30 C
Phnom Penh

លោក ហ៊ុន សែន បង្ហាញ​ផែនទី​បង្ហាញ​ផ្លូវ​ថ្មី​សម្រាប់​គោល​នយោបាយ​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ​ លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ធ្វើ​ជា​អធិបតី​ក្នុង​ពិធី​មួយ​នៅ​វិមាន​សន្តិភាព​របស់​លោក​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​បង្ហាញ​របាយការណ៍​ថ្មី​ដែល​មាន​ការ​វាយ​តម្លៃ​គោល​នយោបាយ​ពាណិជ្ជ​កម្ម​ក្រៅ​ប្រទេស​របស់​រដ្ឋាភិបាល​ ក្នុង​រយៈ​ពេល​ប្រាំពីរ​ឆ្នាំ​កន្លង​មក​នេះ និង​បង្ហាញ​ផែន​ទី​បង្ហាញ​ផ្លូវ​គោល​នយោបាយ​មួយ​សម្រាប់​រយៈពេល​ប្រាំ​ឆ្នាំ​ទៅ​មុខ។

របាយការណ៍​នេះបាន​បង្ហាញ​ពីកិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​ការ​បង្កើន​សកម្មភាព​នាំ​ចេញ​តាំង​ពី​ផែន​ទី​បង្ហាញ​ផ្លូវ​ទី​២​ត្រូវ​បាន​ដាក់​ចេញ​កាលពី​ឆ្នាំ​២០០៧​ និង​មាន​ការ​លើក​ឡើង​នៅ​អនុ សាសន៍​ទាក់​ទង​នឹង​គោលនយោ​បាយ​យ៉ាង​ទូលំ​ទូលាយ​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​រក​ការ​ធ្វើ​សមាហរណកម្ម​អាស៊ាន​ក្នុង​ឆ្នាំ​២០០៥​ផង​ដែរ​។ គួរ​បញ្ជាក់​ថា របាយការណ៍​ថ្មី​នេះ​គឺ​ជា​របាយ​ការណ៍​ទី​៣​តាំង​ពី​រដ្ឋាភិបាល​បាន​ចាប់​ផ្តើម​អភិវឌ្ឍន៍​ផែនការ​ពាណិជ្ជកម្ម​រយៈពេល​វែង​កាលពី​ឆ្នាំ​២០១១មក​។

លោក ហ៊ុន សែន បាន​លើក​ឡើង​នៅ​ក្នុង​​ពេល​បង្ហាញ​ឯកសារ​ទាំង​នោះ​ថា លទ្ធផល​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ក្នុង​រយៈពេល​នៃ​ការ​អនុវត្ត​ផែនការ​ពាណិជ្ជកម្ម​ឆ្លង​ដែន​មុន បាន​បង្ហាញ​ថា វិស័យ​នាំ​ចេញ​កំពុង​កើន​ឡើង​ពិត​ជា​មាន​សារៈសំខាន់​ក្នុង​ការ​សម្រេច​
ឲ្យ​បាននូវ​កំណើន​សេដ្ឋកិច្ច​ ដែល​ចាំ​បាច់​សម្រាប់​ជំរុញ​ឲ្យប្រទេស​កម្ពុជា​ក្លាយ​ជា​ប្រទេស​មាន​ប្រាក់​ចំណូល​លើ​មធ្យម​យ៉ាង​យូរ​ក្នុង​ឆ្នាំ​២០៣០។

លោក ហ៊ុន សែន​ បាន​មាន​ប្រសាសន៍​ថា ចាប់​ពី​ឆ្នាំ​២០១១​រហូត​ដល់​ឆ្នាំ​២០១៣ ​វិនិ​យោគ​ទុន​កើន​ឡើង​ប្រមាណ​២៨ភាគ​រយ​”។ លោក​បាន​បន្ត​ថា  “​ទំនិញ​នាំ​ចេញ​ និង​សេវា​កម្ម​ពី​ឆ្នាំ​២០០៧ រហូត​ដល់​ឆ្នាំ​២០១៣​បាន​កើន​ឡើង​៤.៥០០លាន​ដុល្លារ​ទៅ​៩.៤០០​លាន​ដុល្លារ​។ ប្រសិន​បើ​បូក​បន្ថែម​ទំនិញ​នាំ​ចេញ​ក្រៅ​ផ្លូវ​ការ​ទៅ​លើតួលេខ​នេះ ​ការ​នាំ​ចេញ​របស់​យើង​ក្នុង​មួយ​ឆ្នាំ​១០.០០០​លាន​ដុល្លារ​”។

លោក​បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា ជាមួយ​នឹង​តួលេខ​នាំ​ចេញ​កើន​ឡើង​បែប​នេះ ផលិត​ផល​ក្នុង​ស្រុក​សរុប​សម្រាប់​បុគ្គល​ម្នាក់​ៗ​បាន​កើន​ឡើង​ពី​៩៧៣ដុល្លារ​ក្នុង​ឆ្នាំ​២០១២​ដល់​១.០៣៦ដុល្លារ​កាលពី​ឆ្នាំ​មុន។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​លើក​ឡើង​ថា របាយការណ៍​នោះ​បាន​បង្ហាញ​ថា រដ្ឋាភិបាល​ខិត​ខំ​ធ្វើ​ពិ​ពិតកម្ម​ដោយ​មិន​ពឹង​ផ្អែក​លើ​វិស័យ​នាំ​ចេញ​សម្លៀក​បំពាក់​តែ​មួយ​ទេ​ ហើយ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​នេះ​កំពុង​តែ​មាន​សន្ទុះ​កាន់​តែ​ខ្លាំង​។ បរិមាណ​​នាំ​ចេញ​ក្រៅ​ពី​សម្លៀក​បំពាក់​ និង​វិស័យ​ទេសចរណ៍​ បាន​កើន​ឡើង​ពី​១៨ទៅ​២៩ភាគ​រយ​បើ​គិត​តាំង​ពី​ឆ្នាំ​២០០៧​មក​ នេះ​បើ​យោង​តាម​សេចក្តី​បង្ហាញ​នៅ​ក្នុង​របាយការណ៍​នោះ​។ របាយការណ៍​ដដែល​ក៏​បាន​បង្ហាញ​ទៀត​ថា ទោ​ចក្រ​​យាន​ គ្រឿង​អេឡិចត្រូនិក​ នឹង​បន្ត​គឺ​ជា​ទំនិញ​នាំ​ចេញ​ដែល​មាន​កំណើន​។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា “ក្នុង​ឆ្នាំ​២០១៣​ប្រទេស​កម្ពុជា​បាន​នាំ​ចេញ​ទោ​ចក្រ​​យាន​ប្រមាណ​ជាង​៣០០​លាន​ដុល្លារ​ ចំណែក​ឯ​ក្នុង​រយៈពេល​បួន ​ឬ​ក៏ប្រាំ​ឆ្នាំ​កន្លង​ទៅ គ្មាន​នរណា​ម្នាក់​យក​ចិត្ត​ទុក​ដាក់​នាំចេញ​ទោ​ចក្រ​យាន​ទេ”។

លោក ហ៊ុន សែន ក៏​បាន​មាន​ប្រសាសន៍​បន្ត​​ទៀត​ថា “នៅ​ក្នុង​ឆ្នាំ​២០១៣​ ប្រទេស​កម្ពុជា​បាន​នាំ​ចេញ​អង្ករ​៤០០.០០០តោន​ដែល​ទទួល​បាន​ប្រាក់​ចំណូល​២៥០លាន​ដុល្លារ​”។

លោក​បាន​លើក​ឡើង​បន្ថែម​ទៀត​ថា ​​មុន​ពេល​មាន​ការ​ផ្លាស់ប្តូរ​គោល​នយោបាយ​រដ្ឋាភិបាល​ក្នុង​ឆ្នាំ​២០០៩​ ដោយ​សារ​តែ​មាន​សំណូម​ពរ​លើក​ឡើង​នៅ​ក្នុង​ផែនទី​បង្ហាញ​ផ្លូវ​គោល​នយោបាយ​ពាណិជ្ជកម្ម​មុន​ ប្រទេស​កម្ពុជា​ស្ទើរ​តែ​គ្មាន​សមត្ថភាព​នាំ​ចេញ​អង្ករ​។

លោក ស៊ុន ច័ន្ទថុល រដ្ឋមន្ត្រី​ក្រសួង​ពាណិ​ជ្ជ​កម្ម​បាន​លើក​ឡើង​ថា លោក​មាន​មោទន​ភាព​ដែល​​បាន​ឃើញ​មាន​កំណើននៃ​បរិមាណ​នាំ​ចេញ​ទំនិញ​ដែល​មាន​តម្លៃ​ខ្ពស់​ដូចជា​ ទោ​​ចក្រ​​យាន​​ដែល​កំពុង​ត្រូវ​បាន​លក់​នៅ​ទីផ្សារ​អឺរ៉ុប​ក្នុង​តម្លៃ​៥០០ដុល្លារ​ទៅ​១.០០០ដុល្លារ​។

របាយការណ៍​សម្រាប់​ឆ្នាំ​នេះ​បាន​បង្ហាញ​ទៀត​ថា ប្រទេស​កម្ពុជា​នៅ​តែមាន​វិធី​ធ្វើ​ពិ​ពិត​កម្ម​វិស័យ​នាំ​ចេញ​បន្ថែម​ទៀត​។ គួរ​បញ្ជាក់​ថា កាលពី​ឆ្នាំ​០១១​​វិស័យ​នាំ​ចេញ​បាន​​ចូល​រួម​ចំណែក​៤៨ភាគ​រយ​នៃ​តម្លៃ​ទំនិញ​នាំ​ចេញ​សរុប​ ហើយ​នៅ​ពេល​នោះ​វិស័​យ​ទេស​​ចរណ៍​ត្រូវ​បាន​ប្រើ​ប្រាស់​ជា​ទំនិញ​នាំ​ចេញ​មួយ​។​ក្នុង​សុន្ទរកថា​ លោក ហ៊ុន សែន បាន​ចាត់​ទុក​វិស័យ​ទេស​ចរណ៍​ដែល​បាន​ចូល​រួម​​ចំណែក​២៣ភាគរយ​ក្នុង​ឆ្នាំ​២០១១នោះ​ជា​ទំនិញ​នាំ​ចេញ​ដ៏​សំខាន់​មួយ​។

របាយការណ៍​ដដែល​ក៏​បាន​លើក​ឡើង​អំពី​ហេដ្ឋារចនាសម្ពន្ធ​រូប​​វ័ន្ត​មិន​មាន​គុណ​ភាព​ ថ្លៃ​ចំណាយ​ក្រៅ​ផ្លូវ​ការ​ខ្ពស់​ដែល​ចាំ​បាច់​សម្រាប់​​ផ្ទៀង​ផ្ទាត់​ឯកសារ​ទំនិញ​ និង​ស្ថានភាព​ចលាចល​នៅ​ក្នុង​វិស័យ​ការងារ​ ដែល​ស្ថិត​ក្្នុង​ចំណោម​បញ្ហា​ដែល​ត្រូវ​ដោះ​ស្រាយ​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​ខាង​មុខក្នុង​គោល​​​បំណង​បរិមាណ​នាំ​ចេញ និង​គុណភាព​នៃ​ទំនិញ​នាំ​ចេញ​។

របាយការណ៍​ដដែល​មាន​ខ្លឹម​សារ​ថា សម្រាប់​ផ្លូវ​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះ​សីហនុ​សកម្ម​ភាព​ដឹក​ជញ្ជូន​ត្រូវ​ប្រើ​ពេល​វេលា​ពីរ​ទៅ​បី​ថ្ងៃ​បូក​រួម​ទាំង​ពេល​វេលាសម្រាប់​លើក​ទំនិញ​ដាក់​លើ​រថយន្ត​ និង​ពេល​វេលា​សម្រាប់​លើក​ទំនិញ​ចុះ​ពី​រថយន្ត​។ សកម្ម​ភាព​ដឹក​ទំនិញ​ពី​ចំណុច​កណ្តាល​នៃ​ប្រទេស​កម្ពុជា​ទៅកាន់​កំពង់​ផែ​ទីក្រុង​ហូជីមិញ​នៅ​ប្រទេស​វៀតណាម​​ត្រូវ​ប្រើ​ពេល​វេលា​បួន​ទៅ​ប្រាំ​ថ្ងៃ​ នេះ​បើ​យោង​តាម​របាយការណ៍​ដដែល​។

នៅ​ក្នុង​របាយការណ៍​នេះ​ក៏​មាន​ការ​លើក​ឡើង​នៅ​អនុសាសន៍​សម្រាប់​រដ្ឋាភិបាល​ដោះ​ស្រាយ​ និង​រិះ​រក​វិធី​ទប់​ស្កាត់​កត្តា​គំរាម​កំហែង​ចំពោះ​វិស័យ​នាំ​ចេញ ហើយ​បន្ទាប់​មក​គួរ​តែ​ផ្តោត​សំខាន់​ទៅ​លើ​ការ​ជំរុញ​វិស័យ​​ផលិត​កម្ម​ជា​ជាង​វិស័យ​នាំ​ចូល​ ជាពិសេស​សកម្មភាព​ផលិត​​គ្រឿង​បំពេញ​ឲ្យ​ទំនិញ​នាំ​ចេញ​៕ សុធា​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស