គណបក្សសង្គ្រោះជាតិបានលើកឡើងកាលពីម្សិលមិញថា វេទិកាសាធារណៈមួយដែលខ្លួនរៀបចំឡើងនៅក្នុងខេត្តព្រៃវែងកាលពីថ្ងៃពុធ បានបិទដោយសារតែកងកម្លាំងប្រដាប់ អាវុធចាក់បទចម្រៀងកូរ៉េ ហ្គាងណាមស្ដាយដ៏ពេញនិយម និងចម្រៀងប្រជាប្រិយផ្សេងៗទៀតតាមមីក្រូ។
ជាការឆ្លើយតបនឹងទង្វើនេះ គណបក្សសង្គ្រោះជាតិបានចេញសេចក្ដីថ្លែងការណ៍មួយគំរាមផ្អាកការចរចាទាំងអស់ជាមួយគណបក្សប្រជាជនកម្ពុជា ប្រសិនបើមានការរំខានវេទិការបស់ខ្លួនទៀត។
នៅឯសន្និសីទកាសែតមួយក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ លោក សម រង្ស៊ី បានមានប្រសាសន៍ថា “កងជីវពល នគរបាលនិងកងកម្លាំងប្រដាប់អាវុធមួយក្រុមទៀតដែលអាចជាទាហាន បានចូលមកដល់វេទិកានេះ ហើយបានប្រើឧគ្ឃោសនសព្ទធំមួយចងពីខាងក្រោយរថយន្តពណ៌បៃតងមួយគ្រឿងដើម្បីឆាឆៅធ្វើឲ្យខូចវេទិកានេះ។ យើងរៀបចំវេទិកានេះមិនកើតទេ ពីព្រោះវាថ្លង់រកតែស្ដាប់អ្វីក៏មិនឮដែរ”។
កន្លះម៉ោងក្រោយមកលោកបានព្យាយាមចរចាជាមួយអ្នកគ្រប់គ្រងមីក្រូនោះ។ លោក សម រង្ស៊ី បានមានប្រសាសន៍ថា “នៅពេលព្យាយាមនិយាយជាមួយពួកគេ ពួកគេធ្វើប្ញកសម្ញែងកាំភ្លើងគំរាមកំហែង ធ្វើឲ្យស្ថានភាពកាន់តែតានតឹង ហើយយើងមិនចង់ឲ្យនរណាម្នាក់មានគ្រោះថ្នាក់នោះទេ ដូច្នេះហើយយើងក៏បញ្ឈប់វេទិកានោះ”។
លោក ឌុច គន្ធា អភិបាលស្រុកកញ្ជៀច កន្លែងរៀបចំវេទិកាមិនបានសម្រេចនេះ បានបដិសេធថា អាជ្ញាធរមិនបានរំខានវេទិកា ដែលបានទាក់ទាញអ្នកចូលរួមប្រហែល១.០០០នាក់នេះទេ។
លោក ឌុច គន្ធា បានមានប្រសាសន៍បន្ថែមទៀតថា “អាជ្ញាធរទៅទីនោះ ដើម្បីរក្សាសណ្ដាប់ធ្នាប់សាធារណៈ…។ យើងមិនបានរំខានពួកគេទេ”។ នៅឯសន្និសីទកាសែតកាលពីម្សិលមិញ លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិបានមានប្រសា សន៍ថា គណបក្សរបស់លោកនឹងមិនព្រមចរចាជាមួយគណបក្សប្រជាជនកម្ពុជាទៀតឡើយ ប្រសិនបើបញ្ហានេះកើតឡើងម្ដងទៀត។
លោក កឹម សុខា បានមានប្រសាសន៍ទៀតថា “យើងបានឈានដល់ជំហានបន្ទាប់ហើយនៅក្នុងការចរចា ពេលនេះយើងចាំបាច់ត្រូវនៅតុចរចា” នៅពេលលោកមានប្រសាសន៍សំដៅដល់ការចរចារវាងគណបក្សទាំងពីរ ដែលធ្វើឡើងកាលពីថ្ងៃអង្គារ ដែលជាការចរចាលើកដំបូងចាប់តាំងពីគណបក្សសង្គ្រោះជាតិបានផ្អាកការចរចា ក្រោយពីទាហានឆត្រយោងកងពលតូចលេខ៩១១បានបង្ក្រាបដោយហិង្សាលើកូដកម្មមួយរបស់កម្មករកាត់ដេរនៅក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី២ ខែមករា។
លោក កឹម សុខា បានមានប្រសាសន៍ថា “ប៉ុន្តែតើឲ្យយើងចរចា [ជាមួយពួកគេ] ក្រោមចុងកាណុងកាំភ្លើងមិចនឹងកើត?”។ វេទិកាមួយទៀតរបស់គណបក្សប្រឆាំងរៀបចំឡើងកាលពីរសៀលម្សិលមិញនៅក្នុងខេត្តកំពង់ឆ្នាំងបានប្រព្រឹត្តទៅដោយគ្មានការរំខាន។
លោក សម រង្ស៊ី បានមានប្រសាសន៍តាមក្រោយថា “វាបានប្រព្រឹត្តទៅយ៉ាងរលូន។ គ្មាននគរបាល គ្មានកម្លាំងប្រដាប់អាវុធ គ្មានកងជីវពល និងគ្មានក្រុមបង្កបញ្ហាទេ បើប្រៀបធៀបទៅនឹងខេត្តព្រៃវែង គឺមានស្ថានភាពខុសគ្នា។ ពួកគេដឹងថា ខ្ញុំមឺុងម៉ាត់ ហើយពិភព លោកកំពុងតែសម្លឹងមើល។ ប្រសិនបើ [គណបក្សប្រជាជន] រំខានយើង យើងនឹងឈប់ចរចា ហើយពួកគេនឹងទទួលការស្ដីបន្ទោស”៕ សុខុម