34 C
Phnom Penh

​លោក​ ហ៊ុន សែន សរសើរ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​រដ្ឋាភិបាល​ក្នុង​ការ​ធានា​ប្រក្រតី​ភាពក្នុង​ប្រទេស​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន បាន​ប្រើ​ប្រាស់​សុន្ទរកថានៅ​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ឲ្យ​និស្សិត​ដែល​ទើប​តែ​បញ្ចប់​ការសិក្សា​ផ្នែក​រដ្ឋបាល​សាធារណៈ​ ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​លើក​ឡើង​ជា​ថ្មី​ម្តង​​​ទៀត​ថា លោក​មាន​បញ្ហា​បន្តិច​បន្តួច​ក្នុង​ការ​គ្រប់​គ្រង​ប្រទេស​ ខណៈ​ដែល​តំណាង​រាស្ត្រ​គណបក្ស ប្រឆាំង​កំពុង​ធ្វើ​ពហិការ​មិន​ទទួល​យក​អាសនៈ​របស់​ខ្លួន​ នៅ​ក្នុង​រដ្ឋសភា​។

ថ្លែង​ទៅកាន់​និស្សិត​មក​ពី​សាលា​ភូមិន្ទ​រដ្ឋ​បាល​ លោក ហ៊ុន សែន បាន​សង្កត់​ធ្ងន់​ទៅ​លើ​សារៈសំខាន់​ធានា​ប្រក្រតី​ភាព​ក្នុង​ការ​ដឹក​នាំ​ប្រទេស​ ដើម្បី​ជួយ​ជំរុញ​ឲ្យ​មាន​ការ​កែ​ទម្រង់​ដូច​អ្វី​ដែល​លោក​បាន​សន្យា​ ក្រោយ​ការ​បោះ​ឆ្នោត​កាលពី​ឆ្នាំ​មុន​។

លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​ទៅ​កាន់​អនាគត​មន្ត្រី​រាជការ​ស៊ីវិល​ថា “ទី១ បន្ត​ដំណើរ​ជាធម្មតា​នៃ​ស្ថាប័នរដ្ឋ​ ដូច​ដែល​ខ្ញុំ​បាន​បញ្ជាក់​ប៉ុន្មានដង​កន្លង​មក​ហើយ​។ ឥឡូវ​ហ្នឹង​ វាជាធម្មតា​ហើយ។ ​កុំទៅខ្វល់​ថា វា​ជាប់​គាំង​ ឬមិនជាប់​គាំង​”។

ដើម្បី​តវ៉ា​ប្រឆាំង​នឹង​លទ្ធផល​ផ្លូវ​ការ​នៃ​ការ​បោះ​ឆ្នោតជ្រើសតាំ​ង​តំណាង​រាស្ត្រ​​កាល​ពី​ឆ្នាំ​មុន តំណាង​រាស្ត្រ​មក​ពី​គណបក្ស​សង្គ្រោះ​​ជាតិ​បាន​និង​កំពុង​ធ្វើ​ពហិការ​រដ្ឋសភា តាំង​ពី​រដ្ឋ​សភាបានចាប់​ផ្តើម​ដំណើរការ​ក្នុង​ខែ​កញ្ញា​ឆ្នាំ​មុន។

ណបក្ស​ប្រឆាំង​បាន​រៀបចំ​មហា​បាតុកម្ម​ជា​ច្រើន​លើក​ច្រើន​សារ​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​រហូត​ទាល់​តែ​រាជ​រដ្ឋាភិបាល​ដាក់​ចេញ​នូវ​ប្រតិបត្តិការ​បង្ក្រាប​ដែល​បណ្តា ល​ឲ្យ​មានការ​បាត់​បង់​ជីវិត​កាល​ពី​ដើម​ខែ​មុន។

ទំនង​ជា​ទាក់​ទង​ទៅ​នឹង​ប្រតិបត្តិការ​បង្ក្រាប​នោះ​កាលពី​ម្សិលមិញ​ លោក​ ហ៊ុន សែន បាន​សង្កត់​ធ្ងន់​ទៅ​លើ​គុណ​តម្លៃសម្រាប់​រដ្ឋា​ភិ​បាល​​ដែល​​រក្សា​ការ​គ្រប់​គ្រង​ស្ថាន​ភាព​នៅ​តាម​​ដង​ផ្លូវ​នានា។ គួរ​រំឭក​ថា ប្រតិបត្តិការ​បង្ក្រាប​នោះ​បាន​បណ្តា ល​ឲ្យ​អ្នក​តវ៉ា​ប្រាំ​នាក់​ត្រូវ​បាន​បាញ់ស​ម្លាប់​ និងជាង​៦០នាក់​ផ្សេង​ទៀត​ត្រូវ​បាន​វាយ​ដំ បាញ់ ឬក៏​ចាប់​ដាក់​ពន្ធ​នាគារ​ដោយ​មិន​មាន​ការ​ផ្តន្ទាទោស​។

មុន​ពេល​លើក​ឡើង​ទាក់​ទង​​នឹង​មនុស្ស​​​​​២៣នាក់​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ថា បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​អំឡុង​សកម្មភាព​តវ៉ា​កាលពី​ខែ​មុន លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា “ ប្រជាជន​ត្រូវ​ការ​សេចក្តីសុខ​ ហើយ​នឹង​ភាព​សប្បាយ រីករាយ​។ ហើយ​ប្រជាជន​មិនចូលចិត្ត​ការ​កកស្ទះ​ចរាចរណ៍​ដោយ​សារ​អំពើ​នេះ អំពើនោះ​ទេ​។ ដូច្នេះ​ហើយ​ យើង​ត្រូវ​តែ​ការពារ​សេចក្តី​សុខ​សម្រាប់​ ប្រទេស​ និង​ប្រជាជន​ ហើយ​សេចក្តី​សុខ​សម្រាប់​ប្រជាជន​គឺសំខាន់​ខ្លាំងណាស់​។

លោកបាន​សួរ​ថា “តើ​អ្នក​​ដែល​បំផ្លាញ​សេចក្តីសុខ​​របស់​ប្រជាជន​គួរតែ​​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​យ៉ាងដូច​ម្តេច​?​” លោក ហ៊ុន សែន ក៏​បាន​ស្នើ​ឲ្យ​និស្សិ​តទាំង​នោះ​ពិចារណា​អំពី​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​បាន​ ក្នុង​នាម​ជា​អនាគត​មន្ត្រី​រាជការ​ស៊ីវិល ក្នុង​ការ​ធានា​ស្ថិរភាព​។

លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “ស្ថានភាព​នយោ​បាយ​មិន​អាច​មានស្ថិរភាព​យូរ​អង្វែង​បានទេ នៅពេល​ម៉ាក្រូសេដ្ឋកិច្ច​មិនអាចធានា​។ តើ​យើង​​ធ្វើ​ដូចម្តេច​ដើម្បី​ជំរុញ​ផលិតកម្ម​គ្រប់​វិស័យ​… ដើម្បី​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច​ឲ្យ​លើសពី៧ ភាគរយ?​”

តំណាង​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន និង​គណបក្ស​សង្គ្រោះ​ជាតិ​គ្រោង​នឹង​ជួប​ពិភាក្សា​គ្នា​នា​ព្រឹក​នេះនៅ​ព្រឹទ្ធ​សភា ដែល​នេះ​ជា​ជំនួប​ដំបូង​រវាង​គណ​បក្សទាំង​ពីរ​តាំង​ពី​មាន​ប្រតិបត្តិការ​បង្ក្រាប​កាលពី​ខែមុន ដែល​នាំ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​លុប​ចោល​កិច្ច​ចរចា​ដែល​បាន​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​៣ ខែ​មករា​។

មន្ត្រី​ជាន់​ខ្ពស់​មក​ពី​គណបក្ស​ទាំងពីរ​បាន​ឲ្យដ​ឹង​ថា កិច្ច​ចរចាដែល​នឹង​ផ្តោត​សំខាន់​ទៅ​លើ​លទ្ធភាព​កែ​ទម្រង់​ប្រព័ន្ធ​បោះ​ឆ្នោត​នេះ​ប្រហែល​ជា​អាច​បើ​កផ្លូវ​សម្រាប់​មេដឹក​នាំ​គណបក្ស​ជួប​គ្នា​ដើម្បី​បញ្ចប់​ភាព​ជាប់​គាំង​ផ្នែក​នយោបាយ​៕ សុធា

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស