ស្រុកកៀនស្វាយ, ខេត្តកណ្តាល-បន្ទាប់ពីស្លៀកពាក់ស្អាតដើម្បីមើលទៅឲ្យដូចជាប្រពន្ធត្រឹមត្រូវតាមច្បាប់ដូចដែលពួកគេចង់បាននោះ ស្ត្រីបីនាក់ដែលទើបមកដល់ថ្មីពីប្រទេសកម្ពុជាបានអង្គុយនៅលើសាឡុងមួយរង់ចាំអនាគតប្តីជនជាតិចិនរបស់ខ្លួន។
ក្នុងវ័យ២៩ឆ្នាំ កញ្ញា ខៃ សុជឿន គឺជាស្ត្រីដែលមានអាយុច្រើនជាងគេក្នុងចំណោមស្ត្រីទាំងបីនាក់ដែលគ្រាន់តែដឹងថា ពួកគេបានទៅដល់ភាគខាងត្បូងប្រទេសចិន។ នាងគឺជាជម្រើសចុងក្រោយ ហើយបានធ្វើជាកូនក្រមុំរបស់កសិករជនជាតិចិនក្រីក្រម្នាក់ ដែលរកចំណូលបានបន្ថែមខ្លះៗពីការងារជាកម្មករសំណង់ម្តងម្កាលនៅតាមតំបន់ជនបទដែលមានចម្ងាយធ្វើដំណើរជាច្រើនម៉ោងពីទីក្រុងគ័ងចូវ។
កញ្ញា ខៃ សុជឿន បាននិយាយរៀបរាប់ពីការធ្វើជាកូនក្រមុំទាំងបង្ខំរយៈពេលពីរខែរបស់បុរសម្នាក់ដែលបានឃុំខ្លួនគាត់ និងរំលោភគាត់ជាច្រើនដងក្នុងមួយថ្ងៃនោះថា “ នៅពេល ដែលខ្ញុំអង្គុយនៅទីនោះ បុរសជនជាតិចិនសម្លឹងមើលខ្ញុំ។ខ្ញុំដឹងថា ខ្ញុំត្រូវបានគេលក់។ពួកគេជ្រើសរើសយកយើង ហើយខ្ញុំមានអារម្មណ៍ដូចជាស្ត្រីពេស្យា ពីព្រោះខ្ញុំត្រូវបានគេប្រាប់ឲ្យស្លៀកពាក់ស្អាត និងលាបម្សៅក្រែម ដើម្បីធ្វើឲ្យពួកគេចាប់អារម្មណ៍មកលើខ្ញុំ”។
១០ថ្ងៃមុនពេលនាងត្រូវបានគេនាំទៅរៀបការនៅចិន កញ្ញា ខៃ សុជឿន រស់នៅលើដីតូចមួយរបស់គ្រួសារនាងនៅក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល ដោយពឹងផ្អែកលើការធ្វើស្រែ និងដាំបន្លែ។
នាងបាននិយាយថា “ខ្ញុំមិនដែលរៀបការនៅទីនេះទេ ពីព្រោះប្រសិនបើខ្ញុំរៀបការ គឺត្រូវរៀបការជាមួយកសិករក្រីក្រដូចខ្លួនខ្ញុំដែរ។ ប្រុសៗនៅទីនេះស្រវឹងស្រាគ្រប់ពេល ហើយការរៀបការនៅទីនេះមិនធ្វើឲ្យជីវិតល្អប្រសើរឡើយ”។
ប៉ុន្តែ នៅពេលទៅលេងផ្ទះឪពុកមាគាត់នៅក្នុងភូមិមួយនៅជិតនោះកាលពីខែមិថុនាឆ្នាំមុន ឱកាសមួយបានកើតឡើង គឺរៀបការជាមួយបុរសជនជាតិចិន។ គំនិតដ៏សំខាន់របស់នាងក្នុងការធ្វើជាកូនក្រមុំរបស់បុរសជនជាតិចិន ដែលពួកគេមិនដែលបានជួបនោះគឺដោយសារថា នាងអាចទៅរស់នៅក្នុងជីវិតដ៏ទំនើប និងមិនត្រូវចំណាយលុយមួយសេនឡើយ ព្រោះការចំណាយសម្រាប់លិខិតឆ្លងដែនរបស់នាង និងថ្លៃសំបុត្រយន្តហោះ គឺប្តីអ្នកមានរបស់នាងជាអ្នកចំណាយទាំងអស់ ហើយនាងអាចទទួលបានថ្លៃបណ្ណាការច្រើនជាងបី្តខ្មែរទៅទៀត។
កញ្ញា សុជឿន បាននិយាយថា “ស្ត្រីម្នាក់បានមកជួបខ្ញុំ និងបាននិយាយថា ខ្ញុំគួរតែទៅប្រទេសចិន និងរៀបការនៅទីនោះ។ ស្ត្រីនោះបាននិយាយថា ខ្ញុំនឹងទទួលបានការងារមួយដែលអាចរកលុយបានយ៉ាងតិច៥០០ដុល្លារក្នុងមួយខែ ហើយខ្ញុំនឹងមានប្តីអ្នកមានរស់នៅក្នុងប្រទេសរីកចម្រើនទៀតផង”។
នាងបានបន្ថែមថា នាងស្គាល់ប្រទេសចិនតាមរយៈរឿងចិនតែប៉ុណ្ណោះ ដែលមានមនុស្សទាន់សម័យរស់នៅក្នុងទេសភាពល្អៗ និងក្នុងទីក្រុងទំនើបៗ។
ថ្លៃបណ្ណាការដែលកញ្ញា សុជឿន បានដឹងនៅពេលក្រោយមកគឺមានចំនួនប្រហែល១៥.០០០ដុល្លារ បើប្រៀបធៀបទៅនឹងថ្លៃបណ្ណាការដែលបុរសជនជាតិចិនចំណាយសម្រាប់រៀបការជាមួយស្ត្រីជនជាតិចិន យ៉ាងហោចណាស់ក៏៣០.០០០ដុល្លារដែរ។
កញ្ញា សុជឿន បាននិយាយថា យ៉ាងហោចណាស់មានស្ត្រីខ្មែរពីរនាក់រស់នៅជិតខាងគាត់ក្នុងទីក្រុងមួយដែលគាត់ស្គាល់ថា ឈ្មោះ ហ្វូចា (Fuja) ។កាលពីខែមិថុនា ឆ្នាំមុនមានស្ត្រីពីរនាក់ទៀតបានឡើងជិះយន្តហោះជាមួយគាត់នៅក្នុងទីក្រុងភ្នំពេញ។
ពេលពួកគេទៅដល់ទីនោះ ស្ត្រីខ្មែរម្នាក់និងបុរសជនជាតិចិនចំនួនបួននាក់បានទៅ ទទួលពួកគេ ហើយពួកគេក៏បានរៀបការភ្លាមៗតែម្តង។
ប៉ុន្តែ ជីវិតថ្មីរបស់កញ្ញា សុជឿន គឺខុសគ្នាពីជីវិតអាពាហ៍ពិពាហ៍ ដែលនាងសង្ឃឹមទុកមុន ទេសភាពស្អាតៗបានក្លាយជាវាលស្រែស្រដៀងនឹងស្រុកកំណើតរបស់នាង ហើយទីក្រុងទំនើបបានក្លាយជាភូមិក្រីក្រតូចមួយ។
គ្មានការងារដែលមានប្រាក់ខែ៥០០ដុល្លាររង់ចាំនាងទេ ហើយនាងបានដឹងភ្លាមៗថា គោលបំណងតែមួយរបស់នាងគឺសម្អាតផ្ទះ និងបង្កើតកូន ដោយត្រូវនៅរួមភេទជារៀងរាល់ថ្ងៃ។
កញ្ញា សុជឿន បាននិយាយថា “ខ្ញុំមិនដឹងថា នោះជាការរំលោភឬអត់ទេ ប៉ុន្តែ នៅពេលដែលខ្ញុំមិនចង់ដេកជាមួយគាត់ និងនៅពេលដែលខ្ញុំព្យាយាមជំទាស់នោះគាត់បានចាប់ទាញខ្ញុំ។ បុរសនោះខឹង ហើយរុញខ្ញុំទៅលើគ្រែរួមភេទជាមួយខ្ញុំតែម្តង”។ កញ្ញាបានបន្ថែមថា ប្តីនោះទាមទាររួមភេទបួនទៅ ប្រាំដងក្នុងមួយថ្ងៃ។
នាងបាននិយាយថា “ បុរសនោះឆេវឆាវណាស់។ គាត់គឺជាបុរសទី១មួយដែលខ្ញុំដេកជាមួយ ខ្ញុំមិនដែលមានបទពិសោធទេ ខ្ញុំដឹងថា ធ្វើដូច្នេះវាមិនត្រឹមត្រូវទេ គួរឲ្យខ្លាចណាស់”។ ពេលរៀបការបានប្រហែលមួួយខែ នាងបានរកវិធីគេចខ្លួនទាំងអស់សង្ឃឹម។
នាងបានរកលេខទូរស័ព្ទរបស់វិទ្យុសម្បុកឃ្មុំនៅក្នុងកូនសៀវភៅតូចមួយដែលនាងយកទៅពីប្រទេសកម្ពុជា ហើយបានទូរស័ព្ទឲ្យគេជួយ។ នាងបាននិយាយថា វិទ្យុសម្បុកឃ្មុំប្រាប់នាងឲ្យទូរស័ព្ទទៅអង្គការលីកាដូ។
លោក អំ សំអាត នាយកគ្រប់គ្រងផ្នែកបច្ចេកទេសរបស់អង្គការលីកាដូ បានមានប្រសាសន៍កាលពីម្សិ លមិញថា ករណីរបស់កញ្ញា សុជឿន គឺជាករណីមួយក្នុងចំណោមករណីដំបូងដែលលោកទទួលបានអំពីស្ត្រី ដែលត្រូវបានគេនាំ ទៅលក់នៅប្រទេសចិនដោយផ្ទាល់ ឬដោយសមាជិកគ្រួសាររបស់ពួកគេ។
រហូតមកទល់ពេលនេះ អង្គការលីកាដូ បានជួយបញ្ជូនស្ត្រីខ្មែរ១៥នាក់មកពីប្រទេសចិនវិញ។ ស្ត្រីម្នាក់ក្នុងចំណោមនោះគឺកញ្ញា សុជឿន ។
ការសិក្សាមួយរបស់ទស្សនាវដ្ដីវេជ្ជសាស្ត្រអង់គ្លេសបានប៉ាន់ប្រមាណថា ត្រឹមឆ្នាំ២០០៥ប្រទេសចិនមានមនុស្សប្រុសច្រើនជាងស្ត្រីចំនួន៣២លាននាក់ដែលមានអាយុក្រោម២០ឆ្នាំដោយសារគោលនយោបាយកូនមួយរបស់ខ្លួនដែលបានបណ្តាលឲ្យគ្រួសារដែលចង់បានកូនប្រុសត្រូវរំលូតកូនស្រីចោល។
ដោយសារអតុល្យភាពភេទ បុរសចិនក្រីក្ររាប់រយនាក់ត្រូវស្វែងរកស្ត្រីដែលសមរម្យនិងអាចលៃលកបាននៅក្រៅប្រទេស។ យោងតាមអង្គការលីកាដូបានឲ្យដឹងថា មានសេចក្តីរាយការណ៍ជាយូរមកហើយអំពី ការនាំស្ត្រីពីប្រទេសភូមា និងឡាវទៅលក់នៅប្រទេសចិន ប៉ុន្តែ ទើបតែថ្មីៗនេះទេដែលកម្ពុជាមានឈ្មោះនៅក្នុងរឿងនេះដែរ។
កាលពីម្សិលមិញ អង្គការអាដហុកបានទទួលពាក្យបណ្តឹងពីរពីគ្រួសារ ដែលកូនស្រី ខ្លួនត្រូវបានគេនាំទៅប្រទេសចិន។ កាលពីសប្តាហ៍មុន គ្រួសារដែលអស់សង្ឃឹមរបស់ស្ត្រីវ័យក្មេងបួននាក់បានស្វែងរកជំនួយពីអង្គការសិទ្ធិមនុស្ស ហើយក្រសួងមហាផ្ទៃបានឲ្យដឹងថា ខ្លួនបានចាប់ខ្លួនអ្នកជួញដូរមនុស្សបាន២០នាក់ និងជួយរំដោះស្ត្រីដែលត្រូវបានគេនាំទៅលក់នៅប្រទេសចិនបាន៣៥នាក់នៅក្នុងឆ្នាំ២០១៣។
លោក អំ សំអាត បានមានប្រសាសន៍ថា “ការជួញដូរមនុស្សទៅ ប្រទេសចិនបានកើតឡើងដំបូងនៅពាក់កណ្តាលឆ្នាំ២០១៣ ហើយវាបានកើនឡើងយ៉ាងខ្លាំងនៅក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ”។ កាលពីឆ្នាំមុន អង្គការលីកាដូដោះស្រាយបាន៣០ករណីនៃស្ត្រីខ្មែរដែលត្រូវបានគេនាំទៅរៀបការនៅប្រទេសចិន។
លោកបានមានប្រសាសន៍ថា ក្នុងរយៈពេលពីរខែមកនេះ អង្គការបានទទួលពាក្យបណ្តឹងអំពីស្ត្រីដែលត្រូវបានជួញដូរចំនួន១៣នាក់ហើយ។ លោកបានមានប្រសាសន៍ថា “វាជាបទល្មើសរៀបចំទុកជាមុន។ អ្នកជួញដូរបានបង្កើតបណ្តាញទូទាំងប្រទេស និងមនុស្សដែលអាចរកស្ត្រីដើម្បីនាំទៅប្រទេសចិនដោយការសន្យាផ្តល់ការងារ និងប្រាក់ខែខ្ពស់”។
លោកបានបន្ថែមថា ជនរងគ្រោះបានរងការរំលោភបំពានផ្លូវភេទ និងរាងកាយ ព្រមទាំងការឃុំខ្លួនហើយថា ស្ត្រីមួយចំនួនគឺជាអ្នករងគ្រោះពីរដងនៅពេលដែលពួកគេត្រូវបានលក់បន្តទៅឲ្យផ្ទះបន។
ពេលត្រឡប់មកដល់ស្រុកកំណើតរបស់នាងវិញនៅក្នុងភូមិស្តៅកន្លែង ក្នុងឃុំដីឥដ្ឋ កញ្ញា សុជឿន បាននិយាយថា នាងមានអារម្មណ៍ ធូរស្រាលនៅពេលនាងបានមកជួបជុំ គ្រួសារ របស់នាងវិញកាលពីខែសីហា។ នាងបាននិយាយថា “ខ្ញុំមានអារម្មណ៍ដូចជាមានឱកាសទី២ គឺដូចជាបានកើតម្តងទៀតអ៊ីចឹង”៕គឹមហឿន