កាលពីម្សិលមិញ សាលាដំបូងរាជធានីភ្នំពេញបានផ្តន្ទាទោសទាហានពីរនាក់ឲ្យជាប់ពន្ធនាគារអស់មួយជីវិតនិងស្ត្រីជនជាតិខ្មែរម្នាក់ឲ្យជាប់ពន្ធនាគាររយៈពេល៣០ឆ្នាំពីបទផលិតថ្នាំញៀន ចែកចាយថ្នាំញៀនខុសច្បាប់ និងជួញដូរថ្នាំញៀន ព្រមទាំងប្រើប្រាស់អាវុធខុសច្បាប់។
លោកចៅក្រម កែវ មុនី មានប្រសាសន៍នៅក្នុងតុលាការថា “តុលាការរកឃើញថា ពួកគេមានពិរុទ្ធភាពពីបទផលិតថ្នាំញៀនខុសច្បាប់ ជួញដូរថ្នាំញៀន និងប្រើប្រាស់អាវុធខុសច្បាប់”។
បុរសជាប់ទោសទាំងពីរនាក់ឈ្មោះ កែវ សារឿន អាយុ៥២ឆ្នាំ និង ប៊ុន ថា អាយុ៤៨ឆ្នាំត្រូវបានពិន័យជាប្រាក់ចំនួន៦០លានរៀល ចំណែកស្ត្រីឈ្មោះ ពៅ បុប្ផា អាយុ៤៦ឆ្នាំត្រូវបានបង្គាប់ឲ្យបង់ប្រាក់ពិន័យចំនួន៣០លានរៀល។ លោកចៅក្រម កែវ មុនី បានមានប្រសាសន៍បន្ថែមទៀតថា ទាហានទាំងពីរនាក់នេះគឺជាជនជាតិវៀតណាម ហើយលោកមិនអាចពន្យល់ថា តើពួកគេមានតួនាទីក្នុងជួរកងយោធពលខេមរភូមិន្ទដោយរបៀបណាទេ។
អ្នកទាំងបីត្រូវបានចាប់ខ្លួនកាលពីខែធ្នូក្នុងការឆ្មក់ចូលជាប់ៗគ្នាពីរលើកដែលចាប់ ខ្លួនមនុស្សបានប្រាំនាក់ និងមានបីនាក់ជាកងយោធពលខេមរភូមិន្ទនៅក្នុងខណ្ឌចំការមន និងក្នុងខណ្ឌទួលគោក។
អំឡុងការចាប់ខ្លួនលើកទី១នៅក្នុងខណ្ឌចំការមន នគរបាលបានប្រឈមជាមួយជនល្មើសអស់រយៈពេល២ម៉ោង ហើយបានផ្ទុះអាវុធបណ្តាលឲ្យទាហានមា្នក់ក្នុងចំណោមទាហានដែលជាជនសង្ស័យនោះរងរបួសត្រង់ជើង។ អ្នកជួញដូរថ្នាំញៀនពីរនាក់ទៀតដែលនៅក្នុងក្រុមតែមួយនេះត្រូវបានចាប់ខ្លួនជាមួយនឹងម៉ាស៊ីនផលិតថ្នាំញៀននៅក្នុងខណ្ឌទួលគោក។
លោកចៅក្រម កែវ មុនី បានមានប្រសាសន៍ ថា សរុបមកនគរបាលរឹបអូសបានអាភៀនទម្ងន់១.៥៥៤,៨ក្រាម កូកាអ៊ីន៤៣៥,៧៩ ក្រាម និងហេរ៉ូអ៊ីន២.៦៨៨,១៤ក្រាម កាំភ្លើងអាកា-៤៧មួយដើម កាំភ្លើងខ្លីបីដើម រថយន្តទំនើបបីគ្រឿង រួមទាំងរថយន្តម៉ាកហាំម័រ ពណ៌ខ្មៅមួយគ្រឿងដែលពាក់ស្លាកលេខកងយោធពលខេមរភូមិន្ទ ម៉ាស៊ីនផលិតថ្នាំញៀន និងសាច់ប្រាក់១០.០០០ដុល្លារ។
ស្ត្រីឈ្មោះ ពៅ បុប្ផា ដែលកំពុងរត់គេចខ្លួននោះត្រូវបានចោទប្រកាន់កំបាំងមុខ។ ឈ្មោះ ប៊ុន ថា និង កែវ សារឿន ព្រមទាំងមេធាវីរបស់ពួកគេបដិសេធមិនធ្វើអត្ថាធិប្បាយបន្ទាប់ពីការប្រកាសសាលក្រម។ នៅក្នុងករណីដាច់ដោយឡែកមួយទៀត កាលពីម្សិលមិញ សាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការជំនុំជម្រះរឿងក្តីជនជាតិវៀតណាមពីរនាក់ និងជនជាតិចិនពីរនាក់ដែលជាប់ចោទពីបទជួញដូរថ្នាំញៀន កេតាមីន ទម្ងន់ប្រហែល១គីឡូក្រាម និងថ្នាំមេតំហ្វេតាមីនចំនួន១១គ្រាប់។
បុរសឈ្មោះ យឿន គឹមហួ អាយុ៣២ឆ្នាំមកពីប្រទេសវៀតណាមបានបដិសេធថា គាត់មិនដឹងថាមានថ្នាំញៀន ទេ ដោយបាននិយាយថា គាត់បានយកកញ្ចប់មួយឲ្យឈ្មោះ ឡាំង យូហ្វា អាយុ៥២ឆ្នាំ។
បុរសឈ្មោះ គឹមហួ បាននិយាយថា ខ្ញុំមិនដឹងថា មានថ្នាំញៀននៅក្នុងកញ្ចប់នោះទេ។ ថ្នាំញៀនទាំងនោះមិនមែនជារបស់ខ្ញុំទេ វាជា របស់បុរសឈ្មោះ យូហ្វា” ជាជនជាតិចិន។ ទោះជាយ៉ាងណា បុរសឈ្មោះ យូហ្វា បាននិយាយថា គាត់ក៏មិនដឹងថាមានថ្នាំញៀនដែរ ហើយត្រូវគេប្រាប់ឲ្យយកកញ្ចប់នោះទៅឲ្យឈ្មោះ ស៊ាន យាវីន អាយុ៤៧ឆ្នាំជាជនជាតិចិន។
ស្ត្រីឈ្មោះ ទ្រុង ធីទូ ជាជនជាតិវៀតណាមធ្វើការនៅហ្គាណាវើល បាននិយាយថា គាត់គ្រាន់តែបានជួយរកបន្ទប់សណ្ឋាគារឲ្យជនសង្ស័យផ្សេងទៀតប៉ុណ្ណោះ ហើយក៏មិនដឹងថា មានថ្នាំញៀនដែរ។ តុលាការនឹងប្រកាសសាលក្រមនៅថ្ងៃទី២៤ខែកុម្ភៈ៕សារុន