អ្នកភូមិជនជាតិដើមភាគតិចជាច្រើនគ្រួសារដែលកំពុងព្យាយាមសុំប័ណ្ណកម្មសិទ្ធិដីសមូហភាពសម្រាប់ដីដូនតារបស់ខ្លួនក្នុងស្រុក កែវ សីមា ខេត្តមណ្ឌលគិរីនោះបាន ជួបប្រជុំ ជាលើកដំបូងកាលពីថ្ងៃច័ន្ទ ជាមួយតំណាងរបស់ក្រុមហ៊ុនចម្ការកៅស៊ូដែលរងការចោទប្រកាន់ថា បានចាប់យកដីជាច្រើនកន្លែង ហើយ សង្ឃឹមថា នឹងមានជំនួយពីអាជ្ញាធរខេត្ត។
លោក យិន មិន អ្នកភូមិម្នាក់ក្នុងចំណោមអ្នកភូមិទាំងនោះបាននិយាយអំពីជនជាតិភាគតិចស្ទៀងប្រហែល២០០នាក់បានព្យាយាមអស់រយៈពេលប្រហែលមួយឆ្នាំមកហើយដើម្បីសុំប័ណ្ណកម្មសិទ្ធិដីសមូហភាពសម្រាប់ដីដូនតាទំហំប្រហែល៣.៥០០ហិកតា ហើយថា ក្រុមហ៊ុនចម្ការកៅស៊ូ សុវណ្ណរាជសីហ៍ បានកាន់កាប់ដីទាំងអស់លើកលែងតែដីទំហំ៦០០ហិកតា។
លោកបានមានប្រសាសន៍ថា អ្នកភូមិជាច្រើនគ្រួសារបានដាក់ពាក្យបណ្តឹងទៅអាជ្ញាធរខេត្ត និងអង្គការក្រៅរដ្ឋាភិបាលចាប់តាំងពីក្រុមហ៊ុនចម្ការកៅស៊ូនេះទទួលបានដីសម្បទានកាលពីឆ្នាំ២០១០ ហើយថា កាល ពីច័ន្ទ គឺជាលើកដំបូងហើយដែលពួកគាត់បានជួបប្រជុំជាមួយក្រុមហ៊ុននេះ។
លោក យិន មិន បាននិយាយថា ទោះយ៉ាងណាអ្នកភូមិ និងក្រុមហ៊ុនមិនយល់ស្របអំពីព្រំប្រទល់ដីក្រុមហ៊ុននេះទេ ហើយថា លោក ស៊ិន វណ្ណវុធ អភិបាលស្រុកដែលបានចូលរួមក្នុងកិច្ចប្រជុំនោះដែរនឹងបង្វែរបញ្ហានេះទៅអាជ្ញាធរខេត្ត។ លោកបានមានប្រសាសន៍ថា “មិនមានលទ្ធផលស្តីពីកិច្ចប្រជុំកាលពីថ្ងៃម្សិលមិញទេ ដូច្នេះយើងរង់ចាំសេចក្តីសម្រេចពីអាជ្ញាធរខេត្ត។ យើងសង្ឃឹមថា អាជ្ញាធរខេត្តនឹងសម្រេចគាំទ្រជនជាតិភាគតិចរបស់យើងដើម្បីឲ្យយើងអាចការពារប្រពៃណីទំនៀមទម្លាប់របស់យើងបាន”។
លោក យិន មិន បាននិយាយថា តំណាងក្រុមហ៊ុនមិនបាននិយាយអ្វីច្រើនទេ ហើយលោកមិនទាន់ដឹងថា តើនរណាជាម្ចាស់ចម្ការកៅស៊ូនេះនៅឡើយទេ ប៉ុន្តែ បានអះអាងថា តំណាងក្រុមហ៊ុន គឺជាជនជាតិវៀតណាម ហើយមានតែម្នាក់ ឬពីរនាក់ប៉ុណ្ណោះចេះនិយាយភាសាខ្មែរ។ ចម្ការកៅស៊ូភាគច្រើននៅក្នុងប្រទេសកម្ពុជាភាគឦសានកាន់កាប់ដោយក្រុមហ៊ុនវៀតណាម និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន ហើយតែងតែរងការចោទប្រកាន់ថា បានចាប់យកដី និងកាប់ឈើខុសច្បាប់ដោយមានការយល់ព្រមពីរដ្ឋាភិបាល។
លោកអភិបាលស្រុក វណ្ណវុធ បានអះអាងថា លោកបានចូលរួមក្នុងកិច្ចប្រជុំនោះ ហើយបានហៅកិច្ចប្រជុំនោះថា “គ្មានបានផ្លែផ្កាអ្វីសោះ”។ លោកបានមានប្រសាសន៍មុនពេលដាក់ទូរស័ព្ទចុះថា “មិនមានការព្រមព្រៀងនៅ ក្នុងកិច្ចប្រជុំនោះទេ ពីព្រោះភាគីទាំងពីរខ្វែងគំនិតគ្នាអំពីព្រំប្រទល់ ដីរបស់សហគមន៍ និងខ្វែងគំនិតគ្នាអំពីទំហំដីសម្បទាន។
លោក ឯម សុភក្ត្រ អ្នកសម្របសម្រួលមកពីមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ជាអង្គការក្រៅរដ្ឋាភិបាលផ្តល់ជំនួយផ្នែកច្បាប់ប្រចាំខេត្តនេះបានមានប្រសាសន៍ ថា លោកបានស៊ើបអង្កេតពីករណីនេះហើយ ហើយថា គ្រួសារអ្នកភូមិមានសិទ្ធិស្នើសុំប័ណ្ណកម្មសិទ្ធិដីសមូហភាពដែលពួកគាត់កំពុងស្វែងរក។
ប័ណ្ណកម្មសិទ្ធិដីបែបនេះគឺដើម្បីការពារសហគមន៍ជនជាតិភាគតិចកុំឲ្យក្រុម ហ៊ុនឯកជនព្យាយាមរំលោភយកដីដូនតារបស់ពួកគាត់។ លោក សុភក្ត្រ មានប្រសាសន៍ថា ការដាក់ពាក្យសុំនេះប្រឈមនឹងឧបសគ្គបន្ថែមទៀតពាក់ព័ន្ធដីក្នុងខេត្តមណ្ឌលគិរី និងខេត្តក្រចេះនៅជាប់គ្នានោះ ដែលធ្វើឲ្យអាជ្ញាធរមូលដ្ឋាន ស្ទាក់ស្ទើរមិនហ៊ានចុះហត្ថលេខាលើលិខិតស្នាមចាំបាច់មួយចំនួនឡើយ៕សារុន