​​ដល់​​​១០០​​​ដុល្លារ​​​​​​​​​​​​នៅ​​​ដំណាច់ខែ​​​មុន) គឺ​​​គ្រប់​​​គ្រាន់​​​ហើយ​​​​​​​​​​​​។ លោក​​​បានមាន​​​ប្រសាសន៍​​​ទៀត​​​ថា “ក្រុមប្រឹក្សា​​​ការ​​​ងារ​​​បាន​​​​​រក​​​ឃើញ​​​ថា ការ​​​ចំណាយ​​​របស់​​​កម្មករ​​​ គឺ​​​ត្រឹម​​​តែ​​​ប្រហែល​​​៩៥​​​ដុល្លារ​​​ប៉ុណ្ណោះ ប្រសិន​​​បើ​​​​​​ពួកគេ​​​មិន​​​ត្រូវ​​​ការ​​​សន្សំ​​​​​​ប្រាក់​​​កាស​​​ទេ​​​នោះ។ ដូច្នេះសហជីព​​​គួរ​​​តែ​​​ឈប់​​​​​​តវ៉ា​​​ ពីព្រោះ​​​គេ​​​សម្រេច​​​រួច​​​ហើយ​​​ថា ឲ្យ​​​១០០​​​ដុល្លារ​​​ ហើយ​​​បញ្ហា​​​នៅ​តែ​​​​​​ត្រង់​​​ថា កម្មករ​​​​​​​​​​​​ត្រូវការ​​​ប្រាក់​​​បន្ថែម​​​ដែល​​​ពួកគេ​​​អាច​​​ផ្ញើ​​​ទៅ​​​ក្រុម​​​គ្រួសារ​​​បានប៉ុណ្ណោះ​​​​​​”។

អ្នកស្រី ឆេង ឡាង អនុ​​​ប្រធាន​​​សហព័ន្ធ​​​សហជីព​​​នៃ​​​ឧស្សាហកម្ម​​​វាយនភណ្ឌ​​​​​​កាត់​​​ដេរ​​​កម្ពុជា​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ខណៈ​​​ដែល​​​កម្ម​​​ករ​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​មួយចំនួន​​​ទទួល​​​បាន​​​​​​១៦០​​​ដុល្លារ​​​ក្នុង​​​មួយ​​​ខែ​​​ត្រឡប់​​​ទៅ​​​ផ្ទះ​​​​នោះ គឺ​​​​​​ថា​​​ទម្រាំតែ​​​បាន​​​១៦០​​​ដុល្លារ​​​នេះគឺ​​​ពិបាក​​​ខ្លាំង​​​ណាស់​​​។

ដោយ​​​ធ្វើការ​​​​​​​​​បន្ថែម​​​ម៉ោង​​​ទទួល​​​បាន​​​កម្រៃ​​​ប្រហែល​​​០,៧២​​​ដុល្លារ​​​ក្នុង​​​មួយ​​​ម៉ោង​​​​​​ (គឺ​​​ស្មើ​​​នឹង​​​១,៥​​​ដង​​​បើ​​​ប្រៀប​​​ធៀប​​​ទៅ​​​នឹង​​​អត្រា​​​ថ្លៃ​​​កម្លាំង​​​ពល​​​កម្ម​​​ជា​​​មូល​​​ដ្ឋាន​​​០,៤៨​​​ដុល្លារ​​​ក្នុង​​​មួយ​​​ម៉ោង​​​) កម្មករ​​​នឹង​​​ត្រូវ​​​ធ្វើ​​​ការ​​​បន្ថែម​​​ម៉ោង​​​​​ប្រហែល​​​៨០​​​ម៉ោង​​​ក្នុង​​​មួយ​​​ខែ​​​បន្ថែម​​​ពីលើ​​​ការ​​​ងារ​​​ពេញម៉ោង​​​បច្ចុប្បន្ន​​​របស់​​​ពួកគេ​​​១៩២​​​ម៉ោង​​​ក្នុង​​​មួយ​​​ខែ​​​ ហើយ​​​ពួកគេ​​​ក៏​​​ទទួល​​​បាន​​​ប្រាក់​សម្រាប់​​​ធ្វើ​​​ដំណើរ​​​ និង​​​ប្រាក់​​​រង្វាន់​​​សម្រាប់​​​អ្នក​​​មកធ្វើការ​​​ទៀង​​​ទាត់​​​ល្អ​​​ផង​​​ដែរ​​​ ទម្រាំ​​​ទទួល​​​បាន​​​១៦០​​​ដុល្លារ​​​។

លោក ដេវ​​​ វែលស៍ (Dave Welsh) នាយក​​​​​​អង្គការ​​​ American Center of International Labor Solidarity ប្រចាំប្រទេស​​កម្ពុជា​​​​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ជំហរ​​​របស់​​​ក្រសួង​​​ការ​​​ងារ​​​លើ​​​ប្រាក់​​​ខែ​​​គោល​​​ គឺ​​​ជា​​​ការ​​​ឆ្លុះ​​​បញ្ចាំងពី​​​ឥរិយា​​​បថ​​​​​​​​​​​​របស់​​​​​​និយោជក​​​ និង​​​ម្ចាស់​​​​អាជីវកម្ម​​​ចំពោះ​​​បុគ្គលិក​​​របស់​​​ខ្លួន​​​។

លោក​បាន​មាន​​​ប្រសាសន៍​​​បន្ថែម​​​ទៀត​​​ថា “ការ​​​ពិត​​​ណាស់​​​ថា ការពិភាក្សា​​​ពីប្រាក់​​​ខែ​​​គោល​​​​​​​​​​​​នេះ​​​មិន​​​បាន​​​ផ្អែក​​​​​​លើ​​​​​​ចំនួនម៉ោង​​​ដែល​​​បុគ្គល​​​ម្នាក់​​​គួរតែ​​​ធ្វើការ​​​ដើម្បី​ទទួលបានប្រាក់​​​ខែ​​​សម​​​រម្យ​​​​​​​​​នោះទេ ប៉ុន្តែវា​​​ផ្អែក​​​លើ​​​ចំនួន​​​ម៉ោង​​​ដែល​​​​​​អាច​​​ឲ្យ​​​កម្មករ​​​ធ្វើការ​​​ដោយ​​​មិន​​​បាន​​​​​​ដំឡើង​​​ប្រាក់​​​ខែ​​​។ យើង​​​មិន​​​អាច​​​និយាយ​​​បាន​​​ទេ​​​ថា យើង​​​មាន​​​​​ពល​​​កម្ម​​​ចាប់​​​បង្ខំនៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា ប៉ុន្តែ​​​បើ​​​និយាយ​​​ឲ្យស្មោះត្រង់​​​ទៅ​​​គឺ​​​ថា ​​​អត្រា​​​ប្រាក់​​​​​​​​​ខែ​​​ដែល​​​ផ្ដល់​​​​​​​​​ឲ្យ​​​នេះមាន​​​ន័យ​​​ថា​​​ អ្នកទាំង​​​នេះ​​​​​​ត្រូវ​​​បាន​​​បង្ខំ​​​ឲ្យ​​​ធ្វើការ​​​ទៅ​​​ហើយ​​​​​​”៕ សុខុម​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស