សហគ្រិនវ័យក្មេងបីនាក់ដែលមានគំនិតជំរុញឲ្យប្រជាជនដាំបន្លែដោយខ្លួនឯងនៅផ្ទះបានឈរនៅចំណាត់ថ្នាក់លេខ១ និងទទួលបានប្រាក់៣.០០០ដុល្លារក្នុងកម្មវិធីប្រកួតប្រជែងថ្នាក់ជាតិមួយ កាលពីថ្ងៃសៅរ៍។ គួរបញ្ជាក់ថា កម្មវិធីនេះមានគោលបំណងជំរុញឲ្យមានការបំផុសគំនិតថ្មីៗ និងការធ្វើពិពិធកម្មសេដ្ឋកិច្ច។
កញ្ញា រ៉េត មុន្នីនាថ យុវជន យ៉ា ស័ក និងកញ្ញា ជា ចេតនា ដែលជាម្ចាស់គម្រោងអាជីវកម្មសួនដាំ បន្លែធម្មជាតិខ្នាតតូច បានយកឈ្នះក្រុមយុវជនដទៃទៀតនៅក្នុងកម្មវិធីប្រកួតប្រជែងគំរូអាជីវក ម្មខ្នាតតូច និងមធ្យមថ្នាក់ជាតិឆ្នាំ២០១៤ ដោយសារតែពួកគេមានគំនិតលក់ស៊ុមដាំបន្លែដំឡើងទុកមុនក្នុងតម្លៃ២៥ទៅ៩០ដុល្លារ ហើយនៅក្នុងស៊ុំនោះមានដី និងគ្រាប់ពូជដើម្បីឲ្យប្រជាជនអាចដាំបន្លែនៅផ្ទះដោយខ្លួនឯងបាន ដូចជា ត្រកួន ប៉េងប៉ោះ និងផ្សិតជាដើម។
គោលគំនិតនេះកើតចេញពីអារម្មណ៍ចង់ឲ្យប្រជាជនកម្ពុជាដែលរស់នៅក្នុងទីក្រុងមានសុខភាពល្អជាងមុន និងមានសកម្មភាពដាំបន្លែ ក្នុងរាជធានីភ្នំពេញ នេះបើយោងតាមសម្ដីរបស់កញ្ញា មុន្នីនាថ ដែលជានិស្សិតឆ្នាំទី២ ផ្នែកប្រព័ន្ធផ្សព្វផ្សាយនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
កញ្ញាបាននិយាយថា “គោលគំនិតនេះគឺសាមញ្ញទេ។ ប៉ាខ្ញុំកម្រហូបបន្លែណាស់ ព្រោះគាត់តែងតែត្អូញថា បន្លែលក់ទៅលើទីផ្សារមិនមែនជាបន្លែស្រស់ទេ ហើយភាគច្រើនត្រូវបាននាំចូលពីប្រទេសថៃ និងវៀតណាម ដោយមានបាញ់សារធាតុគីមី”។
និស្សិតរូបនេះបានលើកឡើងបន្តទៀតថា ផ្លែឈើ និងបន្លែមានតម្លៃខ្ពស់នៅក្នុងប្រទេសកម្ពុជា ដោយសារតែខ្វះរបៀបដាំដែលមានលក្ខណៈស្មុគស្មាញ ជាហេតុនាំឲ្យមានទិន្នផលតិច ហើយតម្លៃក៏ឡើងខ្ពស់។
កញ្ញាបាននិយាយបន្តទៀតថា “អ៊ីចឹងហើយបានជាយើងនាំគ្នាគិតថា ហេតុអ្វីបានជាប្រជាជនមិនដាំបន្លែដោយខ្លួនឯង? នៅខែមីនាខាងមុខ ក្រុមនិស្សិតនេះ និងក្រុមនិស្សិតដែលជាប់ចំណាត់ថ្នាក់លេខ២ នឹងបន្តទៅប្រកួតប្រជែងជាមួយនិស្សិតមកពីប្រទេសឡាវ ភូមា ថៃ វៀតណាម និងខេត្តយូណានប្រទេសចិន នៅទីក្រុងវៀងចន្ទន៍។ ប្រសិនបើពួកគេទទួលជោគជ័យ ពួកគេនឹងបន្តដំណើរទៅប្រកួតប្រជែងក្នុងកម្មវិធីប្រកួតប្រជែងគំរូអាជីវកម្មអន្តរជាតិនៅសហរដ្ឋអាមេរិក។
កម្មវិធីប្រកួតប្រជែងគំរូអាជីវកម្មដែលត្រូវបានបែងចែកជាបីផ្នែកផ្សេងគ្នា គឺអាជីវកម្មទូទៅបច្ចេក វិទ្យា និងកសិកម្មនេះ មានគោលបំណងលើកកម្ពស់សហគ្រិនភាពក្នុងចំណោមប្រជាជនខ្មែរវ័យក្មេង និងចលនាបង្កើតអាជីវកម្មធម្មតា ក៏ដូចជាអាជីវកម្មជួយសង្គមផងដែរ។ ក្នុងចំណោមគំនិតអាជីវកម្មផ្សេងៗទៀតមានដូចជា ការផលិតគ្រឿងសង្ហារិមចេញពីស្លឹកចេក និងទស្សនាវដ្ដីជួយរកការងារឲ្យយុវជនធ្វើ។
លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍នៅក្នុងកម្មវិធីប្រកួតប្រជែងកាលពីថ្ងៃសៅរ៍ថា “នៅពេលវិនិយោគិនមកប្រទេសកម្ពុជាពួកគេមិនអាចរកកម្លាំងធនធានមនុស្សគ្រប់គ្រាន់ និងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់បានទេ” ។ លោកបានលើកឡើងថា លោកមានសង្ឃឹមថា កម្មវិធីប្រកួតប្រជែងបែបនេះនឹងជួយផ្ដល់ជំនាញបច្ចេកទេស និងជំនាញសហគ្រិនភាពដល់ប្រជាជនខ្មែរវ័យក្មេងកាន់តែច្រើន ដែលជាកត្តាជួយជំរុញឲ្យមានការបំផុសគំនិតថ្មីៗ និងជួយធ្វើពិពិធកម្មសេដ្ឋកិច្ច។
កម្មវិធីប្រកួតប្រជែងនេះត្រូវបានរៀបចំឡើងដោយមូលនិធិគាំទ្រវិស័យអប់រំអន្តរជាតិ ក្រោមកិច្ចសហប្រតិបត្តិការជាមួយវិទ្យាស្ថាន និងសាកលវិទ្យាល័យនៅក្នុងប្រទេសកម្ពុជា និងសាកលវិទ្យាល័យវ៉េស្ដា (Waseda University) នៅប្រទេសជប៉ុន៕ សុធា