27 C
Phnom Penh

រក​ឃើញ​សាកសព​​ជន​រង​គ្រោះ​ពីរ​នាក់​នៅ​ក្នុង​ហេតុ​ការ​ណ៍​បាក់​ច្រាំង​ទន្លេ​មេគង្គ​នៅ​​ខេត្ត​កណ្តាល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាល​បាន​និយាយ​ថា សាកសព​ស្ត្រី​អាយុ​៣៩ឆ្នាំ​ម្នាក់​ និង​សាកសព​ក្មួយ​ប្រុស​អាយុ​១៨​ខែ​របស់​ស្ត្រីរូប​នេះ​​ ត្រូវបានស្រង់​ពីក្នុង​ទឹក​កាល​ពី​ម្សិលមិញ​ ពីរ​ថ្ងៃ​បន្ទាប់​ពី​ច្រាំង​​ទន្លេ​​នោះ​បាន​បាក់​បណ្តាល​ឲ្យ​ផ្ទះ​របស់​ពួកគេ​នៅក្នុងស្រុក​ខ្សាច់​កណ្តាល​ ធ្លាក់​ចូល​ទៅក្នុង​ទន្លេ​មេគង្គ​នៅ​ពេល​ពួកគេ​កំពុង​ដេក​ ប៉ុន្តែ កូនប្រុស​អាយុ​​៣​​ឆ្នាំ​របស់​ស្ត្រី​រូប​នេះ​មិន​​ទាន់​បាន​រក​ឃើញ​​ទេ​។

យោង​តាម​លោក ខៀវ សុកាន់ អភិបាល​រង​ស្រុក​បាន​ឲ្យ​ដឹង​ថា សាកសព​ក្មេង​ប្រុស​អាយុ​១៨ខែ​ត្រូវ​បាន​​ប្រទះ​ឃើញ​នៅម៉ោង​៩និង​៣០​នាទី​ព្រឹក​ម្សិលមិញ អណ្តែត​នៅ​​ក្នុង​​ទឹក​ទន្លេ​ក្នុង​ឃុំ​ព្រះ​ប្រសប់​ នៅចម្ងាយ​ប្រហែល​៦​ម៉ែត្រ​​ពី​កន្លែង​កើត​ហេតុ​ រី​ឯ​សាកសព​ម្តាយ​​ធំ​​របស់​​ក្មេង​ប្រុស​រូប​នេះ ឈ្មោះ សំ អុល បាន​អណ្តែត​​នៅជិត​នោះ​ប្រហែល​ម៉ោង​១​រសៀល​។

លោក​បានមាន​ប្រសាសន៍ថា “ អ្នក​មុជ​ទឹក​ជន​ជាតិ​វៀត​ណាម​មួយក្រុម​បាន​មុជ​ទឹក​រាវ​រក​សាក​សព​កាល​ពីថ្ងៃ​ពុធ​ ប៉ុន្តែ ពួកគេ​បាន​ឈប់​រក​កាល​ពីយប់​ថ្ងៃ​ពុធ​ ដោយសារ​ពួក​គេ​​រក​មិន​​ឃើញ​ ដូច្នេះ​យើង​ត្រូវ​រង់​ចាំ​រហូតដល់​សាក​សព​អណ្តែត​លើ​ទឹក​”។

កាលពីថ្ងៃ​ពុធ​ ប្រជាជន​មូល​ដ្ឋាន​បាន​បន្ទោស​លើ​ការ​បូម​ខ្សាច់​ក្នុង​ទន្លេ​មេគង្គ​ចំពោះការ​បណ្តាល​ឲ្យមាន​​សោកនាដ​កម្ម​នេះ​ដោយសារ​វា​ធ្វើ​ឲ្យ​បាក់ដី​មាត់​ទន្លេ​ត្រង់​កន្លែង​ពួក​គេ​សង់​ផ្ទះ​។

លោក សុកាន់ បាន​បដិសេធថា មិន​មាន​ការ​បូម​ខ្សាច់​នៅក្នុង​តំបន់​នោះទេ​ ហើយ​បាន​​មាន​ប្រសាសន៍ថា ការ​ហូ​រ​​ច្រោះ​​ពី​ធម្ម​ជាតិ​គឺជា​មូល​ហេតុ​នៃការ​បាក់​ច្រាំង​នេះ​។ លោក​បាន​មាន​ប្រសាសន៍ថា “យើង​បាន​​​ណែ​នាំ​អ្នក​ភូមិ​មិន​​ឲ្យ​សាង​សង់​ផ្ទះ​នៅ​តាម​មាត់​ទន្លេ​ព្រោះ​វា​ជា​តំបន់​ងាយ​រង​គ្រោះ​”។

ទោះជា​យ៉ាង​ណា​ យោង​តាម​លោក​ ម៉ាក ​ហ្គយឆុត ប្រធាន​ផ្នែក​គ្រប់​គ្រង​​ទំនប់​វារី​អគ្គិ​សនី​ និង​អាង​ទន្លេ​នៅ​អង្គការ​ WWF Greater Mekong បាន​និយាយ​ថា ការ​ហូរ​ច្រោះ​​ដី​ច្រាំង​ទន្លេ​ គឺ​ដោយសារ​ការ​បូម​ខ្សាច់​នៅ​ក្នុង​ទន្លេ​មេគង្គ​​ដែល​កំពុង​ធ្វើ​ឲ្យធ្ងន់​ធ្ង​រ​ដោយ​សារទំនប់​វារីអគ្គិសនី​​នៅ​​ខ្សែ​ទឹក​ខាង​លើ​។

លោក​បាន​មាន​ប្រសាសន៍ថា “ ពិត​មែន​ហើយ​​ ការ​ហូរ​ច្រោះ​ច្រាំង​ទន្លេ​គឺជា​រឿង​ធម្ម​ជាតិ​នៅក្នុង​ការ​វិវត្ត​របស់​ទន្លេ​ ប៉ុន្តែ ​កម្រិត​ហូរ​ច្រោះដី​ដែល​គេ​សង្កេតឃើញ​នៅ​តាម​មាត់​ទន្លេមេគង្គ​ និង​ដី​សណ្ត​មិនមែន​​ជា​ធម្ម​ជាតិ​ទេ​។ ច្រាំង​ទន្លេ​ទាំង​នោះ​​ភាគ​ច្រើន​ប្រហែល​ជា​បាក់​ដោយសារ​ការ​​បូម​ខ្សាច់​  និងទំនប់​វារី​អគ្គិ​សនី​។​លោក​បាន​បន្ថែម​​ថា “​ការបូមខ្សាច់​​ធ្វើ​ឲ្យ​មាន​​ការ​ប៉ះពាល់​ធ្ងន់​ធ្ងរ​ដល់​ហេដ្ឋា​រចនា​សម័្ពន្ធ​ជា​ពិសេស​ស្ពាន​និង​ផ្លូវ​ថ្នល់​នៅ​តាម​​មាត់​​ទន្លេ​”។

ថ្វី​បើ​​មាន​បម្រាម​បណ្តោះ​អាសន្ន​​របស់​រដ្ឋាភិបាល​មិន​ឲ្យបូម​ខ្សាច់​នៅ​ទូទាំង​រាជធានី​ភ្នំ​ពេញ​ក៏ដោយ​ ក៏​គេ​នៅ​តែ​ឃើ​ញ​មាន​​ទូក​​​បូម​ខ្សាច់​​នៅតាម​ទន្លេ​ដែរ​៕​គឹម​​ហឿន​

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស