29 C
Phnom Penh

ក្រសួង​សុខាភិបាល​លើក​ឡើង​ថា មាន​ករណី​​ឆ្លង​ជំងឺ​គ្រុន​ផ្តាសាយ​បក្សី​ទី៣លើ​ក្មេង​ប្រុស​ម្នាក់ទៀត​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​សុខាភិបាល​ និង​អង្គការ​សុខ​ភាព​ពិភព​លោក​បាន​ឲ្យ​ដឹង​កាលពីម្សិល​មិញ​ថា ករណី​ជំងឺ​គ្រុន​ផ្ដាសាយ​បក្សី​ឆ្លង​មក​មនុស្ស​ទី៣​នៅ​ក្នុង​ឆ្នាំ​នេះ​ត្រូវ​បាន​​បញ្ជាក់​​ថា កើត​លើ​ក្មេង​ប្រុស​អាយុ​៤ឆ្នាំ​ម្នាក់​នៅ​ក្នុង​ភូមិ​តែ​មួយ​ក្នុង​ខេត្ត​ក្រចេះ ជាខេត្ត​ដែល​​​បង​ប្អូន​បង្កើត​ពីរ​នាក់​បាន​ស្លាប់​ដោយ​​សារ​មេរោគ​នេះ​កាលពីដើម​ខែ​មុន​។

ក្រសួង​​សុខាភិបាល​ និង​អង្គការ​សុខ​ភាព​ពិភព​លោក​បាន​លើក​ឡើង​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​រួម​ថា ក្មេង​ប្រុស​អាយុ​៤​ឆ្នាំ​រូប​នេះ​មកពី​ឃុំ​ស្រែចា ស្រុក​ស្នួល ត្រូ​វ​បាន​រក​ឃើញ​ថា បាន​ឆ្លង​មេរោគ H5N1 បន្ទាប់ពី​ក្រុម​ឆ្លើយ​តប​រហ័ស​របស់​ក្រសួង​សុខាភិបាល​បាន​​សង្កេត​ឃើញ​ថា ក្មេង​​ប្រុស​រូប​នេះ​បាន​​​​កើត​​ជំងឺ​គ្រុន​ក្ដៅ​ ក្អក​ ឈឺ​បំពង់​ក ហៀរ​សំបោរ​ និង​ក្អួត​កាល​ពី​ថ្ងៃ​ទី​១២​ ខែ​កុម្ភៈ។

លោកស្រី Vicky Houssiere​ មន្ត្រី​គ្រប់​គ្រង​​ជំងឺ​ឆ្លង​នៅ​អង្គការ​សុខភាព​ពិភព​លោក​បាន​មាន​ប្រសាសន៍​ថា ដំបូង​យើង​មាន​ករណី​ទី២​នៅ​ភូមិ​នេះ​​​ក្នុង​ឆ្នាំ​២០១៤​នេះហើយ​បន្ទាប់​មក​ក្រុម​ឆ្លើយ​​តប​រហ័ស​បាន​​ធ្វើការ​ឃ្លាំ​មើល​ ហើយ​នោះ​ជា​មូល​ហេតុ​ដែល​​​យើង​រក​ឃើញ​ថា ក្មេង​ប្រុស​រូប​នេះ​បាន​ឆ្លង​មេរោគ​គ្រុន​ផ្ដាសាយ​បក្សី​។

លោកស្រី Houssiere​ បាន​មាន​ប្រសា​សន៍​ថា ក្មេង​ប្រុស​រូប​នេះ​ត្រូវ​បាន​ព្យា​បាល​​​​ប្រើ​ថ្នាំ​តាមី​ហ្លូ៊ ជា​ថ្នាំ​​​សម្រាប់​ព្យាបាល​មេរោគ​គ្រុន​ផ្ដា​សាយ​បក្សី ​H5N1 ហើយ​បច្ចុប្បន្ន​ ក្មេង​ប្រុស​នេះ​បាន​​ធូរ​ស្រាល​​វិញ​​ហើយ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ក្រចេះ​។

លោក​ស្រី​បាន​មាន​ប្រសាសន៍​ថា “ នេះ​ជា​លើក​ទី​១ហើយ ដែល​យើង​បាន​រក​ឃើញ​​ករណីថ្មី​តាម​រយៈ​ក្រុម​ឆ្លើយ​តប​រហ័ស​ ​និង​ការ​ឃ្លាំ​មើល​របស់​ពួកគេ​ ដូច្នេះ​នេះ​ពិត​ជា​ដំណឹង​ល្អ​”។ លោក​ស្រី​បាន​មាន​​ប្រសាសន៍​បន្ថែម​ថា តាមធម្មតា​ក្រុម​នេះ​បាន​ស្នាក់​នៅ​ក្នុង​តំបន់​ដែល​មាន​ផ្ទុះ​ជំងឺ​គ្រុន​ផ្ដាសាយ​បក្សី​ដើម្បី​អប់រំ​​​ប្រជា​ពល​រដ្ឋ​កុំ​ឲ្យ​បរិភោគ​ ឬប៉ះ​ពាល់​មាន់​ទាដែល​​ងាប់​ឬឈឺ​ និងធ្វើ​តេស្ត​​ប្រ ជាពល​រដ្ឋ​ដែលមាន​​រោគ​​សញ្ញា​ H5N1 ដែល​វា​​ស្រដៀង​ទៅ​នឹង​ជំងឺ​គ្រុន​ផ្ដាសាយ​ធម្មតា​។

លោកស្រី Houssiere​ បាន​មាន​ប្រសា​សន៍​ថា មាន់​ ក្ងាន និង​ទា ​ប្រហែល​៣៥០​ក្បាល​ ដែល​​ កសិក​រ​ចិញ្ចឹម​នៅកសិដ្ឋាន​ក្រោយ​ផ្ទះ​នៅ​ក្នុង​ភូមិ​ក្បាល​ត្រាច​ បាន​ងាប​់​​ចាប់​តាំង​ពី​ពាក់​កណ្ដាល​ខែ​មករា​។  កាល​ពីដើម​ខែ​នេះ ក្មេង​ប្រុស​​អាយុ​៧​ឆ្នាំ​ ម្នាក់​និង​ក្មេង​ស្រី​អាយុ​៣ឆា្នំ​ម្នាក់​ បាន​ស្លាប​​​់​បន្ទាប់​ពី​ពួកគេ​បរិភោគ​មាន់​​ឈឺ​ងាប់​ ដែល​ឪពុក​​របស់​គេ​បានយកទៅ​ធ្វើ​ម្ហូប​សម្រាប់​ពួក​គេ។

បន្ទាប់ពី​ជំងឺ​គ្រុន​ផ្ដាសាយ​បក្សី​​​ត្រូវ​បាន​បញ្ជាក់​ថា ជាមូលហេតុបណ្ដាល​ឲ្យ​ក្មេង​ប្រុសរូប​នោះ​ស្លាប់ ហើយ​ក្មេង​ស្រី​មិន​ត្រូវ​បាន​​ធ្វើ​តេស្ត​​ដោយ​សារ​​​នាង​បាន​ស្លាប់​ទៅ​ហើយ​នោះ​ ប្រជា​ពល​រដ្ឋ​មាន​ការ​ព្រួយ​បារម្ភ​អំពី​មាន់​ទា​របស់​ខ្លួនដែល​ឈឺ ហើយ​ប្រជា​ពល​រដ្ឋ​ជា​ច្រើន​ទៀត​បាន​សម្លាប់​មាន់​ទា​របស់​ខ្លួន​។

លោក ឡិច គ្រឿញ អនុ​ប្រធាន​ភូមិ​ក្បាល​ត្រាច​បាន​មាន​ប្រសាសន៍​កាលពី​ម្សិល​មិញ​ថា “មនុស្ស​ស្ទើរ​ទាំង​អស់​បាន​សម្លាប់​មាន់​ទា​របស់​ខ្លួន​ប្រសិន​បើវា​ឈឺ​”។ ក្រសួង​​សុខាភិបាល​ ន​ិង​អង្គកា​រ​សុខ​ភាព​ពិភព​លោក​បាន​ធ្វើ​យុទ្ធនា​ការ​​យល់​ដឹង​​​ជា​សាធារណៈមួយ​​​កាលពីខែ​មករា​ ដោយ​​​អំពាវ​ នាវ​ឲ្យ​ប្រជា​ពល​រដ្ឋ​នៅ​ឲ្យ​​ឆ្ងាយ​​​ពី​មាន់ទា​ដែល​ឈឺ​ឬងាប់។

យុទ្ធ​នាការ​នេះ​បាន​ចាក់ផ្សាយ​ជា​ញឹក​ញាប់​​ដែរកាលពីឆ្នាំមុន ដែលនៅពេល​​នោះ​មនុស្ស​១២​នាក់​​ក្នុង​ចំណោម​មនុស្ស​២៦​​នាក់​ដែល​បញ្ជាក់​​ថាឆ្លង​មេរោគ​ H5N1​​ មក​មនុស្ស​នេះ បានស្លាប់ ជា​ការ​ផ្ទុះ​ឡើង​ធ្ងន់​ធ្ងរ​បំផុត​ដែល​ប្រទស​កម្ពុជា​បាន​ជួបជួប​​ប្រទះ​ចាប់​តាំង​ពី​​មេរោគ​នេះ​ត្រូវ​​បាន​រកឃើញ​ដំបូង​ក្នុង​ឆ្នាំ​២០០៥។

យុទ្ធ​នាការ​យល់​ដឹង​ជា​សាធារណៈ​នេះ​​ទំនង​ជា​​​ធ្វើ​ឲ្យ​​ប្រជា​ពល​រដ្ឋ​មាន​ការ​ផ្លាស់​ប្ដូរ​​​ឥរិយា​បថ​​តិច​តួច​​ណាស់​ ហើយ​ក្រសួង​​កសិកម្ម​ត្រូវបាន​រិះគន់​ចំពោះ​​ការ​មិន​​​ផ្ដល់​​សំណង​ដល់​សត្វ​មាន់​ទា​ដែល​ងាប់​ ឬ​​ត្រូវ​សម្លាប់​ចោល​ ដែល​​ប្រទេស​ជិត​ខាង​បាន​ធ្វើ​​ដោយ​ជោ​គជ័យ​៕សារុន​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស