28 C
Phnom Penh

មនុស្ស​បី​នាក់​បាត់​ខ្លួន​​ក្នុង​ហេតុ​ការណ៍បាក់​ច្រាំង​ទន្លេ​មេគង្គ​នៅ​​ស្រុក​ខ្សាច់​កណ្តាល​ខេត្ត​កណ្តាល​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្រុក​ខ្សាច់​កណ្តាល​,ខេត្ត​កណ្តាល​- ស្ត្រី​អាយុ​៣៩​ឆ្នាំ​ម្នាក់​ និង​កុមារ​ពីរនាក់​បាន​បាត់​ខ្លួន​ ហើយ​​ត្រូវ​គេ​សន្មតថា បាន​ស្លាប់​បន្ទាប់​ពី​ផ្ទះ​របស់​ពួកគេ​នៅក្នុង​ឃុំ​ព្រះ​ប្រសប់​​បាន​រលំ​ចូល​ទៅក្នុង​ទឹក​ទន្លេមេគង្គ​​កាល​ពី​យប់​ថ្ងៃ​អង្គារ ជា​សោក​នាដ​កម្ម​មួយ​ដែល​អ្នក​ភូមិ​បន្ទោស​​លើ​ការ​បូម​ខ្សាច់ពី​បាត​ទន្លេ​នោះ​។

ផ្ទះឈើ​មួយ​ខ្នង​ស្ថិត​នៅមាត់​ទន្លេ​មេគង្គក្នុង​ឃុំ​ព្រះប្រសប់​ ស្រុក​ខ្សាច់​កណ្តាល​ ខេត្ត​កណ្តាល​ បន្ទាប់​ពីការបាក់​ច្រាំង​ទន្លេ​​​បណ្តាល​ឲ្យផ្ទះ​នៅជាប់​គ្នា​ធ្លាក់​ចូល​ទន្លេ។ គេ​សន្មត​ថាមនុស្សបី​នាក់​ស្លាប់​ក្នុង​ហេតុ​ការណ៍​នេះ​ កាល​ពីម្សិល​មិញ។ Simon Henderson/The Cambodia Daily​
ផ្ទះឈើ​មួយ​ខ្នង​ស្ថិត​នៅមាត់​ទន្លេ​មេគង្គក្នុង​ឃុំ​ព្រះប្រសប់​ ស្រុក​ខ្សាច់​កណ្តាល​ ខេត្ត​កណ្តាល​ បន្ទាប់​ពីការបាក់​ច្រាំង​ទន្លេ​​​បណ្តាល​ឲ្យផ្ទះ​នៅជាប់​គ្នា​ធ្លាក់​ចូល​ទន្លេ។ គេ​សន្មត​ថាមនុស្សបី​នាក់​ស្លាប់​ក្នុង​ហេតុ​ការណ៍​នេះ​ កាល​ពីម្សិល​មិញ។ Simon Henderson/The Cambodia Daily​

លោក ពៅ ផន នាយ​ប៉ុស្តិ៍​នគរ​បាល​ឃុំ​បាន​មាន​ប្រសាសន៍ថា មនុស្ស​ប្រាំបួន​នាក់​​ទៀត​បាន​រង​របួស​នៅពេល​ដី​មួយ​ក្បាល​​ប្រវែង​១៥គុណ​នឹង​៥០ម៉ែត្រនៅ​​មាត់​​ទន្លេ​​ដែល​ស្ថិត​នៅពីក្រោយ​​ឡឥដ្ឋ​ដែល​មាន​​គ្រួសារ​មួយ​ចំនួន​ធ្វើ​ការ​នោះ​ បាន​បាក់​ធ្លាក់​ចូល​ទៅក្នុង​ទន្លេ​។ ការ​បាក់​ដី​​ច្រាំង​​ទន្លេ​នេះ​បណ្តាល​ឲ្យ​ផ្ទះ​ឈើ​​បីខ្នង​​នៅ​ជាប់​គ្នា​នោះ​​រលំ​ធ្លាក់​ចូល​ទៅក្នុង​ទន្លេ​នៅពេល​ដែល​គ្រួសារ​ទាំង​នោះ កំពុង​ដេក​។

លោក​បានមាន​ប្រសាសន៍ថា “យើង​កំពុង​ស្វែង​រក​សាកសព​ ប៉ុន្តែ មិនទាន់​មាន​​ឧប​ករណ៍​ ដូច្នេះ​យើង​បាន​ជួល​អ្នក​មុជ​ទឹក​ជន​ជាតិ​វៀត​ណាម​ប្រាំនាក់​ឲ្យ​មុជ​ទឹក​​រាវ​រក​ពួក​គេ​​”។​ រ​ហូត​មកទល់​​យប់​មិញ​នេះ ​គេ​មិន​ទាន់​បាន​រក​ឃើញ​សាក​សព​នៅឡើយ​ទេ។

លោក សៅ សុទ្ធ បានបាត់​បង់​ប្រពន្ធ​​​អាយុ​ ៣៩​ឆ្នាំ​របស់​គាត់​ឈ្មោះ សំ អុល​ កូន​ប្រុស​អាយុ​៣​ឆ្នាំម្នាក់​ និង​ក្មួយ​ប្រុស​អាយុ​១៨ខែ​ម្នាក់​របស់​គាត់​នៅពេល​ផ្ទះ​របស់​គាត់​រលំ​។ កម្មករ​ឡឥដ្ឋ​​ដែល​មាន​អាយុ​៣៩​ឆ្នាំ​ដែរ​នោះ​បាន​និយាយ​ ថា “ នៅពេល​ខ្ញុំ​ដឹ​ងខ្លួន​ឡើង​ ខ្ញុំ​ស្ថិត​នៅក្នុង​ទឹក​​​​ទៅ​ហើយ​”។

លោក សៅ សុទ្ធ​ បាន​និយាយ​នៅពេល​គាត់​អង្គុយ​​នៅ​យ៉​ផ្ទះ​អ្នក​ជិត​ខាង​របស់​​គាត់​នៅចម្ងាយ​ប្រហែល​៥០ម៉ែត្រ​ពី​​ដី​​ផ្ទះ​របស់​គាត់​ថា “ខ្ញុំ​បាន​ឮកូន​ស្រី​អាយុ​១២​ឆ្នាំ​​របស់​ខ្ញុំ​ស្រែក​ឲ្យ​ជួយ​ ដូច្នេះ​បាន​ស្ទុះ​ទៅ​ចាប់​​នាង​ឡើង​ ហើយ​កូន​ស្រី​អាយុ​៧​ឆ្នាំ​របស់​ខ្ញុំ​បាន​​ចាប់​ទាញ​ជើង​បង​ស្រីវា​ រហូត​ដល់​ខ្ញុំ​​នាំ​ពួក​គេ​ទៅ​ដល់​​ដី​គោក​។​ គាត់​បាននិយាយថា “ខ្ញុំ​បាន​ត្រឡប់​ទៅ​ព្យាយាម​ជួយ​ប្រពន្ធ​ខ្ញុំ​ និង​កូន​តូច​របស់​ខ្ញុំ​ ប៉ុន្តែ វាងងឹត​ពេក​មិន​អាច​រក​ពួក​គេ​ឃើញ​ទេ​។ ឥឡូវ​នេះ​ខ្ញុំ​​រន្ធត់​ណាស់ ​ដោយសារ​ខ្ញុំ​បាត់​បង់​ពួក​គេ​”។

​អ្នកស្រី​ ភឿន ពៅ អាយុ​១៨​ឆ្នាំជា​ប្អូន​ស្រី របស់​លោក សៅ សុទ្ធ រស់​នៅក្នុង​បន្ទប់​​​នៅ​ក្បែរនោះ​។ អ្នកស្រី​​ដឹង​ថា កូនប្រុស​​អាយុ​ ១៨ខែ​របស់​គាត់​​មិន​រស់​ទេ​ ប៉ុន្តែ មិន​ទាន់​រក​សាក​សព​ឃើញ​។ អ្នកស្រី​​និយាយ​ថា “ ខ្ញុំ​រន្ធត់​ណាស់​។ នៅពេល​ខ្ញុំ​ធ្លាក់​ចូល​ទៅ​ក្នុង ទឹក ខ្ញុំ​ព្យាយាម​ចាប់​ទាញ​កូន​ប្រុស​ខ្ញុំ​ ប៉ុន្តែ ភ្លាម​ៗ​ នោះ​ឈើ​មួយ​កំណាត់​បាន​ធ្លាក់​មក​ត្រូ​វខ្ញុំ ហើយ ​​កូន​នោះ​ក៏បាន​របូត​ចេញពីដៃ​ខ្ញុំ​ទៅ​”។

អ្នកស្រី​ ទឹម គឹម​ស្រឿន អាយុ​៣២​ឆ្នាំ​ដែល​​រស់​នៅក្នុង​ផ្ទះ​ឈើ​នោះដែរ​​ និង​បាន​​ព្យាយាម​លោត​​ចេញ​ពី​លើ​​ដី​ភក់​បាក់​​​នៅ​ពេល​ផ្ទះ​របស់​គាត់​រលំនោះ ​បាន​និយាយថា ការ​បូម​ខ្សាច់​​នៅ​ទន្លេ​នេះ​​ គឺជា​មូល​ហេត​ុ​នៃ​គ្រោះ​ថ្នាក់​នេះ​។ អ្នកស្រី​បាន​និយាយ​ថា “កាល​ពីបីបួន​ខែ​មុន​យើង​បានឃើញ​ទូ​ក​បូម​ខ្សាច់​នៅ​កណ្តាល​ទន្លេ​នេះ ហើយ​ក្រោយ​មក​ដី​បាន​ចាប់​ផ្តើម​បាក់​នៅមាត់​ទន្លេ​ទាំង​សង​ខាង​”។

​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​បាន​ចេញ​បម្រាម​​ឲ្យ​​ផ្អាក​ការ​បូម​ខ្សាច់​​បណ្តោះ​អាសន្ន​នៅ​ទូទាំង​ទីក្រុង​កាល​ពីខែ​សីហា​។ កាល​ពី​ខែ​ធ្នូ​ ទូក​បូម​ខ្សាច់​​៥​​​គ្រឿង​ត្រូវ​បាន​ឃាត់​ទុក​ចំពោះការ​បំពាន​បម្រាម​​នៅ​​ក្នុង​តំបន់​នោះ រីឯអ្នក​ភូមិ​ជា​ច្រើន​នាក់​មក​ពី​ភូម​ិ​ព្រែក​អំពិល​នៅក្បែរ​នោះ​បាន​តវ៉ា​​កុំឲ្យទូក​ប្រាំគ្រឿង​ទៀត​បូម​ខ្សាច់​ដោយ​​ខុស​ច្បាប់​​។

លោក ខៀវ សុខណាត អភិបាល​រង​ស្រុក​​ខ្សាច់​កណ្តាល​បាន​ជំទាស់​នឹង​ការ​អះ​អាង​របស់​អ្នក​ភូមិ​កាល​ពីម្សិលមិញដែល​ថា ការ​បូម​ខ្សាច់​បាន​បណ្តាល​ឲ្យ​មាត់​ទន្លេ​នេះ​បាក់​។ លោក​​មាន​ប្រសាសន៍ថា “មិន​មាន​ការ​​បូម​ខ្សាច់​នៅទីនេះ​ទេ​។ មាត់​ទន្លេ​នេះ​បាក់​ដោយ​សារ​ការ​ហូរ​ច្រោះ​​​​បណ្តាល​មក​ពី​ចរន្ត​ទឹក​ទន្លេ​ប៉ះ​ទង្គិច​នឹង​ដី​នោះ​”។

អតីត​ម្ចាស់​ឡឥដ្ឋ​នោះ ឈ្មោះ លាភ ឆេង​ស្រូយ បាន​និយាយ​ថា ការ​បាក់​ច្រាំង​នេះ​​អាច​បណ្តាល​មក​ពី​គ្រោះ​ធម្មជាតិ​​​ ប៉ុន្តែ គាត់​បាន​និយាយ​ថា ក្រុម​កម្មករ​រស់​នៅ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នៅតាម​មាត់​ទន្លេ​នោះ​មិន​ដែល​មាន​បញ្ហា​អ្វី​ទេ​ ហើយ​ការ​បូម​​ខ្សាច់​ធំៗ​​ក្នុង​រយៈ​ពេល​​៥​ឆ្នាំមក​នេះ​ទំនង​ជា​មូល​ហេតុ​នៃការ​បាក់​រលំនេះ​។ ព្រះសង្ឃ​ដែល​គង់​នៅវត្តមួយ​នៅ​ចម្ងាយ​ប្រហែល​១០ម៉ែត្រ​​ពី​​មាត់​ទន្លេ​នោះ​ក៏​គិត​ដូច​គ្នា​នេះដែរ​។

ព្រះតេជគុណ ចាន់ ភឿន បានមាន​សង្ឃ​ដីកាថា “នៅពេល​គេ​បូម​ខ្សាច់​នៅ​ទន្លេ​នេះ​ ដី​​ធ្លាក់​ចូល​ទៅក្នុង​បាតទន្លេ​ ហើយ​វា​បាន​បណ្តាល​ឲ្យបាក់​ច្រាំង​ទន្លេនេះ​៕​គឹម​ហឿន

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស