បុរសម្នាក់ត្រូវរងការវាយដំនិងចាប់ខ្លួនហើយយុវជនដែលជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិប្រាំបីនាក់ផ្សេងទៀត ត្រូវកងសន្តិសុខខណ្ឌដូនពេញបណ្តេញចេញពីទីលានប្រជាធិបតេយ្យកាលពីម្សិលមិញ បន្ទាប់ពីពួកគេព្យាយាមធ្វើពិធីមួយដើម្បីរំឭកទិវាយុត្តិធម៌សង្គមពិភពលោក។
បន្ទាប់ពីក្រុមយុវជនបានដើរទៅដល់ស្ពាននាគកាលពីព្រឹកម្សិលមិញ ពួកគេបានជួបប្រ ទះនឹងនគរបាលបង្ក្រាបបាតុកម្មចំនួនប្រហែល៥០នាក់ដែលបានព្រមានពួកគេកុំឲ្យធ្វើដំណើរបន្តទៅមុខទៀត។
យុវជន លឹម គឹមសួគ៌ សកម្មជនរបស់គណបក្សសង្គ្រោះជាតិដែលរៀបចំព្រឹត្តិការណ៍នេះបាននិយាយថា “យើងចង់យកឱកាសនេះដើម្បីទាមទារឲ្យមានការលុបចោលបម្រាមហាមមិនឲ្យជួបជុំលើសពី១០នាក់ ហើយយើងក៏អំពាវនាវសុំឲ្យមានការដោះលែងមនុស្សទាំង២៣នាក់ដែលត្រូវបានចាប់បញ្ជូនចូលពន្ធនាគារ [បន្ទាប់ពីការបង្ក្រាបដ៏ហិង្សាលើកម្មកររោងចក្រកាត់ដេរដែលធ្វើកូដកម្មកាលពីខែមុន] ផងដែរ”។ បន្ទាប់មកមានរថយន្តធុនធំពីរគ្រឿងដែលដឹកសុទ្ធតែកងសន្តិសុខខណ្ឌមានពាក់មួកការពារបានមកដល់។
លោក គឹម វុត្ថា ដែលជាប្រធានសណ្តាប់ធ្នាប់សាធារណៈខណ្ឌដូនពេញ បានប្រាប់ក្រុមយុវជននេះថា “អ្នកឯងមិនអាចធ្វើពិធីនេះបានឡើយ ទោះបីជានៅកន្លែងណាក៏ដោយព្រោះវាធ្វើឲ្យខូចសណ្តាប់ធ្នាប់សាធារណៈ។ អ្នកឯងអាចធ្វើបានទាល់តែមានការអនុញ្ញាត។ ប្រសិនបើអ្នកឯងមិនឈប់ទេ យើងនឹងចាប់ខ្លួនអ្នកឯង”។
បន្ទាប់មកក្រុមយុវជននេះត្រូវបានដេញរហូតដល់ផ្សារធំថ្មីជាទីដែលលោក ហៀង ស៊ាងលាង អាយុ៣០ឆ្នាំដែលក្រុមយុវជននិយាយថា មិនមែនជាសមាជិករបស់ខ្លួន ប៉ុន្តែគ្រាន់តែចេញមកដើម្បីបង្ហាញការគាំទ្រនោះត្រូវបានចាប់ខ្លួន។
លោក ស៊ាងលាង បាននិយាយនៅពេលបន្ទាប់មកថា “ខ្ញុំមិនបានចូលរួមជាមួយយុវជនទេ ប៉ុន្តែអាជ្ញាធរបែរជាចោទប្រកាន់ខ្ញុំថា បានចូលរួមជាមួយក្រុមយុវជន និងធ្វើឲ្យខូចសណ្តាប់ធ្នាប់សាធារណៈទៅវិញ។ ពួកគេបានដេញខ្ញុំឲ្យចុះពីម៉ូតូ ហើយបានប្រើដំបងវាយក្បាលខ្ញុំ វាគឺជារឿងខុសច្បាប់ដែលពួកគេចាប់ខ្លួននិងវាយដំពលរដ្ឋ”។
យុវជន រិន ចាន់រិទ្ធ ដែលជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិម្នាក់ដែរនោះ បាននិយាយបន្ទាប់ពីក្រុមយុវជនបានរត់ទៅកាន់ខាងក្រៅការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទិ្ធមនុស្សថា “យើងចង់រំឭកទិវាយុត្តិធម៌សង្គមពិភពលោក ព្រោះពលរដ្ឋរបស់យើងមិនបានដឹងអំពីទិវានេះទេ”។ យុវជនរូបនេះបាននិយាយបន្ថែមថា ក្រុមយុវជនមានបំណងចង់ឲ្យគេចាប់អារម្មណ៍ចំពោះសិទ្ធិសេរីភាពនៃការបញ្ចេញមតិ និងសិទ្ធិមនុស្ស។
យុវជន គឹមសួគ៌ បានលើកឡើងថា លោក ស៊ាងលាង ត្រូវបានឃុំខ្លួនអស់រយៈពេល៣០នាទី មុនពេលត្រូវបានដោះលែងវិញដោយគ្មានការចោទប្រកាន់។ គឹមសួគ៌ បាននិយាយថា “យើងថ្កោលទោសចំពោះការចាប់ខ្លួននេះ ព្រោះគាត់មិនបានធ្វើអ្វីខុសទេ ហើយគាត់ក៏មិនមែនជាសមាជិកក្រុមយុវជនដែរ។ គាត់បានជួបពួកយើងដោយចៃដន្យ ហើយបានតាមពួកយើងតែប៉ុណ្ណោះ”។
គឹមសួគ៌ បន្តថា “យើងធ្លាប់បានឃើញការបង្ក្រាបដ៏ហិង្សារបស់អាជ្ញាធរលើបាតុកម្មអហិង្សាដោយបណ្តាលឲ្យមនុស្សមួយចំនួនបាត់បង់ជីវិតនិងជាច្រើននាក់ផ្សេងទៀតរងរបួស”។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ អង្គការសិទ្ធិមនុស្សក្នុងស្រុកអាដហុក បានលើកឡើងថាខ្លួន “ថ្កោលទោសចំពោះការចាប់ខ្លួនមនុស្សដែលគ្មានទោសកំហុស ដោយអាជ្ញាធររបស់សាលារាជធានី” រីឯមជ្ឈមណ្ឌលអប់រំច្បាប់កម្ពុជាវិញបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយដាច់ដោយឡែកថា “នៅក្នុងប្រទេសកម្ពុជា ទិវាយុត្តិធម៌សង្គមត្រូវបានគេធ្វើឡើងនៅពេលណាដែលពលរដ្ឋ កម្មករ ក៏ដូចជាសកម្មជនត្រូវជាគេរំលោភសិទ្ធិជាមូលដ្ឋានរបស់ខ្លួនយ៉ាងធ្ងន់ធ្ងរតែប៉ុណ្ណោះ”៕ស៊ុយឈាង