គណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចប្រហែលជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលខ្លួនបានបាត់បង់អាសនៈសភាចំនួន២២ទៅក្នុងដៃគណបក្សសង្គ្រោះជាតិនៅក្នុងការបោះឆ្នោតជាតិកាលពីខែកក្កដា ប៉ុន្តែពេលនេះគណបក្សនេះកំពុងចាប់ផ្ដើមកៀរគរការគាំទ្រសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត-ក្រុង ស្រុក- ខណ្ឌ ដែលគ្រោងធ្វើនៅខែឧសភាខាងមុខនេះ។
មន្ត្រីក្រុមប្រឹក្សាឃុំ-សង្កាត់របស់គណបក្សប្រជាជនកម្ពុជាប្រហែល៥៧០រូបមកពីទូទាំងរាជធានីភ្នំពេញ បានជួបជុំគ្នាកាលពីថ្ងៃច័ន្ទ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ដែលស្ថិតនៅតាមបណ្ដោយមហាវិថីព្រះនរោត្តម ដើម្បីចូលរួមការបោះឆ្នោតសាកល្បងសម្រាប់មន្ត្រីក្រុមប្រឹក្សារាជធានី ខេត្ត-ក្រុង ស្រុក-ខណ្ឌ ដើម្បីត្រៀមសម្រាប់ការបោះឆ្នោតពិតប្រាកដដែលគេរំពឹងថា គណបក្សកាន់អំណាចនឹងមានប្រៀបជាង។
លោក សំ ផុន ចៅសង្កាត់និរោធ ក្នុងខណ្ឌមានជ័យ ដែលមកពីបក្សប្រជាជនបានថ្លែងថា “យើងបោះឆ្នោតដើម្បីស្ទាបស្ទង់ការជ្រើសតាំងសម្រាប់បេក្ខជនដែលនឹងឈរឈ្មោះក្នុងក្រុមប្រឹក្សារាជធានី ខេត្ត ក្រុងស្រុក ខណ្ឌ”។
ក្រុមប្រឹក្សាឃុំ-សង្កាត់ដែលបានចូលរួមការបោះឆ្នោតសាកល្បងនេះ ត្រូវបានគេប្រាប់ឲ្យសរសេរការជ្រើសរើសរបស់ខ្លួនសម្រាប់ក្រុមប្រឹក្សារាជធានី ខេត្ត-ក្រុង ស្រុក-ខណ្ឌ នៅលើសន្លឹកឆ្នោតសាកល្បង ហើយទម្លាក់វាចូលទៅក្នុងហិបឆ្នោត ក្រោមការឃ្លាំមើលយ៉ាងប្រុងប្រយ័ត្នពីមេដឹកនាំគណបក្សជាន់ខ្ពស់។
លោក សំ ផុន បានមានប្រសាសន៍ទៀតថា លទ្ធផលនៃការបោះឆ្នោតសាកល្បងនេះមិនយកជាផ្លូវការទេ ហើយគណបក្សប្រជាជនកម្ពុជានឹងធ្វើការជ្រើសតាំងផ្លូវការនូវបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សានៅពេលណាមួយមុនការបោះឆ្នោតនៅខែឧសភាខាងមុខនេះ។
យោងតាមសេចក្ដីរាយការណ៍មួយក្នុងទំព័រកាសែតរស្មីកម្ពុជាបានឲ្យដឹងថា លោក ស៊ីម កា សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា និងជាឥស្សរជនជាន់ខ្ពស់មួយរូបនៅក្នុងជួររចនាសម្ព័ន្ធបក្សកាន់អំណាច និងឧបនាយករដ្ឋមន្ត្រី គាត ឈន់ អតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ បានថ្លែងទៅកាន់មន្ត្រីក្រុមប្រឹក្សាឃុំ-សង្កាត់ដែលបានចូលរួមនៅក្នុងការបោះឆ្នោតសាកល្បងនេះ។ លោក ស៊ីម កា បានថ្លែងទៅកាន់អ្នកចូលរួមថា ការរស់រានតែមួយគត់របស់ខ្លួនគឺស្ថិតនៅក្នុងខែឧសភាខាងមុខនេះ។
កាសែតរស្មីកម្ពុជាបានដកស្រង់ប្រសាសន៍របស់លោក ស៊ីម កា ដែលបានលើកឡើងថា “ [គណបក្សសង្គ្រោះជាតិ] មិនគិតថា ឈ្នះបានកាន់អំណាចគ្រប់គ្រាន់ទេ ប៉ុន្តែពួកគេមានមហិច្ឆតាចង់បំផ្លាញពួកយើង ដកឫសគល់គណបក្សប្រជាជនកម្ពុជា ព្រមទាំងសមាជិកទាំងអស់ និងបុគ្គលនានានៅក្នុងគណបក្សនេះ បន្ទាប់ពីពូួកគេឡើងកាន់អំណាច”។
លោកបានមានប្រសាសន៍ទៀតថា “ដូច្នេះ យើងត្រូវតែរួបរួមគ្នា ហើយបន្តសហការគ្នាដើម្បីការពារសមិទ្ធផលរបស់យើង រួមទាំងអាយុជីវិតរបស់យើង និងអាយុជីវិតកូនៗរបស់ពួកយើងផងដែរ” ។
លោក ស៊ីម កា ថែមទាំងប្រាប់ក្រុមប្រឹក្សាឃុំ-សង្កាត់របស់គណបក្សប្រជាជនកម្ពុជាផងដែរកុំឲ្យពួកគេរៀបចំពិធីមង្គលការកូនៗរបស់ខ្លួនចំថ្ងៃបោះឆ្នោតផងដែរ នេះបើយោងតាមសេចក្ដីរាយការណ៍ក្នុងកាសែតរស្មីកម្ពុជា។
លោក សុន ឆ័យ ប្រធានក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានមានប្រសាសន៍កាលពីម្សិលមិញថា គណ បក្សប្រជាជនកម្ពុជា លែងទទួលបានការគាំទ្រក្នុងការបោះឆ្នោតទៀតហើយ សូម្បីក្នុងចំណោមមេដឹកនាំគណបក្សក្នុងមូលដ្ឋានរបស់ខ្លួន ដូច្នេះហើយ បានជាពួកគេត្រូវការការបោះឆ្នោតសាកល្បង។
លោក សុន ឆ័យ បានមានប្រសាសន៍ថា “ ខ្ញុំគិតថា គណបក្សប្រជាជនកម្ពុជាមិនស្រួលចិត្តទេ ពីព្រោះពួកគេធ្លាប់រងការវាយប្រហារយ៉ាងចាស់ដៃដោយសារលទ្ធផលនៃការបោះឆ្នោតកាលពីខែកក្កដា”។ លោក ហង្ស ពុទ្ធា នាយកប្រតិបត្តិអង្គការនិកហ្វិក មានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជាកំពុងរៀបចំកែទម្រង់បោះឆ្នោត បន្ទាប់ពីធ្លាក់ចុះសំឡេងគាំទ្រនៅក្នុងការបោះឆ្នោតជាតិ។
លោកមានប្រសាសន៍ទៀតថា “ ប្រសិនបើលទ្ធផលនៃការបោះឆ្នោតមុននេះប្រែប្រួលមិនដូចអ្វីដែលពួកគេចង់បាន អ្នកនយោបាយទាំងនេះត្រូវតែស្វែងរកយុទ្ធសាស្ត្រថ្មី ដើម្បីទទួលជោគជ័យ។ ខ្ញុំគិតថា [ការស្ទាបស្ទង់មុនការបោះឆ្នោត] គឺជាការព្យាយាមធ្វើការសិក្សាឲ្យដឹងថា អ្នកណាជាអ្នកគាំទ្រ [គណបក្សកាន់អំណាច] និងអ្នកណាមិនគាំទ្រ”។
តែទោះជាយ៉ាងណា លោក សេង សារ៉ាន់ ចៅសង្កាត់ទឹកល្អក់ទី២ ក្នុងខណ្ឌទួលគោក បានមានប្រសាសន៍ថា ការប្រជុំកាលពីថ្ងៃច័ន្ទគឺធម្មតា។លោកបានមានប្រសាសន៍ថា “ នេះគឺជាការអនុវត្តលទ្ធិប្រជាធិបតេយ្យ ប្រសិនបើបេក្ខជនដែលត្រូវបានជ្រើសតាំងល្អ ពួកគេនឹងស្ថិតនៅលេខរៀងលើគេ”។
ដោយគិតថា មន្ត្រីក្រុមប្រឹក្សាឃុំ-សង្កាត់នឹងបោះឆ្នោតគាំទ្រមន្ត្រីក្រុមប្រឹក្សារាជធានី ខេត្ត-ក្រុង ស្រុក-ខណ្ឌ ដែលស្ថិតក្នុងគណបក្ស របស់ខ្លួន គណបក្សប្រជាជនកម្ពុជា អាចនឹងទទួលបាន១៥៥អាសនៈក្នុងចំណោមក្រុមប្រឹក្សាស្រុក-ខណ្ឌទាំង២១៦រូប ក្នុងរាជធានីភ្នំពេញ។ អាសនៈដែលនៅសេសសល់ចំនួន៦១នឹងបានទៅលើគណបក្សសង្គ្រោះជាតិ ។
ក្រុមប្រឹក្សាស្រុក-ខណ្ឌ មានតួនាទីរដ្ឋបាលភាគច្រើន និងទទួលបន្ទុកអនុវត្តផែនការអភិវឌ្ឍន៍រយៈេពលប្រាំឆ្នាំនៅតាមមណ្ឌលបោះឆ្នោតរបស់ពួកគេ៕ សុខុម
(រាយការណ៍បន្ថែមដោយ Colin Meyn)