30 C
Phnom Penh

ក្រុម​គ្រួសារ​របស់​ស្ត្រី​រស់​នៅ​ក្នុង​ខេត្ត​រតន​គិរី​ដែល​ត្រូវ​គេ​ជួញ​ដូរ​ទៅ​ប្រទេស​ចិន​ដើម្បី​រៀប​ការ​កំពុង​សុំ​ជំនួយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាច់​ញាតិ​របស់​ស្ត្រី​រស់​នៅ​ក្នុង​ខេត្ត​រតន​គិរី​​ អាយុ​២៥​ឆ្នាំ​ម្នាក់​ដែល​រៀប​ការ​ជា​មួយ​ប្តី​ចិត្ត​អប្រិយ​នៅ​ក្នុង​ប្រទេស​ចិន​ បាន​ដាក់​ពាក្យ​​​ប្តឹង​ទៅ​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​ ដើម្បី​សុំ​ឲ្យ​ជួយ​នាំនាង​មក​ប្រទេស​កម្ពុជា​វិញ ​នេះ​បើ​តាម​ការ​ឲ្យ​ដឹងកាល​ពី​ម្សិលមិញ​​ពី​អង្គ ការ​សិទ្ធិ​មនុស្ស​អាដហុក​និង​ក្រុម​គ្រួសាររបស់​ជន​រង​គ្រោះ​។

ជន​រង​គ្រោះ​ឈ្មោះ​ ឈាន់ ណារី​ បាន​ទៅ​​​រស់​នៅ​ក្នុង​ប្រទេស​ចិន​អស់​រយៈពេល​ជិតបួន​ខែ​​​មក​ហើយ​ មុន​ពេល​ហៅ​​ទូរស័ព្ទ​មកប្អូន​ស្រី​​​​​​របស់​នាង​ឈ្មោះ​ ឈាន់​ ណាវី​ កាល​ពី​ខែ​មករា​ ហើយ​បាន​សុំ​ឲ្យ​ប្អូន​ស្រី​របស់​នាង​​​ជួយ​ព្រោះ​ប្តី​ជន​ជាតិ​ចិន​របស់​នាង​បាន​រំលោភ​បំពាន​ផ្លូវ​ភេទ​និង​ធ្វើ​បាបរាង​កាយនាង​។

កញ្ញា​ ណាវី​ បាន​និយាយថា បង​ស្រី​របស់​នាង​​បាន​ធ្វើ​ដំណើរ​ចេញ​ពី​ផ្ទះ​នៅ​ក្នុង​ឃុំ​កិះ​ចុង​​​ ​​ស្រុក​បរកែវ​ កាល​ពី​ខែ​តុលា​ ហើយ​ចាប់​តាំង​​ពី​ពេល​នោះ​មក​ក្រុម​គ្រួសារ​មិន​បាន​ទទួល​ដំណឹង​ពី​ជន​រង​គ្រោះ​ទេ ​ហើយ​ទើប​តែ​ទទួល​បាន​ការ​ហៅ​ទូរស័ព្ទ​មក​កាល​ពី​ខែមុន​ប៉ុណ្ណោះ​។

កញ្ញា​​ ណាវី​ បាន​និយាយ​ថា “ខ្ញុំ​ទទួល​បាន​​ការ​ហៅ​ទូរស័ព្ទ​ពី​បង​ស្រី​របស់​ខ្ញុំ​ ហើយ​អ្វី​ដែល​​​គាត់​បាន​និយាយ​ដំបូង​​គឺ​ មាន​តែ​ការ​យំ​ប៉ុណ្ណោះ​ ហើយ​បន្ទាប់​មក​គាត់​បាន​និយាយ​ថា​​ គាត់​ត្រូវ​ប្តី​ជន​ជាតិ​ចិន​​វាយដំ​និង​រំលោភ​បំពាន​​​​ផ្លូវ​ភេទ​​”។ កញ្ញា​ ណាវី​ បាន​បន្ត​ថា បង​ស្រី​​របស់​​​​នាង​​មិន​ដឹង​ជា​រស់​នៅ​ទី​ណា​ឲ្យ​ពិត​ប្រាកដ​ទេ​នៅ​ក្នុង​ប្រទេស​ចិន​ ព្រោះ​នាង​ចិនក៏​មិន​ចេះ​ អង់គ្លេស​ក៏មិន​ចេះ​។

ហើយ​ក្រោយៗ​មក​ទៀត​ កញ្ញា​ ណាវី​ និង​បង​ស្រី​របស់​នាង​គឺ​ ​​នាង​​ ណារី​ បាន​និយាយ​​​គ្នា​តាម​ទូរស័ព្ទ​ជា​ញឹក​ញាប់​ ប៉ុន្តែ​និយាយ​ក្នុង​លក្ខណៈ​​លួចលាក់​ព្រោះ​​នាង ​ណារី​ ខ្លាច​ប្តី​ចិត្ត​​អប្រិយ​របស់​ខ្លួន​ដឹង​។

កញ្ញា​ ណាវី​ បាន​និយាយថា “គាត់​បាន​សុំ​ឲ្យ​ខ្ញុំ​ជួយ​ ពីព្រោះ​ប្តី​ជន​ជាតិ​ចិន​របស់​គាត់​បាន​វាយ​ដំ​ និង​បង្ខំ​ឲ្យ​គាត់​រួម​ភេទ​សូម្បី​តែ​នៅ​ពេល​គាត់​ឈឺ​ក៏ដោយ​ ហើយ​ប្តី​របស់​គាត់​តែ​ង​តែ​​ចាក់​សោ​គាត់​នៅ​ក្នុង​បន្ទប់​ជាប់​ជានិច្ច”។

យោង​តាម​ពាក្យ​បណ្តឹង​បាន​ឲ្យ​ដឹង​​ថា ជន​ជួញ​ដូរ​មនុស្ស​ដែល​ត្រូវ​បាន​គេស្គាល់​ត្រឹម​តែ​ឈ្មោះ​ថា អ៊ែល បាន​លួង​លោម​ នាង​ ណារី​ ឲ្យ​​ទៅ​ប្រទេស​ចិន​។ ហើយ​មិន​យូរ​ប៉ុន្មាន​ជន​ជួញ​ដូរ​មនុស្ស​ឈ្មោះ​ អ៊ែល​ នេះ​បាន​លក់​អ្នក​ស្រី​ណារី​ ទៅ​ឲ្យ​បុរស​ជន​ជាតិ​ម្នាក់​ក្នុង​តម្លៃ​មួយ​ដែល​គេ​សង្ស័យ​ថា​ប្រហែល​១៥.០០០​ដុល្លារ​។

ហើយ​នៅ​ក្នុង​ពេល​ថ្មី​ៗនេះ​ កញ្ញា ណាវី​​មិន​​​​​អាច​ទាក់​ទង​បង​ស្រី​របស់​នាង​តាម​រយៈ​លេខ​ទូរស័ព្ទ​ដែលនាង​​បាន​​ប្រើ​នៅ​ក្នុង ​ប្រ​ទេស​​​​​​ចិន​បាន​ឡើយ​។ ដោយ​សារ​តែព្រួយ​បារម្ភ​ពី​សុវត្ថិភាព​របស់​បង​ស្រី​នាង​ កញ្ញា​ ណារី​ និង​គ្រួសារ​របស់​នាង​បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​អង្គការ​សិទ្ធិ​មនុស្ស​អាដ​ហុក​​ កាល​ពី​ថ្ងៃ​អង្គារ។

កញ្ញា ណាវី បាន​និយាយ​ថា “ខ្ញុំ​ពិត​ជា​ព្រួយ​​​​បារម្ភ​ពី​សុវត្ថិភាព​របស់​គាត់​ខ្លាំង​ណាស់​ ហើយ​​​ខ្ញុំ​ចង់​ឲ្យ​រដ្ឋាភិបាល​និង​អង្គការ​ក្រៅ​រដ្ឋាភិ​បាល​​ជួយ​នាំ​យក​បង​ស្រី​របស់​ខ្ញុំ​មក​វិញ​”។

លោក​ ឆាយ​ ធី​ អ្នក​សម្រប​សម្រួល​របស់​អង្គការ​សិទ្ធិ​មនុស្ស​អាដ​ហុក​បាន​ឲ្យ​ដឹង​ថា នេះ​គឺ​ជា​ករណី​លើក​ដំបូង​ហើយ​នៅ​ក្នុង​ខេត្ត​រតនគិរី​ដែល​ស្ត្រី​ត្រូវ​បាន​គេ​ជួញ​ដូរយក​​ទៅ​រៀប​ការ​នៅ​ក្នុង​ប្រទេស​ចិន​ ហើយ​គាត​់​បាន​ដាក់​ពាក្យ​ប្តឹងទៅ​ ព្រះ​រាជ​​អាជ្ញាអម​សាលា​​ដំបូង​ខេត្ត​រួចហើយ​។

លោក​បាន​មាន​ប្រសាសន៍​ថា “អ្នក​ភូមិ​ភាគ​ច្រើន​នៅ​តាម​តំបន់​ដាច់​ស្រយាល​មិន​ដែល​ទទួល​បាន​ព័ត៌មាន​អំពី​បញ្ហា​ជួញ​ដូរ​មនុស្ស​ឡើយ​ ដែល​ជា​មូលហេតុ​ធ្វើ​ឲ្យ​ពួក​គេ​​ក្លាយ​ជា​ជន​រង​គ្រោះ​ដោយ​សារ​ការ​ជួញ​ដូរនេះ​”។

សេចក្តី​រាយ​ការណ៍​អំពី​ការ​ជួញ​ដូរ​ស្ត្រី​ខ្មែរ​ទៅ​ប្រទេស​ចិន​មាន​ជា​ញឹក​ញាប់​ក្នុង​ពេល​​​ថ្មី​ៗ​នេះ​។ ស្ត្រី​ខ្មែរ​ខ្លះ​ត្រូវ​បាន​ជួញ​ដូរ​ទៅ​​​រៀប​​ការ​ជាមួយ​បុរស​ជន​ជាតិ​ចិន​ រីឯ​ស្ត្រី​ខ្លះ​ទៀត​ត្រូវ​បាន​គេ​នាំ​ទៅ​ធ្វើ​ការ​នៅ​ក្នុង​បន​ស្រី​។ កាល​ពី​ថ្ងៃ​អាទិត្យ ​នគរបាល​បាន​ចាប់​ខ្លួន​មនុស្ស​ចំនួន​ប្រាំ​នាក់​ ក្នុង​នោះ​មាន​ពីរ​នាក់​ជា​បុរស​ជន​ជាតិ​ចិន​នៅ​អាកាស​យានដ្ឋាន​អន្តរ​ជាតិ​​ភ្នំពេញ​​ពី​បទ​ជួញ​ដូរ​ស្ត្រី​ចំនួន​ពីរ​នាក់​ទៅ​ប្រទេស​ចិន​ដើម្បី​ធ្វើ​ជា​ស្រី​ពេស្យា៕  ស៊ុយឈាង

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស