គណៈកម្មាធិការរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប.កាលពីម្សិលមិញបានអំពាវនាវដល់គណបក្សនយោបាយបញ្ជូនបញ្ជីឈ្មោះបេក្ខជនឈរឈ្មោះ ក្នុងការបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង និងស្រុក ខណ្ឌ នៅពេលខាងមុខ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី១៨ ខែឧសភា។
លោក អ៊ឹម សួស្តី ប្រធានគ.ជ.ប.បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយថា គណបក្សគួរតែរួសរាន់ធ្វើបញ្ជីឈ្មោះរបស់ខ្លួន ឲ្យបានមុនអំឡុងពេលចុះឈ្មោះរយៈពេលប្រាំថ្ងៃ បញ្ចប់នៅថ្ងៃទី៣ ខែមីនា។
លោកបានមានប្រសាសន៍ថា “ខ្ញុំសូមអំពាវនាវដល់គណបក្សនយោបាយទាំងអស់ដែលចង់ចុះឈ្មោះបេក្ខជន សូមរួសរាន់”។ លោកបានបន្ថែមថា គណបក្សប្រជាជនកម្ពុជា និងគណបក្សរាជានិយម ហ៊្វិនស៊ិនប៉ិច បានត្រៀមបញ្ជីឈ្មោះបេក្ខជនរបស់ខ្លួនរួចហើយ។ លោកបានបន្ថែមថា “ ពេលខ្ញុំអានកាសែត ខ្ញុំឃើញគណបក្សសង្គ្រោះជាតិក៏ត្រៀមបេក្ខជនឈរឈ្មោះរបស់ខ្លួនដើម្បីចូលរួមការបោះឆ្នោតដែរ”។
យោងតាមកាលបរិច្ឆេទ ដែល គ.ជ.ប. ផ្តល់ឲ្យ បានឲ្យដឹងថា គណបក្សទាំងឡាយអាចចាប់ផ្តើមបញ្ជូនបញ្ជីឈ្មោះបេក្ខជនឈរឈ្មោះបោះឆ្នោតនៅពេលនេះ ហើយបេក្ខជន នឹងត្រូវបានចុះឈ្មោះជាផ្លូវការចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី៣ ខែមីនា។
លោក យឹម សុវណ្ណ អ្នកនាំពាក្យរបស់គណបក្សសង្គ្រោះជាតិ បានមានប្រសាសន៍ថា “យើងកំពុងត្រៀមបញ្ជីឈ្មោះបេក្ខជន ប៉ុន្តែយើងមិនច្បាស់ថាមានចំនួនប៉ុន្មានទេ។ ការបោះឆ្នោតនេះគឺគណបក្សបោះឲ្យគណបក្ស ដើម្បីធ្វើឲ្យតែល្អមើលប៉ុណ្ណោះ វាជាការសម្តែង”។ ចាប់តាំងពីខេត្តកំពង់ចាមត្រូវបានបញ្ជាឲ្យបំបែក ហើយខេត្តត្បូងឃ្មុំ ត្រូវបានបង្កើតឡើង ដែលក្នុងនោះមានស្រុកថ្មីៗមក នឹងមានទីតាំងចំនួន៣.៣២៤កន្លែងនៅក្នុងខែឧសភា៕ ប៊ុននី