មួយខែបន្ទាប់ពីមានការអំពាវនាវឲ្យមន្ត្រីរាជការធ្វើកូដកម្ម ដើម្បីទាមទារដំឡើងប្រាក់ខែ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញបទបញ្ជាកាលពីម្សិលមិញឲ្យមន្ត្រីរដ្ឋាភិបាលធានាឲ្យបានថា ប្រាក់ខែរបស់មន្ត្រីរាជការត្រូវតែបើកឲ្យបានទាន់ពេលវេលា ហើយលោកបានថ្លែងថា បើពុំដូច្នោះទេមន្ត្រីរាជការអាចសម្តែងការមិនពេញចិត្តរបស់ខ្លួនតាមប្រព័ន្ធផ្សព្វផ្សាយនានាបាន។
ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលត្រូវបានធ្វើឡើងនៅក្នុងពិធីប្រគល់សញ្ញាបត្រឲ្យនិស្សិតរដ្ឋបាលសាធារណៈនៅវិទ្យាស្ថានជាតិអប់រំក្នុងរាជធានីភ្នំពេញនេះ គឺត្រូវបានធ្វើឡើងបន្ទាប់ការចេញសារាចរណែនាំមួយកាលពីថ្ងៃ២៩ខែមករា ដែលលើកឡើងថា មន្ត្រីរាជការចាំបាច់ត្រូវតែបើកប្រាក់ខែឲ្យនៅសប្តាហ៍ទី៤ជារៀងរាល់ខែ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងប្រាប់និស្សិតដែលភាគច្រើននឹងក្លាយទៅជាមន្ត្រីរាជការថា “យើងចង់ឲ្យមន្ត្រីរាជការត្រូវបានបើកប្រាក់ឲ្យទាន់ពេលវេលា។ ទោះបីវាជាប្រាក់ខែតិចក៏ដោយ ប៉ុន្តែនៅពេលបើកទាន់ពេលវេលា វាជារឿងល្អ។ ហើយនៅពេលបើកមិនទាន់ពេលវេលាវាគឺបញ្ហា”។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្ថែមថា ការបើកប្រាក់ខែឲ្យបានទាន់ពេលវេលាមិនគួរជារឿងលំបាកនោះទេ ព្រោះរដ្ឋមន្ត្រីគ្រាន់តែចុះហត្ថលេខាលើឯកសារដើម្បីធានាថា ប្រាក់ខែត្រូវបានបើកតែប៉ុណ្ណោះ។
លោកនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បន្តទៀតថា “នេះគឺជាផ្នែកនៃកំណែទម្រង់ដែលជាប់ទាក់ទិននឹងជីវភាពរស់នៅរបស់មន្ត្រីរាជការ។ មន្ត្រីរាជការមកពីក្រសួងទាំងអស់ ប្រសិនបើឃើញថាមានបញ្ហាទាក់ទិននឹងប្រាក់ខែ យើងត្រូវប្រកាសតាមកាសែតដោយសារតែរដ្ឋមន្ត្រីមានប្រាក់ខែឆ្អែតឆ្អន់ហើយ ហើយមិនបើកប្រាក់ខែឲ្យ”។
ដើម្បីជាផ្នែកនៃកំណែទម្រង់ថ្មី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកាលពីខែវិច្ឆិកាជាមួយធនាគារកាណាឌីយ៉ា ធនាគារអេស៊ីលីដា និងក្រុមហ៊ុន វីងកម្ពុជា ដើម្បីបង្កើតគណនីធនាគារដែលអាចជួយឲ្យមន្ត្រីរាជការបើកប្រាក់ខែតាមរយៈគណនីធនាគារនេះ។
កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា វិធីសាស្ត្រនេះអាចជួយទប់ស្កាត់អ្នកប្រើ “ឈ្មោះខ្មោច” មកបើកប្រាក់ខែដែលមិនមែនជារបស់ខ្លួន។ ហើយបញ្ហានេះគឺជាបញ្ហាពុករលួយមួយក្នុងចំណោមបញ្ហាពុករលួយផ្សេងៗដែលកើតមាននៅក្នុងវិស័យសាធារណៈ។
កាលពីខែមុន សមាគមមន្ត្រីរាជការឯករាជ្យកម្ពុជា បានលើកឡើងថា អតិផរណាក្នុងពេលថ្មីៗបានធ្វើឲ្យប្រាក់ខែរបស់មន្ត្រីរាជការអាចទិញរបស់របរផ្សេងៗបានតិចតួច ហើយបានលើកឡើងថា មន្ត្រីរាជការគួរតែធ្វើកូដកម្មដោយសន្តិវិធី ដើម្បីទាមទារប្រាក់ខែគោល២៥០ដុល្លារ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍កាលពីម្សិលមិញថា ប្រាក់ខែខ្ពស់គឺវាអាចកើតមានស្របពេលនឹងមានកំណើនសេដ្ឋកិច្ច៕ ស៊ុយឈាង