ជាថ្មីម្តងទៀត លោក ហ៊ុន សែន បានប្រាប់មន្ត្រីនៅក្នុងកិច្ច្ប្រជុំប្រចាំឆ្នាំរបស់ក្រសួងមហាផ្ទៃថា ត្រូវខិតខំបន្ថែមទៀត ដើម្បីធានាឲ្យបានថា នគរបាលនិងកងកម្លាំងប្រដាប់អាវុធ អាចទទួលបានប្រាក់ខែរបស់ខ្លួនទាន់ពេលវេលា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានលើកឡើងបន្ថែមទៀតថា អ្នកគ្រប់គ្រងផ្សារណាដែលប្រពឹត្តអំពើពុករលួយនឹងត្រូវចាប់ខ្លួន ប្រសិនបើពួកគេកេងប្រវ័ញ្ចពីអាជីវករផ្សារនោះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា លោកនឹងចុះហត្ថលេខាលើសារាចរណែនាំមួយទាក់ទិននឹងប្រាក់ខែរបស់នគរបាល កងរាជអាវុធហត្ថ និងទាហានកងយោធពលខេមរភូមិន្ទដើម្បីធានាឲ្យបានថា ពួកគេទទួលបានប្រាក់ខែទាន់ពេលវេលា។
លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា “ ខ្ញុំបានបញ្ជាក់ជាមួយលោក អូន ព័ន្ធមុនីរ័ត្នរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរួចហើយថា មន្ត្រីរាជការត្រូវតែទទួលបានប្រាក់ខែរបស់ខ្លួនឲ្យបាននៅមុនដំណាច់ខែ”។
លោកនាយករដ្ឋមន្ត្រីបានបន្ថែមថា “ខ្ញុំទទួលបានដំណឹងថា ក្រសួងធនធានរ៉ែនិងថាមពលបានបើកប្រាក់ខែនៅក្នុងខែមករាឲ្យមន្ត្រីរបស់ខ្លួនកាលពីថ្ងៃទី១៨ ខែកុម្ភៈ”។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចុះហត្ថលេខាលើសារាចរណែនាំមួយកាលពីខែមករា ដោយបានចេញបទបញ្ជាថា មន្ត្រីរាជការត្រូវតែទទួលបានប្រាក់ខែរបស់ខ្លួននៅសប្តាហ៍ទី៤រៀងរាល់ខែ។ កំណែទម្រង់ត្រូវបានធ្វើ ដើម្បីឲ្យមន្ត្រីរាជការអាចបើកប្រាក់ខែរបស់ខ្លួនតាមរយៈគណនីយធនាគារដើម្បីចៀសវាងថ្នាក់លើកឹបកេងប្រាក់ខែរបស់ពួកគេ។
លោកនាយករដ្ឋមន្ត្រីក៏បានសម្តែងក្តីព្រួយបារម្ភម្តងទៀតអំឡុងលោកថ្លែងសុន្ទរកថាកាលពីដើមសប្តាហ៍នេះផងដែរថា អំពើពុករលួយនៅតាមផ្សារនានាទូទាំងប្រទេសចាំបាច់ត្រូវតែមានការត្រួតពិនិត្យ។
លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា “[អ្នកគ្រប់គ្រងផ្សារ] ត្រូវបានអនុញ្ញាតឲ្យយកតែ២០០រៀលប៉ុណ្ណោះពីប្រជាពលរដ្ឋដែលចតកង់របស់ខ្លួននៅកន្លែងផ្ញើកង់ម៉ូតូរបស់ផ្សារ ប៉ុន្តែពួកគេបានយករហូតដល់ទៅ៥០០រៀល ចំណែកឯម៉ូតូវិញត្រូវយកតែ៥០០រៀល តែពួកគេយករហូតដល់១.០០០រៀល”។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍បន្ថែមទៀតថា “ទាំងនេះគឺជាបញ្ហា ហេតុដូច្នេះយើងត្រូវតែចាប់ខ្លួនអ្នកគ្រប់គ្រងផ្សារទាំងអស់ [ដែលពុករលួយ] ព្រោះពួកគេជាអ្នកទទួលបន្ទុកផ្នែកប្រមូលប្រាក់នៅក្នុងផ្សារ”។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានលើកឡើងអំពីវេជ្ជបណ្ឌិត និងគ្រូពេទ្យនៅក្នុងប្រព័ន្ធសុខាភិបាលទូទាំងប្រទេសដែលតែងតែនិយាយរឿងប្រាក់មុនពេលយល់ព្រមទទួលព្យាបាលអ្នកជំងឺ ជារឿងមួយដែលពលរដ្ឋនិយាយគ្រប់ៗគ្នាផងដែរ។
លោកបានមានប្រសាសន៍ថា “នៅពេលអ្នកជំងឺបានមកដល់មន្ទីរពេទ្យ គ្រូពេទ្យតែងតែសួរថា “តើអ្នកមានលុយអត់?” ។ លោកបានបន្ថែមថា “វាមិនគួរជាសំណួរដំបូងដែលគ្រូពេទ្យត្រូវសួរនោះទេ។ សំណួរដំបូងដែលគ្រូពេទ្យត្រូវសួរនោះគឺតើលោកពូ អ្នកមីង ឬក៏បងប្អូនឈឺអី? ។ ហើយប្រសិនបើអ្នកបាត់បង់ស្មារតី មិនចាំបាច់ត្រូវសួរអ្វីនោះទេ គឺត្រូវព្យាបាលពួកគាត់តែម្តង។ នេះទើបជាសេវាសាធារណៈ”៕ ស៊ុយឈាង