26 C
Phnom Penh

បក្ស​ប្រជាជន​និង​បក្ស​សង្គ្រោះ​​ជាតិ​ព្រម​ព្រៀង​បង្កើត​​គ​ណៈ​កម្មការ​​កែ​ទម្រង់​​​ការ​បោះ​​ឆ្នោត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ មន្ត្រី​ជាន់ខ្ពស់​​មកពី​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ និង​គណ​បក្ស​សង្គ្រោះ ជាតិ បាន​ជួប​គ្នា​ជាលើក​ដំបូង​នៅ​ក្នុង​​រយៈ​ពេល​បីខែ​មក​នេះ​ ​និង​​បានព្រម​ព្រៀង​​គ្នា​ជា​គោល​ការណ៍​​បង្កើត​គណៈ​កម្ម​ការ​ចម្រុះ​​ មួយ​ដើម្បី​រៀប​ចំ​ក្រប​ខណ្ឌ​សម្រាប់​អនុ​វត្ត​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​។

កិច្ច​ប្រជុំ​លើក​ទី៣រវាង​គណបក្ស​ទាំង​ពីរ​ចាប់​តាំង​ពី​ការ​បោះឆ្នោត​ជាតិដ៏ចម្រូង​ចម្រាស​​​កាលពីឆ្នាំមុននេះ​បាន​បញ្ចប់​​នៅពាក់​កណ្ដាល​​​ថ្ងៃ​ ដោយថ្នាក់​ដឹកនាំ​​មន្ត្រី​​មក​ពី​គណបក្ស ទាំង​ពីរ​បាននិយាយ​​​ថា ពួកគាត់​បាន​ព្រម​ព្រៀង​គ្នា​បីចំណុច​សំខាន់ៗ​​ដើម្បី​​នាំ​យក​ទៅ​ឲ្យ​មេដឹកនាំ​គណបក្ស​ពិចា​រណា​។

សេចក្ដី​ប្រកាស​រួមមួយ​បាន​លើក​ឡើង​​​ថា គណបក្ស​ទាំងពីរ​នឹង​ព្យាយាម​ “ បង្កើត​គណ​ៈ​​​កម្មការ​មួយ​ដែល​មាន​ស​មាជិកស្មើ​គ្នា​​មក​ពី​គណបក្ស​ទាំង​ពីរ​ដែល​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​ដើម្បី​សិក្សា​ និង​រៀប​ច​ំ​ក្រប​ខណ្ឌ​សម្រាប់​ការ​កែ​ទម្រង់​ការ​បោះ​ឆ្នោត​នៅ​ពេលអនា គត”។

សេចក្ដី​ប្រកាស​ដែល​ចុះហត្ថលេខា​ដោយ​​លោក ព្រំ សុខា រដ្ឋលេខាធិការ​ក្រសួង​​មហាផ្ទៃ​ ដែល​ដឹកនាំ​មន្ត្រី​គណបក្ស​ប្រជា​ជន​កម្ពុ​ជា​នៅ​ក្នុង​ការ​ចរចា​នេះ និង​លោក សុន ឆ័យ ប្រធាន​ក្រុម​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជា​តិ​ ដែល​ដឹកនាំ​​មន្ត្រី​គណបក្ស​ប្រឆាំង​ បានលើក​ឡើង​ថា ការ​កែ​ទម្រង់​មាន​​បំណង​ “ ធានា​ឲ្យមានការ​បោះឆ្នោត​ដោយ​សេរី​ ត្រឹម​ត្រូវ​ និង​យុត្តិធម៌​”។

យោង​តាម​សេចក្តី​​ប្រកាស​នេះ​​ឲ្យដ​ឹង​ថា គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជា​ជន​កម្ពុ​​​ជា​​ក៏បាន​ព្រម​ព្រៀង​បើក​ចំហឲ្យ​អង្គការ​សង្គម​សីុវិល​ និង​សាធា​រណ​ជន​ចូល​រួ​ម​នៅ ក្នុង​គណៈកម្មការនេះ​ផង​ដែរ​ និង​ទទួល​យក​ការ​ឧបត្ថម​្ភ​ផ្នែក​បច្ចេក​ទេស​ និង​ហិរញ្ញវត្ថុ​ពី​អង្គការ​ជាតិ​ និង​អន្តរជាតិ​។

លោក សុន ឆ័យ​ បានមាន​ប្រសាសន៍​បន្ទាប់​ពី​ចាក​ចេញ​ពីកិច្ច​ប្រជុំ​នោះថា “កិច្ច​ប្រជុំ​រវាង​​គណបក្ស​សង្គ្រោះ​ជាតិ និង​គណ​បក្ស​ប្រជាជន​កម្ពុជា​នេះគឺ​ជា​ជោគ​ជ័យ​។ យើង​សង្ឃឹម​ថា កិច្ច​ប្រជុំ​នេះ​អាច​នាំ​ឲ្យ​​មាន​កិច្ច​ប្រជុំ​របស់​ថ្នាក់​ដឹក​នាំ​កំពូល​​របស់​គណ បក្ស​ទាំង​ពី​រ ហើយ​បញ្ហា​ទាំង​អស់​អាច​ដោះ​ស្រាយ​​​បាន​​នៅ​ពេល​​ឆាប់​ៗនេះ​”។

គណបក្ស​សង្គ្រោះ​ជាតិ​បាន​និង​កំពុង​ធ្វើ​ពហិការ​មិន​ទទួល​យក​​អាសនៈ​សភា​​៥៥​ដែល​គណៈកម្មាធិការ​ជាតិ​​រៀប​ចំការ​បោះ​ឆ្នោត​និយាយ​ថា គណបក្ស​នេះ​ទទួ​ល​បាន​នៅ​ក្នុងការ​បោះឆ្នោត​កាល​ពីឆ្នាំមុន​ ដោយ​លើកឡើ​ងពី​ការ​ដែល​គណបក្ស​ប្រជា​ជន​កម្ពុជា​​​មិន​ព្រម​អនុញ្ញាត​ឲ្យមានការ​សើុប​​អង្គេត​ឯករាជ្យ​​លើ​សេចក្តី​រាយការណ៍​អំពី​ការ​លួច​បន្លំ​ និង​ភាព​មិន​ប្រក្រតី​នៅក្នុង​ការ​បោះ​ឆ្នោត​នោះ​។

កាល​ពីខែ​ធ្នូ គណបក្ស​សង្គ្រោះ​ជាតិ​​បាន​ទាម​ទារ​ឲ្យ​មាន​​ការ​បោះឆ្នោត​ថ្មី​តាម​រយៈ​ការ​ធ្វើ​បាតុ​កម្ម​ជា​បន្ត​បន្ទាប់​នៅក្នុង​ទីក្រុង​ភ្នំពេញ​។ ការ​តវ៉ា​ទាំង​នេះ​ត្រូវ​បាន​កង​កម្លាំង​ ​របស់​​រដ្ឋាភ​ិ​បាល​​បង្ក្រាប​ដោយ​ហិង្សា​កាល​ពីខែ​មុន​។

លោក​ សុន ឆ័យ​ បាន​បញ្ជាក់ថា កិច្ច​ប្រជុំ​កាល​ពីម្សិលមិញ មិន​ពាក់​ព័ន្ធ​នឹង​ការ​ចរចា​អំពី​ការ​បញ្ចប់​ការ​ធ្វើ​ពហិការ​មិន​ចូល​រដ្ឋ​សភា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ឬ​អំពីការ​បោះ​ឆ្នោត​ថ្មី​មុន​​​ការ​បោះ​ឆ្នោត​ដែល​គ្រោង​ធ្វើ​នៅ​ឆ្នាំ​២០១៨​នោះ​ទេ​។ លោក សុន ឆ័យ​ បាន​មាន​ប្រសាសន៍ថា “ ការ​ចរចា​អំពី​បញ្ហា​បែ​ប​នេ​ះ គឺជា​ភារកិច្ច​របស់​​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​ ហើយ​អាច​នឹង​កើត​ឡើង​នៅពេល​ដ៏ខ្លី​ខាង​មុខ​នេះ”។

លោក​ ព្រុំ​​​ សុខា ​ដែល​បាន​ឲ្យដឹង​បន្ទាប់​ពី​កិច្ច​ប្រជុំ​នេះថា កាល​បរិច្ឆេទ​នឹង​ត្រូវ​កំណត់​នៅ​ពេល​ឆាប់ៗនេះ​ដើម្បី​សម្រេច​​លើ​សេច​ក្តី​​លម្អិត​នៃ​គណៈកម្ម​ការ​នេះ​បាន​មាន​ប្រសាសន៍​​តាម​ទូរស័ព្ទ​ថា គណៈកម្ម​ការ​​ថ្មីនេះ​​មិន​មាន​ន័យ​ថា ជាការ​ទទួល​ស្គាល់​​ពី​គណបក្ស​ប្រជា​ជន​កម្ពុជា​​​ថា ការ​បោះឆ្នោត​កន្លង​មក​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ទេ​។

លោក​ ព្រុំ​​​ សុខា បានមាន​ប្រសាសន៍​ “ វា​មិន​មាន​ន័យ​ថា ការ​បោះឆ្នោត​កន្លង​មក​នេ​ះ​មិន​​ត្រឹម​ត្រូវ​ទេ។ ​​មុន​ពេល​មាន​ការ​បោះ​ឆ្នោត​​យើង​ត្រូវ​​ពិនិត្យ​មើល​ពី​លទ្ធភាព​​នៃ​ការ​កែទម្រង់​”។

លោក ព្រុំ សុខា បានមាន​​​ប្រសាសន៍​​​​បន្ថែម​​​ថា “គណ​ៈ​កម្ម​​ការនេះ​នឹង​មាន​សមាភាព​មក​ពី​គណបក្ស​ទាំង​ពីរ​ ដែល​មាន​អាសនៈ​នៅ​​​ក្នុង​រដ្ឋ​សភា​។ ទាំង​នេះគឺ​ជា​ពាក្យគន្លឹះ​​ គឺ​គណ​​​បក្ស​នយោ​បាយ​ដែលមាន​អាសនៈ​នៅក្នុង​រដ្ឋ​សភា​”។

នៅពេល​​សួរថា តើ​លោក​គិតថា​​គណ​បក្ស​​សង្គ្រោះ​ជាតិ​គឺ​ជាគណបក្ស​បែ​បនេះ​ ឬ​យ៉ាង​ណានោះ លោក ព្រុំ សុខា ឆ្លើយ​ថា “ខ្ញុំ​មិន​ចង់​​និយាយ​អំពី​រឿង​នេះ​ទេ​។ សួរ​ពួក​គេ​ទៅ​”។
លោក សុន ឆ័យ​ បានមាន​ប្រសាសន៍ថា ពាក្យ​ពេចន៍នៅក្នុង​សេចក្តី​ប្រកាស​នេះ​ត្រូវ​បាន​ពិភាក្សា​នៅក្នុងកិច្ច​ប្រជុំ​នេះ​។

លោក​បាន​មាន​ប្រសាសន៍ថា “ ទោះ​បី​ជា​យើង​មាន​កា​រខ្វែង​​គំនិត​គ្នា​ថា តើ​គណ​បក្ស​ណា​ទទួល​បាន​អាសនៈ​ប៉ុន្មាន​នោះ​ក៏​ដោយ​ ក៏​យើង​បាន​ព្រម​ព្រៀង​គ្នាថា មាន​​តែ​គណបក្ស​ពីរ​ប៉ុណ្ណោះ​ដែល​ត្រូ​វ​ជ្រើស​រើស​។​ ល្បះ​នេះមាន​ន័យ​ថា គណបក្ស​ដែល​ជាប់​ឆ្នោត​”។

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បាន​លុប​​ចោល​ការ​ចរ​ចា​ដែ​ល​គ្រោង​ធ្វើ​នៅខែ​មករា​ បន្ទាប់​ពីការ​បង្ក្រាប​របស់​រដ្ឋាភិបាល​ទៅលើការ​ធ្វ​ើបាតុកម្ម​នោះ​បានមាន​ប្រសាសន៍ថា វា​សំខាន់​ក្នុងការ​ធ្វើ​កំណែ​ទម្រង់​ការ​បោះឆ្នោត​មុន​ពេល​មាន ការ​ចរចា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា អំពីការ​ជាប់គាំង​នេះ​។

លោក​បានមាន​ប្រសាសន៍ថា “ ពួក​គេ​ប្រហែល​ជា​សម្រេច​លើ​កាល​បរិច្ឆេទ​សម្រាប់​ ការ​បោះឆ្នោត​ ហើយ​យើង​អាច​មាន​ពេល​វេលា​ខ្លី​ដូច្នេះ​យើង​ត្រូវ​ប្រើ​ប្រាស់ពេល​វេលា​ឲ្យមាន​ប្រយោជន៍​មុន​ការ​បោះឆ្នោត​នោះ​ ដើម្បីធានា​ថា វា​​ល្អ​ប្រសើ​រជាង​ការ​បោះឆ្នោត​លើក​មុន​”។

លោក សម រង្ស៊ី បាន​មាន​ប្រសាសន៍ថា ការ​ចរចា​នៅពេល​អនាគត​​នឹង​ផ្តោត​លើ​កំណែ​ទម្រង់ការ​បោះឆ្នោត​ជា​បន្ទាន់​​​ដែល​អាច​​ធ្វើ​ឲ្យ​​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​​អាសនៈ​របស់​ខ្លួន​មុន​ពេល​ការ​បោះឆ្នោត​។

គណបក្ស​ប្រជា​ជន​កម្ពុជា​​​បាន​លើក​​​ឡើ​​​ង​​​​ថា ការ​បោះឆ្នោត​មុន​កាល​កំណត់​អាចធ្វើ​ទៅ​បាន​ប្រសិន​បើ​គណបក្ស​សង្គ្រោះជាតិ​​ទទួល​យក​​អាសនៈ​របស់​ខ្លួន​​នៅក្នុង​រដ្ឋ​សភា​។ គណ​បក្ស​នេះឲ្យ​​​ដឹង​​​​ថា ការ​បោះឆ្នោត​បែ​ប​នេះ​​​​តម្រូវ​ឲ្យមាន​ការ​អនុម័ត​យល់ព្រម​ពី​សមាជិក​សភា​ជាប់​ឆ្នោត​​កាល​ពីឆ្នាំ​មុន​ពីរភាគ​បី​ ដើម្បី​ធ្វើ​វិសោធ​​នកម្ម​រដ្ឋ​ធម្មនុញ្ញ​៕​គឹម​ហឿន​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស