33 C
Phnom Penh

ការ​ស្លាប់​ដោយសារ​គ្រាប់​មីន​និង​យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ​បាន​ធ្លាក់​ចុះ​ពាក់​កណ្តាល​នៅ​ក្នុង​ឆ្នាំ​២០១៣​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​តួ​លេខ​ចុង​ក្រោយ​ស្តី​ពី​ការ​ស្លាប់​ដោយ​សារគ្រាប់​​មីន​ និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​បាន​ធ្លាក់​ចុះ​ជិត​ពាក់​កណ្តាល​ពី​៤៣​នាក់​​​នៅ​ក្នុង​ឆ្នាំ​២០១២​មក​នៅ​ត្រឹម​២២​នាក់​កាល​​​ពី​ឆ្នាំ​មុន​។​ ហើយ​តួ​លេខ​នេះ​គឺ​ជា​តួ​លេខ​មាន​​ចំនួន​​​ធ្លាក់​ចុះ​ច្រើន​ជាងគេ​​បំផុត​ក្នុង​រយៈ​ពេល​​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ​។

ចំនួន​អ្នក​រង​គ្រោះ​សរុប​ក៏​បាន​ធ្លាក់ចុះ​៤០​​ភាគរយ​ផង​ដែរ​ បើគិត​ត្រឹម​រយៈពេល​ដូច​គ្នា​ ពោល​គឺ​ធ្លាក់​ចុះ​ពី​១៨៦​នាក់​​ក្នុង​ឆ្នាំ​២០១២​​មក​នៅ​ត្រឹម​១១១​នាក់​ កា​ល​ពី​ឆ្នាំ​មុន ​នេះ​បើ​​​​យោង​​​​​តាម​របាយ​ការណ៍​ប្រចាំ​ខែ​ចុង​ក្រោយ​​​ ស្តី​ពី​ជន​​រង​គ្រោះ​សម្រាប់​ឆ្នាំ​២០១៣ របស់​អាជ្ញាធរ​សកម្មភាព​កម្ចាត់​​មីន​កម្ពុជា (CMAA)​។

ក្នុង​ចំណោម​ជនរង​គ្រោះ​ទាំង​១១​១​នាក់​​មាន​​​ជន​រង​គ្រោះ​​ចំនួន​​​២១​នាក់​បាន​ដាច់​ដៃ​ដាច់​​​ជើង​ដោយ​សារ​គ្រាប់​មីន​ ឬ​យុទ្ធ​ភណ្ឌ​មិន​​ទាន់​ផ្ទុះ​ ហើយ​ជន​រង​គ្រោះ​៦៨​នាក់​ផ្សេង​ទៀត​​​​​​​​បាន​រង​របួស។

លោក ហេង​ រតនា អគ្គនាយក​នៃ​មជ្ឈ មណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា (CMAC) ដែល​ជា​សាខា​របស់​អាជ្ញាធរ​សកម្ម​ភាព​កម្ចាត់​មីន​កម្ពុជា​ និង​ជា​ភ្នាក់​ងារ​ដោះ​មីន​ធំបំផុ​ត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ បានចូល​​​រួម​ចំណែក​យ៉ាង​ច្រើន​​​នៅ​ក្នុងបេសកកម្មរុក​រក​គ្រាប់​មីន​និង​យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​ ដោយ​ធ្វើ​ឲ្យ​តួលេខ​នៃ​អ្នក​ស្លាប់​និង​អ្នក​រង​របួស​​​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​កាល​ពី​ដើម​ឆ្នាំ​២០១៣​​។ លោក​បានលើក​ឡើង​ថា បើ​យោង​​​​តាម​របាយការណ៍​បង្ហាញ​ថា ភ្នាក់​ងារ​ដោះ​មីន​ទទួល​បាន​លទ្ធផល​ប្រសើរ​ជាង​ឆ្នាំ​មុនៗ​។

លោក​បាន​មាន​ប្រសាសន៍​ថា “ការ​ធ្លាក់​ចុះ​នេះ គឺ​ដោយ​សារ​តែ​ប្រតិបត្តិ​ការ​ដោះ​មី​ន​​​ត្រូវ​បាន​ពង្រីក​ទៅ​ដល់​តំបន់​ជាច្រើន​​ ហើយ​សហគមន៍​ ក៏​បាន​ចូល​រួម​សហ​ការដោយ​ផ្តល់​ដំណឹង​ជា​​ច្រើនដល់​​យើង​ផង​ដែរ​” ។ លោក​ រតនា បាន​លើក​ឡើង​ថា មជ្ឈ​មណ្ឌល​​​ទទួល​បាន​ការ​ផ្តល់​ដំណឹងពី​ប្រជា​ពល​រដ្ឋ​​ប្រហែល​​១៣.០០០​នាក់​ ដែល​បាន​ទូរស័ព្ទ​ហៅ​ភ្នាក់​ងារ​ដោះ​មីន​ឲ្យ​ទៅ​ដោះ​គ្រាប់​មីន​និង​យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ​នៅ​តំបន់​របស់​ពួកគាត់​។

កាល​ពី​ចុង​ខែ​មករា​ អគ្គិភ័យ​មួយ​បាន​ឆាប​ឆេះ​នៅ​កន្លែង​ដាក់​សម្ភារ​ជួស​ជុលនៃ​​មជ្ឈ​មណ្ឌល​សកម្មភាព​កម្ចាត់​មីនកម្ពុជា​ក្នុង​ក្រុង​បាត់ដំបង​ ដោយ​បាន​បំផ្លិច​បំផ្លាញ​យានយន្ត​និង​សម្ភារ​ផ្សេងៗ​បើ​គិត​ជា​​ទំហំ​ទឹក​ប្រាក់មាន​ប្រមាណ​៤០០.០០០​ដុល្លារ​។

ទោះ​បី​ជា​មាន​ការ​ខាត​បង់​យ៉ាង​ច្រើន​ដូច្នេះ​​​​​​ក្តី​ លោក​ រតនា​បាន​លើក​ឡើង​ថា​ លោក​​​មិន​គិត​​​ថា វា​ប៉ះពាល់​ខ្លាំង​ដល់​ការ​ងារដោះ​មីន​​របស់​មជ្ឈ​មណ្ឌល​​​នៅ​ក្នុង​ខេត្ត​បាត់​ដំបង​ជា​ខេត្ត​មួយ​ក្នុង​ចំណោម​ខេត្ត​ដែល​មាន​គ្រាប់​មីន​​​ច្រើន​ជាង​គេ​បំផុត​មួយចំនួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឡើយ​។ គ្រាន់​តែ​ ខេត្ត​បាត់​ដំបង​ កោះ​កុង​ ​ឧត្តរ​មាន​ជ័យ​ និង​ខេត្ត​ព្រះ​វិហារ​​​ មានអ្នក​ស្លាប់​និង​រង​របួស​ដោយ​សារ​គ្រាប់​មីន​និង​យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ​​ជាង​ពាក់​កណ្តាល​ទៅ​ហើយ។

កាល​ពី​ដើម​ខែ​នេះ​ លោក រតនា បាន​បដិ​សេធ​​ការ​ចោទ​ប្រកាន់​ជា​សាធា​រណៈ​ដែល​ថា អ្នក​គ្រប់​គ្រង​នៅ​មជ្ឈ​មណ្ឌល​សកម្ម​ភាព​កម្ចាត់​មីន​កម្ពុជា​បាន​ដុត​កន្លែង​ដាក់​សម្ភារ​ជួស​ជុល​ដើម្បី​បិទ​បាំង​ការ​ចំណាយ​មិន​ត្រឹម​ត្រូវ​។

បន្ថែម​ពី​លើ​បេសកកម្ម​រុក​រក​មី​ន​នៅ​ទូ​ទាំង​​​ប្រទេស​ មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា​ កាល​ពី​ឆ្នាំ​មុនបាន​ចាប់​ផ្តើម​ប្រតិ​បត្តិ​ការ​​​ដោះ​មីន​​​ក្រោម​ទឹក​មួយ​ចំនួនផ្សេង​ទៀត​ និង​​បាន​សហ​ការ​ជា​មួយ​​អង្គការ​ក្រៅ​រដ្ឋាភិបាល​មក​ពី​ប្រទេស​​បែលហ្ស៊ិក ​ដើម្បី​ចាប់​ផ្តើម​សាក​​ល្បង​កណ្តុរហិត​មីន​ពូជអាហ្វ្រិក​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​។

ទោះ​បី​ជា​មាន​ការ​ធ្លាក់​ចុះ​គួរ​ឲ្យ​កត់​សម្គាល់យ៉ាង​នេះ​ក្តី​ ប៉ុន្តែ​រដ្ឋាភិបាល​នៅ​តែ​ទទួល​រង​ការ​រិះ​គន់​ជា​ច្រើន​ ដោយសារ​មិន​បាន​ជួយ​ជន​រង​គ្រោះ​ឲ្យ​បាន​ពេញ​ដៃ​ពេញ​ជើង​​តាម​រយៈ​​ការ​ផ្តល់​មូលនិធិ​សម្រាប់​សេវា​ស្តារ​នីតិ​សម្បទា​នោះ​។​ កាល​ពី​ខែ​ធ្នូ​ រដ្ឋាភិបាល​បាន​​​ប្រកាស​គម្រោង​មួយ​ដើម្បី​ធ្វើ​ឲ្យ​សេវា​នៅ​​​តាម​​ទី​ជន​បទ​​មាន​ភាព​ប្រសើរ​ឡើង​ ដោយ​​​ចែក​អំណោយ​ដល់​​ក្រុម​ប្រឹក្សា​ជន​ពិការ​នៅ​គ្រប់​ខេត្ត​ទាំង​អស់​។

ចាប់​តាំង​ពី​របប​ខ្មែរ​ក្រហម​ដួល​រំលំ​នៅ​ក្នុង​ឆ្នាំ​១៩៧៩​មក​ គ្រាប់​មីន​និង​យុទ្ធ​ភណ្ឌ​មិន​​ទាន់​ផ្ទុះ​បាន​សម្លាប់​ពល​រដ្ឋ​ខ្មែរ​ជាង​១៩.០០០​​​នាក់​និង​ធ្វើ​ឲ្យ​រង​របួស​ប្រហែល​៤៥.​០០០​នាក់​៕​ស៊ុយឈាង​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស