33 C
Phnom Penh

មន្ត្រីជាន់ខ្ពស់CPP និង​CNRPនឹងជួប​​ប្រជុំ​ពិភាក្សា​គ្នា​​នៅថ្ងៃស្អែក​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មយោងតាម​សេចក្ដី​ប្រកាស​ដែលគណ​បក្ស​ប្រជា​ជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចេញ​ផ្សាយ​កាលពីចុង​សប្ដាហ៍​បាន​ឲ្យ​ដឹង​ថា មន្ត្រីជាន់​ខ្ពស់​មកពី​គណបក្ស​ទាំង​ពីរ​នឹង​ជួប​ប្រជុំ​ជាមួយ​គ្នា​នៅ​ថ្ងៃស្អែក​ ដើម្បី​ចរចា​អំពី​ការ​បង្កើត​យន្តការ​មួយ​សម្រាប់​កែ​ទម្រង់​ប្រព័ន្ធ​បោះ​ឆ្នោត​។

កិច្ច​ប្រជុំ​នេះ​​នឹង​ត្រូវ​បាន​ប្រារព្ធ​នៅ​ព្រឹទ្ធ​សភា នៅ​វេលាម៉ោង​៩​ព្រឹក​ ហើយ​ផ្ដោត​សំខាន់ ទៅលើ​ការ​ជំរុញ​ឲ្យមាន​វឌ្ឍនភាព​ក្នុង​កិច្ច​ព្រម​ព្រៀង​ដែល​ត្រូវ​បាន​បង្កើត​ឡើង​​​កាលពីខែ​កញ្ញា​ឆ្នាំមុន​ ដើម្បី​បង្កើត​យន្ត​ការ​បែប​នេ​។ គួរ​បញ្ជាក់​ថា នេះ​នឹង​ក្លាយ​ជា​កិច្ច​ប្រជុំ​លើក​ដំបូង​តាំងពី​ពេលដែល​រដ្ឋាភិបាល​បាន​បង្ក្រាប​ដោយ​ហិង្សា​ទៅលើ​សកម្ម​ភាព​តវ៉ា​របស់​គណបក្ស​ប្រឆាំង​ក្នុង​រាជ​ធានីភ្នំ ពេញ កាលពីដើម​ខែ​មករា។

សេចក្ដី​ប្រកាស​របស់​គណបក្ស​កាន់​អំណាច​​ដែលត្រូវ​បាន​ចេញ​ផ្សាយ​កាលពីថ្ងៃ​សៅរ៍ ​មាន​ខ្លឹម​សារ​ថា “ជាការ​ឆ្លើយ​តប​ទៅ​នឹង​សេចក្ដី​ប្រកាស​របស់​គណបក្ស​សង្គ្រោះ​ជាតិ…​គណ​បក្ស​ប្រជា​ជន​កម្ពុជា​កំណត់​យក​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ​ នៅ​វេលាម៉ោង​៩​ព្រឹកជាកាលបរិច្ឆេទ​នៃ​កិច្ច​​ប្រជុំនេះ​”។

គួរ​បញ្ជាក់​ផង​ដែរ​ថា គណ​​​បក្ស​​​​ប្រជា​ជន​កម្ពុជា​បាន​ចេញ​ផ្សាយ​សេចក្ដី​ប្រកាស​​​របស់​ខ្លួនមួយ​ថ្ងៃ​បន្ទាប់​ពី​គណ​បក្ស​សង្គ្រោះ​ជាតិ បាន​ស្នើ​សុំ​ឲ្យមាន​កិច្ច​ចរចា​បន្ត​ទៀត​។

កាលពីខែ​ធ្នូឆ្នាំមុន លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​ចុះ​ហត្ថលេខា​លើ​អនុក្រឹត្យ​មួយ​ ដែល​មាន​គោល​បំណង​បង្កើត​គណៈ​កម្មការ​មួយ​ដែល​មាន​សមាជិក​១០​រូប ដែល​ភាគ​ច្រើន​​​​ជា​សមាជិក​គណបក្ស​ប្រជា​ជន​កម្ពុជា​ ក្នុង​គោល​បំណង​ស្រា​វ​ជ្រាវ​រក​ចំណុច​កំណែទម្រង់​​ប្រព័ន្ធ​​​បោះ​ឆ្នោត​​​។ ​

ពេល​នោះ គណបក្ស​សង្ក្រោះ​​​ជាតិ បាន​ចាត់ទុក​ចំណាត់ការ​នេះ​ថា ជា​ចំណាត់​​​ការ​គ្មានន័យ​។​ គណបក្សសង្គ្រោះ​ជាតិ បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដីប្រកាស​របស់​ខ្លួន​ថា ខ្លួន​នឹង​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​នេះ​នៅ​ថ្ងៃស្អែក ដោយ​មាន​ក្ដី​សង្ឃឹម​ថា គណៈកម្មការ​សហ​គណបក្ស​មួយ​​នឹង​ត្រូវ​បាន​បង្កើត​ឡើង​ ដើម្បីរៀប​ចំ​កម្មវិធី​កំណែទម្រង់ប្រព័ន្ធ​បោះឆ្នោត​ និង​ដើម្បី​បញ្ចប់​​ភាព​ជា​ប់​គាំង​ផ្នែក​នយោ បាយ​រវាង​គណបក្ស​ទាំង​ពីរដោយ​សន្តិវិធី​។

សេចក្ដី​ប្រកាស​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ បានបញ្ជាក់ពីរ​ចំណុច​គឺ ការ​ផ្លាស់​ប្ដូរ​សមា​​សភាព​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​​ឆ្នោត​ និង​ការ​កំណត់​កាលបរិច្ឆេទ​សម្រាប់​ការ​បោះឆ្នោត​ថ្មី​ មុន​ពេល​នីតិកាលនេះ​ឈាន​​​ដល់​​ទីបញ្ចប់​ ដែល​ទាំង​េនះ​ជា​ឧទាហរណ៍​នៃ​ចំណុច​កំណែទម្រង់​ប្រព័ន្ធ​បោះ​ឆ្នោត​ ដែល​គណបក្ស​ប្រឆាំង​នឹង​លើក​ឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​នៅ​ថ្ងៃ​ស្អែក​។

កិច្ច​ចរចា​លើកចុង​ក្រោយ​បង្អស់​រវាង​គណ​​បក្ស​ទាំង​ពីរ​​ដែល​ត្រូវ​បាន​កំណត់​ធ្វើ​នៅ​ថ្ងៃ​ទី​៤ ខែមក រា ត្រូវ​បាន​លុប​ចោល​ដោយគណ​បក្ស​សង្គ្រោះជាតិ បន្ទាប់ពី​កង​កម្លាំង​រដ្ឋាភិបាល​​បាន​បាញ់​កម្មក រ​រោងចក្រ​កាត់ដេរ​ ដែលចូល​រួម​ក្នុង​សកម្មភាព​តវ៉ា​នោះ​ឲ្យ​បាត់​បង់​ជីវិត​យ៉ាង​តិច​ប្រាំនាក់​ រង​របួស​ជាង​៤០​នាក់​ និង​២៣​នាក់​ផ្សេង​ទៀត​ជាប់​ពន្ធនាគារ​រង់​ចាំ​ការ​ផ្ដន្ទាទោស​​ពីបទ​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​។

លោក ជាម យៀប សមាជិក​សភា​មកពី​គណ​​បក្ស​ប្រជា​ជន​កម្ពុជា​​ បាន​មាន​ប្រសាសន៍​កាល​​​ពីម្សិលមិញ​ថា “យើង​ត្រូវ​ចាប់​ផ្ដើម​ស្វែង​រក​ដំណោះស្រាយ​មួយ​​ដើម្បីបើក​ផ្លូវ​ឲ្យ​មេដឹក​នាំ​កំពូល​​ជួប​គ្នា​ និង​ដោះ​ស្រាយ​បញ្ហា​ដែល​នៅ​សេសសល់​។ ក៏ប៉ុន្តែ​ដំបូង​ យើង​ត្រូវ​ពិភាក្សា​​ថា តើ​ចំណុច​កំណែទម្រង់​ទាំង​នេះ​នឹង​មាន​អ្វី​​ខ្លះ​…ហើយ​នឹង​ព្យាយាម​បង្កើត​យន្តការ​មួយ​ដើម្បី​បញ្ឈប់​ការ​ចោទ​ប្រកាន់​គ្នា​ទៅវិញ​ទៅ​មក​ និង​ការ​​ប្រមាថ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​”។

លោក ព្រំ សុខា រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ ដែល​នឹង​ដឹកនាំក្រុម​ចរចា​ដែល​មាន​សមាជិក​បីនាក់​របស់​គណបក្សប្រជា​ជន​នោះ បាន​ច្រាន​ចោល​គំនិត​ចង់​បាន​ការ​បោះ​ឆ្នោត​​ថ្នាក់​ជាតិថ្មី​នៅ​មុន​ការ​បោះឆ្នោត​ដែល​គ្រោង​​​រៀបចំ​នៅ​ពាក់​កណ្ដាល​ឆ្នាំ​២០១៨​។ លោក ព្រំ សុខា បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​​គិត​ថាប្រ​សិន​​បើ​យើង​ជជែកគ្នា​អំពីការ​បោះ​​ឆ្នោត​ថ្មី​មុន​ពេល​អាណត្តិ​នេះ​បញ្ចប់​ មាន​ន័យ​ថា យើង​ទុក​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​កាល​ពីថ្ងៃ​ទី​២៨ ខែ កក្កដា ឆ្នាំ​២០១៣ ជា​មោឃៈ​។ តើ​យើង​អាច​ធ្វើ​បែប​នេះ​យ៉ាង​ម៉េច​ទៅ​? ហើយ​ធ្វើ​បែប​នេះ​ដើម្បី​អ្វីទៅ​?” ។

លោក សុន ឆ័យ ប្រធាន​ក្រុម​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ ដែល​នឹង​ចូល​​រួម​ធ្វើជា​តំណាង​ម្នាក់​ក្នុង​ចំណោម​តំណាង​បី​នាក់​របស់​គណបក្សប្រឆាំង​នេះ​នៅ​ក្នុង​កិច្ច​ប្រជុំនោះ បាន​លើក​ឡើង​ថា ក្រុម​ចរចា​របស់​គណបក្សសង្គ្រោះជាតិនឹង​ចូល​រួម​កិច្ច​ប្រជុំ​នោះដោយ​បើក​ចិត្ត​ទូលាយ​។ លោ ក សុន ឆ័យ បាន​មាន​ប្រសាសន៍​ថា “យើង​បន្ត​ទាម​ទារ​ឲ្យ​មា​ន​ប្រតិបត្តិការ​ស៊ើប​អង្កេត​មួយ​ និង​ការ​បោះឆ្នោត​ឡើងវិញ”។

ប្រធាន​ក្រុម​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​​​រូប​នេះ​បានមាន​ប្រ សាសន៍​បន្ត​ទៀត​ថា “ក៏​ប៉ុន្តែ​ មេដឹកនាំ​គណបក្ស​បាន​លើក​ឡើង​ថា កម្មវិធី​កែទម្រង់​ប្រព័ន្ធ​បោះ ឆ្នោត​នេះ​​គឺ​ជា​បញ្ហា​ដាច់​ដោយឡែក​មួយ​។ គណបក្ស​ប្រជា​ជន​កម្ពុជា​បាន​ព្យាយាម​អនុវត្ត​កំណែ ទម្រង់​ដោ​យខ្លួនឯង​ ក៏ប៉ុន្តែ​ពួកគេ​នឹង​មិន​អាច​ធ្វើ​បែប​​នេះ​បានឡើយ ប្រសិន​បើ​គ្មាន​គណ​បក្ស​​សង្គ្រោះជាតិ​ទេនោះ​ ពោល​គឺ​គណបក្ស​ទាំ​ង​អស់​​ត្រូវ​ឆ្លើយ​តប​ចំពោះគ្នាទៅវិញ​ទៅ​មក​”។

លោក សុន ឆ័យ បានមាន​ប្រសាសន៍​​បន្ត​ទៀត​ថា “នឹង​មាន​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ក្នុង​រយៈ​ពេល​បីឆ្នាំ​ ដូច្នេះ​ចាំបាច់​យើង​ត្រូវ​ពិនិត្យ​ប្រព័ន្ធ​បោះ​ឆ្នោត​ដើម្បីធានា​ថា មេ​ដឹក​នាំ​មកពី​គណបក្ស​របស់​យើង​​អាចត្រូវ​បាន​បោះឆ្នោត​​ជ្រើស​តាំង​នៅ​ថ្នាក់​មូល​ដ្ឋាន​បាន​។ ការ​ធ្វើ​បែប​នេះ​នឹង​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​​​ប្ដូរ​ស្ថាន​ភាព​ទាំង​ស្រុង​​គួរ​ឲ្យ​កត់​សម្គាល់​” ៕​សុធា​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស