ក្រុមហ៊ុន DynCorp International (DI) ដែលជាក្រុមហ៊ុនម៉ៅការឯកជនផ្នែកយោធាមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានប្រកាសកាលពីម្សិលមិញថា ខ្លួនទទួលបានកិច្ចសន្យារយៈពេលមួយឆ្នាំ ដែលមានទំហំទឹកប្រាក់៨,៥លានដុល្លារពីបញ្ជាការកងវិស្វកម្មនៃកងទ័ពជើងទឹកសហរដ្ឋអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក Naval Facilities Engineering Command-Pacific (NAVFAC-Pacific) ដើម្បីផ្តល់សេវាគាំទ្រប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយនៅក្នុងគេហទំព័ររបស់ក្រុមហ៊ុននេះ។
សេចក្តីថ្លែងការណ៍នេះមានខ្លឹមសារដូច្នេះថា “តាមកិច្ចសន្យានេះ ក្រុមហ៊ុន DI នឹងផ្តល់សេវាគាំទ្រផ្សេងៗដល់កងវរសេនាតូចសាងសង់ចល័តនៃកងទ័ពជើងទឹកអាមេរិក Naval Mobile Construction Battalion (NMCB) ខណៈពេលកំពុងអនុវត្តគម្រោងសាងសង់ដែលជាជំនួយមនុស្សធម៌នៅក្នុងខេត្តផ្សេងៗ នៅក្នុងប្រទេសកម្ពុជា”។
ប្រសិនបើអ្វីៗដំណើរការរលូនទៅមុខ កិច្ចសន្យានេះរួមមាន “ជម្រើសរយៈពេលមួយឆ្នាំចំនួនបួន” ដែលមានតម្លៃជាទឹកប្រាក់សរុប៨,៥លានដុល្លារ ប៉ុន្តែ មិនបានបញ្ជាក់ថា តើក្រុមហ៊ុន DI នឹងផ្តល់ការគាំទ្រអ្វីខ្លះដល់ NAVFAC-Pacific ប្រចាំនៅ កម្ពុជានោះទេ។
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា មិនបានឆ្លើយតបនឹងសុំណើសុំការឆ្លើយបំភ្លឺទេកាលពីម្សិលមិញ។ ដោយមានមូលដ្ឋាននៅក្នុងរដ្ឋ វើជីនៀ ក្រុមហ៊ុន DI ផ្តល់សេវាជាច្រើន ដូចជាអាកាសចរណ៍ ភ័ស្តុភារ ការបណ្តុះ បណ្តាល ការស៊ើបអង្កេត និងដំណោះស្រាយប្រតិបត្តិការដល់ស្ថាប័នរដ្ឋាភិបាលនានានៅទូទាំងពិភពលោក៕សុខុម