36 C
Phnom Penh

ក្រុម​ហ៊ុន​អាកាស​ចរ​ណ៍​ហ្វីលីពីន​៖ គម្រោង​អាជីវកម្ម​នៅ​កម្ពុជា​នៅ​តែ​បន្ត​ដំណើរការ​ជា​ធម្មតា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​ឯកសារ​ផ្ញើ​ជូន​ផ្សារមូល​បត្រ​ហ្វីលីពីន​​ បាន​បង្ហាញ​ថា ក្រុម​ហ៊ុន​អាកាស​ចរណ៍​ហ្វីលី ពីន មិន​បាន​ផ្អាក​​គម្រោងអាជីវ​កម្ម​​វិនិ​យោគ​រួម​​ ជាមួយ​ក្រុម​ហ៊ុន​ពហុ​ជំនួញ​ក្នុង​ស្រុក​ រ៉ូយ៉ាល់​គ្រុប​ ដោយ​ត្រូវ​ចំណាយ​ប្រាក់​ជាច្រើន​លាន​ដុល្លារ​ ដើម្បី​បង្កើត​ក្រុម​ហ៊ុនអាកាសចរណ៍​ជាតិ​ទី២​នៅ​ក្នុង​ប្រទេស​កម្ពុជា​ គឺ​ក្រុម​ហ៊ុន​អាកាស​ចរណ៍កម្ពុជា​។

ឯកសារ​នោះ​មាន​ខ្លឹម​សារ​ថា “យើង​ចង់​បញ្ជាក់​ឲ្យ​ច្បាស់​ថា ដំណើរការ​រៀប​ចំ​ដែល​កំពុង​បន្ត​ សម្រាប់​ការ​បញ្ចប់​កិច្ច​ព្រម​ព្រៀង​វិនិយោគ​រួម​គ្នា​រវាង​​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ហ្វីលីពីន និង​ក្រុម​ហ៊ុន​ Inter Logistics (Cambo-dia) Co., Ltd. ដើម្បី​បង្កើត​ក្រុម​ហ៊ុន​ អាកាស​ចរណ៍​កម្ពុជា (Cambodia Airlines Co., Ltd.)”។ គួរ​​បញ្ជាក់ថា​ ឯកសារ​នេះ​ត្រូវ​បាន​ចុះ​ហត្ថ​លេ​ខា​ដោយ​អ្នកស្រី សេស៊ីលី ប៉េសាយកូ (Cecilia Pesayco) ជំនួយ​ការ​លេខា​​​​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ហ្វីលីពីន។

ឯកសារ​ដដែល​មាន​ខ្លឹម​សារ​បន្ត​ទៀត​ថា ដូច្នេះ វាជា​រឿង​មិន​ពិត​ទេ​ដែល​គម្រោង​វិនិយោគរួម​នេះត្រូវ​បាន​ផ្អាក​នោះ​”។  ឯកសារ​នេះ​បាន​លើក​ឡើង​ពី​អត្ថ​បទ​ដែល​សារព័ត៌មាន​ BusinessMirror នៅ​ប្រទេស​ហ្វីលីពីន​បាន​ចុះ​ផ្សាយ​កាលពី​ថ្ងៃ​ទី​៤ខែនេះ ដោយ​បាន​រាយការណ៍​ឲ្យ​ដឹង​ថា ​មជ្ឈ​មណ្ឌល​អា​កាស​ចរណ៍​អាស៊ីប៉ាស៊ីហ្វិក​ (CAPA) បាន​ចេញ​របាយការណ៍​សិក្សា​ដែល​បាន​បង្ហាញ​ថា “សេចក្តី​សម្រេច​របស់​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ហ្វីលីពីន​ថា​ ត្រូវ​ផ្អាក​ និង​ត្រូវ​សិក្សា​អំពី​លទ្ធភាព​សម្រេច​បាន​ជោគ​ជ័យ​ក្នុង​គម្រោង​​វិនិយោគ​ទុន​រួម​នៅ​កម្ពុជា​នេះ គឺ​ជា​ចំណាត់​ការ​ដ៏​ត្រឹមត្រូវ​”។

សារព័ត៌មាន​ដដែល​បាន​ចេញ​ផ្សាយ​អត្ថ​បទ​នេះ​ បន្ទាប់​ពី​សារព័ត៌មាន​ហ្វីលីពីន​មួយ​ផ្សេង​ទៀត​គឺ​កាសែត​ BusinessWorld បាន​ដក​ស្រង់​សម្តី​របស់​លោក រ៉ាម៉ុន អាង (Ramon Ang) ប្រធាន​ និង​ជា​នាយក​ប្រតិបត្តិការ​ក្រុម​ហ៊ុន​​​អាកាស​ចរណ៍​ហ្វីលីពីន​ ដែល​បាន​លើក​ឡើង​ថា ក្រុម​ហ៊ុន​នេះ​នឹង​ពន្យារ​ពេល​គ​ម្រោង​​វិនិយោគ​ ក្រុម​ហ៊ុន​អាកាស​ចរណ៍​កម្ពុជា​របស់​ខ្លួន​ ដោយ​សារតែ​ភាព​មិន​ប្រាកដ​ប្រជា​ផ្នែក​នយោបាយ​នៅ​តែ​មាន​នៅ​​ក្នុង​ប្រទេស​កម្ពុជា​។ លោក​បាន​និយាយ​​ថា “យើង​​នឹង​ពិនិត្យ​ពេល​វេលា​ចាប់​ផ្តើម​ឡើង​វិញ ហើយ​សិក្សា​អំពី​លទ្ធភាព​សម្រេច​ផល​ចំណេញ​…។

