28 C
Phnom Penh

ស្ត្រី​ពីរ​នាក់​នៅ​សហគមន៍​បុរី​កីឡា​កំពុង​សម្រាក​ព្យាបាល​របួសធ្ងន់ធ្ងរ​ដោយ​ការ​ប៉ះ​ទង្គិច​ជាមួយ​អាជ្ញាធរ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​តំណាង​សហ​គមន៍​ម្នាក់​បាន​និយាយ​ថា អ្នក​ភូមិសហ​គមន៍​បុរីកីឡាពីរ​នាក់​កំពុង​សម្រាក​​ព្យាបាល​នៅ​មន្ទីរពេទ្យ​នៅឡើយ​កាល​ពី​ម្សិលមិញ​ បន្ទាប់​ពី​មាន​ការ​ប៉ះទង្គិច​គ្នា​​ជាមួយ​អាជ្ញាធរ​នៅ​ទិវា​នៃ​ក្ដីស្រលាញ់​​កាល​ពីថ្ងៃ​សុក្រ ដែល​បាន​បណ្ដាល​ឲ្យ​មនុស្ស​១៩​នាក់​រង​របួស​។

យោង​តាម​លោក​ ពេជ្រ​ លឹម​ឃួន តំណាង​​សហគមន៍​បុរីកីឡា​បាន​ឲ្យ​ដឹង​ថា បើ​ទោះ​​អ្នក​ភូមិ​​ភាគ​ច្រើន​នៃ​អ្នកភូមិ​ទាំង​១៩​នាក់​រង​របួស​ស្រាល​​ក៏ដោយ ក៏ស្ត្រី​ពីរ​នាក់​រង​របួស​​ធ្ងន់ ហើយ​កំពុង​សម្រា ក​​ព្យាបាល​នៅ​​គ្លី​និក​​ក្នុង​មូលដ្ឋាន​នៅ​ឡើយ​។

លោក​បាន​មានប្រសាសន៍​អំពី​ការ​ប៉ះ​ទង្គិច​គ្នា​ ដែ​ល​បាន​កើត​ឡើង​បន្ទាប់ពី​អ្នក​ភូមិ​​មួយ​ក្រុម​តូច​បាន​ចាប់​ផ្ដើម​រើ​ចូលទៅ​នៅ​​​​​ក្នុង​​បរិវេណ​អគារ​ផ្ទះ​ល្វែង​​មិន​ទាន​​់​​សាង​សង់​រួច​រាល់​ ដែល​ពួក​គាត់​​កាន់​កាប់​ដើម្បី​តវ៉ា​នឹង​ការ​សាងសង់លំនៅដ្ឋាន​​​​សម្រាប់ពួក​គាត់​មិន​គ្រប់​គ្រាន់​បន្ទាប់ពី​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​តំបន់​នោះ​រយៈពេល​ពីរ​ឆ្នាំ​មក​ហើយ​ថា “នេះ​គឺ​ជា​អំណោយ​នៅ​​ទិវា​នៃ​ក្ដី​ស្រ លាញ់​ពី​លោក​អភិបាល​ខណ្ឌ​ចំពោះ​អ្នក​ភូមិ​បុរី​កីឡា​”។

លោក​ លឹមឃួន​ បាន​មាន​ប្រសាសន៍​ថា ស្ត្រី​ពីរ​នាក់ដែល​រង​របួស​ធ្ងន់​រួម​មា​ន​អ្នក​ស្រី ហាត សុខចិន្តា អាយុ​៣៥​ឆ្នាំ​​មាន​ផ្ទៃ​ពោះ​ប្រាំពីរ​ខែ​ ហើយ​ត្រូវ​អាជ្ញាធរ​ទាត់​ធាក់​​និង​ឆក់​ ដោយ​ប្រើ​ដំបង​ឆក់​។ អ្នក​ស្រី​ ឆៃ គឹម​ហន​ អាយុ​៣៥​ឆ្នាំ​ក៏​ត្រូវ​នគរបាល​ទាត់​ធាក់​រហូត​ដល់​សន្លប់​ផង​ដែរ​។​

ទោះ​យ៉ាង​ណា​ លោក​ សោម សុវណ្ណ អភិ​​បាល​ខណ្ឌ​៧​មករា ដែល​​សន្តិសុខ​ខណ្ឌ​​របស់​លោក​បាន​បណ្ដេញ​អ្នកភូមិ​ជាមួយ​នឹង​​នគរ​បាល​បង្ក្រាប​បាតុកម្ម​ផងនោះ​ បាន​ច្រាន​ចោល​​​ការលើក​ឡើង​​អំពី​ហេតុការណ៍​នោះ​របស់​លោក​ លឹមឃួន ហើយ​បាន​ចោទ​ប្រកាន់​អ្នក​មក​ពី​ខាង​ក្រៅ​ដែល​មិន​ចេញ​ឈ្មោះ​ថា​ “បាន​ញុះញង់​” អ្នក​ភូមិ​បុរី​កីឡា​ឲ្យ​គប់​ដុំ​ថ្ម​ដាក់​នគរបាល​។

លោក​បាន​មាន​ប្រសាសន៍​ថា “ដំបូង​យើង​​​គ្រាន់​តែ​អញ្ជើញ​ពួក​គាត់​ឲ្យ​ចាក​ចេញ​ពី​កន្លែង​​នោះ​ពីព្រោះ​អគារ​នោះ​ជា​កម្ម​សិទ្ធិ​របស់​អ្នក​ផ្សេង​ ប៉ុន្តែ​ពួក​គាត់​មិន​ស្ដាប់​យើង​ឡើយ​។ ពួក​គាត់​បាន​រាយ​ការ​ណ៍​ទៅ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ភ្លាមៗ​ថា អាជ្ញាធរ​បាន​បណ្ដេញ​ពួក​គាត់​ចេញ​។

ប៉ុន្តែ​យើង​មិន​បាន​ធ្វើ​ដូច​អ្វី​​ដែល​ពួក​គាត់​បាន​ចោទ​ប្រកាន់​មក​លើ​ពួក​យើង​​ឡើយ​។ បន្ទាប់​ពី​​អាជ្ញាធរ​បាន​បង្ខំ​ឲ្យ​ពួក​គាត់​​ចាក​ចេញ​មក មនុស្ស​មួយ​ក្រុម​បាន​ញុះញង់​អ្នក​ភូមិ​​​បុរី​កីឡា​ឲ្យ​គប់​ដុំថ្ម​ដាក់​អាជ្ញាធរ​របស់​យើង​​បន្ទាប់​មក​អាជ្ញាធរ​បាន​តប​តវិញ​”។ ទោះ​យ៉ាង​ណា​​ លោក​បាន​បដិ​សេធ​ការ​​ដែល​ថា អាជ្ញាធរ​មិន​​បាន​ធ្វើ​ឲ្យ​អ្នក​ភូមិ​១៩​នាក់​រង​របួសទេ។ នៅ​ពេល​សួរ​ថា តើ​​អ្នក​ភូមិ​​រងរបួស​ដោយ​របៀប​ណា​នោះ​ លោ​ក​​បាន​ឆ្លើយ​ថា “ខ្ញុំ​មិន​ដឹង​ទេ​”។

លោក​ លឹមឃួន​ បាន​មាន​ប្រសាស​ន៍​ថា អ្នក​ភូមិ​បុរី​កីឡា​មាន​គម្រោង​​ធ្វើ​ការ​តវ៉ា​នៅ​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ​ ដោយមិន​ខ្វល់​ពី​បម្រាម​​របស់​សាលា​រាជធានី​ភ្នំពេញ​មិនឲ្យ​មា​ន​ការ​ធ្វើបាតុកម្ម​ជា​សាធារ ណៈឡើយ​​ដើម្បី​ហែ​ក្បួន​ទៅ​កាន់​ព្រះ​អង្គដង​កើ នៅ​ជាប់​មាត់​ទន្លេ​ដោយ​មានកាន់​ដី​មួយ​ដុំ​​ជា​និមិត្ត​រូបពី​តំបន់​ដែល​មាន​ជម្លោះ​ទៅ​ជាមួយ​ផង​ ដើម្បី​ដាក់​បណ្ដាសា​អ្នក​ស្រី​ ស៊ុយ សុផាន ដែល​មាន​ខ្នង​ក្រាស់​ ដែល​ក្រុម​ហ៊ុន​ផានអ៊ីម៉ិច​របស់​​គាត់​ទទួល​បាន​ដី​នេះ​ដើម្បី​ធ្វើ​ការ​អភិ​វឌ្ឍ​កាលពី​ឆ្នាំ ២០០៧។

លោក​បាន​មាន​ប្រសាសន៍​ថា “យើង​នឹង​ហែក្បួន​ទៅ​កាន់ព្រះ​អង្គដង​កើ ដោយ​យក​ដី​មួយ​ដុំ​ទៅ​ជាមួយផង​ដើម្បី​ដាក់​បណ្ដា​សា​អ្នក​ដែល​បាន​ចាប់​យក​ដី​នេះ​ ឲ្យ​វិនាសអន្តរាយ​រស់​នៅ​មិន​បាន​សេចក្ដី​សុខ​”។

លោក​ក៏​បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា អ្នក​ភូមិ​បុរីកីឡា​នឹង​ព្យាយាម​ដាក់ពាក្យ​បណ្ដឹង​ប្ដឹង​អាជ្ញា ធរ​ទៅ​តុលាការ​ឧក្រិដ្ឋ​កម្ម​អន្តរ​ជាតិ​នៅ​សប្ដាហ៍​ក្រោយ​ផង​ដែរ​។ ទោះ​យ៉ាង​ណា​ លោក​ អំ សំអាត​ អ្នក​គ្រប់​​គ្រង​បច្ចេកទេស​នៅ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ មាន​ប្រសាសន៍​ថា យក​ល្អ​អ្នក​ភូមិ​គួរ​ដាក់ពាក្យ​បណ្ដឹង​ទៅ​សាលា​ដំបូង​រាជធានី​វិញ​ ពីព្រោះ​លោ​ក​យល់​ថា តុលាការ​ឧក្រិដ្ឋ​កម្ម​អន្តរជាតិ​មិន​មាន​យុត្តាធិការ​​លើ​ហេតុ​ការណ៍​កាលពី​ថ្ងៃ​សុក្រ​ឡើយ​៕ សារុន

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស