28 C
Phnom Penh

​អាជ្ញាធរ​ខេត្ត​បន្ទាយ​មាន​ជ័យ​​ដោះ​ស្រាយ​វិវាទដីធ្លី​ដោយ​យក​​ដី​ពី​អ្នក​ភូមិ​មួយ​ទៅឲ្យ​អ្នកភូមិ​​មួយ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​ភូមិ​ពីរ​រូប​បាន​ឲ្យ​ដឹង​ថា អ្នក​ភូមិ​ជា​ច្រើន​គ្រួសារ​នៅ​ក្នុង​ខេត្ត​បន្ទាយ​មាន​​ជ័យ ដែល​បាន​ជាប់​ពាក់​ព័ន្ធ​ក្នុង​វិវាទ​ដីធ្លី​​មួយ​ត្រូវ​បាន​​ផ្ដល់​ដី​​ថ្មី​ទំហំ​១០០​ហិក​តាស្ថិតក្នុង​ស្រុក​អូរជ្រៅ កាលពីម្សិល​មិញ ប៉ុន្តែ​ពួកគាត់​បាន​បដិសេធ​មិនទទួល​យក​ទេ ពីព្រោះ​ដី​នោះ​ត្រូវ​បាន​កាន់​កាប់​ដោយ​អ្នក​ភូមិ​ជាង​២៣០​គ្រូសារ​ទៀត​រួច​ទៅ​ហើយ​។

កាលពីម្សិលមិញ អាជ្ញាធរ​ខេត្ត​បាន​លើក​ឡើង​ថា ខ្លួន​នឹង​ផ្ទេរ​ដីទំហំ​១០០​ហិកតា​នៅ​ក្នុង​ភូមិ​រ៉ុន ​ឃុំ​សឹង្ហ​ ទៅ​ឲ្យ​អ្នក​ភូមិ​៧១​គ្រួសារ​មកពី​ភូមិ​ស្នួល​ទ្រេត ក្នុង​ឃុំ​អូរបីជាន់។ ប៉ុន្តែ​សេចក្ដី​សម្រេច​ដែល​ធ្វើ​ឡើង​ដោយ​​​លោក ជុង ភេទ អភិបាល​រង​ខេត្ត​នោះ​បាន​ធ្វើ​ឲ្យ​​អ្នក​ភូមិ​៧១​គ្រួសារ​ដែល​ជាប់​ពាក់​ព័ន្ធ​ក្នុង​វិវាទ​ដីធ្លី និង​អ្នក​ភូមិ​២៣៧​​គ្រួសារ​ទៀត​ដែល​រស់​នៅ​លើ​ដី​ទំហំ​​១០០​ហិកតា​​នេះ​មាន​កំហឹង​ ហើយ​ប្រឈម​​នឹង​ការ​បាត់​បង់​ដីនោះ។

លោក វិញ ចិត្រ មេភូមិ​រ៉ុន ​មាន​ប្រ​សា​សន៍​​​ថា “សេចក្ដី​សម្រេច​នេះ​បាន​ធ្វើ​​​​ឲ្យ​​អ្នក​ភូមិ​របស់​ខ្ញុំ​មាន​កំហឹង​ ពីព្រោះ​​ពួក​​​​គាត់​បាន​រាន​ដីនេះ​ ហើយ​បាន​រស់​នៅ​ទី​នោះ​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៩​មក​ម៉្លេះ”។ លោក​បាន​បន្ថែមថា “ខ្ញុំ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ ពីព្រោះ​អ្នក​ភូមិ​មកពី​ឃុំ​ផ្សេ​ង​គ្នា​ចំនួន​​ពីរ​ឥឡូវ​នេះ​អាច​តវ៉ា​យក​ដីសម្រាប់​ធ្វើ​ស្រែ​ចម្ការ​​នេះ​”។

លោក ជួន ចេន អនុ​ប្រធាន​ភូមិ​ស្នួល​ទ្រេត​​​បាន​មាន​ប្រសាសន៍​ថា សេចក្ដី​សម្រេច​ដែល​ធ្វើ​ឡើង​នៅ​កិច្ច​​ប្រជុំ​មួយ​កាល​ពី​ព្រឹក​ម្សិល​មិញជាមួយ​លោកអភិ​បាល​​រងខេត្ត​​ បាន​ធ្វើ​ឲ្យ​អ្នក​ភូមិ​របស់​ខ្ញុំ​មាន​កំហឹង​ផង​ដែរ​។

លោក កែវ សុង តំណាង​អ្នក​ភូមិ​៧១​គ្រួសារ​​មាន​ប្រសាសន៍​ថា ក្រុម​អ្នក​ភូមិ​ជំទាស់​​​​​ដាច់​ខាត​មិន​​ទទួល​យក​ដីថ្មីនោះ​ឡើយ​។ លោក​បាន​មាន​ប្រសាសន៍​ថា “យើង​នឹង​មិនទទួល​​យក​ដីសម្រាប់​ធ្វើ​ស្រែ​ចម្ការ​របស់​អ្នក​ភូមិ​ផ្សេង​ឡើយ​។ សេចក្ដី​សម្រេច​​ដែល​​ធ្វើ​ឡើង​ដោយ​លោក ជុង ភេទ អភិបាល​រង​ខេត្ត​នេះ​ឥត​អៀន​ខ្មាស​ទាល់​​តែសោះ​ ព្រោះ​​​លោក​យក​ដី​របស់​យើង​ទៅ​ឲ្យ​ក្រុម​ហ៊ុន​ ហើយ​ជំរុញ​ឲ្យ​ពួក​យើង​ប្រឈម​មុខ​ជាមួយ​អ្នក​ភូមិ​ផ្សេង​ទៀត​ដើម្បី​ដីរបស់​ខ្លួ​ន​ទៅ​វិញ”។

កាលពីឆ្នាំ​២០០២​រដ្ឋបាល​ព្រៃ​ឈើ​បាន​ប្រាប់​អ្នកភូមិ​នៅ​ភូមិ​ស្នួ​ល​ទ្រេត​ថា ពួក​គាត់​ត្រូវ​តែ​ចាក​ចេញពី​ដី​របស់​ខ្លួន ពីព្រោះ​ពួក​គាត់​រស់​នៅ​ក្នុង​តំបន់​ការ​ពារ​។ ​អនុ​ប្រធាន​ភូមិ​រូប​នេះ​បាន​មាន​ប្រសា​សន៍​​​ថា ទោះ​ជាយ៉ា​ង​ណា​ កាលពីឆ្នាំ​២០០៨ ​ក្រុម​ហ៊ុន ​សូ ចន្ធូ ទទួល​បាន​ដីសម្បទាន​ទំហំ​៣.៧៤៤​​​​ហិកតា នៅ​ក្នុង​ឃុំចំនួន​បី​ក្នុង​ស្រុក​អូរជ្រៅ រួម​​​មាន​ភូមិ​ស្នួល​ទ្រេត និង​តំបន់​នៅ​​ក្បែរ​ៗ​នោះ ។

លោក​ ជុង ភេទ បាន​មាន​ប្រសាសន៍​បន្ទាប់​​​ពី​កិច្ច​ប្រជុំ​​នោះ​ថា សេចក្ដី​សម្រេច​នេះ​គ្រាន់​តែ​បណ្ដោះ​អាសន្ន​ប៉ុណ្ណោះ ហើយ​ថា ដី​នៅ​ក្នុង​​ភូមិ​ស្នួល​ទ្រេតនឹង​ត្រូវ​ដាំ​ដើម​​ឈើ​ឡើង​វិញ​ ដែលជា​ផ្នែក​មួយ​នៃ​គម្រោង​​របស់​រដ្ឋា​ភិបាល​។ លោក​បាន​បន្ថែម​ថា “យើង​នឹង​មិន​យក​ដី​របស់​អ្នកភូមិ​ទៅ​ឲ្យ​អ្នក​ភូមិ​ផ្សេង​​ឡើយ។ ដីដែល​យើង​មាន​គម្រោង​​ផ្ដល់​ទៅ​ឲ្យ​អ្នក​ភូមិ​គឺ​ជា​ដី​ព្រៃ​របស់​រដ្ឋ​​ទាំង​អស់​”។

លោក ស៊ុម ចាន់គា អ្នក​សម្រប​សម្រួល​អង្គការ​សិទ្ធិមនុស្ស​អាដ​ហុក​ប្រចាំ​ខេត្ត​នេះ​មាន​ប្រសាសន៍​ថា លោក​សង្ស័យ​ថា គម្រោង​​​​​នេះ​គ្រាន់​តែ​ជាការ​បណ្ដោះ​អាសន្ន​ប៉ុណ្ណោះ​ ពីព្រោះ​អ្នក​ភូមិ​៧១​គ្រួសារ​ត្រូវ​បាន​ស្នើ​សុំ​ឲ្យ​ផ្ដិត​មេដៃ​លើ​​ឯក​សារ​​​យល់​ព្រម​ផ្ទេរ​ដី​​នោះ​រួច​ហើយ​។ លោក​បាន​បញ្ជាក់​ថា ពួកគាត់​ទាំង​អស់​គ្នា​បាន​បដិសេធ​៕សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស