27 C
Phnom Penh

អ្នកស្រី ជា ខេង យល់​ព្រម​ឲ្យ​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​វិវាទ​ដីធ្លី​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​​​តាម​​អង្គការ​សិទ្ធិមនុស្ស​ក្នុង​ស្រុក​អាដ​ហុក​ បាន​ឲ្យ​ដឹង​ថា អ្នក​ស្រី ជា ខេង ភរិ​យា​របស់លោក ស៊ុយ សែម រដ្ឋ​មន្ត្រី​​ក្រសួង​រ៉ែ និង​ថាម​ពល បាន​យល់​ព្រម​​​លើ​​​ការ​​​​​​​បង្កើត​គណៈ​កម្មការ​មួយ​ដើម្បី​ស៊ើប​អង្កេត​​​អំពី​​​កម្មសិទ្ធិ​ដីទំហំ១៤៥​ហិកតា​នៅ​ក្នុងខេត្ត​កំពង់​ឆ្នាំង ដែល​មាន​វិវាទ​ចាប់​តាំង​ពីឆ្នាំ​២០០៧​មក​។

យោងតាម​លោក សំ ចាន់គា អ្នកសម្រប​សម្រួល​អង្គការ​សិទ្ធិមនុស្ស​អាដហុក​ប្រចាំ​ខេត្ត​កំពង់​ឆ្នាំង បាន​ឲ្យ​ដឹង​ថា អំឡុង​កិច្ច​ប្រជុំ​ជាមួយ​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​ កាល​ពី​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ អ្នកស្រី ជា ខេង បាន​ផ្ដល់​ឯក​សារជាច្រើន​​​​ដោយ​បង្ហាញ​ថា ក្រុម​ហ៊ុន KDC International ជាក្រុម​ហ៊ុន​កសិពា​ណិជ្ជ​កម្ម​ដែល​អ្នកស្រី​បានកាន់​កាប់​នោះ​បា​ន​ចំណាយ​​​ប្រាក់​​​៧០.០០០​ដុល្លារ​កាលពីឆ្នាំ​២០០៧ សម្រាប់​ដីទំហំជាង​៦០០​ហិកតា នៅ​ក្នុង​ឃុំ​​​តាជេស ស្រុក​កំពង់​ត្រឡាច ដែល​រួមទាំង​តំបន់​​​​ដែល​មាន​វិវាទ​នេះផង​។

លោក សំ ចាន់គា បាន​មាន​ប្រសាសន៍​ថា “អំឡុង​កិច្ច​ប្រជុំ​ដែល​សម្រប​សម្រួល​ដោយ លោក​មេឃុំ​ អ្នកស្រី​ ជា ខេង បាន​បង្ហាញ​ឯក​សារ​​ទាំង​អស់​ដល់ពួក​យើង​ដើម្បី​បញ្ជាក់​ពី​កម្ម​​​​សិទ្ធិ​ស្រប​ច្បាប់​របស់​អ្នក​ស្រីលើ​ដីដែល​មាន​​​​វិវាទ​នេះ។ លោក​ សំ ចាន់គា ​បាន​មាន​​ប្រសាសន៍​បន្ថែម​ទៀត​​​​ថា អ្នកស្រី ជា ខេង ​អះអា​ង​ថា អ្នកស្រី ​​បាន​បរិច្ចាគ​ដីទំហំ១០០​ហិកតាដល់​គ្រួសារ​ក្រីក្រ​​​រួច​ហើយ​។ លោកបានមាន​ប្រសាសន៍​ថា “ប៉ុន្តែ​អ្នក​ស្រីមិន​យល់​ថា តើ​ហេតុអ្វី​បានជាដីនេះនៅ​តែ​​​​មាន​វិវាទ​”។

លោក​បាន​បន្ថែម​ថា អ្នកស្រី ជា ខេង បាន​យល់​ព្រម​ជា​គោល​ការណ៍​ចំពោះ​​ការ​​​​បង្កើត​គណៈកម្មការ​ពិសេស​ដើម្បី​កំណត់​​ថា អ្នក​ណា​មាន​សិទ្ធិ​ស្រប​ច្បាប់​លើដី​ដែល​មាន​វិវាទ​នេះ។ គេ​មិន​អាច​ទាក់​ទង​អ្នកស្រី ជា ខេង ដើម្បី​​សុំ​​​ការ​​​អត្ថាធិប្បាយ​បានទេ​។

លោក សួស ស៊ីផៃ មេឃុំតាជេស បាន​សម្ដែង​សុទិដ្ឋិ​និយម​ថា គណៈកម្មការ​ថ្មីនេះ​ប្រហែលជា​អាច​ដោះ​ស្រាយ​វិវាទ​ដែល​មាន​​​រយៈ​ពេលប្រាំពីរ​ឆ្នាំ​មក​ហើយនេះ​​​រវាង​ក្រុម​​​ហ៊ុន​ KDC International និង​អ្នកភូមិ​៥២​​​គ្រួសារ​ដែល​រស់​នៅ​ក្នុង​ភូមិ​ឡពាង។

លោក សួស ស៊ីផៃ បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​សង្ឃឹម​ថា ​កិច្ច​ព្រម​ព្រៀង​នេះ​នឹង​ឈាន​​​​​​​ដល់​ចំណុច​រួម​។​​​​​​ក្រុម​ហ៊ុន​នេះ​​​​មាន​ឯក​សារ​រឹង​មាំ​ផ្នែក​ច្បាប់​​​​​​​ ​​​ប៉ុន្តែ​​​ក្រុម​អ្នក​ភូមិ​បាន​រស់​នៅ​ និង​ធ្វើ​ស្រែ​ចម្ការ​នៅលើ​ដី​នេះ​​​ ដូច្នេះ​​​ហើយ​​​​​​​​​បាន​​​ជា​​​បង្កើត​​​​គណៈ​កម្មការ​រួម​មួយ​​​ដើម្បី​​​ស៊ើប​​​អង្កេត”។

លោក សួស ស៊ីផៃ បាន​មាន​ប្រសាសន៍​ថា អាជ្ញាធរ​ខេត្ត​មិនទាន់​បាន​​​យល់​​​ព្រម​​​លើ​​​ការ​បង្កើត​គណៈកម្មការ ដែល​រួម​មាន​តំណាង​​​​​មកពី​ក្រុម​ហ៊ុន​ KDC អ្នក​ភូមិ​ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ អាជ្ញា​ធរ​​​មូល​ដ្ឋាន​ និង​អង្គការ​អាដ​ហុក​​​​នេះនៅ​​​ឡើយ​​​ទេ​​​។

វិវាទ​រវាង​អ្នក​ស្រី ជា ខេង និង​ក្រុម​អ្នក​ភូមិ​​ឡពាង បាន​​​តាន​​​តឹង​​​ខ្លាំង​​​​កាលពី​ខែ​មីនា ឆ្នាំ​មុន​ ដែល​​​នៅ​​​ពេល​នោះ​អ្នក​ភូមិ​បាន​ដុ​ត​ជម្រក​​​​សង់​អំពី​ឈើ​នៅ​លើ​ដីដែល​មាន​វិវាទ​នេះ​ដែល​ពួកគាត់​អះអាង​ថា សាង​សង់​សម្រាប់​​​​​​​​ទាហាន​​បីនាក់​​ដែល​ក្រុម​ហ៊ុន​ KDC Interna-tional បាន​ដាក់ឲ្យ​​​យា​​​ម​​​ដី​​​នោះ​​​។​ មន្ត្រី​យោធា​នៅពេល​នោះ បាន​បដិសេធ​​​ថា មិន​បានបញ្ជូន​ទាហាន​ទៅ​តំបន់​ដែល​មាន​​វិវាទ​​​​នោះទេ​។

អ្នក​ស្រី​ ណាក់ កេន អាយុ​២៩​ឆ្នាំ​ដែល​បាន​បាត់​បង់​ដីស្រែ​ទំហំជាង​១ហិកតា​ទៅ​​​លើ​​​​ក្រុម​ហ៊ុន KDC នេះ​បាន​និយាយ​ថា ក្រុម​អ្នក​ភូមិ​បាន​ជ្រើស​រើស​តំណាង​ឲ្យចូល​រួម​នៅ​ក្នុង​គណៈកម្មការ​ស៊ើបអង្កេត​នោះហើយ​។ អ្នកស្រី​​និយាយ​ថា “ប្រសិន​បើ​វិវាទ​ដី​ធ្លី​នេះត្រូវ​បាន​ដោះ​ស្រាយ​ក្រៅ​ប្រព័ន្ធ​តុលា​ការ​ដោយ​សន្តិវិធី​ វាជា​ការ​ល្អ​ប្រសើ​រ​បំផុត​”។

សាលា​ដំបូង​ខេត្ត​កំពង់​ឆ្នាំង បាន​បដិសេធ​ម្ដង​ហើយ​ម្ដង​ទៀត​មិនធ្វើការ​​​​ស៊ើប​អង្កេត​ពាក្យបណ្ដឹង​ដែល​អ្នក​ភូមិរង​ការ​បណ្ដេញ​ចេញ​​​​បាន​​ប្ដឹង​នោះទេ​។ កាលពីឆ្នាំ​២០១២ ​សាលាដំបូង​ខេត្ត​បាន​បង្គាប់​ឲ្យលោក ចាត បាត អាយុ​៧០​ឆ្នាំ​បង់​សំណង​ចំនួន​២.៥០០​ដុល្លារ​ទៅ​ឲ្យ​ក្រុម​ហ៊ុន​KDC ចំពោះ​ការ​មិន​បាន​ឈប់ធ្វើ​ស្រែ​ចម្ការ​លើ​ដីដែលមាន​វិវាទ​នេះ​៕ សារុន

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស