អ្នករត់រ៉ឺម៉កម៉ូតូកង់បីជាច្រើនបានប្រជែងគ្នាដើម្បីដណ្តើមអតិថិជន ប៉ុន្តែសម្រាប់លោក ហួង ហួរ វិញទទួលបានអតិថិជនដោយមិនចាំបាច់ខំប្រឹង។

ខណៈពេលលោក ហួង ហួរ ឈរនៅលើចិញ្ចើមផ្លូវក្បែរមាត់ទន្លេ មានភ្ញៀវទេសចរជាច្រើនក្រុមបានចង្អុលមកកាន់រ៉ឺម៉កម៉ូតូកង់បីពណ៌លឿងចាស់ដ៏ភ្លឺចាំងរបស់លោក។ រ៉ឺម៉កម៉ូតូពណ៌លឿងចាស់ដ៏ភ្លឺរលោងរបស់លោក ហួង ហួរ មានរាងដូចជាគ្រាប់សណ្តែកសៀង ហើយវាខុសពីរ៉ឺម៉កម៉ូតូកង់បីស៊េរីចាស់ដែលធ្វើអំពីឈើឆ្ងាយណាស់។
រ៉ឺម៉កម៉ូតូកង់បីរាងមូលដូចសណ្តែកសៀងនេះបានមកដល់រាជធានីភ្នំពេញកាលពីខែវិច្ឆិកា ដោយសារលោក ប៊្រូណូ ប៊្រុនណឺ (Bruno Brunner) ជាជនជាតិស្វ៊ីសដែលបើកក្រុមហ៊ុនជួលម៉ូតូ។
លោក ប៊្រុនណឺ បានមានប្រសាសន៍ថា “ធុក ធុក នេះទំនើប ហើយវាស័ក្តិសមសម្រាប់ឆ្នាំ២០១៤។រីឯអ្នកធ្វើដំណើរវិញក៏ចូលចិត្តធុក ធុក នេះដែរ”។ រូបរាងថ្មីនេះគឺវាមានភាពខុសគ្នាពីរ៉ឺម៉កម៉ូតូកង់បីសព្វថ្ងៃដែលមានចំនួនជាង៦.០០០ គ្រឿងក្នុងរាជធានីភ្នំពេញយ៉ាងខ្លាំង នេះបើយោងតាមសមាគមប្រជាធិតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ(IDEA) ជាសហជីពដែលតំណាងឲ្យអ្នករត់រ៉ឺម៉កម៉ូតូកង់បី។
លោក ប៉ុក សំណាង ប្រធានសមាគមមគ្គទេសក៍ទេសចរកម្ពុជាបានឲ្យដឹងថា ដោយទទួលឥទ្ធិពលដំបូងពីឆៃកែវរបស់ប្រទេសចិនរ៉ឺម៉កម៉ូតូបានមានវត្តមានជាលើកដំបូងនៅក្នុងប្រទេសកម្ពុជានៅមុនសម័យខ្មែរក្រហម។ កាលពីឆ្នាំ១៩៨០ រ៉ឺម៉កម៉ូតូបានមានវត្តមានជាថ្មីម្តងទៀតដោយមានប្រវែង៥ម៉ែត្រ ហើយអាចដឹកមនុស្សពី២០ទៅ៣០នាក់ ក៏ដូចជាទំនិញផ្សេងៗរបស់អ្នកដំណើរផងដែរ។
តែទោះជាយ៉ាងណា លោក ហេង សាម៉ុន អគ្គលេខាធិការនៃសមាគមប្រជាធិតេយ្យឯករាជនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធបានលើកឡើងថា រ៉ឺម៉កដែលមានប្រវែងយ៉ាងវែងបែបនេះ គឺវាលំបាកខ្លាំងណាស់នៅពេលបើកបរតាមផ្លូវដែលមានមនុស្សយ៉ាងច្រើនក្នុងរាជធានីភ្នំពេញ។
លោក សាម៉ុន បានមានប្រសាសន៍ថា “រ៉ឺម៉កប្រភេទនេះធ្វើឲ្យមានការកកស្ទះចរាចរណ៍ក្នុងរាជធានី ហេតុដូច្នេះទើបច្បាប់ចរាចរណ៍មិនអនុញ្ញាតឲ្យរ៉ឺម៉កបែបនេះចូលក្នុងរាជធានី”។
ដំណោះស្រាយដើម្បីដោះស្រាយការកកស្ទះចរាចរណ៍បានកើតឡើងអំឡុងឆ្នាំ២០០០។ ហើយដោយសារតែភ្ញៀវទេសចរបានសម្រុកមកលេងប្រទេសកម្ពុជាយ៉ាងច្រើននោះ ពលរដ្ឋខ្មែរនៅខេត្តសៀមរាប បានទទួលឥទ្ធិពលពីធុក ធុក របស់ប្រទេសថៃ ដោយពួកគាត់បានបង្កើតរ៉ឺម៉កម៉ូតូកង់បីខ្លីជាងមុន និងមានពូកសម្រាប់អង្គុយនៅខាងក្រោយ។
លោក ប៉ុក សំណាង បានមានប្រសាសន៍ថា “ រ៉ឺម៉កម៉ូតូទាំងនេះបានដឹកភ្ញៀវទេសចរនៅក្នុងក្រុងសៀមរាបនិងតំបន់អង្គរ។វាទទួលបានការចាប់អារម្មណ៍ច្រើនឡើងៗ ហើយបន្ទាប់មកវាក៏ត្រូវបានគេចាប់ផ្តើមប្រើប្រាស់ច្រើនឡើងៗផងដែរ”។
ហើយឥឡូវនេះរ៉ឺម៉កម៉ូតូទាំងនេះគឺត្រូវបានគេប្រើប្រាស់យ៉ាងច្រើនក្នុងរាជធានីភ្នំពេញពោលគឺពេលភ្ញៀវទេសចរ ឬអ្នករស់នៅក្នុងរាជធានីភ្នំពេញដើរទៅណាមកណាគឺសុទ្ធតែឃើញរ៉ឺម៉កម៉ូតូកង់ទាំងនេះ ដែលជាហេតុធ្វើឲ្យអ្នកថ្មើរជើងជាច្រើនមានការព្រួយបារម្ភពីសុវត្ថិភាពរបស់ខ្លួន។
ចំណែកឯពាក្យទាក់ទិននឹងរ៉ឺម៉កម៉ូតូកង់បីនេះក៏មានការពិភាក្សាដេញដោលគ្នាយ៉ាងខ្លាំងផងដែរ។ លោក ប្រាក់ វុទ្ធី ប្រធានគ្រប់គ្រងទីផ្សារទទួលបន្ទុកប្រទេសតំបន់អាស៊ាននៅក្រសួងទេសចរណ៍បានមានប្រសាសន៍ថា “យើងហៅវាថា រ៉ឺម៉កម៉ូតូកង់បី”។ លោកបានបញ្ជាក់ថា ពាក្យ ធុក ធុក នេះគឺជាពាក្យមកពីប្រទេសថៃ។
លោក ប៉ុក សំណាង បានលើកឡើងថា គេអាចហៅម្យ៉ាងទៀតថា ជា “រ៉ឺម៉ក” ក៏បានដែរព្រោះពាក្យរ៉ឺម៉កនេះគឺជាពាក្យបារាំងដែលនៅពេលមួយត្រូវបានគេប្រើប្រាស់ជាទូទៅដើម្បីសំដៅលើធុក ធុក នេះឯង។ តែទោះជាយ៉ាងណា នៅមានអ្នកខ្លះបានការពារពាក្យ “ធុក ធុក” នេះដោយពួកគេបានលើកឡើងថា នៅពេលប្រើពាក្យថា ធុកធុក គឺវាស្តាប់មើលទៅទំនងជាង។
លោក ប៊្រុនណឺ មិនបានជំទាស់អ្វីទេចំពោះការហៅរ៉ឺម៉កម៉ូតូកង់បីថ្មីរបស់លោកថា ធុក ធុក នោះ ព្រោះលោកចង់ឲ្យមុខជំនួញរបស់លោកដំណើរការប៉ុណ្ណោះ។ ទោះបីជាមានអ្នកទិញចាប់អារម្មណ៍ច្រើនក៏ដោយ ក៏លោកនៅតែជួលរ៉ឺម៉កម៉ូតូកង់បីរបស់លោក ក្នុងតម្លៃ៨០ដុល្លារក្នុងមួយខែហើយប្រសិនបើមានការផ្សព្វផ្សាយពាណិជ្ជកម្មលើរ៉ឺម៉កម៉ូតូនេះ លោកយកតម្លៃ៣០ដុល្លារប៉ុណ្ណោះ។
លោក ភាព ភព ដែលបានចាប់ផ្តើមប្រើប្រាស់រ៉ឺម៉កម៉ូតូកង់បីរាងដូចសណ្តែកនេះអស់រយៈពេលជាបីខែមកហើយ មិនទទួលបានប្រាក់ចំណេញច្រើនប៉ុន្មានទេ បើធៀបទៅនឹងរ៉ឺម៉កម៉ូតូចាស់របស់គាត់ ដែលគាត់បានទិញក្នុងតម្លៃ៨០០ដុល្លារនោះ។ ប៉ុន្តែគាត់ចំណាយត្រឹមតែមួយដុល្លារក្នុងមួយថ្ងៃប៉ុណ្ណោះលើថ្លៃជួលរ៉ឺម៉កម៉ូតូកង់បីថ្មីរបស់គាត់ដែលមានផ្សាយពាណិជ្ជកម្មឲ្យក្រុមហ៊ុន Ezecom នោះ ហេតុដូច្នេះគាត់ពេញចិត្តនឹងរ៉ឺម៉កម៉ូតូកង់បីដែលមានរូបរាងថ្មីនេះ។ លោក ភាព ភព បាននិយាយថា “ខ្ញុំមិនចាំបាច់ត្រូវចំណាយច្រើននោះទេ។ រ៉ឺម៉កម៉ូតូនេះទទួលបានការចាប់អារម្មណ៍ច្រើនពីភ្ញៀវទេសចរ”៕ ស៊ុយឈាង