28.4 C
Phnom Penh

គ្រួសារ​ជាច្រើន​​សុំ​ជំនួយឲ្យ​នាំ​កូនស្រី​របស់​ខ្លួន​ពីប្រទេស​ចិន​មក​វិញ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាច់ញាតិ​របស់​ស្ត្រី​ខ្មែរ​វ័យ​ក្មេង​ចំនួន​បី​នាក់​ ដែល​ត្រូវ​គេ​ជួញ​​ដូរ​ក្នុង​រូប​ភាព​រៀប   ​អា​ពាហ៍​ពិពាហ៍​ទៅ​ប្រទេស​ចិន​  បាន​ទាក់ទង​មក​​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​កាល​ពី​ថ្ងៃ​សុក្រ​ ដើម្បីសុំ​ឲ្យ​ជួយ​នាំ​កូន​ស្រី​របស់​ពួកគាត់​ដែល​​គេរំលោភ​បំពាន​មក​វិញ​ នេះបើ​តាម​ការ​ឲ្យ​ដឹង​ពី​អង្គការ​សិទ្ធិមនុស្ស​អាដ​ហុក​ និង​ក្រុម​​គ្រួសារ​ស្ត្រី​រងគ្រោះ​។

ស្ត្រី​វ័យ​ក្មេង​ទាំង​បី​នាក់​ដែល​សុទ្ធ​តែ​មក ​ពី​ស្រុក​ត្រាំកក់​ ខេត្ត​តាកែវ​ ហើយ​ក្នុង​នោះ​មាន​​ពីរ​នាក់​​ជា​បង​ប្អូន​បង្កើត​នឹង​គ្នា​ បាន​ធ្វើ​ការ​នៅក្នុង​រោង​ចក្រ​កាត់​ដេរ​ក្នុង​រាជធានី​ភ្នំពេញ​​ នៅពេល​ជន​ជួញ​ដូរ​មនុស្ស​បាន​មក​ទាក់​ទង​​ពួកគេ​ ដោយ​សន្យា​ថា នឹង​ផ្តល់​លក្ខ​ខណ្ឌ​ការងារ​ល្អ​​ និង​ប្រាក់​ខែ​ខ្ពស់​នៅ​រោង​ចក្រ​មួយ​ក្នុង​ប្រទេស​ចិន​ ឬ​ក៏​​​រៀប​ការ​ជាមួយ​បុរ​ស​ជន​ជាតិ​ចិន​។

លោក ម៉ក់​ ដុប ឪពុក​របស់​ស្ត្រី​រង​គ្រោះ​ម្នាក់​​ដែល​មាន​ឈ្មោះថា ជី រំដួល អាយុ​២២ឆ្នាំ​ក្នុង​ចំណោម​​ស្ត្រី​រង​គ្រោះទាំង​បី​បាន​ឲ្យ​ដឹង​ថា គាត់​ធ្លាប់​ជំទាស់​នឹង​គម្រោង​របស់​កូន​ស្រី​គាត់​ដែល​មាន​បំណង​ទៅ​ប្រទេស​ចិន​កាល​ពីខែ​តុលា ដែរ​ ប៉ុន្តែ គាត់​មិន​នឹក​​ស្មាន​ថា នាង​ត្រូវ​ទទួល​រង​ការ​រំលោភ​បំពាន​​ដោយ​សារ​​ប្តី​ជន​ជាតិ​ចិន​របស់​នាង​សោះ។

លោក ម៉ក់ ដុប បាន​និយាយថា “នាង​បាន​​និយាយថា ​នាង​ត្រូវគេ​រំលោភ​បំពាន​ ដូច​ជា​មិន​​អនុញ្ញាត​ឲ្យ​ចេ​ញក្រៅ ហើយ​ត្រូវ​គេ​ចាត់​ទុក​​ដូច​ជា​អ្នក​បម្រើ​អ៊ីចឹង​”។ លោក ម៉ក់ ដុប បាន​លើក​ឡើង​ថា នៅ​ពេល​ រំដួល ចាក​ចេ​ញ​ទៅ​ប្រទេស​ចិន​កាល​ពីខែ​តុលា នាងបាន​ធ្វើ​ដំណើ​រតាម​​យន្ត​​ហោះ​ជា​​មួយ​ស្ត្រី​បួន​នាក់​ផ្សេងទៀត​។ ហើយ​ក្រោយ​​ មក​នាង​បាន​ហៅ​ទូរស័ព្ទ​ពី​ប្រទេស​ចិន​មក​គាត់​ដោយ​ប្រាប់​ថា នាង​ត្រូ​វគេ​ធ្វើ​បាប​។

​លោក​បាន​និយាយ​ថា “នាង​យំ​ហើយ​ប្រាប់​ខ្ញុំ​ថា មេខ្លោង​បាន​នាំ​ពួកនាង​​ទៅ​កាន់​ផ្ទះ​មួយ​ក្នុង​ប្រទេស​ចិន​ ជា​ទីដែល​​បុរស​ៗ​ជន​ជាតិ​ចិន​បាន​​ឈាង​ចូល​​មើល​ ហើយនាំ​ស្ត្រី​ម្នាក់​ក្នុង​ចំណោម​ស្ត្រី​ទាំង​អស់​ទៅ​”។​លោក​បាន​បន្ថែមថា លោក​មិន​ដឹង​ថា កូន​ស្រី​របស់​គាត់​រស់​នៅ​ទីណា​ទេ​ក្នុង​ប្រទេស​ចិន​ ហើយ​ក៏​មិន​ដឹង​ថា វាសនា​ស្ត្រី​ជន​រង​គ្រោះ​​បួននាក់​ផ្សេងទៀត​ទៅ​ជា​យ៉ាង​ណាដែរ​។

លោក​​ ម៉ក់ ដុប ក៏បាន​និយាយ​ដែរ​ថា ​គាត់​ជឿ​ជាក់​ថា កូនស្រី​របស់​គាត់​​អាច​ត្រូវ​គេ​រំលោភ​បំពាន​លើស​ពីនេះ​ទៅ​ទៀត​។ លោក​បាន​និយាយ​ថា “ នាង​បាន​​អង្វរ​ខ្ញុំ​ឲ្យ​ជួយ​នាំ​​នាង​មក​វិញ​ជាង​មួយខែ​ហើយ​​។​ខ្ញុំ​គិតថា នាង​ត្រូវ​គេវាយ​ដំ​ ឬក៏​ត្រូវ​គេ​ធ្វើ​បាប​លើល​ពីនេះ​ទៅ​ទៀត​ បើ​មិន​អ៊ីចឹង​នាង​មិន​អង្វរ​ឲ្យខ្ញុំ​ជួយ​នាំនាង​មក​វិញ​ឡើយ​”។

នៅពេល​​ដែល​លោក ម៉ក់ ដុប បាន​ទៅ​ជូន​ដំណើ​រ កូនស្រី​របស់​គាត់​នៅ​ឯអាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញ​នាង​បាន​យក​​ប្រាក​់​៥០០​ដុល្លារ​ពី​មេខ្លោង​ដែល​ជា​ស្ត្រី​ខ្មែរ​ឲ្យ​ទៅ​គាត់​។  នៅក្នុង​ករណីដាច់​ដោយ​ឡែក​មួយ​ទៀត​ឪពុក​ម្តាយ​របស់​បង​​ប្អូនស្រី​ពីរនាក់​ ក្នុង​នោះ​មាន​ម្នាក់​ឈ្មោះ ចន ស្រី​អូន អាយុ​២៥ឆ្នាំ​ និង​ម្នាក់​ទៀត​ឈ្មោះ ចន សុខុម អាយុ​២១​ក៏​បាន​មក​សុំ​ជំនួយ​ពី​អង្គការ​អាដ​ហុក​​ដែរ​ដើម្បី​ឲ្យ​ជួយ​នាំ​កូន​ស្រី​ដែល​រៀប​ការ​ជាមួយ​ប្តី​ជ​ន ជាតិចិន​​មក​ពី​ប្រទេស​ចិន​វិញ​​។

​ដំណើរ​រឿង​​របស់​ជន​រងគ្រោះ​ទាំង​នេះ​គឺ​វា​ស្រដៀង​គ្នា​។ ស្ត្រីជន​រង​គ្រោះ​ទាំង​ពីរ​នាក់​នេះ​ត្រូវ​បាន​គេ​មក​ទាក់​ទង​នៅពេល​កំពុង​ធ្វើ​ការ​ក្នុង​រោង​ចក្រ​កាត់​ដេរ​ក្នុង​រាជធា​នី​ភ្នំពេញ​ ហើយ​ស្ត្រី​រង​គ្រោះ​ទាំង​ពីរនាក់​នេះ​បាន​ឲ្យ​ប្រាក់​ចំនួន​៥០០ដុល្លារ​ក្នុង​​ម្នាក់​ទៅ​ឲ្យ​ឪពុក​ម្តាយ​របស់ពួកគេ​ពេល​​ឡើង​យន្ត​ហោះ​ទៅ​ប្រ ទេស​ចិន​។

អ្នកស្រី​​ សែន ហៀង​ ម្តាយរបស់​ជន​រង​គ្រោះ​ទាំង​ពីរ​បាន​និយាយ​កាល​ពីថ្ងៃ​សុក្រ​ថា “កូនស្រី​របស់​ខ្ញុំ​ត្រូវ​អ្នក​រួមការ​ងារ​ក្នុង​រោង​ចក្រ​​​ នៅ​រាជធានី​ភ្នំពេញ​លួង​លោម​ឲ្យ​ទៅ​ប្រទេសចិន​ ព្រោះ​គេ​​គេ​ប្រាប់​ថា នៅទី​នោះ​​នឹ​ងមាន​ការងារ​ល្អ”។​

អ្្នក​ស្រី ហៀង បាន​និយាយ​បន្ថែមថា “ពួក គេ​ទាំង​ពីរ​នាក់​ចង់​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​​។ កូនស្រីបង​ត្រូវ​គេ​ចាក់​​សោ​ជាប់​ក្នុង​ផ្ទះ​ ហើយ​កូន​ស្រី​ប្អូន​ត្រូវ​ប្តី​របស់​នាង​យក​ប្រាក់​ខែ​ទាំង​អស់​ ហើយ​ចាត់ទុ​ក​នាង​ដូច​ទាសក​រ​អ៊ីចឹង​”។

គ្រួសារ​​របស់​ជន​រងគ្រោះ​ទាំង​ពី​រ​​បាន​ទាក់​​ទង​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​​នៅ​ក្នុង​ខេត្ត​រតនគិរី​ បន្ទាប់ពី​បាន​ឃើញ​សេចក្តី​រាយ​ការណ៍​របស់​កាសែត​ក្នុង​ស្រុក​ ដែល​ចុះ​ផ្សាយ​អំពីស្ត្រី​ម្នាក់​ដែលត្រូវ​គេ​ជួញ​ដូរ​ឲ្យ​ទៅ​រៀប​ការ​ជាមួយ​ប្តី​ជន​ជាតិ​ចិន​។

លោក អំ សំអាត​ អ្នក​គ្រប់​គ្រង​បច្ចេក​ទេស​នៃ​អង្គការ​សិទ្ធិ​មនុស្ស​ក្នុងស្រុក​លីកា​ដូ​បាន​ឲ្យដឹង​ថា អង្គការ​របស់​លោក​ក៏​រក​ឃើញ ថា ការ​ជួញ​​ដូ​រមនុស្ស​ទៅ​ប្រទេស​ចិន​មាន​ចំនួន​កើន​ឡើង​​ដែរ​។ លោក អំ សំអាត​ បាន​មាន​ប្រសាសន៍​ថា “ យើង​បាន​​រក​ឃើ​ញថា ការ​ជួញ​ដូរ​ស្ត្រី​ខ្មែរ​ឲ្យ​ទៅ​រៀបការ​ជាមួយ​ប្តី​ជន​ជាតិ​ចិន​មា​ន​ការ​កើន​ឡើយ​ខ្លាំង​នៅក្នុង​រយៈពេល​ពីរ​ខែ​ចុង​ក្រោយ​នេះ”។

លោក អំ សំអាត​ បាន​លើក​ឡើង​ថា ស្ត្រី​ខ្មែរវ័យ​ក្មេង​មក​ពី​គ្រួសារ​​អ្នក​ក្រីក្រ​ជាធម្មតា​តែ​ងតែ​ត្រូវ​​​គេ​លួង​លោម​​ឲ្យ​ទៅ​ប្រទេស​​ ចិន​ ព្រោះគេ​សន្យា​ថា នឹង​ផ្តល់​ការ​ងារ​ដែល​មាន​ប្រាក់ខែ​ខ្ពស់​នៅក្នុង​វិស័យ​កាត់​ដេរ​ ឬ​ក៏​ត្រូវ​រៀប​ការ​ជាមួយ​បុរស​ជន​ជាតិ​ចិន​ដែល​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ ​អាច​ជួយ​ពួក​គេ​ឲ្យ​មាន​លទ្ធ​ភាពចិញ្ចឹម​គ្រួសារ​ទាំង​មូល​​របស់​ពួក​គេ​នៅក្នុង​ប្រទេស​កម្ពុជា​។

លោកបាន​មាន​ប្រសាសន៍ថា “បន្ទាប់​ពី​រៀបការ​រួច ​ជន​រងគ្រោះ​ភាគច្រើន​តែង​តែ​រង​ទារុណកម្ម និង​ត្រូ​វ​ប្តី​ជន​ជាតិ​ចិន​របស់​ពួក​​គេ​រំលោភ​បំពាន​ផ្លូវ​ភេ​ទ​ ហើយ​នៅក្នុង​ករណី​ខ្លះ​ស្ត្រី​ជន​រងគ្រោះ​ត្រូវ​បាន​គេ​ជួញ​ដូរឲ្យ​​​ធ្វើ​ជា​ស្ត្រី​បម្រើ​ផ្លូវ​ភេទទៀត​ផង​”។

ក្រសួង​មហាផ្ទៃ​បានចាប់ខ្លួន​ជន​ជួញ​ដូរ​មនុស្ស​​២០នាក់​ ហើយ​បាន​ជួយ​សង្គ្រោះ ​​ជន​រង​គ្រោះដែល​គេ​ជួញ​ដូរ​ទៅប្រទេស​ចិន​បាន ​៣៥​នាក់​ កាល​ពីឆ្នាំ​២០១៣​ ៕ ស៊ុយ​ឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស