ប្រជាពលរដ្ឋដែលជាប់ពាក់ព័ន្ធនឹងវិវាទដីធ្លីជាយូរមកហើយនៅតំបន់បុរីកីឡាក្នុងខណ្ឌ៧មករា រាជធានីភ្នំពេញកាលពីម្សិលមិញ បានវាយកម្ទេចរបងដែកចំនួនបី ហើយបានចូលទៅរស់នៅប្លុកផ្ទះល្វែងដែលមិនទាន់សាងសង់រួចរាល់នៅកន្លែងនោះតែម្តង។

របងដែកនោះបានដួលដោយសារប្រជាពលរដ្ឋដែលមានកំហឹងយកពូថៅវាយ បន្ទាប់ពីអាជ្ញាធរខណ្ឌឲ្យពួកគាត់ផ្លាស់ទៅរស់នៅលើដីថ្មី ប៉ុន្តែ មានទំហំតូចជាងមុននៅឆ្ងាយពីកន្លែងចាក់សំរាមដែលមានក្លិនស្អុយនៅតំបន់បុរីកីឡា។
ប្រជាពលរដ្ឋម្នាក់ឈ្មោះ ពេជ្រ លឹមឃួន បាននិយាយថា “យើងបានសម្រេចវាយកម្ទេចរបងនោះ ដោយសារយើងខឹងនឹងអាជ្ញាធរនៅព្រឹកនេះនៅពេលដែលពួកគេបានមកវាស់វែងដីទំហំបីម៉ែត្រគុណនឹងបួនម៉ែត្រសម្រាប់សាងសង់ជម្រកបណ្តោះអាសន្នដោយមិនមានការព្រមព្រៀងពីប្រជាពលរដ្ឋឡើយ”។
កាលពីសប្តាហ៍មុន សាលារាជធានីបានសន្យាផ្តល់ដីទំហំបួនម៉ែត្រគុណនឹងប្រាំមួយម៉ែត្រដល់គ្រួសារទាំងនោះ គឺប្រសើរជាងការរស់នៅក្នុងខ្ទមទ្រុឌទ្រោម និងកៅស៊ូតង់ដែលសម្បូរដោយសត្វរុយ និងនៅជាប់គំនរសំរាមមានក្លិនស្អុយដែលគេបោះពីរានហាលផ្ទះល្វែងជាន់ខាងលើ។
បន្ទាប់ពីបានរុះរើរបងខណ្ឌចែកកៅស៊ូតង់របស់ពួកគាត់ពីប្លុកផ្ទះល្វែងដែលមិនទាន់សាងសង់រួចរាល់នោះហើយ អ្នកភូមិបានយកកន្ទេល កាបូប ចង្ក្រាន និងរបស់របរផ្សេងៗទៀត ចូលទៅនៅក្នុងអគារដែលមិនទាន់សាងសង់រួចនោះ។
នៅខាងក្នុងអគារមានតែមួយជាន់ ដែលជណ្តើរសាងសង់មិនទាន់រួច ហើយមានដែកលៀនចេញតាមជញ្ជាំងនោះ អ្នកភូមិបានចាប់ផ្តើមបោសសម្អាតកម្រាលដែលសុទ្ធតែធូលី ហើយបានដាក់របស់របររបស់ខ្លួនដើម្បីកាន់កាប់បន្ទប់ដែលនៅទំនេរនោះ។
អ្នកស្រី អាន់ សំណាង អាយុ២៩ឆ្នាំដែលរស់នៅក្រោមសំពត់តង់នៅក្បែរគំនរសំរាមបាននិយាយថា អ្នកស្រីច្បាស់ជាមិនចូលទៅរស់នៅក្នុងអគារទី៩ទេ ប្រសិនបើអាជ្ញាធរគោរពពាក្យសន្យារបស់ខ្លួន និងផ្តល់ដីដូចការសន្យាមែននោះ។
អ្នកស្រី សំណាង បាននិយាយទៀតថា “ខ្ញុំមិនពេញចិត្តនឹងសេចក្តីសម្រេចនៅព្រឹកនេះទេ ពីព្រោះយើងចង់ទៅរស់នៅក្នុងអគារទី៩ ហើយរយៈពេលពីរឆ្នាំមកហើយដែលអាជ្ញាធរមិនអើពើនឹងពួកយើង”។
លោក លឹម សុភា អភិបាលខណ្ឌ៧មករា បានចុះទៅពិនិត្យមើលកន្លែងនោះកាលពីម្សិលមិញ ហើយបានអំពាវនាវឲ្យអ្នកភូមិចាកចេញពីប្លុកផ្ទះល្វែងដែលមិនទាន់សាងសង់រួចរាល់នេះសិន ដោយសុំឲ្យពួកគាត់បញ្ជូនតំណាងមកជួបប្រជុំជាមួយមន្ត្រីសាលារាជធានីភ្នំពេញដើម្បីដោះស្រាយបញ្ហានេះ។ លោក សុភា បានមានប្រសាសន៍ថា “សូមកុំធ្វើអ៊ីចឹងអី…។
ដើម្បីស្វែងរកដំណោះស្រាយ សូមចាត់តំណាងប្រាំនាក់មកជួបប្រជុំជាមួយលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ដើម្បីចរចានៅថ្ងៃស្អែក”។ លោកបានបន្ថែមថា “ប្រសិនបើបងប្អូនរស់នៅក្នុងអគារនោះ អាជ្ញាធរនឹងមិនទទួលខុសត្រូវទេ ប្រសិនបើមានបញ្ហាកើតឡើង”។
វិវាទកាលពីម្សិលមិញ គឺជាវិវាទថ្មីបំផុតដោយសារការមិនគោរពពាក្យសន្យាជាមួយអ្នកភូមិប្រហែល៣០គ្រួសារ ដែលកាលពីខែមករាឆ្នាំ២០១២ត្រូវបានបណ្តេញដោយហិង្សាចេញពីកន្លែងនៅជាប់គ្នានោះនៅក្នុងតំបន់បុរីកីឡា។
កាលពីឆ្នាំ២០០៧ ក្រុមហ៊ុន ផានអ៊ីម៉ិច របស់អ្នកស្រី ស៊ុយ សុផាន ទទួលបានដីទំហំ២,៦ហិកតាដើម្បីអភិវឌ្ឍជាថ្នូរនឹងការព្រមព្រៀងសាងសង់ផ្ទះល្វែងសម្រាប់អ្នកភូមិបុរីកីឡាចំនួន១.៧៧៦នាក់។
អ្នកស្រីបានសន្យាសាងសង់ប្លុកផ្ទះល្វែងចំនួន១០ល្វែង ប៉ុន្តែ មិនបានធ្វើតាមការព្រមព្រៀងនោះទេ។ ផ្ទះល្វែងចំនួនប្រាំបីប្លុកត្រូវបានសាងសង់រួចរាល់ហើយ ប៉ុន្តែ អ្នកភូមិជាច្រើនគ្រួសារទៀតមិនមានផ្ទះសំបែងស្នាក់នៅទេនៅពេលក្រុមហ៊ុនផានអ៊ីម៉ិចមិនបានសាងសង់ប្លុកផ្ទះល្វែងទី៩ និងទី១០នោះ៕សារុន