ស្របពេលដែលសហគមន៍អន្តរជាតិមាន ក្តីបារម្ភកាន់តែខ្លាំងឡើងៗថា ប្រទេសកម្ពុជាងាយរងគ្រោះដោយសារសកម្មភាពរបស់ក្រុមអ្នកលាងលុយកខ្វក់ និងអ្នកផ្តល់ហិរញ្ញវត្ថុដល់ចលនាភេរវកម្ម កាលពីថ្ងៃសុក្រ ទីស្តីការគណៈរដ្ឋមន្ត្រី បានអនុម័តអនុក្រឹតស្តីពីការបង្កកទ្រព្យសកម្មរបស់អង្គការភេរវករ និងស្ថាប័នដែលគាំទ្រអង្គការទំាងនោះ។
សេចក្តីប្រកាសរបស់ទីស្តីការគណៈរដ្ឋមន្ត្រីមានខ្លឹមសារថា “ អនុក្រឹតនេះចែងអំពីនីតិវិធី និងវិធាននានាក្នុងការបង្កកទ្រព្យសកម្មរបស់ភេរវករ ក៏ដូចជាស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត ដើម្បីអនុវត្តតាមសេចក្តីសម្រេចរួមអង្គការសហប្រជាជាតិ និងសេចក្តីសម្រេចផ្សេងៗទៀត”។
សេចក្តីប្រកាសដដែលបានបង្ហាញទៀតថា ច្បាប់ថ្មីនេះនឹងតម្រូវឲ្យមានការអនុវត្តតឹងរឹុងជាងមុនលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីដាក់ទណ្ឌកម្មទៅលើបុគ្គល ឬក៏អង្គភាពទាំងឡាយណាដែលមានទំនាក់ទំនងជាមួយក្រុម អាល់កៃដា ឬក៏តាលីបង់ ព្រមទាំងអនុវត្តសេចក្តីសម្រេចមួយដែលជំរុញឲ្យប្រទេសនានាចែករំលែកព័ត៌មានតាមដានទាក់ទងនឹងភេរវកម្ម ហើយជំរុញឲ្យប្រទេសទាំងនោះអនុវត្តយ៉ាងតឹងរឹុងនូវច្បាប់ប្រឆាំងអំពើភេរវកម្មរបស់ខ្លួនផ្ទាល់។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានឲ្យដឹងថា អនុក្រឹតនេះសបញ្ជាក់ឲ្យឃើញកាន់តែច្បាស់ថា រដ្ឋាភិបាលពិតជាមានស្មារតីប្តេជ្ញាទប់ស្កាត់ចលនាលាងលុយកខ្វក់។ លោក ស៊ីផាន បានមានប្រសាសន៍ថា “ យើងកំពុងតែយកចិត្តទុកដាក់ទៅលើ… ភាពមិនប្រក្រតីនៃការផ្ទេរប្រាក់ ឬក៏មធ្យោបាយផ្សេងៗទៀតនៃការលាងលុយកខ្វក់ ក៏ប៉ុន្តែ ច្បាប់នេះផ្តល់ឲ្យយើងនូវវិធីស្មុគស្មាញជាងមុន ក្នុងការអនុវត្តការងាររបស់យើង និងបង្ក្រាបចលនាលាងលុយកខ្វក់”។
លោកបានថ្លែងបន្តថា “ច្បាប់នេះបានរំឭកយើងថា យើងជាដៃគូជាមួយពិភពលោកក្នុងប្រតិបត្តិការប្រឆាំងអំពើភេរវកម្ម”។
សេចក្តីព្រាងអនុក្រឹតមួយត្រូវបានពិនិត្យឡើងវិញក្នុងកិច្ចប្រជុំរយៈពេលបីម៉ោងកាលពីសប្តាហ៍មុន នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានវត្តមានចូលរួមពីតំណាងធនាគារជាតិនៃកម្ពុជា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងអង្គភាពប្រឆាំងអំពើពុករលួយ។
ក្នុងឆ្នាំ២០០៤ កម្ពុជាបានចូលរួមជាសមាជិកក្រុមប្រទេសអាស៊ី/ប៉ាស៊ីហ្វិក ដើម្បីប្រឆាំងចលនាលាងលុយកខ្វក់។ ក្រុមនេះតម្រូវឲ្យសមាជិកទាំងឡាយឆ្លើយតបទៅនឹងស្តង់ដារអន្តរជាតិក្នុងការបង្ក្រាបបទល្មើសហិរញ្ញវត្ថុ។
កាលពីឆ្នាំ២០០៧ រដ្ឋាភិបាលបានអនុម័តច្បាប់មួយស្តីពីការប្រឆាំងចលនាលាងលុយកខ្វក់ និងការផ្តល់ហិរញ្ញវត្ថុដល់ភេរវករ និងក្នុងឆ្នាំ២០០៨រដ្ឋាភិបាលបានបង្កើតអង្គភាពតាមដានហិរញ្ញវត្ថុ ដែលមានមូល ដ្ឋាននៅធនាគារជាតិនៃកម្ពុជា ក៏ប៉ុន្តែ មានការផ្តន្ទាទោសមួយចំនួនតូចប៉ុណ្ណោះ។
នៅខែមីនា អង្គភាពតាមដានហិរញ្ញវត្ថុរបស់ធនាគារជាតិនៃកម្ពុជា មន្ត្រីអនុវត្តច្បាប់ និងធនាគារឯកជន បានចូលរួមកម្មវិធីបណ្តុះបណ្តាលរយៈពេលពេញមួយសប្តាហ៍ ដើម្បីឆ្លើយតបទៅនឹងសកម្មភាពលាងលុយកខ្វក់។
ជំនាញការផ្នែកបទល្មើលហិរញ្ញវត្ថុសាកលលោក ដែលបានចូលរួមវគ្គបណ្តុះបណ្តាលនោះបានលើកឡើងថា សន្ទុះកំណើននៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ក៏ដូចជាសន្ទុះកំណើននៃពាណិជ្ជកម្មអន្តរជាតិជាមួយប្រទេសចិន ធ្វើឲ្យប្រទេសនេះកាន់តែទំនងជាគោលដៅរបស់ក្រុមអ្នកលាងលុយកខ្វក់ ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។
របាយការណ៍ប្រចាំឆ្នាំស្តីពីយុទ្ធសាស្រ្តគ្រប់គ្រងសារធាតុណាកូទិកអន្តរជាតិ របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ដែលត្រូវបានចេញផ្សាយកាលពីខែមីនាឆ្នាំមុន និងបានបង្ហាញបទល្មើសហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា បានលើកឡើងថា ប្រទេសនេះមាន “ភាពងាយរងគ្រោះដោយសារចលនាលាងលុយកខ្វក់” ដោយបញ្ជាក់អំពីសេដ្ឋកិច្ចគ្របដណ្តប់ដោយរូបិយប័ណ្ណដុល្លារ ដែលត្រូវបានចុះបញ្ជីតាមរបៀបយកសាច់ប្រាក់ជាគោល ប្រព័ន្ធហិរញ្ញវត្ថុក្រៅផ្លូវការ ព្រំដែនមានច្រកសម្ងាត់ និងបទបញ្ញត្តិមានកម្រិត។
អំឡុងកិច្ចប្រជុំកាលពីថ្ងៃសុក្រ ក្រោមអធិបតីភាពលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទីស្តីការគណៈរដ្ឋមន្ត្រីក៏បានអនុម័តច្បាប់បង្កើតផែនការសកម្មភាពដើម្បីកាត់បន្ថយចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ផងដែរ៕ សុធា