38 C
Phnom Penh

នៅ​ពេល​ដែល​​តម្លៃទំនិញ​កើន​ឡើង​ខ្ពស់​ កម្មករ​រោង​ចក្រ​​​​​នាំ​គ្នា​និយាយ​អំពី​ការ​​ធ្វើ​កូដកម្ម​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ថ្ងៃ​ដែល​​កង​រាជ​អាវុធ​ហត្ថ​ប្រដាប់​ដោយ​អាវុធ​អាកា​៤៧​​​បាន​បាញ់​សម្លាប់​កម្មករ​ធ្វើ​កូដ​កម្ម​​ប្រាំនាក់​នៅ​​តាម​ផ្លូវ​វេង​ស្រេង​ ក្នុង​ទីក្រុង​ភ្នំពេញ​កាលពី​ខែ​មុន​នោះ​ អ្នក​ស្រី​ កែវ​ ភក្ត្រា​ ដែល​នៅ​ពេល​នោះ​មាន​ផ្ទៃ​ពោះ​ពីរ​ខែ​​បាន​ក្រាប​​នៅ​លើ​​កម្រាល​ឥដ្ឋ​នៃ​បន្ទាប់​​ជួល​របស់​​គាត់​​ជាច្រើន​ម៉ោង​ដើម្បី​គេច​​ពី​គ្រាប់​កាំភ្លើង​។

កម្មករ​បាន​ធ្វើ​ការ​តវ៉ា​​ចំពោះ​សេចក្ដី​សម្រេច​​ដំឡើង​ប្រាក់​ខែ​គោល​ពី​​៨០​ដល់​១០០​​ដុល្លារ​ក្នុង​មួយ​ខែ​ ដោយ​និយាយ​ថា វា​នៅ​តែ​មិន​​គ្រប់គ្រាន់​​សម្រាប់​​ចិញ្ចឹម​ជីវិត​​​ដដែល​។ ពួក​គេ​​ទាមទារ​១៦០​ដុល្លារ​ ប៉ុន្តែ​ភ័យ​ខ្លាច​ចំពោះ​ការ​សម្លាប់​ ​ហើយ​ពួក​គេ​បាន​​​វិល​ត្រឡប់​ទៅ​​ធ្វើ​ការ​​នៅ​រោង​ចក្រ​​វិញ​។

អ្នក​ស្រី​ ភក្ត្រា អាយុ​២៨​ឆ្នាំ​បាន​និយាយ​​កាល​​​ពីម្សិលមិញ​​នៅ​មុខ​បន្ទប់​ជួល​របស់​គាត់​ដែល​​នៅ​មាន​ស្នាម​​ប្រហោង​ដោយ​សារ​​ត្រូវ​​គ្រាប់​កំាភ្លើង​ថា“ពួក​គេ​បាន​ជោគ​ជ័យ​​ហើយ​។​ ពួក​គេ​បាន​សម្លាប់​មនុស្ស​ម្នាក់​​ដើម្បី​បំភិត​បំភ័យ​មនុស្ស​១០០​នាក់​ទៀត​។ គ្មាន​នរណា​ម្នាក់​សប្បាយ​ចិត្ត​​ទេ​នៅ​ពេល​នេះ។​ យើង​មាន​ការ​ភ័យ​​ខ្លាច​”។

សហជីព​និយាយ​ថា ពួក​គេ​គ្រោង​​ធ្វើ​កូដកម្ម​ទូទាំង​ប្រទេសជា​​លើក​ទី​២ នៅខែ​មីនា ប៉ុន្តែ​នៅ​តែ​មាន​ការ​​សង្ស័យ​​ថា តើ​ពួក​គេអាច​ធ្វើ​ឲ្យ​កម្មករ​​ឈប់​ភ័យ​ខ្លាច​ និង​បញ្ចុះ​បញ្ចូល​ពួក​គេ​ឲ្យ​ចូល​រួម​​ធ្វើ​ការ​តវ៉ា​​ធំ​​ៗ​ជា​ច្រើន​លើក​ដូច​ខែ​មុន​បាន​ឬ​អត់​នោះ​ទេ​។

ទោះ​ជា​យ៉ាង​ណា​ អ្នក​ស្រី​ ភក្ត្រា ដែល​​ឥឡូវ​នេះ​​មាន​ផ្ទៃ​ពោះ​បួន​ខែ​ហើយ​​នោះ​បាន​និយាយ​ថា ចំពោះ​កម្មករ​ជា​ច្រើន​ ការ​ភ័យ​ខ្លាច​ចាប់​ផ្ដើម​កើត​ឡើង​ចំពោះ​​ក្តីអស់​​សង្ឃឹម​ផ្នែក​ហិរញ្ញវត្ថុ​។ អ្នកស្រី​បាន​និយាយ​ថា “វា​កាន់​តែ​លំបាក​ជាង​មុន​ទៅ​ទៀត​។​ យើង​មិន​​​ទាន់​ទទួល​បាន​​ប្រាក់​ខែ​១០០ដុល្លារ​​លើក​ដំបូង​របស់​​យើង​ផង​ ប៉ុន្តែ​​តម្លៃ​ទំនិញ​បាន​កើន​ឡើង​​មុន​ទៅ​​ហើយ​។ ដំបូង​​បន្ទប់​ជួល​ខ្ញុំ​តម្លៃ​១៥​ដុល្លារ​ក្នុង​មួយ​ខែ​ ហើយ​នៅ​ពេល​​​ខ្ញុំ​ទទួល​បាន​​ប្រាក់ខែ​៦០​ដុល្លារ​ វា​​បាន​កើន​ឡើង​។ បន្ទាប់​មក​ខ្ញុំ​ទទួល​បាន​ប្រាក់​ខែ​៨០ដុល្លារ​និង​បាន​កើនឡើង​២០​ដុល្លារ​។​ ឥឡូវ​នេះ​ថ្លៃ​បន្ទប់​កើន​ឡើង​​ម្ដង​ទៀត​​ហើយ​”។

អ្នកស្រី​និយាយ​ថា ប្រាក់​ខែ​គោល​​ឡើ​ង​ដល់​១០០​ដុល្លារ​នៅខែ​នេះ។ តម្លៃ​ភ្លើង​ ទឹក​ អង្ករ​ និង​សាច់​​ជ្រូក​ ដែល​អ្នកស្រី​ ភក្ត្រា ទិញ​ជា​រៀង​រាល់​ថ្ងៃ​ក៏​បានកើន​ឡើង​២០​ភាគរយ​ដែរ​។ អ្នក​ស្រី​ក៏គ្រោង​នឹង​ចំណាយ​២៥​ដុល្លារ​ផង​ដែរ​សម្រាប់​​បន្ទប់​តូច​មួយ​ទំហំ​បួន​គុណ​នឹង​បួន​ម៉ែត្រ​។​

អ្នកស្រី​និយាយ​ថា “មនុស្ស​មួយ​ចំនួន​នៅ​តែ​ខ្លាច​ស្លាប់​ ហើយ​យើង​មើល​ឃើញ​ថា គ្មាន​​​នរណា​ម្នាក់​ទទួល​ខុស​ត្រូវ​ចំពោះ​មនុស្ស​ដែល​បាន​ស្លាប់​ និង​ដែល​បាន​ជាប់ពន្ធ​នាគារ​នោះ​ទេ ប៉ុន្តែ​យើង​ចង់​ធ្វើ​បាតុកម្ម​ម្ដង​ទៀត​”។ នៅ​តាម​ផ្លូវ​វេង​ស្រេង​ អ្នកស្រី​ ដុម ​ ណេត​ អាយុ​២៩​ឆ្នាំ​បាន​និយាយ​ថា ការ​​ដំឡើង​ប្រាក់​ខែ​នេះ​គ្មាន​ប្រយោជន៍​ទេ ហើយ​​ឥឡូវ​នេះ​​​មិន​អាច​រស់​បាន​​ដដែល​។

អ្នកស្រី​បាន​និយាយ​ថា “ម្ចាស់​បន្ទប់​បាន​ប្រាប់​ខ្ញុំ​ថា នៅ​ពេល​ខ្ញុំ​មាន​ប្រាក់ខែ​១០០​ដុល្លារ​​ថ្លៃ​បន្ទប់​នឹង​ឡើង​​ពីរ​បួន​ទៅ​ប្រាំ​ដុល្លារ”។ គាត់​បាន​​បញ្ជាក់​ថា តម្លៃ​សាច់​ជ្រូក​​បាន​កើនឡើង​ពី​៤ដុល្លារ​ដល់​៥ដុល្លារ​ក្នុង​មួយ​​គីឡូក្រាម​​រួច​ហើយ​​។​ អ្នក​ស្រី​បាន​និយាយ​ថា “សាច់​ជ្រូក​ សាច់គោ បន្លែ ត្រី សុទ្ធ តែ​ឡើង​ថ្លៃ​ទាំង​អស់​។ ពីមុន​​យើង​អាច​​ស្ល​មួយ​ឆ្នាំង​អស់​តម្លៃ​៥.០០០​រៀល ប៉ុន្តែ​ឥឡូវ​នេះ​យើង​អា​ច​​ស្ល​បាន​តែ​កន្លះ​ឆ្នាំ​ង​​គ្មាន​រស់​ជាតិ​តម្លៃ​ខ្ពស់​ជាង​ហ្នឹ​ង​ទៅ​ទៀត។ ប្រាក់​ខែ​​ឡើង​ ប៉ុន្តែ​នៅ​តែ​ពិបាក​ជាង​មុន​​”។

អ្នក​ស្រី​ យី ចរិយា អាយុ​២៦​ឆ្នាំ​​អង្គុយ​នៅ​​ក្នុង​បន្ទប់​​ព្យួរ​សេរ៉ូ​ម​ជាប់​ដៃ​ ដើម្បី​​ព្យាបាល​​​ជំងឺ​រាករូស​​ដ៏​ធ្ងន់​​។​ គាត់​បាន​និយាយ​ថា គាត់​​អាច​ព្យួរ​សេរ៉ូ​មបាន​តែ​ថ្ងៃ​អាទិត្យ​ ព្រោះ​គេ​មិន​អនុញ្ញាត​ឲ្យ​ព្យួរ​សេរ៉ូ​មក្នុង​រោង​ចក្រ​ទេ​។ អ្នកស្រី​បាន​​និយាយ​ថា “ខ្ញុំ​​បាន​​ធ្វើ​ជា​កម្មករ​​រោង​ចក្រ​កាត់​ដេរ​អស់​រយៈ​ពេល​១០​ឆ្នាំហើយ​។ ខ្ញុំ​នឹង​ចូល​រួម​​ធ្វើ​បាតុកម្ម​។ ខ្ញុំ​មិន​ខ្លាច​ស្លាប់​ទេ​ វា​នឹង​​នៅ​តែ​អ៊ីចឹង”​។

គាត់​បាន​បន្ថែម​ថា “តើ​យើង​រស់​បែប​នេះ​​យ៉ាង​ម៉េច​​ទៅ​ យើង​​នឹង​​ឈឺ​ស្លាប់​ជា​មិន​​ខាន​។​ ប្រសិន​បើ​មេដឹកនាំរបស់​ខ្ញុំ​ខ្លាំង​ ខ្ញុំ​នឹង​ធ្វើ​តាម​​ពួក​គេ​។​ប្រសិន​បើ​ប្រាក់ខែ​១៦០​ដុល្លារ​ ហើយ​ប្រសិន​បើ​តម្លៃ​​ទំនិញ​​មិន​​កើន​ឡើង​ ​ក៏​យើង​មិន​មាន​​ដែរ​​ ប៉ុន្តែ​វា​នឹង​​​ធ្វើ​ឲ្យ​ងាយ​​ស្រួល​ជាង​មុន​”។

លោក​ ជាតិ សិទ្ធិកា អាយុ​៣៥​ឆ្នាំ​​ដែល​បាន​និយាយ​ថា ឥឡូវ​នេះ​​គាត់​ធ្វើ​ជា​អ្នកគ្រប់​គ្រង​នៅ​រោងចក្រស្បែក​ជើង​មួយ​នោះ​ បាន​បន្ទោស​​ស្ថានភាព​មិន​ល្អ​នេះ​​ទៅ​លើ​ការ​ផ្លាស់​ប្ដូរ​គោល​ន យោបាយ​ពន្ធដា​រភ្លាមៗ​របស់​រដ្ឋាភិបាល​កាល​ពី​ចុង​ឆ្នាំ​មុន​។​

តារាង​ពន្ធនាំចូល ដែល​​​មាន​ជា​យូរ​មក​ហើយ​ ប៉ុន្តែ​កម្រ​ត្រូវ​បាន​អនុវត្តជំនួស​​ឲ្យ​ការ​បង់​ប្រាក់​ក្រៅ​ផ្លូវ​ការ​នោះ​​ បាន​ចាប់​ផ្ដើម​អនុវត្ត​កាលពី​ខែ​វិច្ឆិកា។ ចាប់​តាំង​ពី​ពេល​នោះ​មក​ អាជីវករ​បាន​ត្អូញត្អែរ​អំពី​ការ​កើន​ឡើង​តម្លៃ​ទំនិញ​​ដល់​៣០​ភាគរយ​។​ អតិ​ផរ​ណា​​ប្រចាំ​ឆ្នាំ​​មាន​ចំនួន​៤,៧​ភាគរយ​កាល​ពី​ឆ្នាំ​មុន​ ប្រៀប​ធៀប​​ឆ្នាំ​២០១២​ មាន​ចំនួន​២,៥ភាគរយ​ ​នេះ​បើ​​យោង​តាម​តួលេខ​ពី​ធនាគារ​ជាតិ​នៃ​កម្ពុជា​។

លោក សិទ្ធិ​កា បាន​និយាយ​ថា “​រដ្ឋាភិ​បាល​​អាច​​កែសម្រួល​បញ្ហា​នេះ​បាន​។ រដ្ឋាភិ​បាល​អាច​ធានា​ថា ការ​បង់​ពន្ធ​លើ​​ទំនិញ​មាន​កម្រិត​ទាប​ ហើយ​បន្ទាប់​មក​គេ​អាច​រក្សា​តម្លៃ​ឲ្យ​ទាប​បាន​។ ប្រសិន​បើ​តម្លៃ​នៅ​តែ​ខ្ពស់​បែប​នេះ​ យើង​ត្រូវ​ការ​ប្រាក់​ខែ​យ៉ាង​តិច​១៣០​ដុល្លារទើប​អាច​រស់​បាន​”។

អ្នកស្រី​​ យ៉ាង​ សុភណ្ឌ ប្រធាន​សម្ព័ន្ធ​សហ​ជីព​កម្ពុជា​បាន​បញ្ជាក់​កាលពីម្សិល​មិញ​ថា សហជីព​​នឹង​ចាប់​ផ្ដើម​ចែក​ខិត្ត​ប័ណ្ណ​នៅ​​ខាង​ក្រៅ​រោងចក្រ​នៅ​ខែ​អង្គារ​។ ខិត្តប័ណ្ណ​នឹង​បង្ហាញ​ព័ត៌មាន​អំពី កូដកម្ម​និង​ការ​ទាមទារ​របស់​ខ្លួន​ ​​រួម​ទាំង​ការ​ដោះ​លែង​​មនុស្ស​ជាប់​ឃុំ​២១​នាក់​ អំឡុង​ពេល​ធ្វើ​កូដ​កម្មកាល​ពី​ខែ​មុន​ និង​​ទាមទារ​ប្រាក់​ខែ​​គោល​​១៦០​ដុល្លារ​។

លោក​ ឡុង​ ឌីម៉ង់ អ្នក​នាំពាក្យ​សាលា​រាជ​ធានីភ្នំពេញ​បាន​មាន​​ប្រសាសន៍​ថា បម្រាម​របស់​រដ្ឋាភិបាល​ដែល​ហាម​ឃាត់​មិន​ឲ្យ​ជួប​ជុំ​គ្នា​ជា​សាធារណៈ​នោះ​​​នឹង​រារាំង​​មិន​ឲ្យ​​ផ្សព្វ​ផ្សាយ​ខិត្តប័ណ្ណ​បែប​នេះ​នៅ​តាម​ទីសាធារណៈ​នៅ​មុន​ការ​គំរាម​ធ្វើ​កូដកម្ម​នៅ​ខែ​មីនា​នេះ​ទេ​។

លោក​បាន​​មាន​ប្រសាសន៍​ថា “ពួក​គេ​អាច​​បោះពុម្ព​ខិត្តប័ណ្ណ​និង​ចែក​ចាយ​នៅ​​តាម​​កន្លែង​​ផ្ទាល់​ខ្លួន​របស់​ពួក​គេ​​បាន​ ប៉ុន្តែ​ពួក​គេ​​នឹង​មិនត្រូវ​អនុញ្ញាត​ឲ្យ​ធ្វើ​ដូច្នេះ​នៅ​តាម​ទី​សាធារណៈ​ទេ​”។ ហើយ​លោក​បាន​បដិ​សេធ​មិន​និយាយ​អំពី​ការ​​ឆ្លើយ​តប​ចំពោះ​​មន្ត្រី​សហ​ជីព​​​ទេ​ ប្រសិ​ន​បើ​ពួក​គេ​​ប្រឆាំង​នឹង​បម្រាម​នេះ​។

ចំពោះ​អ្នកស្រី​​ ភក្ត្រា ជា​កម្មករ​​រោងចក្រ​កាត់​ដេរ​ដែល​មាន​ផ្ទៃ​ពោះ​នេះ​ ការ​ចូល​រួម​ធ្វើ​បាតុកម្ម​ ឬ​ការ​​តវ៉ា​ជា​សាធារ​ណៈ​ណា​មួយ​ គឺ​ជា​ជម្រើស​តែ​មួយ​គត់​ដើម្បី​ជួយ​ឲ្យ​គាត់​​មាន​​លុយ​គ្រប់គ្រាន់​ល្មម​ចិញ្ចឹម​កូន​​អ្នក​ស្រី​បាន​។

អ្នកស្រី​បាន​និយាយ​ថា “ក្នុង​នាម​ជា​កម្ម​ករ​ យើង​មក​ពី​ខេត្ត​​និង​ឃើញ​​គេ​រស់​នៅ​​ហ៊ឺ​ហា​ក្នុង​ទីក្រុង​ កូន​គេ​អាច​ទទួល​ការ​អប់រំ​បាន​​ល្អ​ ហើយ​យើង​ចាប់​ផ្ដើម​​មាន​សង្ឃឹម​ខ្លះៗ”។ អ្នកស្រី​បាន​និយាយ​ថា “ប៉ុន្តែ​សម្រាប់​ខ្ញុំ​​យ៉ាង​ហោច​ណាស់ ក៏​​ខ្ញុំ​អាច​ឲ្យ​កូន​​ខ្ញុំ​ទៅ​រៀន​បាន​ដែរ​”៕​គឹមហឿន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស