34 C
Phnom Penh

​តុលាការ​បើក​សវនាការ​ជំនុំ​ជម្រះ​រឿង​ក្តី​ដែល​ជាប់​ទាក់​ទិន​នឹង​ហេតុការ​ណ៍នៅ​ស្ពាន​ព្រះ​មុនីវង្ស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិល​មិញ​ សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​បាន​ចាប់​ផ្តើម​បើក​សវនាការ​ជំនុំ​ជម្រះ​​​រឿង​ក្តី​​មនុស្ស​ចំនួនប្រាំមួយ​​នាក់​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ជាប់​ទាក់​ទិន​នឹង​ការ​ប៉ះ​ទង្គិច​គ្នា​ដែល​ផ្ទុះ​ឡើង​រវាង​ជន​ស៊ីវិល​និង​នគរបាល​នៅ​ក្បែរ​ស្ពាន​ព្រះ​មុនីវង្ស​ បន្ទាប់​ពី​ការ​តវ៉ា​​កាល​ពី​ថ្ងៃ​ទី​១២​ ខែ​កញ្ញា​ឆ្នាំ​មុន។

បុរស​ទាំង​ប្រាំ​មួយ​នាក់​នោះ​សុទ្ធ​តែ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​បង្ក​របួស​ស្នាម​ដោយ​ចេតនា​ក្រោម​ស្ថានទម្ងន់​ទោស​ធ្វើ​ឲ្យ​ស្ថាន​ភាព​​កាន់​តែ​ច្របូក​ច្របល់​និង​បង្ក​ការ​ខូច​ខាត​ដល់​ទ្រព្យ​សម្បត្តិ​អំឡុង​ការ​ប៉ះ​ទង្គិច​គ្នា​ដែល​ផ្ទុះ​ឡើង​នៅ​ថ្ងៃ​ចុង​ក្រោយ ​នៃការ​ធ្វើ​បាតុ​កម្ម​​រយៈពេល​បី​ថ្ងៃ​ជាប់​គ្នាៗ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ​បន្ទាប់​ពី​នគរបាល​បដិសេធ​​មិន​ឲ្យ​មនុស្ស​ឆ្លង​កាត់​ស្ពាន​នេះ។

លោក​ព្រះរាជ​អាជ្ញារង លី​ សុផាន់ណា​ បានមាន​ប្រសាសន៍​ថា “បុរស​ទាំង​ប្រាំ​មួយ​នាក់​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​សុទ្ធ​តែ​មាន​វត្តមាន​នៅ​កន្លែង​កើត​ហេតុ​ ទោះ​បី​ជា​ពួក​  គេ​ ណាមួយ​ក៏ដោយ​” ។​ លោក  លី​ សុផាន់ណា​   ​បាន​ បន្ថែម​ថា​​ ជន​​សង្ស័យ​ទាំង​នេះត្រូវ​បាន​គេ​សង្ស័យ​ថា ​បាន​គប់​​​​ដុំ​ថ្ម​និង​ដំបង​ដោយ​ធ្វើ​ឲ្យ​នគរបាល​រង​របួស​។

ក្នុង​ចំណោម​មន្ត្រី​នគរបាល​ទាំង​៤៩​នាក់​ដែល​ជា​ដើម​ចោទ​នៅ​ក្នុង​សំណុំ​រឿង​នេះ មាន​៣៩​នាក់​បាន​មាន​វត្ត​មាន​នៅ​ក្នុង​តុលា​ការ​​កាល​ពី​ម្សិល​មិញ​។ ពួក​គេ​បាន​ប្រាប់​លោក​ សុផាន់​ណា​ ថា​ ពួ​កគេ​មិន​ទាមទារ​សំណងជំងឺ​ចិត្ត​នោះ​ទេ​។​

ឧត្តម​សេនីយ៍​ទោ​ សុខ​ ខេមរិន្ទ​ ប្រធាន​អង្គភាព​តម្រួត​បទ​បញ្ជា​នៅ​អគ្គលេខា​ធិការ​​ដ្នាន​នគរបាល​ជាតិ​បាន​ឲ្យ​ដឹង​ថា ដៃ​របស់​គាត់​ម្ខាង​បាន​រង​របួស​នៅ​ពេល​ក្រុម​របស់​លោក​ដែល​ឈរ​ជើង​នៅ​លើ​ស្ពាន​រង​ការ​តតាំង​ពី​អ្នក​តវ៉ា​។ ឧត្តម​សេនី​យ៍ទោ​ ខេម​រិន្ទ​ បាន​មាន​ប្រសា​សន៍នៅ​ក្នុង​តុលាការ​ថា “អ្នក​តវ៉ា​ជាង​១០០នាក់​បាន​គប់​ដុំ​ថ្ម​ទៅ​លើ​ស្ពាន​​ដើម្បី​វាយ​​ប្រហារ​នគរបាល​”។

បន្ទាប់​ពី​ការ​បិទ​ស្ពាន​ដែល​មនុស្ស​ព្យា​យាម​​​​ឆ្លង​កាត់ដើម្បី​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន នគរបាល​បាន​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​និង​គ្រាប់កាំភ្លើង​ពិត​លើ​មនុស្ស​ជា​ច្រើន​ដោយ​ធ្វើ​ឲ្យ​​អ្នក​ឈរ​នៅ​តាម​ផ្លូវ​ម្នាក់​ឈ្មោះ​ ម៉ៅ​ សុខ​ចាន់​ អាយុ​ ២៩​ឆ្នាំ​​បាត់​បង់​ជីវិត​ដោយ​សារ​ត្រូវ​គ្រាប់​ចំ​ក្បាល​​  និង​ធ្វើ​ឲ្យ​បុរស​ម្នាក់ទៀត​ត្រូវ​គ្រាប់​ចំជើង​ និងបុរស​​ម្នាក់​ផ្សេង​ទៀត​ត្រូវ​គ្រាប់​ចំដៃ​។

អង្គការ​សិទ្ធិ​មនុស្ស​មួយ​ចំនួន​បានរិះ​គន់​យ៉ាង​ខ្លាំង​ចំពោះ​ការ​ប្រើ​កម្លាំង​ហួស​ហេតុ​របស់​នគរបាល​ ហើយ​ការ​ស៊ើប​អង្កេត​លើ​​ការ​ប៉ះ​ទង្គិច​គ្នាដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​នេះ​ ក៏​គ្មាន​ទទួល​បាន​លទ្ធ​ផល​អ្វី​ដែរ​។ ចំណែក​ការ​ចាប់​ខ្លួន​ជន​ដែល​បាញ់​សម្លាប់​មនុស្សនិង​ធ្វើ​អ្នក​ឲ្យ​ផ្សេង​ទៀត​រង​របួស ក៏​នៅ​មិន​ទាន់​មាន​ដែរ​។

នៅ​ក្នុង​តុលាការ​ចុង​ចោទ​ឈ្មោះ​ ឯក​ ចាន់​នូ​ អាយុ​១៧​ឆ្នាំ​ដែល​ត្រូវ​បាន​ដោះ​លែង​​ឲ្យ​ក្រៅ​ឃុំ​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​ទាំង​អស់​ដែល​ដាក់​បន្ទុក​មក​លើ​រូប​គេ​។​ យុវជន​រូប​នេះ​បាន​និយាយ​ថា “អំឡុង​ការ​ទង្គិច​គ្នា​ ខ្ញុំ​បាន​ចាក​ចេញ​ពី​ទី​លាន​ប្ រជា​ធិតេយ្យ​ ហើយ​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​របស​់​ខ្ញុំ​នៅ​សង្កាត់​ចាក់​អង្រែ​ក្រោម​ ប៉ុន្តែ​ខ្ញុំ​បាន​ជាប់​នៅ​ក្នុង​ការ​កក​ស្ទះ​ចរាចរណ៍​ក្បែរ​ស្ពាន​ព្រះ​មុនី​វង្ស។

​ ហេតុ​ដូច្នេះ​ នៅ​ពេល​ខ្ញុំ​បានឮ​និង​បាន​ឃើញ​​នគរបាល​បាញ់​ឧស្ម័ន​បង្ហូ​រ​ទឹក​ភ្នែក​ ខ្ញុំ​បាន​រត់​ទៅ​ពួន​នៅ​ក្នុង​បន្ទប់​ទឹក​របស់​ស្ថានីយ​ប្រេង​ឥន្ទនៈ​មួយ​ក្បែរនោះ​។

វា​អយុត្តិ​ធម៌​ណាស់​ដែល​តុលាការបាន​ចោទ​ខ្ញុំ​យ៉ាង​ដូច្នេះ​ព្រោះ​​​ខ្ញុំ​មិន​បាន​ប្រព្រឹត្ត​បទ​ល្មើស​ណា​មួយ​នោះ​ទេ​។ខ្ញុំ​ស្នើ​សុំ​ឲ្យ​តុលាការ​មេត្តា​លើក​លែងការ​ចោទ​ប្រកា ន់​ដែល​ដាក់​បន្ទុក​លើ​រូប​​ខ្ញុំ”។ ជន​ជាតិ​វៀ​ត​ណាម​ម្នាក់​ទៀត​ ឈ្មោះ​ ង្វៀន​ ឌី​តឹក អាយុ​២០​ឆ្នាំ​ក៏បាន​តវ៉ា​ថា ខ្លួន​គ្មា​ន​​ទោស​កំហុស​ដែរ​ ហើយ​បាន​អះអាង​កាល​ពីម្សិល​មិញថា​ ខ្លួន​បាន​សារភាព​ដោយ​សារ​រង​​​ការ​ធ្វើ​ទារុណកម្ម​។ ង្វៀន ឌី​តឹក​ បាន​និយាយ​ថា “នគរបាល​បាន​វាយ​​​ដំខ្ញុំ​បួន​ប្រាំដំបង​ឆក់​​​​រហូត​ដល់​ខ្ញុំ​សារភាព​”។

លោកស្រី​  សម​ សុគន្ធា​ មេធាវី​ម្នាក់ក្នុង​ចំណោម​មេធាវី​ការ​ពារ​ក្តីចំនួនបួន​​នាក់​ផ្សេង​ទៀត​លើកឡើង​ថា កូន​ក្តី​របស់​ខ្លួន​បាន​ព្យា​យាម​​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​ជា​ធម្មតា​នៅ​យប់​នោះ​។ លោ​ក​ស្រី​បាន​មាន​ប្រសាសន៍​ថា “នគរ​​បាល​មិន​អាច​ចាំ​មុខ​ជន​សង្ស័យ​ទាំង​អស់​បាន​ភ្លាម​ៗ​នោះ​ទេ​ ហើយ​គ្មាន​ភ័ស្តុតាង​ដូច​ជា​វីដេអូ​ឃ្លីប​ជាដើម​ដើម្បី បញ្ជាក់​ថា​កូនក្តី​​របស់​ខ្ញុំ​បាន​ប្រព្រឹត្ត​បទ​ល្មើស​ឡើយ​”។ ចៅ​ក្រម​ សេង នាង បាន​ឲ្យ​ដឹង​ថា តុលា​ការ​នឹង​ប្រកាស​សាលក្រម​នៅ​ថ្ងៃសុក្រ៕
ស៊ុយឈាង​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស