មនុស្សយ៉ាងតិច៦នាក់បានរងរបួសកាលពីថ្ងៃសុក្រ នៅពេលអ្នកភូមិបុរីកីឡាមួយក្រុមតូចត្រូវបានបណ្តេញចេញពីអគារដែលមិនទាន់សាងសង់រួចរាល់នៅក្នុងរាជធានីភ្នំពេញដែលពួកគេបានចាប់ផ្តើមកាន់កាប់នៅក្នុងសប្តាហ៍នេះ ក្នុងគោលបំណងធ្វើឲ្យគេចាប់អារម្មណ៍ចំពោះការតស៊ូរយៈពេលជាច្រើនឆ្នាំដើម្បីទាមទារឲ្យមានការដោះស្រាយឲ្យបានសមស្របចំពោះការផ្លាស់ប្តូរទីលំនៅ។

នៅពេលពន្លឺថ្ងៃចាំងទៅលើតំបន់ដែលគេបោះសម្រាមពាសវាលពាសកាល ផ្លូវត្រូវបានបិទហើយនគរបាលបង្ក្រាបកុបកម្មនិងសន្តិសុខខណ្ឌ៧មករា បានចុះទៅបង្ក្រាបអ្នកភូមិប្រមាណ៣០នាក់ដែលកំពុងតែដេកនៅលើកន្ទេលដ៏ស្តើងក្រោមអគារ។
អ្នកភូមិដែលរួមទាំងស្ត្រីមានផ្ទៃពោះ៨ខែម្នាក់ផង ត្រូវបានវាយដំនៅពេលអាជ្ញាធរបង្ខំឲ្យពួកគាត់ចេញពីអគារ ត្រឡប់ទៅរស់នៅកន្លែងបោះតង់មានក្លិនមិនល្អដែលអ្នកភូមិទាំងនេះបានយកធ្វើជាទីជម្រកចាប់តាំងពីពួកគាត់ត្រូវបានបង្ខំឲ្យចេញពីតំបន់មួយទៀតនៅក្បែរនោះកាលពីខែមករាឆ្នាំ២០១២មក។
អ្នកភូមិម្នាក់ឈ្មោះ ហាស សុខចិន្តា បាននិយាយថា “ ខ្ញុំគិតថា ពួកគេមិនមែនជាមនុស្សទេដែលមកវាយដំពួកយើងយ៉ាងដូច្នេះ”។ អ្នកស្រី សុខចិន្តា បាននិយាយបន្តថា “ទោះបីជាខ្ញុំមានផ្ទៃពោះជិតគ្រប់ខែក៏ដោយ ក៏ពួកគេនៅតែប្រើដំបងមកវាយដំលើខ្នងរបស់ខ្ញុំហើយពួកគេក៏បានជាន់លើភ្លៅស្តាំរបស់ខ្ញុំផងដែរ។ យើងគ្រាន់តែទាមទារសិទ្ធិដើម្បីរស់នៅក្នុងផ្ទះមួយប៉ុណ្ណោះ ព្រោះមកទល់ពេលឥឡូវវាមានរយៈពេល២ឆ្នាំហើយ ប៉ុន្តែនៅតែគ្មានដំណោះស្រាយ។ នៅក្នុងប្រទេសកម្ពុជាគ្មានយុត្តិធម៌សម្រាប់ជនរងគ្រោះនោះទេ”។
នៅពេលប្រើដំបងពណ៌ខ្មៅវាយដំលើអ្នកភូមិ កងសន្តិសុខស្លៀកឯកសណ្ឋានពណ៌ខៀវនោះ ក៏មានពាក់មួកសុវត្ថិភាពម៉ាក Lucky ផងដែរ ខណៈពួកគេកំពុងចុះបង្ក្រាបហើយប៉ះទង្គិចជាមួយអ្នកភូមិដែលពោរពេញទៅដោយកំហឹងនោះ។ ក្រណាត់ខោអាវត្រូវបានគេគ្រវែងទៅលើកងសន្តិសុខ ហើយបន្ទាប់មកកងសន្តិសុខបានវាយច្រឡំលើអ្នកឈរក្បែរនោះម្នាក់ឈ្មោះ មុំ វណ្ណា អាយុ១៨ឆ្នាំដែលកំពុងតែលក់ដូង។ សន្តិសុខម្នាក់បានវាយក្បាលរបស់ មុំ វណ្ណា រហូតដល់ហូរឈាម។
ខណៈនោះ អ្នកភូមិបុរីកីឡាម្នាក់ទៀតឈ្មោះ គឹម សារ៉ាន អាយុ ៤៧ឆ្នាំ បានប្រាប់កងសន្តិសុខឲ្យឈប់វាយដំ ពីព្រោះថា យុវជន មុំ វណ្ណា មិនមែនជាអ្នកតវ៉ានោះទេ។ អ្នកស្រី សារ៉ាន បាននិយាយថា “[លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន] បានប្រាប់ប្រជាពលរដ្ឋកុំឲ្យប្រើអំពើហិង្សា ប៉ុន្តែកងសន្តិសុខនគរបាល និងកងរាជអាវុធហត្ថរបស់រដ្ឋាភិបាលបែរជាបង្ក្រាបលើប្រជាពលរដ្ឋយ៉ាងហិង្សាទៅវិញ។ ខ្ញុំក៏ជាពលរដ្ឋខ្មែរម្នាក់ដែរ។ ហេតុអ្វីបានជាខ្មែរវាយខ្មែរគ្នាឯង?”។
អ្នកភូមិបានដកថយទៅវិញអស់រយៈពេលជាច្រើនម៉ោង ខណៈកងសន្តិសុខកំពុងដាក់របាំងបិទអគារ។ អំឡុងពេលនេះ អ្នកភូមិបានអុចធូប រួច “ជេរដាក់បណ្តាសារ” កងសន្តិសុខទាំងនេះ ហើយបន្ទាប់មកទៀតពួកគាត់បានឲ្យផ្កាកូឡាបដល់កងសន្តិសុខទាំងនោះសម្រាប់ទិវានៃក្តីស្រឡាញ់។
អ្នកស្រី សុខចិន្តា រួមទាំងយុវជន វណ្ណា និងអ្នកភូមិម្នាក់ទៀតឈ្មោះ ចៅ សុភា អាយុ២៩ឆ្នាំ ត្រូវបានដឹកទៅព្យាបាលនៅគ្លីនិកឯកជនមួយក្នុងខណ្ឌទួលគោក។ រីឯអ្នកភូមិផ្សេងទៀតៗមានឈ្មោះដូចជា ប្រាក់សុផា អាយុ៤៥ឆ្នាំ ព្រំ ពេជ្រ អាយុ៦៧ឆ្នាំនិង ញឹក សុខហៀង អាយុ៤៥ឆ្នាំក៏ត្រូវបានវាយដំផងដែរ ហើយពួកគាត់សុទ្ធតែត្រូវបានដឹកទៅព្យាបាលនៅទីស្នាក់ការរបស់អង្គការសិទ្ធិមនុស្សលីកាដូ។
ការប៉ះទង្គិចគ្នាកាលពីថ្ងៃសុក្រគឺជាការប៉ះទង្គិចថ្មីបំផុតនៅក្នុងចំណោមការប៉ះទង្គិចជាបន្តបន្ទាប់ដែលចាប់ផ្តើមកាលពីឆ្នាំ២០០៧ នៅពេលក្រុមហ៊ុន ផានអុីមិច ដែលគ្រប់គ្រងដោយស្ត្រីអ្នកជំនួញដ៏ល្បីឈ្មោះម្នាក់ឈ្មោះ លោកស្រី ស៊ុយ សុផាន ត្រូវបានផ្តល់ដីទំហំ២,៦ហិកតាដើម្បីអភិវឌ្ឍនៅតំបន់នេះ។
អ្នកភូមិដែលដីរបស់គាត់ស្ថិតក្នុងគម្រោងរបស់ក្រុមហ៊ុន ផានអ៊ីមិច ត្រូវបានគេប្រាប់ឲ្យដឹងថា គេនឹងសាងសង់អគារចំនួនដប់សម្រាប់ពួកគាត់នៅក្នុងទីតាំងមួយទៀតជាប់គ្នានោះ ជាការដោះដូរនិងការចាកចេញពីដីដែលខ្លួនកំពុងរស់នៅ។ ប៉ុន្តែផ្ទុយទៅវិញក្រុមហ៊ុនរបស់លោកស្រី សុផាន បានសាងសង់អគារត្រឹមតែប្រាំបី ប៉ុណ្ណោះដោយធ្វើឲ្យអ្នកភូមិជាច្រើនគ្រួសារគ្មានផ្ទះសំបែងរស់នៅ នឹងបានធ្វើឲ្យពួកគាត់បង្ខំចិត្តសាងសងខ្ទមនៅលើដីនោះ។
កាលពីខែមករាឆ្នាំ២០១២ នគរបាលប្រដាប់អាវុធនិងកងរាជអាវុធហត្ថរាប់រយនាក់បានប៉ះទង្គិចគ្នាជាមួយអ្នកភូមិជាង២០០នាក់ ហើយពួកគេបានយកគ្រឿងចក្រឈូសកម្ទេចលំនៅដ្ឋានរបស់អ្នកភូមិចំនួន៣០០គ្រួសារ មុនពេលបញ្ជូនពួកគាត់ទៅកាន់តំបន់ផ្សេង ដែលមានចម្ងាយពីទីនោះប្រហែល៤៥គីឡូម៉ែត្រ។
តែទោះជាយ៉ាងណា អ្នកភូមិខ្លះបានវិលត្រឡប់មកកាន់តំបន់បុរីកីឡាវិញ ហើយឥឡូវនេះកំពុងតែរស់នៅក្នុងតង់ក្នុងតំបន់ដ៏កខ្វក់ដែលស្ថិតនៅពីក្រោយអគារនោះ។
កាលពីសប្តាហ៍មុន សាលារាជធានី បានលើកឡើងថា ខ្លួននឹងសាងសង់លំនៅបណ្តោះអាសន្នដែលមានទំហំ៤x៦ម៉ែត្រសម្រាប់ពួកគាត់ ប៉ុន្តែអ្នកភូមិបានចាប់ផ្តើមតវ៉ាម្តងទៀតបន្ទាប់ពីមន្ត្រីរដ្ឋាភិបាលបានលើកឡើងថា ខ្លួននឹងសាងសង់លំនៅបណ្តោះអាសន្នតូចជាងនេះឲ្យពួកគាត់។ កាលពីថ្ងៃព្រហស្បតិ៍ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងតំណាងចំនួន១៣នាក់ បានបើកការប្រជុំ បន្ទាប់ពីអ្នកភូមិបានចាប់ផ្តើមចូលកាន់កាប់អគារទី៩ដែលនៅទំនេរ ដែលគេដឹងថា លោកស្រី សុផានប្រហែលជាលក់ទៅឲ្យអ្នកអភិវឌ្ឍមួយផ្សេងទៀត។ប៉ុន្តែការប្រជុំនេះមិនទទួលបានលទ្ធផលនោះទេ។
លោក ពេជ្រ លឹមឃួន តំណាងសហគមន៍ បាននិយាយថា អ្នកភូមិគ្រាន់តែចង់ដឹងថា តើឥឡូវនេះនរណាជាអ្នកកាន់កាប់អគារទី៩ដែលមិនទាន់សាងសង់រួចរាល់ហើយដែលដំបូងឡើយត្រូវបានគេសាងសង់សម្រាប់អ្នកភូមិនោះ។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីបានបដិសេធមិនធ្វើអត្ថាធិប្បាយទេ នៅពេលត្រូវបានសួរថា តើនរណាជាអ្នកទទួលខុសត្រូវចំពោះការធ្វើឲ្យរបួសអ្នកភូមិ និងអ្នកឈរក្បែរនោះ។ លោកបានបានមានប្រសាសន៍ថា “ [ការរបួស] មិនអាចចៀសផុតបានទេប្រសិនបើកើតមានការប៉ះទង្គិច ព្រោះភាគីទាំងពីរសុទ្ធតែខ្លាំងដូចគ្នា”។ លោកបានបន្ថែមថា “អាជ្ញាធររបស់យើងបង្ខំចិត្តចាត់វិធានការតែទៅតាមច្បាប់ប៉ុណ្ណោះ ព្រោះអ្នកភូមិបុរីកីឡាកំពុងរស់នៅយ៉ាងអនាធិបតេយ្យលើអគារទី៩ដែលជាសម្បត្តិរបស់ឯកជន។ ពួកគាត់កំពុងតែរំលោភបំពានច្បាប់”។
លោក អំ សំអាត អ្នកគ្រប់គ្រងបច្ចេកទេសនៅអង្គការសិទ្ធិមនុស្សលីកាដូ បានលើកឡើងថា វាមិនចាំបាច់ត្រូវប្រើកម្លាំងឡើយ។ លោកបានមានប្រសាសន៍ថា “ វាគឺជាការរំលោភបំពានសិទ្ធិមនុស្ស។ រដ្ឋាភិបាលគួរតែនាំយកកងសន្តិសុខទាំងនេះទៅដាក់ទោស ប្រសិនបើគ្មានការចាត់វិធានការនោះទេ វានឹងក្លាយទៅវប្បធម៌មួយនៃការប្រើអំពើហិង្សាដែលកងសន្តិសុខតែងតែវាយដំលើអ្នកតវ៉ា”។ លោកបានមានប្រសាសន៍បន្តថា “ កងសន្តិសុខសុទ្ធតែគ្មានវិជ្ជាជីវៈ ពួកគេមិនបានទទួលការបណ្តុះបណ្តាលនោះឡើយ ហេតុដូច្នេះហើយពួកគេចេះតែវាយដំប្រជាពលរដ្ឋប៉ុណ្ណោះ”។
កងសន្តិសុខនិងនគរបាលបង្ក្រាបកុបកម្មត្រូវបានគាំទ្រដោយក្រុមបុរសដែលមានកាន់ខែលដែ លត្រូវបានគេស្គាល់ថា ជាកងរាជអាវុធហត្ថនោះ។ ក្រុមនេះបានដកថយទៅវិញរួមជាមួយមន្ត្រីផ្សេងៗ នៅពេលការងារសាងសងរបំាងបិទអគារត្រូវបានបញ្ចប់។
ឧត្តមសេនីយ៍ត្រី ខេង ទីតូ អ្នកនាំពាក្យកងរាជអាវុធហត្ថបានលើកឡើងថា កងរាជអាវុធហត្ថមិនជាប់ពាក់ព័ន្ធនៅក្នុងការប៉ះទង្គិចគ្នានោះទេ។លោកបានមានប្រសាសន៍ថា “កងរាជអាវុធហត្ថរបស់យើងមិនជាប់ពាក់ព័ន្ធនៅក្នុងការប៉ះទង្គិចគ្នាជាមួយអ្នកភូមិបុរីកីឡាឡើយ។ ពួកគេទៅទីនេះដើម្បីទប់ស្កាត់កំុឲ្យមានការបំផ្លិចបំផ្លាញបន្ថែមលើទ្រព្យសម្បត្តិរដ្ឋ និងឯកជន”៕ ស៊ុយឈាង