យើង​បាន​ពន្យារពេល​គម្រោង​នេះ​ ដោយ​សារ​​​​​តែ​ស្ថានភាព​នៅ​ទីនោះ​”។ ក៏​ប៉ុន្តែ ឯក​សារ​នេះ មិន​បាន​យោង​តាម​សម្តី​​របស់​លោក​ អាង​ ទេ។ កាលពី​ខែ​មេសា ក្រុម​ហ៊ុន​ សាន់​មីហ្គេល (San Miguel Corp.) ដែល​ជាក្រុម​ហ៊ុន​មេរបស់​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ហ្វីលីពីន​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ជាមួយ​ក្រុម​ហ៊ុន Inter Logistics (Cambodia) Co., Ltd. ដើម្បី​បោះ​ទុន​វិនិយោគ​ចំនួន​១០លាន​ដុល្លារ​ សម្រាប់​ទិញ​ភាគ​ហ៊ុន​៤៩ភាគ​រយ​នៅ​ក្នុង​ក្រុម​ហ៊ុន​ Inter Logistics (Cambodia) Co., Ltd. ដែល​ជា​បុត្រ​សម្ព័ន្ធ​​មួយ​ដែល​នាំ​ឲ្យ​ក្រុម​ហ៊ុន ​រ៉ូយ៉ាល់​គ្រុប​ កាន់​កាប់​ក្រុមហ៊ុន អាកាសចរណ៍​កម្ពុជា​។

កិច្ច​ព្រម​ព្រៀង​នេះ​ត្រូវ​បាន​រំពឹង​ថា ​បាន​ចុះ​ហត្ថលេខា​​ជា​ផ្លូវ​ការ​​កាលពី​ខែ​តុលា​ បន្ទាប់​​ពី​ត្រូវ​បាន​ពន្យារពេល​ពីខែ​កក្កដាឆ្នាំ​មុន​មក ហើយ​ក្រុម​ហ៊ុន អាកាសចរណ៍​ហ្វីលីពីន ត្រូវ​បាន​រំពឹង​ថា បាន​បង់​ប្រាក់​១០ភាគរ​យនៅ​ពេល​ចុះ​​កិច្ច​ព្រម​ព្រៀង​នេះ។

​មន្ត្រី​​មួយ​រូប​នៅ​ក្រុម​ហ៊ុន​ រ៉ូយ៉ាល់​គ្រុប​ បាន​ឲ្យ​ដឹង​កាលពី​ឆ្នាំ​មុន​ថា ក្រុម​ហ៊ុន​នេះ​បាន​​រំពឹង​ថា សកម្មភាព​ហោះ​ហើរ​នឹង​ចាប់​ផ្តើម​ យ៉ាង​យូរ​ក្នុង​ខែ​តុលា​ឆ្នាំ​២០១៣។ តាំង​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ហ្វីលីពីន​បាន​ធ្វើ​សេចក្តី​រាយការណ៍​មក​ មន្ត្រី​ក្រុម​ហ៊ុន​ រ៉ូយ៉ាល់​គ្រុប​ បាន​និយាយ​ដដែល​ៗថា ក្រុម​ហ៊ុន​របស់​ខ្លួន​កំពុង​ធ្វើការងារ​លើ​គម្រោង​ក្រុម​ហ៊ុន​អាកាសចរណ៍​កម្ពុជា​ ទោះ​បី​ជា​មាន​សម្តី​របស់​របស់​លោក អាង និង​លទ្ធផល​សិក្សា​របស់​មជ្ឈមណ្ឌល​ CAPA ក៏​ដោយ​។

កាលពី​ម្សិល​មិញ មន្ត្រីទាំង​នោះមិន​បាន​ឆ្លើយ​តប​ទៅ​នឹង​សំណើ​សុំ​ធ្វើ​អត្ថាធិប្បាយ​ទេ។ រិយាល័យ​ទំនាក់​ទំនងរបស់​ក្រុម​ហ៊ុន​ អា​កាស​ចរណ៍​ហ្វីលីពីន នៅ​ទីក្រុង​ម៉ានីល មិន​បាន​លើក​ទូរ​ស័ព្ទស្នើ​ឲ្យ​ធ្វើ​អត្ថាធិប្បាយ​ទេ៕ សុធា

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស