31 C
Phnom Penh

កូដកម្ម​របស់​កម្មករ​រោង​ចក្រ​កាត់​ដេរ​នៅ​ខេត្ត​ព្រះ​សីហនុជុំវិញ​ការ​កាត់​ប្រាក់​បន្ថែម​មិន​ទាន់​ចប់​ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្មករ​នៅ​រោង​ចក្រ​កាត់​ដេរ ​Galey Global ដែល​គ្រប់​គ្រង​ដោយ​ជន​ជាតិ​អាមេរិក​ នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ​ បាន​លើក​ឡើង​ថា ខ្លួន​នឹង​បន្ត​ធ្វើ​កូដ​កម្ម​បន្ត​ទៀតដើម្បី​ប្រឆាំង​នឹង​​ការ​កាត់​ប្រាក់​បន្ថែម​សម្រាប់​ការ​ងារ​ទៀង​ទាត់​ប្រចាំ​ខែ​របស់​ពួក​គេ​ បន្ទាប់ពី​ការ​ប្រជុំ​ជា​លើក​ទី​២​ជាមួយ​អ្នក​គ្រប់គ្រង​រោង​ចក្រ​មិន​អាច​ដោះ​ស្រាយ​ជម្លោះ​នេះ​បាន​។

កម្មករ​រោង​ចក្រ​ម្នាក់​ឈ្មោះ​ វ៉ា សូល​ បាន​និយាយ​ថា កម្មករ​រោង​ចក្រ​កាត់​ដេរ​ប្រហែ ល​​២.០០០​នាក់​បាន​ចូល​រួម​នៅ​ក្នុង​ការ​ធ្វើកូដ​កម្ម​ថ្ងៃ​ទី​២​ កាល​​ពី​ម្សិល​មិញ​ ដោយ​អំពាវ​​នាវ​ឲ្យ​មាន​ការ​បណ្តេញ​លោក​ សុខ​ គង់​ ប្រធាន​​រដ្ឋបា​ល​ចេញ​ពី​ការងារ​។

កម្មករ​រោង​ចក្រ​កាត់​​ដេរ​បាន​ចោទ​ប្រកាន់​លោក​ សុខ​ គង់​ ថា​ បាន​​កាត់​ប្រាក់ បន្ថែម​សម្រាប់​​ការ​ងារ​ទៀង​ទាត់​ប្រចាំ​ខែ​របស់​ខ្លួន​ចាប់​តាំង​ពី​ពាក់​កណ្តាល​ឆ្នាំ​២០១២​មក​ម៉្លេះ​។

លោក​ វ៉ា​ សូល​ បាន​ឲ្យ​ដឹង​ថា កូដ​ករ​បាន​បង្ខំ​​​ចិត្ត​ចូល​រួម​ការ​ប្រជុំ​ជា​លើក​ទី​២​ជា មួយ​លោក​ សុខ​ គង់​ និង​ថ្នាក់​លើ​របស់​លោក​ បន្ទាប់​ពី​បាន​រារាំង​រថយន្ត​របស់​ពួក​គេ​មិន​ឲ្យ​ចាក​ចេញ​ពី​រោង​ចក្រ​ អំឡុងពេល​​អាហារថ្ងៃ​ត្រង់​ ប៉ុន្តែ​មិន​បាន​ទទួល​ជោគ ជ័យ​ទេ​នៅ​ក្នុង​ការ​ស្នើ​សុំ​ឲ្យ​បណ្តេញ​លោក​ សុខ​​ គង់​ ចេញ​ពី​តំណែង​នៅ​ក្នុង​រោង​ចក្រ។

លោក​ វ៉ា សូល​ បាន​និយាយ​ថា “យើង​មិន​​​មែន​ប្រឆាំង​នឹង​ការ​កាត់​ប្រាក់​ឈ្នួល​របស់​ពួក​យើង​នោះ​ទេ​ ប៉ុន្តែ​យើង​គ្រាន់​តែ​ស្នើ​សុំ​ឲ្យ​កុំកាត់​ច្រើន​ពេក​។ យើង​នឹង​បន្ត​ធ្វើ​ការ​តវ៉ា​រហូត​ទាល់​តែ​លោក​ សុខ​ គង់​ ត្រូវ​បាន​បណ្តេញ​ចេញ​ពី​រោង​ចក្រ​”។

កូដករ​បាន​ចោទ​ប្រកាន់​លោក​ សុខ​ គង់​ថា មិន​បាន​បើ​កប្រាក់​បន្ថែម​សម្រាប់​ការ​ងារ​ទៀង​ទាត់​ប្រចាំ​ខែ​ចំនួន​១០​ដុល្លារ​មក​ឲ្យ​កម្មករ​ឡើយ​ ប្រសិន​បើ​កម្មករ​ណា​ម្នាក់​ដាក់​ច្បាប់​សុំ​ឈប់​សម្រាក​​មួយ​ថ្ងៃ​នោះ​ ហើយ​ប្រសិន​បើ​កម្មករ​ឈប់​សម្រាក​មួយ​ថ្ងៃ​ដោយ​មិន​ដាក់​ច្បាប់​វិញ​នោះ​ លោក​ សុខ​ គង់​ បាន​កាត់​ប្រាក់​​ឈ្នួល​របស់​កម្មករ​រហូត​ដល់​ទៅ​៣០​ដុល្លារ​។

លោក​ សុខ គង់​ បាន​សារភាព​ថា គាត់​ពិត​ជា​បាន​កាត់​ប្រាក់​បន្ថែម​សម្រាប់​ការ​ងារ​ទៀង​ទាត់​ប្រចាំ​ខែ​របស់​កម្មករ​មែន​ ប្រសិន​បើ​ពួក​គេ​សុំ​ច្បាប់​ឈប់​សម្រា​ក​មួយ​ថ្ងៃ​នោះ​ ប៉ុន្តែ​បាន​បដិសេធ​ថា មិន​បាន​កាត់​ប្រាក់​ឈ្នួល​របស់​កម្មករ​រហូត​ទៅ​ដល់​៣០​ដុល្លារ​នោះ​ទេ​ តែ​ផ្ទុយ​ទៅ​វិញ​លោក​បាន​ចោទ​ប្រកាន់​កម្មករ​​ពី​បទ​រំលោភ​ច្បាប់​ការ​ងារ​ដោយ​សុំ​ច្បាប់​ឈប់​សម្រាក​តែ​មួយ​ថ្ងៃ​ ប៉ុន្តែបែរ​ជា​ឈប់​រហូត​ដល់​បួន​ ឬ​ប្រាំ​​ថ្ងៃ​។

លោក​ សុខ​ គង់​ បានលើក​ឡើង​ថា កូដ​ករ​បាន​ខឹង​នឹង​លោកដោយ​សារ​តែ​លោក​​​អនុ​វត្ត​ច្បាប់​តឹង​រ៉ឹង​ពេក​។ លោក​និយាយ​ថា “អ្នក​ទាំ​ង​នោះ​មិន​សប្បាយ​ចិត្ត​នឹង​​ខ្ញុំ​ទេ​​ នៅ​ពេល​ខ្ញុំ​ចាប់​ផ្តើម​​​រឹត​បន្តឹង​ពួក​គេ​​ ហើយ​បញ្ហា​នេះ​មិនមែន​​ដោយ​សារ​តែ​ខ្ញុំ​ទេ​ ប៉ុន្តែ​វា​ដោយ​សារ​តែ​ខ្ញុំ​ធ្វើ​​​តាម​បញ្ជា​របស់​ថ្នាក់​លើ​”។

លោក​ ម៉េត​ វណ្ណា​ អនុ​ប្រធាន​មន្ទីរការ​ងារ​​ខេត្ត​ព្រះ​សីហនុ​ដែលបាន​ចូល​រួម​នៅ​ក្នុង​ការ​ចរចា​កាល​ពី​ម្សិលមិញ​ដែរ​នោះ ​បាន​លើក​ឡើង​ថា លោក​ជឿជាក់​ថា លោក សុខ​ គង់​ ពិត​ជា​បាន​កាត់​ប្រាក់​បន្ថែម​សម្រាប់​ការ​ងារ​ទៀង​ទាត់​របស់​កម្មករ​ដោយ​មិន​ត្រឹម​ត្រូវ​និង​ដោយ​គ្មាន​ការ​អនុ​ញ្ញាត​មែន​។

លោក​បាន​មាន​ប្រសាសន៍​ថា “ក្រុមហ៊ុន​បាន​អនុវត្ត​ត្រឹម​ត្រូវ​ ប៉ុន្តែ​បុគ្គល​ [លោក សុខ​គង់] មិន​បាន​អនុវត្ត​ត្រឹម​ត្រូវ​នោះ​ទេ​”។ លោក​ វណ្ណា​ បាន​លើក​ឡើង​ទៀត​ថា លោក​នឹង​បង្វែរ​ជម្លោះ​នេះ​ទៅ​គណៈ​កម្មា​ធិ​កា​​រប្រឹក្សាការ​ងារ​ ប្រសិន​បើ​កូដ​កម្ម​នៅ​តែ​បន្ត​៕ ស៊ុយ​ឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស