33 C
Phnom Penh

កម្ពុជា​​ទំនង​ជា​មិន​​ផ្តល់​​សំណង​ដល់​កសិករ​ចំពោះ​ការ​សម្លាប់​បក្សី​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ចាប់តាំង​ពី​វាបាន​កើត​ឡើង​នៅក្នុង​តំបន់​នេះ​ជាង​មួយ​ទសរត្សរ៍​មក​​ហើយ​នោះ​រដ្ឋា​​​ភិបាល​នៅ​អាស៊ី​អាគ្នេយ៍​បាន​និង​កំពុង​​ព្យាយាម​ទប់​​ស្កាត់​ជំងឺ​គ្រុន​ផ្តាសាយ​បក្សី​ តាម​រយៈ​កម្ម​វិធី​ឃ្លាំមើល​ ការ​ត្រួត​ពិនិត្យហ្មត់​ចត់​ និង​ការ​សម្លាប់​បក្សី​ឆ្លង​រោគ​។

នៅក្នុង​ប្រទេស​ថៃ​ ដែល​មិន​មាន​ករណី​​​ជំងឺ​គ្រុន​ផ្តាសាយ​បក្សី និង​នៅ​ប្រទេស​វៀត​ណាម​ដែល​មាន​​មនុស្ស​ស្លាប់​មួយ​ករណី​ដោយ​សារ​ជំងឺ​​គ្រុន​ផ្តាសាយ​បក្សី​កាល​ពីឆ្នាំ​មុន​នោះ រដ្ឋាភិបាល​ក៏​ផ្តល់​សំណង​រហូត​ដល់​​៧៥​ភាគ​រយ​​នៃ​តម្លៃ​ទីផ្សារ​ដល់​កសិករ​ណា​ដែល​​បក្សី​​របស់​ខ្លួន​ឈឺ និង​ត្រូវ​សម្លាប់​ចោល​។

នៅក្នុង​ប្រទេស​កម្ពុជា ​កាល​ពីឆ្នាំមុន​​មនុស្ស​១៣នាក់​បានស្លាប់​ដោយសារ​ជំងឺ​គ្រុន​ផ្តាសាយ​បក្សី​ ​ដែល​បាន​ផ្ទុះ​ឡើង​ដ៏ធ្ងន់​ធ្ងរ​បំផុតមិនធ្លាប់​មាន​នៅប្រទេស​កម្ពុជា​។​ ​ក្នុង​រយៈ​ពេល​មួយទសវត្សរ៍មក​នេះ​ប្រជា​​​ជន​ខ្មែរ​ចំនួន​៤៩​នាក់​បានស្លាប់​ដោយ​សារ​​ជំងឺ​​​​​​​នេះ ដែល​ភាគច្រើន​គឺ​ជា​ប្រជា​ពល​រដ្ឋ​ក្រីក្រ​នៅ​តាម​ជន​បទ​ដែល​ពឹង​ផ្អែក​លើការ​ចិញ្ចឹម​សត្វ​បន្តិច​បន្តួច​ ដូចជា សត្វ​មាន់​ សត្វទា​។

ទោះ​ជា​យ៉ាង​ណា​ លោក អ៊ុក រ៉ា​ប៊ុន រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម​​ដែល​ក្រសួង​របស់​លោក​ទទួល​ខុស​ត្រូ​វ​ចំពោះការ​អនុវត្ត​គម្រោង​ផ្តល់​សំណង​ បាន​មាន​ប្រសា សន៍ កាល​ពី​សប្តាហ៍​ មុន​ថា មិន​មាន​គោល​នយោបាយ​ផ្តល់​សំណង​ទេ​ ហើយ​ក៏​នឹង​មិន​មាន​ដែរ​។

គោល​ជំហរ​ប្រឆាំង​នឹង​ការ​ផ្តល់​សំណង​របស់​ក្រសួង​នេះ​ហាក់​ដូចជា​ផ្ទុយ​ពី​គំនិត​ និង​អនុសាសន៍​​របស់​​អ្នក​ជំនាញ​ក្នុង​វិស័យ​នេះ​។ ​យោង​តាម​សៀវ​ភៅ​ឆ្នាំ​២០១៣ របស់​​លោក​ សាស្ត្រាចារ្យ​ អៀ សុផល នៅ​សហ​រដ្ឋ​អាមេរិក​ដែល​មាន​​ឈ្មោះ​ថា “ការ​ពឹង​ផ្អែក​ជំនួយ​នៅ​កម្ពុជា” ឲ្យ​ដឹង​ថា ​ កាលពីឆ្នាំ​២០០៥​អង្គការ​ក្រៅ​រដ្ឋាភិបាល​អន្តរ​ជាតិ​ Veterinaires San Frontieres អង្គការ​សុខ​ភាព​ពិភពលោក និង​អ្នក​សម្រប​សម្រួល​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​​ជំងឺ​គ្រុន​ផ្តាសាយ​បក្សី និង​គ្រុន​ផ្តាសាយ​មនុស្ស​សុទ្ធ​តែ​បាន​ជំរុញ​ឲ្យ​រដ្ឋាភិ​បាល​​បង្កើត​ប្រព័ន្ធ​ផ្តល់​​សំណង​ជា​បន្ទាន់​សម្រាប់​ការ​សម្លាប់​​បក្សី​ចោល​។

លោក អៀ សុផល បាន​សរសេរ​ថា រដ្ឋា​ភិ​បាល​មិន​​ព្រម​​ផ្តល់​​សំណង​ទេ​ដោយសារ​ខ្វះ​ធន​ធាន​។ របាយការណ៍​មួយ​ដែល​​អង្គការ​ស្បៀង​អាហារ​ និង​កសិកម្ម​របស់​អង្គការ​សហ​ប្រជា​ជាតិ​បានចេញ​កាល​ពី​ឆ្នាំ​២០១១​បាន​សន្និដ្ឋាន​​ដែរថា ការ​ផ្តល់​សំណង​ឲ្យកសិករ​​ចំពោះ​​បក្សី​​របស់​ពួកគាត់​ដែល​ត្រូវ​សម្លាប់​ចោល​នោះ​​​ទំនង​​ជា​​ធ្វើ​ឲ្យ​ពួកគេ​​រាយការណ៍​អំពី​សញ្ញា​នៃជំងឺ​គ្រុន​ផ្តាសាយ​បក្សី​នៅពេល​អនា​គត​ក្នុង​ចំណោម​​សត្វ​​​បក្សី​របស់​ពួក​គេ​ ជាជាង​​ការ​ធ្វើ​មិន​ដឹង​មិនឮ​ចំពោះ​បញ្ហានេះ​ និង​ការ​បរិភោគ​​បក្សី​ងាប់​។

លោក ភីតធ័រ វ៉ាន់ម៉ារ៉ែន នាយក​​ប្រចាំ​​​ប្រទេស​នៃអង្គការ​សុខភាព​ពិភពលោក​បាន​បដិ​សេធ​មិន​​ធ្វើ​អត្ថាធិប្បាយ​ថា តើ​អង្គការ​សុខ​ភាព​ពិភពលោក​បាន​ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​​កម្ពុជា​​​បង្កើត​កម្ម​វិធី​​ផ្តល់​សំណង​ណាមួយ ​ ឬ​ យ៉ាង​ណា​នោះទេ​ ប៉ុន្តែ លោក​​បញ្ជាក់​ថា ទោះ ​​​​ជា​ការ​ផ្តល់​សំណង​ហាក់​ដូច​ជា​ ងាយ​ស្រួលក៏​ដោយ​​ ក៏វាមិន​មែន​ជា​ដំណោះ​​​ស្រាយ​ ត្រឹម​ ត្រូវ​​សម្រាប់​គ្រប់​ប្រទេស​​ទាំង​អស់​​ដែរ​។

លោក​​​​ ភីតធ័រ វ៉ាន់ម៉ារ៉ែន ​មាន​ប្រសាសន៍​ ដោយ​មិ​ន​បញ្ជាក់​ច្បាស់​លាស់​ថា “នៅក្នុង​ប្រទេស​មួយ​ចំនួន​ការ​ផ្តល់​សំណង​អាច​ធ្វើ​​ទៅ​បាន​ ហើយ​នៅក្នុង​ប្រទេស​មួយ​ចំនួន​មិន​អាច​ធ្វើ​បាន​ទេ​ ប៉ុន្តែ ប្រទេស​នោះ ត្រូ​វគិត អំ​ពី​គុណ​សម្បត្តិ​  និង​គុណវិបត្តិ​ ហើយ​​​រដ្ឋា​​​ភិ​​​បាល​ប្រទេស​​​កម្ពុជា បាន​សម្រេច​​​ ​ថា ការ​ផ្តល់​សំណង​នេះ​មិនអាច​ធ្វើ​ទៅ​បាន​ទេ​”។

លោក សុខ ទូច ប្រធាន​នាយក​ដ្ឋាន​គ្រប់​គ្រង​ជំងឺ​ឆ្លង​នៃ​ក្រសួង​សុខាភិបាល​​បានមាន​ប្រសាសន៍ថា គុណ​វិបត្តិ​ដ៏​ច្បាស់​លាស់​មួយ​ក្នុងការ​ផ្តល់​សំណង​ គឺ​ថា វា​ជំរុញ​ឲ្យ​អ្នកភូមិ​រាយការណ៍​ពីបក្សី​ឈឺ​ និង​ងាប់​​ដើម្បី​ហេតុ​ផល​​ហិរញ្ញវត្ថុ​ជាជាង​ដោយសារ​វាជា​រឿង​ត្រឹម​ត្រូវ​ដែល​ត្រូវ​ធ្វើ​​។

លោក​បានមាន​ប្រសាសន៍ថា “វា​សំខាន់​ដែល​ប្រជា​ពល​រដ្ឋ​រាយការណ៍​ពី​មេ រោគ H5N1  ទៅ​អាជ្ញាធរ​ឲ្យបាន​ត្រឹម​ត្រូវ​ និង​មិន​ត្រូវ​​គិត​តែអំពីលុយ​នោះ​ទេ​”។ ប៉ុន្តែ លោក​បាន​បន្ថែម​ថា លោក​គិត​ថា កសិករ​គួរ​ទទួល​បាន​សំណង​មួ​យ​ផ្នែក​នៃ​តម្លៃ​បក្សី​ដែល​ត្រូវ​សម្លាប់​ចោល​នោះ​។

របាយការណ៍​មួយ​ចេញ​ផ្សាយកាល​ពីឆ្នាំ​មុន​មាន​ចំណង​ជើង​ថា “សន្តិសុខ​​បក្សី​​​នៅ​ទី​ធ្លា​ក្រោយ​ផ្ទះ​​ និង អន្តរាគមន៍​ត្រឹម​ត្រូវ​របស់​រដ្ឋា​ភិ​បាល​នៅក្នុងការ​ទប់​ស្កាត់​ជំងឺ​គ្រុន​ផ្តា​សាយ​បក្សី​” លើក​ឡើង​ថា ការផ្តល់​សំណង​សម្រាប់​បក្សីដែល​ត្រូវ​សម្លាប់​ចោល​អាច​ធ្វើ​ឲ្យ​ស្ថាន​ភាព​នេះ​កាន់តែធ្ងន់​ធ្ងរ​ ដោយការ​ដក​ចេញ​​​នូវ​ការលើក​ទឹក​ចិត្ត​សម្រាប់​កសិករ​​ឲ្យ​​ចំណាយលុយ​ទៅលើ​វិធាន​ការ​ការពារ​សន្តិ​សុខ​សត្វ។

អ្ន​កនិពន្ធ​ឈ្មោះ ជេនីហ្វើ ស្ទីល រូអូជីន ហ្សាង​ និង​ ថូម៉ាស  ម៉ាស មក​ពីសាកល​វិទ្យា​ល័យ​រដ្ឋ​​នៅ​ទី​ក្រុង​វ៉ាស៊ីនតោន​លើក​ឡើង​ថា ដំណោះ​ស្រាយល្អ​​មួយ គឺ​ឲ្យ​​រដ្ឋាភិបាល​ផ្តល់​សំណង​​ប្រសិន​បើ​អ្នក​ចិញ្ចឹម​សត្វ​នោះអនុវត្ត​​តាម​​​ស្តង់​ដារ​អប្បបរមា​នៃ​ការ​ទប់​ស្កាត់​ជំងឺ​នៅ​ពេល​បក្សី​របស់​ពួក​គេ​ត្រូវ​សម្លាប់​ចោល​។ ទោះ​​ជា​យ៉ាង​ណាកម្មវិធី​បែប​នេះ​ស្ទើរ​តែ​មិន​អាច​អនុវត្ត​បាន​នៅកម្ពុជា​​ដែល​​បក្សី​ជាង​៩០​ភាគ​រយ​ត្រូវ​ចិញ្ចឹម​នៅ​កសិដ្ឋាន​ក្រោយ​ផ្ទះ​នៅ​តំបន់​ជន​បទ​។

លោក អៀ សុផល​ បាន​មាន​ប្រសាសន៍​ថា មាន​​មូល​ហេតុ​ដែល​រដ្ឋាភិបាល​គិត​ថា មិន​អាច​ផ្តល់​សំណង​ដល់​​កសិករ​ចិញ្ចឹម​បក្សី​បាន​ គឺ​ដោយសារវា​នឹង​ធ្វើ​ជា​ដើម​ចម​មួយ​ដែល​ពិបាក​នឹង​​ធ្វើ​តាម​។

លោក​បាន​សរសេរ​តាម​អ៊ីម៉េល​ថា “​ខ្ញុំ​គិត​ថា អាជ្ញាធរ​មិនចង់​​ផ្តល់​សំណង​ទេ​ពី​ព្រោះ​​ការ​ធ្វើ​ដូច្នេះ​​​ធ្វើ​ឲ្យមាន​​ដើម​ចម​​ប្រព្រឹត្ត​​​មិន​​ត្រឹមត្រូវ​ ហើយ​ការ​ធ្វើ​ដូច្នេះ​​ផ្តល់​​គំនិត​មិន​ល្អ​ ​ដល់​ប្រជាជន​”។

លោក​បានមាន​ប្រសាសន៍​​​ថា អង្គការ​សុខ​ភាព​ពិភពលោក និ​ងអ្នក​ផ្តល់​ជំនួយផ្សេង​ទៀត​យល់​ព្រម​សម្រប​សម្រួល​លើ​បញ្ហា​ផ្តល់​សំណង​ឲ្យតែ​រដ្ឋាភិបាល​អនុវត្ត​តាម​វិធាន​ការ​ផ្សេង​ៗ​ទៀត​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​គ្រុន​ផ្តាសាយ​បក្សីដូចជា កម្មវិធី​អប់​រំ​ដែល​នាំឲ្យមាន​ការ​ផ្លាស់​ប្តូរ​ឥរិយាបថ​​​បន្តិច​បន្តួច​ ឬ​មិន​ផ្លាស់​ប្តូរ​សោះ​។

​ទោះជា​ការ​ផ្តល់សំណង​គឺជា​ថ្នាំរឹង​ពិបាក​លេប​ក៏ដោយ ក៏​ការ​កើន​ឡើង​ច្រើន​នៃជន​រងគ្រោះជា​មនុស្ស​ក្នុង​ឆ្នាំ​២០១៣​​ លើស​ឆ្នាំ​មុនៗ​ទាំង​អស់នោះ​ អាច​ជា​មូល​ហេតុ​ក្នុងការ​ពិចារណា​ពីជម្រើស​ទាំង​អស់​នេះ​។

នៅក្នុងខេត្ត​មួយចំនួន​ដែល​ជំងឺ​នេះ​បាន​ផ្ទុះ​ឡើង​ និង​មាន​មនុស្ស​ស្លាប់​ដោយ​សារ​​ជំងឺ​គ្រុន​ផ្តាសាយ​បក្សីនោះ ប្រធាន​មន្ទីរកសិ​កម្ម​ខេត្ត​បាន​និយាយកាល ពីស ប្តាហ៍​មុន​ថា ពួក​គេ​នៅតែ​សង្ឃឹម​ថា រដ្ឋាភិបាល​អាច​ផ្លាស់​ប្តូរ​គោលនយោបាយ​របស់​ខ្លួន​។

លោក គឹម សាវឿន ប្រធាន​មន្ទីរកសិកម្ម​ខេត្ត​កំពង់ចាម​បាន​មាន​ប្រសាសន៍ថា “ខ្ញុំ​មិន​ដឹង​ថា តើ​រដ្ឋាភិបាល​មាន​លុយ​គ្រប់​គ្រាន់​​ឬ​អត់​ទេ​ ប៉ុន្តែ ប្រសិន​បើ​​រដ្ឋាភិ បាល​ពិត​ជាមាន​គោល​នយោបាយ​ផ្តល់​​សំណង​ដល់​ប្រជាជន​មែន​នោះ​​វាគឺជា​គំនិត​ល្អណាស់​។ ប្រជាជន​អាច​ទទួល​បាន​សំណង​បន្តិច​បន្តួច​មក​វិញ​ដើម្បី​រារាំង​ពួក​គាត់​មិន​ឲ្យ​បរិភោគ​សត្វ​មាន់​ឈឺ​ និង​​វា​អាច​​ជួយ​ពួកគាត់​មិន​ឲ្យស្លាប់​”។

នៅក្នុងស្រុក​ស្នួល​ ខេត្ត​ក្រចេះ​ លោក ឡេង ឡាល់ អាយុ​៤០​ឆ្នាំបាន​និយាយ​ថា ការ​ផ្តល់​សំណង​អាច​ធ្វើ​ឲ្យគាត់​រាយការណ៍​ពី​បក្សី​​​របស់​គាត់​ពេល​វា​ឈឺ​ ឬងាប់​ជំនួស​ឲ្យការ​ចម្អិន​វា​បរិភោគ​នៅក្នុងគ្រួសារ​គាត់​។

ដូចកសិករ​ជាច្រើន​នាក់​ដែល​ចិញ្ចឹម​សត្វ​នៅខាង​ក្រោយ​ផ្ទះដែរ​នោះ ​លោក ឡាល់ បាន​និយាយថា គាត់​បាន​ឮពីការ​ព្រមាន​អំពី​ការ​បរិភោគ​បក្សីងាប់​​ ប៉ុន្តែ គាត់​មិន​​អាច​បោះបង់​វា​ចោល​បានទេ​។ កាល​ពីសប្តាហ៍​មុន​​​កូនប្រុស​អាយុ​៨ឆ្នាំ និង​កូនស្រី​អាយុ​២​ឆ្នាំ​របស់គាត់​បាន​ស្លាប់ក្នុង​រយៈពេល​មួយ​សប្តាហ៍​ បន្ទាប់​ពីធ្លាក់​ខ្លួន​​ឈឺ​ដោយសារ​មាន​រោគ​សញ្ញា​​​​​​​​​​គ្រុន​ផ្តាសាយ​បក្សីឆ្លង​មក​មនុស្ស​។

ឪពុក​រូប​នេះ​បាន​សួរ​ថា “ប្រសិន​បើ​រដ្ឋា​ភិបាល​ផ្តល់​សំណង​ចំពោះស​ត្វ​មាន់​របស់​ខ្ញុំ​ ខ្ញុំ​​ប្រហែល​ជា​រាយការណ៍​អំពីរឿង​នេះនៅ​ពេល​ដែល​មាន់ទា​ឈឺ​ ប៉ុន្តែ តើ​ខ្ញុំ​អាច​រាយ​ការណ៍​យ៉ាង​ម្តេច​នៅពេល​ដែល​ខ្ញុំ​មិន​បាន​ទទួល​អ្វី​មក​វិញនោះ​? គ្រួសារ​របស់​ខ្ញុំ​នឹ​ង​ស្លាប់​ដោយសារ​ការ​អត់​ឃ្លាន​”៕​គឹម​ហឿន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស