របាយការណ៍មួយចេញផ្សាយដោយក្រសួងមហាផ្ទៃកាលពីថ្ងៃអង្គារបានឲ្យដឹងថា ចំនួនសរុបនៃបទល្មើសកម្រិតស្រាល និងធ្ងន់នៅក្នុងប្រទេសកម្ពុជា បានកើនឡើង១ភាគរយ ឬចំនួន១២៧ករណី ក្នុងឆ្នំា២០១៣បើធៀបនឹងឆ្នាំមុន ខណៈដែលចំនួនបទល្មើសក្នុងរាជធានីភ្នំពេញបានកើនឡើង៦២ភាគរយ។ ក្រសួងនេះបានដាក់ការស្តីបន្ទោសជុំវិញកំណើននេះទៅលើគណបក្សសង្គ្រោះជាតិ។
មានបទឧក្រិដ្ឋចំនួន៧៩០ករណីដែលត្រូវបានកត់ត្រាទុក ក្នុងនោះមានទាំងឃាតកម្ម ការចាប់រំលោភ និងចោរកម្មនៅក្នុងឆ្នាំ២០១ ៣ ពោលគឺបានថយចុះ៤៨ករណី បើធៀបនឹងឆ្នាំ២០១២មក។ បទល្មើសមជ្ឈឹម ដែលមានដូចជាការលួចបន្លំ ចោរកម្ម និងការរំលោភផ្លូវភេទមានចំនួន១.៩២៦ករណីក្នុងឆ្នាំ២០១៣ ពោលគឺកើនឡើង៧៥ករណី ឬ៣,៨ភាគរយ បើធៀបនឹងឆ្នាំ២០១២។
នៅក្នុងរាជធានីភ្នំពេញ មានបទល្មើសចំនួន៧៧៥ករណី ត្រូវបានរាយការណ៍ពោលគឺបានកើនឡើង៦២,៤ភាគរយពី៤៧៧ករណី កាលពីឆ្នាំ២០១២។ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានលើកឡើងថា កំណើននៃបទល្មើសក្នុងរាជធានី គឺដោយសារមហាបាតុកម្មរៀបចំដោយគណបក្សសង្គ្រោះជាតិជុំវិញភាពមិនប្រក្រតីអំឡុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកាលពីខែកក្កដា និងកូដកម្មរបស់កម្មកររោងចក្រកាត់ដេរកាលពីខែក្នុងធ្នូបំណងទាមទារឲ្យមានការដំឡើងប្រាក់ឈ្នួលអប្បរមាដល់១៦០ដុល្លារ។
លោក ខៀវ សុភ័គ បានមានប្រសាសន៍ថា “ភាគច្រើននៃចំនួនបទល្មើសព្រហ្មទណ្ឌបានកើតឡើងក្នុងរាជធានីភ្នំពេញ ដោយសារតែកម្លាំងរបស់យើងយកចិត្តទុកដាក់លើការរក្សាសន្តិសុខនយោបាយ និងសណ្តាប់ធ្នាប់សាធារណៈ ជាហេតុនាំឲ្យជនឱកាសនិយ មមានឱកាសប្រព្រឹត្តបទល្មើស”។
របាយការណ៍ដដែលនេះមានខ្លឹមសារថា “ក្នុងឆ្នាំ២០១៣ ប្រទេសកម្ពុជាបានជួបប្រទះព្រឹត្តិការណ៍ជាច្រើន… ដូចជាបាតុកម្ម កូដកម្ម និងសកម្មភាពតវ៉ាក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្ត ដែលដឹកនាំដោយគណបក្សសង្គ្រោះជាតិ សហជីព និងសមាគម ជាហេតុបណ្តាលឲ្យមានផលប៉ះពាល់ទៅលើសន្តិភាព សណ្តាប់ធ្នាប់សាធារណៈ ជីវិតមនុស្ស និងសេដ្ឋកិច្ចជាតិ”។
របាយការណ៍នេះមានខ្លឹមសារបន្តទៀតថា “ទោះបីជាក្នុងឆ្នាំ២០១៣ ប្រទេសកម្ពុជាបានស្ថិតក្នុងស្ថានភាពលំបាក និងស្មុគស្មាញដែលប៉ះពាល់ដល់សន្តិសុខសង្គមក៏ដោយ ក៏យើងនៅតែខិតខំធ្វើការ ដើម្បីរក្សាសន្តិភាព សន្តិសុខជាតិ និងសង្គមឲ្យមានសណ្តាប់ធ្នាប់ល្អដែរ”។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានលើកឡើងថា សកម្មភាពតវ៉ាកាលពីឆ្នាំមុនប្រហែលជាមិនបណ្តាលឲ្យមានអំពើហិង្សាទេ ប្រសិនបើមិនមានប្រតិបត្តិការបង្ក្រាបយ៉ាងសាហាវពីសំណាក់កងកម្លាំងរបស់រដ្ឋលើសកម្មភាពតវ៉ាដោយសន្តិវិធីទាំងនោះទេនោះ។
លោកបានមានប្រសាសន៍ថា “បាតុកម្មប្រព្រឹត្តទៅដោយសន្តិវិធី ដោយសារតែយើងគោរពច្បាប់ និងឆន្ទៈរបស់ប្រជាជន។ បញ្ហាអំឡុងការបោះឆ្នោតគឺជាការទទួលខុសត្រូវរបស់គណបក្សប្រជាជន។ យើងមិនបានធ្វើអ្វីខុសទេ។ ហើយបទល្មើស[បង្ហាញក្នុងរបាយការណ៍នេះ] គឺជាការប្រព្រឹត្តរបស់កម្លាំងប្រដាប់អាវុធ ក្រោមការដឹកនាំរបស់គណបក្សប្រជាជន ដែលត្រូវទទួលខុសត្រូវចំពោះការស្លាប់របស់ប្រជាជន”៕ ប៊ុននី
(រាយការណ៍បន្ថែមដោយ George Styllis)