កម្មកររោងចក្រកាត់ដេរប្រហែល១.០០០ នាក់មកពីរោងចក្រ Galey Global (Cambodia) Co.,Ltd. បានធ្វើការតវ៉ានៅខាងក្រៅរោងចក្រ កាត់ដេរក្នុងស្រុកព្រៃនប់ខេត្តព្រះសីហនុកាលពីម្សិលមិញ ទាមទារឲ្យក្រុមហ៊ុនបណ្តេញ ប្រធានរដ្ឋបាលរោងចក្រចេញដោយសារបានកាត់ប្រាក់ឈ្នួលរបស់កម្មករ។
កម្មករដែលធ្វើការតវ៉ាបានអះអាងថា លោក សុខ គង់ ប្រធានរដ្ឋបាលបានកាត់ប្រាក់ឈ្នួលកម្មករនៅរោងចក្រកាត់ដេរនេះដែលស្ថិតក្នុងឃុំបិតត្រាង។ កម្មការិនី ប្រាក់ វណ្ណនី អាយុ២៣ឆ្នាំបាននិយាយថា “យើងចង់ឲ្យក្រុមហ៊ុនបណ្តេញលោក សុខ គង់ ចេញ ពីព្រោះគាត់មិនមានតម្លាភាពនៅពេលគាត់ដោះស្រាយប្រាក់ ឈ្នួលកម្មករ ហើយបានកាត់ប្រាក់ឈ្នួលដោយមិនត្រឹមត្រូវ”។
កម្មការិនី វណ្ណនី ក៏បានអះអាងដែរថា លោក សុខ គង់ មិនបានបើកលុយថែមម៉ោងឲ្យកម្មករដែលបានធ្វើការថែមម៉ោងឡើយ។ កាលពីម្សិលមិញ អ្នកតវ៉ាបានទាមទារច្បាប់ឈប់សម្រាកប្រចាំឆ្នាំដោយមានប្រាក់ឈ្នួលពេញ រួមទាំងប្រាក់សម្រាប់ការងារថែមម៉ោង និងការធ្វើការថែមម៉ោងដោយស្ម័គ្រចិត្តជាជាងបង្ខិតបង្ខំ។
ពួកគេក៏បានជំរុញឲ្យក្រុមហ៊ុនគោរពច្បាប់ការងារដោយអនុញ្ញាតឲ្យកម្មករឈប់សម្រាក ហើយទទួលយកលិខិតលាឈប់ជាផ្លូវការដោយទទួលបានប្រាក់ឈ្នួលពេញ។ កម្មករបានឈប់ធ្វើបាតុកម្មបន្ទាប់ពីធ្វើបានរយៈពេលប្រហែល២ម៉ោង បន្ទាប់ពីក្រុមហ៊ុនអញ្ជើញតំណាងចំនួនប្រាំពីរនាក់ឲ្យចូលទៅក្នុងដើម្បីធ្វើការចរចា។
លោក ម៉េត វណ្ណា អនុប្រធានមន្ទីរការងារខេត្តបានមានប្រសាសន៍ថា ក្រុមហ៊ុនបានយល់ព្រមតាមការទាមទាររបស់កម្មករ ប៉ុន្តែ បានបដិសេធមិនបណ្តេញលោក សុខ គង់ ចេញទេ។ លោក ម៉េត វណ្ណា បានមានប្រសាសន៍ថា “ក្រុមហ៊ុន មិនព្រមបណ្តេញប្រធានរដ្ឋបាលរូបនេះចេញទេ ហើយបានលើកឡើងថា ប្រសិនបើកម្មករណាមិនពេញចិត្តនឹងរូបគាត់ពួកគេអាចសុំលាឈប់បាន”។
លោកបានបន្ថែមថា “ម្ចាស់ក្រុមហ៊ុនបានលើកឡើងក្នុងកិច្ចប្រជុំថា ប្រសិនបើកម្មករ១០០នាក់ ឬច្រើនជាងនេះចង់ដាក់ពាក្យសុំលាឈប់ពីការងារ លោកនឹងចុះហត្ថលេខាឲ្យពួកគេលាឈប់បាន។ កម្មការិនី វណ្ណនី បាននិយាយកាលពីម្សិលមិញថា គាត់មិនទាន់ប្រាកដថា តើការចរចានេះអាចធ្វើឲ្យគាត់ចូលធ្វើការវិញនៅថ្ងៃនេះ ឬយ៉ាងណានោះទេ។
គាត់បានបន្ថែមថា “យើងតវ៉ា…សុំឲ្យក្រុមហ៊ុនស្វែងរកដំណោះស្រាយតាមការទាមទាររបស់យើង”។ គាត់បានលើកឡើងថា “ក្រុមហ៊ុនស្នើឲ្យយើងទាំងអស់គ្នាត្រឡប់ចូលធ្វើការវិញចាប់ពីថ្ងៃនេះទៅ ប៉ុន្តែ យើងចង់ឃើញដំណោះស្រាយពិតប្រាកដសិន ពីព្រោះពួកគេមិនបានយល់ព្រមបណ្តេញលោក សុខ គង់ ចេញឡើយ”។
លោក វណ្ណា បានមានប្រសាសន៍ថា “ខ្ញុំមិនដឹងថា តើកម្មករនឹងត្រឡប់ចូលធ្វើការវិញនៅពេលណានោះទេ ប៉ុន្តែ ភាគីទាំងពីរបានឈានដល់ការព្រមព្រៀងគ្នាអំឡុងការចរចាហើយ”។ លោក សុខ គង់ បានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីការធ្វើកូដកម្មរបស់កម្មករ កាល ពីម្សិលមិញ ឬការចោទប្រកាន់លើរូបលោកឡើយ៕សារុន