28 C
Phnom Penh

អ្នក​ភូមិ​នៅ​ខេត្ត​ក្រចេះ​ចេញ​មក​បិទ​ផ្លូវ​បន្ទាប់​ពី​​កងរាជ​អាវុធ​ហត្ថ​​បាន​ដុត​ផ្ទះ​សំបែងរបស់​ពួក​គាត់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​​​មន្ត្រី​បាន​ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ពុធ​ នគរ​​​​​​បាល​ និង​កង​រាជ​អាវុធ​ហត្ថ​នៅ​ក្នុង​ស្រុក​ស្នួល​ ខេត្ត​ក្រចេះ​បាន​ដុត​ផ្ទះ​ចំនួ​ន​៥៦​ខ្នង​ដែល​​​​​​​​​​ពួ​ក​​​គេ​បាន​លើក​ឡើង​ថា ស្ថិត​នៅ​​លើ​ដី​ការ​ពារ​​​​​​​ឲ្យ​​​​​​​​​​ក្លាយ​ជា​ផេះ​ ដោយ​ធ្វើ​ឲ្យ​អ្នក​ភូមិ​ដែល​បាត់​​​​​​​បង​់ផ្ទះ​សំបែង​​​នាំ​គ្នា​ចេញ​មក​ត​វ៉ា​ដោយ​បិទ​ផ្លូវ​ជាតិ​លេ​ខ​៧៦​អស់​រយៈ​​​ពេល​បួន​ម៉ោង​។

លោក គង់​ គឹម​នី​ អភិបាល​ស្រុក​ស្នួល​បាន​​ឲ្យ​ដឹង​កាល​ពី​ម្សិល​មិញ​ថា ​អ្នក​ភូមិ​​បាន​កាប់​ឆ្ការ​រាន​យក​ដី​ការ​ពារ​ទំហំ​៥.០០០​ហិក​តា​ដោយ​ខុស​ច្បាប់នៅក្នុង​ឃុំ​ ខ្សឹម​ ដែលជាប់​ព្រំ​ដែន​ស្រុក​កែវ​សីមា ខេត្ត​មណ្ឌល​គិរី​។ លោក​ គឹម​នី​ មាន​ប្រសាសន៍​ថា “យើង​​​បាន​សម្រេច​​ដុត​ផ្ទះ​ដើម្បី​បង្ខំឲ្យ​គ្រួសារ​ទាំង​នោះចាក​ចេញ​ពី​ដី​នេះ​”។ លោក​​បន្ថែម​ថា អ្នក​ភូមិ​បាន​ទទួល​ការ​ព្រមាន​ជា​មុន​ចំនួន​បួន​លើក​មក​ហើយ​។

លោក​​​មាន​ប្រសាសន៍​បន្ត​ថា “ ខ្ញុំ​បាន​ប្រាប់​គ្រួសារ​ទាំង​នោះ​ឲ្យ​ទៅ​យក​លិខិត​មួយ​ច្បាប់​ពី​អាជ្ញាធរ​មូល​ដ្ឋាន​​ដើម្បី​ជម្រាប​ប្រាប់​ថា ពួក​គាត់​មិន​មែន​ជា​ម្ចាស់​ដី​នេះ​ទេ​ ហើយ​យើង​​​​នឹង​ផ្តល់​ដី​សម្បទាន​សង្គម​កិច្ច្​ដល់​ពួក​គាត់​”។

លោក​ គឹមនី​ បាន​លើក​ឡើង​ថា តែ​ទោះ​ជា​​​​​​យ៉ាង​ណា​ អ្នក​ភូមិ​ជា​ច្រើន​ដែល​​​មក​ពី​ខេត្ត​ផ្សេង​ៗ​ បាន​ផ្លាស់​ទី​ទៅ​ទី​នោះ​​​ដើម​្បី​កាប់​រាន​យក​ដី​រួច​ធ្វើ​ស្រែ​ ខណៈ​រដ្ឋាភិបាល​មិន​បាន​ផ្តល់​ដី​នេះ​ជា​ដី​សម្បទាន​សម្រាប់​ពួក​គាត់​ព្រោះ​វា​ជា​ដី​ការ​ពារ​​។

លោក សំ ភីន​ អ្នក​ភូមិ​ម្នាក់​ក្នុង​ចំណោម​អ្នក​ភូមិ​ដែល​ត្រូវ​គេ​បណ្តេញ​ចេញ​ បាន​និយាយ​​​ថា លោក​បាន​ផ្លាស់​ទី​​ពី​ខេត្ត​ស្វាយ​រៀង​​​មក​តំបន់​នេះ​នៅ​ក្នុង​ឆ្នាំ​២០១០​ ហើយ​គាត់​បាន​កាប់​រាន​ព្រៃ​ការ​ពា​រ​ដើម្បី​ដាំ​ស្វាយ​ចន្ទី​ ចេក​ និង​ដំឡូង​មី​។
លោក​ គឹម​នី​ បាន​មាន​ប្រសាសន៍​ថា “ អ្នក​​​ភូមិទាំង​នោះ​បាន​កាប់​ឆ្ការ​រាន​យក​ដី​នេះ ​ហើយ​​​​​លក់​វា​ក្នុង​តម្លៃ​ប្រហែល​៣០០.០០០​រៀល​ [ប្រហែល៧៥​ដុល្លារ​​] ក្នុង​មួយ​ហិកតា​”។

បន្ទាប់​ពី​នគរបាល​និង​កង​រាជ​អាវុធ​ហត្ថ​បាន​ចុះ​ទៅ​បណ្តេញ​អ្នក​ភូមិ​ចេញ​នៅ​ម៉ោង​ប្រហែល​១​រសៀល​ អ្នក​ភូមិប្រមាណ​៣០០​នាក់​ បាន​នាំ​គ្នា​ធ្វើ​ដំណើរ​ទៅ​ផ្លូវ​ជាតិ​លេខ​៧៦​ ហើយ​បិទ​ផ្លូវ​តែ​ម្តង​ ខណៈ​កង​រាជ​អាវុធ​​ហត្ថ​ប្រហែល​១០០​នាក់​ឈរ​ជើង​នៅ​ក្បែរ​នោះ​។

នៅ​ម៉ោង​ប្រហែល​៥​ល្ងាច​និង​ដោយ​គ្មាន​ការ​ជ្រៀតជ្រែក​ពី​កង​រាជ​អាវុធ​ហត្ថ​ អ្នក​ភូម​ិ​បាន​ចាក​ចេញ​ទៅ​វិញ​ បន្ទាប់​ពី​លោក  គឹម​នី​ បាន​សន្យា​ស្វែង​រក​ដំណោះ​ស្រាយ​ឲ្យ​ពួក​គាត់​។

នៅ​ក្នុង​ហេតុ​ការណ៍​ដាច់​ដោយ​ឡែក​មួយ​​​ទៀត​នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់​ អ្នក​ភូមិ ម្នាក់​ឈ្មោះ​ សែន​ សឿន​ អាយុ​៤៧​ឆ្នាំ​ ត្រូវ​បាន​ចោទ​​​ប្រកាន់​ពី​បទ​ចាប់​យក​ដី​ព្រៃ​ការ​ពារ​ដោយ​​​ខុស​ច្បាប់​ ហើយ​ត្រូវ​បាន​ឃុំ​ខ្លួន​ជា​បណ្តោះ​​​អាសន្ន​ នេះ​បើ​យោង​តាមលោក អេង ឈុន​ហាន​ អ្នក​សម្រប​សម្រួល​នៅ​អង្គ​ការ​សិទ្ធិ​មនុស្ស​លីកាដូ​ ប្រចាំ​ខេត្ត​ពោធិ៍​សាត់​។

អ្នក​ស្រី​ សែន​ សឿន​ ត្រូវ​បាន​ឃុំ​ខ្លួន​កាល​​​ពី​ថ្ងៃ​ពុធ ​ បន្ទាប់​ពី​បាន​តវ៉ា​ប្រឆាំង​នឹង​ការ​បណ្តេញ​​​ចេញ​មួយ​ផ្សេងទៀត​​លើ​សហ​គមន៍​មួយ​ដែល​បាន​ផ្លាស់​ទី​មក​រស់​នៅ​លើដី​នេះ​ ដែល​ស្ថិត​នៅ​ក្នុង​ឃុំ​ក្រពើ​ពីរ ​ស្រុក​​វាល​វែង​។​ ពួក​គាត់​ត្រូវ​បាន​បណ្តេញ​ចេញ​កាល​ពី​ឆ្នាំ​២០១២​ ប៉ុន្តែ​បាន​វិល​ត្រឡប់​មក​រស់​នៅ​លើ​ដីនេះ​វិញ​កាល​ពី​ឆ្នាំ​មុន​។

លោក​ ឃាង​ ឡេង​ អធិការ​ស្រុក​វាល​វែង​ ​​បាន​លើក​ឡើង​ថា​ ​អ្នក​ភូមិត្រូវ​បាន​ផ្តល់​និង​ទទួល​យក​ប្រាក់​សំណង​តាំង​ពី​ពួកគាត់​ត្រូវ​បាន​បណ្តេញ​ចេញ​ជា​លើក​ដំបូង​មក​ម៉្លេះ ។ លោក​ ឃាង​ ឡេង​ បាន​មាន​ប្រសាសន៍​ថា “កាល​ពី​ឆ្នាំ​២០១២​ អាជ្ញាធរ​បាន​ផ្តល់​ដី​ទំហំ​៥០​x២០០​ម៉ែត្រ​ទៅ​ឲ្យ​ពួក​គាត់​ ប៉ុន្តែ​នៅ​​​ដើម​ឆ្នាំ​២០១៣​ ពួ​កគាត់​បាន​វិល​ត្រឡប់​មក​ចាប់​យក​ដី​ដែល​ពួក​បាន​ចាក​ចេញ​នេះ​វិញ​”។

លោក ភួង​ សុធា​ អ្នក​សម្រប​សម្រួល​នៅ​អង្គការ​សិទ្ធិ មនុស្ស​អាដ​ហុក​ប្រចាំ​ខេត្ត​ពោធិ៍​សាត់​ បាន​លើក​ឡើង​ថា អ្នក​ភូមិ​ចំនួន​២៨​នាក់ ​បាន​ចុះ​ហត្ថលេខា​ និង​បាន​ប្តឹង​មក​អង្គ​ការ​សិទ្ធិ​មនុស្ស​អាដ​ហុក​ជុំវិញ​ការ​ចាប់​ខ្លួន​អ្នក​ស្រី សែន​ សឿន​៕​ស៊ុយឈាង​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស