កាលពីម្សិលមិញ អ្នកភូមិសហគមន៍បុរីកីឡាបានដាក់បណ្ដាសាមនុស្សដែលពួកគាត់និយាយថា ទទួលខុសត្រូវចំពោះការធ្វើឲ្យ ជីវិតរបស់ពួកគាត់លំបាកវេទនាចាប់តាំងពីបានបណ្ដេញពួកគាត់ដោយហិង្សាចេញពីផ្ទះសំបែងរបស់ខ្លួនកាលពីពីរឆ្នាំមុន។

នៅក្នុងការវិវឌ្ឍចុងក្រោយបំផុតពាក់ព័ន្ធវិវាទដីធ្លីដ៏អូសបន្លាយនេះ កម្លាំងសន្តិសុខ និងនគរបាលបង្ក្រាបបាតុកម្ម កាលពីសប្ដាហ៍មុនបានបង្ខំអ្នកភូមិឲ្យចាកចេញពីអគារនៅទំនេរដែលពួកគាត់បានចូលទៅកាន់កាប់នៅ ក្បែរកន្លែងដែលពួកគាត់ប្រក់កៅស៊ូតង់ស្នាក់នៅនោះ ដោយបណ្ដាលឲ្យមនុស្សប្រាំ មួយនាក់រងរបួស។
កាលពីម្សិលមិញ អ្នកភូមិបុរីកីឡាប្រហែល២០នាក់បានបួងសួងឲ្យព្រលឹងដូនតារបស់ខ្លួនជួយរកដំណោះស្រាយឲ្យពួកគាត់នៅឯព្រះអង្គដងកើទល់មុខព្រះបរមរាជវាំង ដែលនៅទីនោះពួកគាត់បានដាក់ដីមួយថាសយកពី កន្លែងដែលពួកគាត់រស់នៅ និងបានអុជធូប។
លោក ពេជ្រ លឹមឃួន អ្នកនាំពាក្យសហគមន៍បុរីកីឡាបានមានប្រសាសន៍ថា “ យើងសូមដាក់បណ្ដាសាអ្នកដែលបានយកដីរបស់យើង។ សូមឲ្យការរកស៊ីរបស់ពួកគេវិនាសអន្តរាយ និងរស់នៅមិនបានសេចក្ដីសុខលុះណាតែពួកគេប្រគល់ដីឲ្យយើងវិញ”។
លោកបានមានប្រសាសន៍ថា “ ចៅៗរបស់យើងរស់នៅលំបាកវេទនា ពីព្រោះយើងមិនមានផ្ទះសំបែងសម្រាប់ស្នាក់នៅឡើយ”។ លោកបន្ថែមថា “ហេតុនេះហើយ ជំនួសមុខឲ្យចៅៗរបស់យើង យើងសូមប្ដឹងយមរាជ ហើយសូមឲ្យបារមីព្រះអង្គដងកើជួយរកយុត្តិធម៌ឲ្យពួកយើងទាំងអស់គ្នាផង”។
លោកបានមានប្រសាសន៍ថា “អ្នកស្រី សុ៊យ សុផាន ដែលក្រុមហ៊ុនផានអុីមិុចរបស់គាត់ទទួលបានដីទំហំ២,៦ហិកតា កាលពីឆ្នាំ២០០៧ ប៉ុន្តែមិនបានគោរពតាមកិច្ចព្រមព្រៀងសង់ផ្ទះល្វែងឲ្យពួកគាត់ទាំងអស់គ្នានោះនឹងទទួលរងបណ្តាសានេះ”។
ក្នុងចំណោមអ្នកភូមិជាង១.០០០គ្រួសារដែលរងផលប៉ះពាល់ដោយកិច្ចព្រមព្រៀងដីធ្លីនោះ ឥឡូវនេះមានអ្នកភូមិប្រហែល១៥០គ្រួសារកំពុងរស់ក្នុងភាពមិនច្បាស់លាស់។ លោកបានមានប្រសាសន៍ថា ក្រុមអ្នកភូមិចង់បានដីទំហំ៤.៣០០ម៉ែត្រក្រឡា ដើម្បីពួកគាត់អាចសង់ផ្ទះសំបែងបានសមរម្យ។ លោកបានបន្ថែមទៀតថា “ យើងបានសុំឲ្យអាជ្ញាធរជួយពួកយើង ប៉ុន្តែពួកគេមិនដែលអើពើឡើយ”។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានមានប្រសាសន៍ថា សាលារាជធានីមានបំណងសាងសង់ជម្រកបណ្ដោះអាសន្នសម្រាប់អ្នកភូមិទាំងនោះ។ លោកបានមានប្រសាសន៍ថា “យើងបានទុកពេលឲ្យពួកគាត់ ពិភាក្សាគ្នា ហើយប្រាប់ពួកយើងវិញថា តើអ្នកភូមិប៉ុន្មានគ្រួសារត្រូវការផ្ទះសំបែង ហើយប៉ុន្មានគ្រួសារចង់បានដី”។ “ការដាក់បណ្ដាសា”ដល់មន្ត្រីសាធារណៈឬម្ចាស់ក្រុមហ៊ុននានាមិនមែនជារឿងចម្លែកទេក្នុងចំណោមអ្នកដែលបាត់បង់កម្មសិទ្ធិក្នុងប្រទេសកម្ពុជាដែលជារឿយៗបានងាកទៅរកអបិយជំនឿ បន្ទាប់ពីបានស្វែងរកជម្រើសផ្លូវច្បាប់រួចមក”៕ សារុន