38.8 C
Phnom Penh

សហជីព​និង​សមាគម​ចំនួន​១៦គ្រោង​​​​​​​ធ្វើ​កូដកម្ម​​​​នៅ​ទូទាំង​ប្រទេស​ជា​លើក​ទី​២

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បន្ទាប់ពីសាលា​ឧទ្ធរណ៍​​បដិសេធ​មិន​ដោះ​​​​លែង​អ្នក​តវ៉ា​ដែល​ជាប់​ឃុំ​ទាំង​២១​នាក់​​ឲ្យ​នៅក្រៅ​ឃុំ​កាល​ពីថ្ងៃ​អង្គារ​នោះ​ សហជីព​​កម្មករ​ និង​​សមាគម​ចំនួន​១៦​បាន​ប្រកាស​កាល​ពី​ម្សិលមិញ​ថា ពួក​គេ​នឹង​​សង​សឹក​​វិញ ដោយ​ការ​អំពាវ​នាវ​ឲ្យ​កម្ម​ករ​ធ្វើ​កូដកម្ម​ទូទាំង​ប្រទេស​នៅពាក់​កណ្តាល​ខែ​មីនា។

សហជីព​ដែល​ភាគ​ច្រើន​តំណាង​ឲ្យកម្ម​ករ​នៅក្នុង​ឧស្សាហកម្ម​កាត់ដេរ​បាន​និយាយ​ថា ពួក​គេ​នឹង​អំពាវ​នាវ​ឲ្យសមាជិក​របស់​ខ្លួន​ឈប់​ធ្វើ​ការ​ថែម​ម៉ោង​ផង​ដែរ​ចន្លោះពី​ថ្ងៃ​ទី​២៤​ដល់ថ្ងៃទី​២៨​ខែកុម្ភៈ​ ដើម្បី​​បង្ហាញ​​ម្ចាស់​រោង​ចក្រ និង​រដ្ឋាភិបាលអំ​ពីសារៈសំខាន់​​​នៃ​ការ​ឆ្លើយ​តប​តាម​ការ​ទាមទារ​របស់​ពួក​គេ​។

អ្នក​ស្រី​ យ៉ាង សុភណ្ឌ ប្រធាន​សម្ព័ន្ធ​​សហ​​ជីពកម្ពុជា​បាន​មាន​ប្រសាសន៍ថា  “ពីថ្ងៃ​ទី​១៨​​ដល់​ថ្ងៃទី​២៣​កុម្ភៈ​ សហជីព​របស់​យើង​នឹង​ជួប​ជុំ​គ្នា​នៅមុខ​រោងចក្រ​ ដើម្បី​ផ្សព្វ​ផ្សាយ​ព័ត៌មាន​​អំពីការ​ទាម​ទារ​ចំនួន​​ប្រាំ​ពីរ​ចំណុច​របស់​ខ្លួន​”។

ការ​ទាមទារ​ទាំង​នោះ​រួមមាន​ ការ​ដោះ​លែង​អ្នក​ជាប់ឃុំ​​​ទាំង​២១​នាក់​ ប្រាក់​ខែ​គោល​១៦០​ដុល្លារ​សម្រាប់​កម្មករ​រោ​ង​ចក្រ​កាត់​ដេរ​ ការកាត់​ទោស​កង​កម្លាំង​របស់​រដ្ឋា​ភិ​បាល​​ ដែល​បាន​សម្លាប់​កូដករ​តវ៉ា​ប្រាំនាក់​​កាល​ពីថ្ងៃទី​៣​ខែ​មករា​ ការ​បញ្ចប់​បម្រាម​របស់​​រដ្ឋាភិបាលមិន​ឲ្យ​ធ្វើ​បាតុកម្ម​ ការ​បញ្ចប់​ការ​ប្តឹង​ផ្តល់​មេដឹកនាំសហជីព​ដែល​បាន​រៀប​ចំ​ធ្វើ​កូដកម្មទូទាំង​ប្រទេស​ជាលើក​ដំបូង​កាល​ពីខែ​ធ្នូ​ និង​ការ​បើក​ប្រាក់​ខែ​​ឲ្យ​កម្ម​ករ​អំឡុង​ពេល​ធ្វើ​កូដកម្ម​។

អ្នកស្រី សុភណ្ឌ បាន​មាន​ប្រសាសន៍ថា សហជីព​បាន​ទុក​ពេល​គ្រប់​គ្រាន់​ឲ្យ​រដ្ឋាភិ​បាល​ពិចារណា​ពី​​ការទាមទារ​របស់ខ្លួន​ដែល​មិន​បាន​ផ្លាស់ប្តូរ​ឡើយ​ចាប់​តាំង​ពី​​មាន​ការ​ធ្វើ​មហា​កូដកម្ម​កាល​ពី​ខែធ្នូ​។ អ្នកស្រី សុភណ្ឌ បានមាន​ប្រសាសន៍ថា “យើង​ខក​ចិត្ត​ចំពោះ​រដ្ឋាភិបាល​ និង​តុលា​ការ​​ពីព្រោះ​យើង​បាន​ទុក​ពេល​ឲ្យពួក​គេ​ច្រើន​​ដើម្បី​ដោះស្រាយ​បញ្ហា​ទាំង​នេះ ប៉ុន្តែ ពួក​គេ​​មិន​ដោះស្រាយ​ទេ​។ ដូច្នេះ​ដល់​ពេល​យើង​ចាត់​វិធាន​ការ​ដើម្បី​បង្ខំ​ឲ្យ​រដ្ឋាភិ​បាល​ដោះ​លែង​អ្នក​ជាប់ឃុំ​​​​ទាំង​២១នាក់​ និង​ដំឡើង​ប្រាក់ខែ​កម្មករ​ឲ្យដល់​១៦០​ដុល្លារហើយ​​”។

​លោក ប៉ាវ ស៊ីណា ប្រធាន​​សម្ព័ន្ធ​សហ​ជីព​ចលនា​កម្មករ​បានមាន​ប្រសាសន៍ថា សហ​ជីពដែល​ចូល​រួម​ធ្វើ​កូដកម្ម​​នឹង​អញ្ជើញ​សមាជិក​គណៈ​កម្មាធិការ​របស់​រដ្ឋាភិបាល​មួយ​ដែល​ទទួល​បន្ទុក​សិក្សា​អំពី​ប្រាក់​ខែ​គោល​ឲ្យ​ចូល​រួម​វេ​ទិ​កា​សាធារណៈមួយ​នៅ​ថ្ងៃទី​៨ខែមីនា ​ដែល​នៅ​ក្នុង​វេទិកា​នោះពួក​គេ​នឹង​មាន​ឱកា​ស​ចុង​ក្រោយ​ដើម្បី​ដោះ​ស្រាយ​ការ​​ទាមទារ​របស់​សហជីព​។

លោក ស៊ីណា មាន​ប្រសាសន៍ថា “យើង​​នឹង​អញ្ជើញ​មន្ត្រី​រដ្ឋាភិបាល​ឲ្យចូល​រួម​​វេទិកា​នោះ ហើយ​ប្រសិន​បើ​ពួកគេ​គ្មាន​ដំណោះ​ស្រាយ​សម្រាប់​យើង​ទាំង​អស់​គ្នា​ទេ​ យើង​នឹង​ធ្វើ​កូដកម្ម​ទូទាំង​ប្រទេស​”។

លោក ហេង​ សួរ​ អ្នក​នាំពាក្យ​ក្រសួង​ការ​ងារ​បាន​មាន​ប្រសាសន៍​ថា ការ​ទាមទារ​ទាំង​​ប្រាំពី​រចំណុច​នេះ​ គឺជា​បញ្ហា​ហួស​សម័យ​កាល​ដែល​មិន​ត្រូវ​លើក​យក​មក​ពិភាក្សា​ទៀត​ឡើយ​។ លោក​បានមាន​ប្រសាសន៍ថា “បញ្ហា​ទាំង​នេះ​កន្លង​ផុត​ហើយ​។ ប្រសិនបើ​ពួក​គេ​ចង់​រៀបចំ​វេទិកា​សាធារណៈ​ពួកគេ​គួរ​តែ​ជ្រើ​ស​រើស​ប្រធាន​បទថ្មី​”។

បន្ទាប់ពីកិច្ច​ប្រជុំ​លើក​ដំបូង​កាល​ពី​សប្តាហ៍មុន​­របស់​គណៈកម្មាធិការ​ពិសេស​របស់​រដ្ឋាភិបាល​អំពីប្រាក់ខែ​គោល​ ដែល​ដឹក​នាំដោយ​ឧបនាយក​រដ្ឋ​មន្ត្រី​ គា​ត ឈន់​ នោះ​លោក ហេង សួរ​ បានមាន​ប្រសាសន៍ ថា គណៈ​កម្មាធិការ​នេះ​មិន​ពិភាក្សា​អំពីការ​ដំឡើង​ប្រាក់ខែគោល​ទៀត​ទេ​ ពីព្រោះ​កាល​ពី​ខែធ្នូ​ ​មាន​ការ​សម្រេច​​ដំឡើង​​ប្រាក់​ខែ​​គោល​​ដល់​​១០០ដុល្លារ​រួច​រាល់​ហើយ​។

ជា​ផ្នែក​មួ​យនៃ​ផែនការ​ដំឡើង​ប្រាក់​ខែ​ប្រាំឆ្នាំដែល​ត្រូវបាន​អនុម័ត​កាល​ពីខែ​ធ្នូ​នោះ​រដ្ឋា​ភិបាល​លើក​ឡើង​ថា ខ្លួន​នឹង​ដំឡើង​ប្រាក់​​​ខែ​គោល​ក្នុង​វិស័យ​កាត់​ដេរ​​ឲ្យដល់​១៦០​ដុល្លារ​ក្នុង​រយៈពេល​ប្រាំឆ្នាំ​ក្រោយ ​ថ្វីបើ​ការ​សិក្សា​របស់​រដ្ឋាភិបាល​បង្ហាញ​ថា ប្រាក់​ខែ​​អាច​រស់​បាន​​នា​ពេល​បច្ចុប្បន្ន​សម្រាប់​កម្មករ​​គឺ​ចន្លោះ​ពី​១៥៧​ដល់​១៧៧​ដុល្លារ​ក៏​ដោយ​​។

លោក​ កែន លូ អគ្គលេខាធិការ​សមាគម​​រោចក្រ​កាត់​ដេរ​នៅកម្ពុជា បាន​ឆ្លើយ​តប​ចំពោះ​ការ​គំរាម​បន្ត​ការ​ធ្វើ​កូដកម្ម​នេះ​​ដោយ​លើក​ឡើង​ថា លោក​សង្ឃឹម​ថា “រដ្ឋាភិបាល​មាន​ការ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​អនុវត្ត​ច្បាប់​”។ លោក​ កែន លូ បានមាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “យើង​ចាត់​ទុក​នេះ​ជាការ​គំរាម​​កំហែង​ដោ​យផ្ទាល់​ ប៉ុន្តែ យើង​ធ្វើ​តាម​តែ​រដ្ឋាភិបាល​ប៉ុណ្ណោះ​”​។

លោក​បានមាន​ប្រសាសន៍​ទៀត​ថា “ខ្ញុំ​គិត​ថា កម្មករ​ត្រូវ​ថ្លឹង​ថ្លែង​ខ្លួន​ឯង​អំពីអ្វី​ដែល​ពួកគេ​អាច​បាត់​បង់​ និង​ត្រូវ​គិត​ថា តើ​ការ​ទាម​ទារ​ទាំង​នេះ​សម​ហេតុផល​ឬអត់​ ហើយ​ក្រោយ​មក​ចាំសម្រេច​​ថា តើ​ពួក​គេ​ចង់​គាំទ្រ​សហ​​ជីព​ដែរ​ ឬអត់​”។ លោក កែន លូ ក៏បានមាន​ប្រសាសន៍​ដែរ​ថា កម្មករនឹង​មិន​ទទួល​បាន​ប្រាក់ឈ្នួល​សម្រាប់ថ្ងៃ​ដែល​ពួកគេធ្វើ​កូដកម្ម​​កាល​ពីខែ​ធ្នូ និង​ខែមករា​ទេ​។

សហជីព​ដែល​មិនជាប់​ពាក់​ព័ន្ធ​នឹង​រដ្ឋាភិ​បាល​ចំនួន​ប្រាំបី​បាន​សរសេរ​លិខ​ិតទៅ​សមា​គម​រោង​ចក្រកាត់ដេរ​នៅ​កម្ពុជា​កាល​ពីថ្ងៃទី​៦​ខែកុម្ភៈ​ទាមទារ​ឲ្យ​រោង​ចក្រ​បើក​ប្រាក់​ខែ​ឲ្យកម្មករ​សម្រាប់​ថ្ងៃ​ធ្វើ​កូដកម្ម​លើកមុន​។

សមាគម​រោង​ចក្រកាត់ដេរ​នៅ​កម្ពុជា​បាន​លើក​ឡើង​នៅក្នុង​លិខិត​មួយចេញ​កាល​ពី​ថ្ងៃ​អង្គារ​ថា “យើង​សូម​​លើក​ឡើង​ជា​ថ្មីថា កិច្ច​សន្យាការងារ​ត្រូវ​បាន​ព្យួរ​ ហើយ​ប្រាក់​​ឈ្នួល​ និង​ប្រាក់​​​ការ​ងារ​ទៀង​ទាត់​នឹងមិន​បើកឲ្យកម្មករ​អំឡុង​ពេល​ធ្វើ​កូដកម្ម​ទេ​”។

លោក​ កែន លូ បានមាន​ប្រសាសន៍​ថា រោង​ចក្រ​ដែល​បា​ន​ប្រាប់​កម្មករ​ឲ្យស្នាក់​នៅ​ផ្ទះ​អំឡុងពេល​ធ្វើ​កូដកម្មនោះ​នឹង​ត្រូវ​ដោះ​​ស្រាយ​បញ្ហា​​​នេះជាមួយ​កម្មករ​របស់​ខ្លួន​​។ លោក​ កែន លូ បានលើក​ឡើង​ថា “ ប្រសិន បើ​រោង​ចក្រ​បិទ និង​ប្រាប់​កម្មករ​ឲ្យស្នាក់​នៅ​ផ្ទះនោះ រោង​ចក្រ​មួយចំនួន​បាន​សម្រេច​បើក​ប្រាក់​ខែ​ពាក់​កណ្តាល​ឲ្យកម្មករ​ ហើយ​រោង​ចក្រ​ខ្លះ​ទៀត​បាន​ចរចា​រក​វិធីសម្រប​សម្រួល​ផ្សេង​​”។ “ប៉ុន្តែ ជា​ធម្មតា​​ ​យើង​ប្រាប់​និយោ​ជក​ថា ប្រសិនបើ​កម្មករ​របស់​គេ​បាន​ចូល​រួម​នៅក្នុង​កូដកម្មនោះ ពួកគេ​មិន​អាច​ទទួល​បាន​ប្រាក់​ខែ​​ទេ​”៕ គឹមហឿន

(រាយការណ៍​បន្ថែម​ដោយ Colin Meyn)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស