បណ្ដាសហជីពកម្មករ និងម្ចាស់រោងចក្រកាត់ដេរបានលើកឡើងផ្ទុយគ្នាអំពីទំហំនៃកូដកម្មមិនចូលធ្វើការបន្ថែមម៉ោង ដែលបានចាប់ផ្ដើមកាលពីម្សិលមិញ ជាដំណាក់កាលដំបូងនៃកូដកម្មទូទាំងប្រទេស ដែលគេគ្រោងធ្វើនៅខែក្រោយនេះ។

ក្រុមមេដឹកនាំសហជីពបានប៉ាន់ប្រមាណថា កម្មករបានបដិសេធមិនធ្វើការថែមម៉ោងនៅតាមរោងចក្រប្រមាណពី១០០ទៅ២០០រោងចក្រ ចំណែកឯសមាគមរោងចក្រកាត់ដេរនៅកម្ពុជាហៅកាត់ថា GMAC បានលើកឡើងថា “មានតិចតួចណាស់” ក្នុងចំណោមរោងចក្រជាង៤០០កន្លែងនៅក្នុងប្រទេសកម្ពុជា ដែលរងផលប៉ះពាល់ដោយសារកូដកម្មនេះ។
លោក កែន លូ អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជាបានមានប្រសាសន៍ថា “រោងចក្រភាគច្រើនកំពុងធ្វើការបន្ថែមម៉ោងធម្មតា។ មានតែរោងចក្រខ្លះដែលសហជីពទាំងនេះមានសមាជិកភាពច្រើនប៉ុណ្ណោះដែល [រងផលប៉ះពាល់]”។
លោក កែន លូ បានមានប្រសាសន៍ទៀតថា “ប៉ុន្តែរោងចក្រភាគច្រើនមិនរងផលប៉ះពាល់ទេ។ នេះសបង្ហាញឲ្យឃើញថា អ្វីដែលយើងបាននិយាយកន្លងមក គឺថា មានតែកម្មករមួយចំនួនតូចប៉ុណ្ណោះ ដែលចង់ធ្វើកូដកម្ម ហើយកម្មករភាគច្រើនចង់ធ្វើការ”។
តែទោះជាយ៉ាងណា លោក អាត់ ធន់ ប្រធានសហជីពឯករាជ្យខ្ពស់បំផុតនៅក្នុងប្រទេសកម្ពុជាបានមានប្រសាសន៍ថា ប្រហែល២៥ភាគរយនៃរោងចក្រកាត់ដេរសម្លៀកបំពាក់នៅក្នុងប្រទេសកម្ពុជា កម្មករបានដើរចេញពីរោងចក្របន្ទាប់ពីពួកគេធ្វើការប្រាំបីម៉ោងរួច។
លោក អាត់ ធន់ មានប្រសាសន៍ថា “យើងអាចប៉ាន់ប្រមាណដឹងថា [កម្មករ] នៅតាមរោងចក្រប្រហែល១០០ បានធ្វើកូដកម្មមិនធ្វើការបន្ថែមម៉ោង”។ លោកបានមានប្រសាសន៍បន្តទៀតថា កម្មករបានដើរចេញពីរោងចក្រនៅតាមបណ្ដោយផ្លូវជាតិលេខ១ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៥ លេខ៦ និងនៅលើផ្លូវវេងស្រេង កន្លែងដែលកម្មករកាត់ដេរប្រាំនាក់ត្រូវបានមន្ត្រីកងរាជអាវុធហត្ថបាញ់សម្លាប់អំឡុងកូដកម្មកាលពីថ្ងៃទី៣ ខែមករា។
លោក អាត់ ធន់ ដែលជាប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជាបានមានប្រសា សន៍ថា សហជីពនិងសមាគមអង្គការចំនួន១៨ ដែលគាំទ្រការធ្វើកូដកម្មនេះនៅតែកំពុងតែបន្តចែកចាយខិត្តប័ណ្ណនៅឡើយដើម្បីជួនដំណឹងដល់កម្មករអំពីការធ្វើកូដកម្មមិនធ្វើការបន្ថែមម៉ោង និងកូដកម្មតាមការគ្រោងទុក ដែលនឹងធ្វើឡើងក្នុងគោលបំណងទាមទារដំឡើងប្រាក់ខែគោលឲ្យដល់១៦០ដុល្លារក្នុងមួយខែ។
លោកបានមានប្រសាសន៍ថា “យើងបន្តផ្សព្វផ្សាយព័ត៌មាននេះ ពីព្រោះមានរោងចក្រមួយចំនួនដែលមិនទាន់ទទួលបានសាររបស់យើងនៅឡើយ”។
លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករបានប៉ាន់ប្រមាណថា រោងចក្ររហូតដល់ទៅ២០០ បានរងផលប៉ះពាល់ដោយសារការមិនចូលធ្វើការបន្ថែមម៉ោងនេះ។
លោកស្រី ជីល ថាក់ឃើ (Jill Tucker) ទីប្រឹក្សាផ្នែកបច្ចេកទេសនៅកម្មវិធីរោងចក្រល្អប្រសើរនៅកម្ពុជារបស់អង្គការពលកម្មអន្តរជាតិ ILO បានមានប្រសាសន៍ថា ទោះបីជាច្បាប់ការងារនៅក្មុងប្រទេសកម្ពុជាចែងថា កម្មករនិយោជិតត្រូវធ្វើការតែ៦០ម៉ោងក្នុងមួយសប្ដាហ៍ ពោលគឺធ្វើការបន្ថែមម៉ោងចំនួន១២ម៉ោងបន្ថែមពីលើការធ្វើការ៤៨ម៉ោងក្នុងមួយសប្ដាហ៍ក៏ដោយ ក៏កម្មករនៅក្នុងវិស័យកាត់ដេរតែងតែត្រូវធ្វើការច្រើនម៉ោងដដែល។
លោកស្រីបានមានប្រសាសន៍ថា “ការធ្វើការ៦០ម៉ោងក្នុងមួយសប្ដាហ៍ គឺវាច្រើនណាស់ទៅហើយនៅទីនេះ ប៉ុន្តែបែរជាគេយល់ថា ជាចំនួនមធ្យមទៅវិញ”។ លោកស្រីបានបន្តទៀតថា ការធ្វើការ៦០ម៉ោងក្នុងមួយសប្ដាហ៍ គឺមានជាទូទៅនៅក្នុងបណ្ដាប្រទេសផលិតសម្លៀកបំពាក់។
លោក ដេវ វែលស៍ (Dave Welsh) នាយកកម្មវិធីរបស់មជ្ឈមណ្ឌលសាមគ្គីភាព (Soli-darity Center) ប្រចាំកម្ពុជា ដែលជាអង្គការពលកម្មមួយមានមូលដ្ឋាននៅក្នុងសហរដ្ឋអាមេរិកបានមានប្រសាសន៍ថា កម្មករនៅក្នុងវិស័យកាត់ដេរបានបង្ខំចិត្តធ្វើការថែមម៉ោងដើម្បីទទួលបានប្រាក់ខែអាចរស់បាន។
លោកបានមានប្រសាសន៍ថា “បញ្ហានេះមិនមែនដោយសារតែកម្មករមិនទទួលបានប្រាក់កម្រៃសមរម្យ [សម្រាប់ធ្វើការបន្ថែមម៉ោង] នោះទេ។ បញ្ហានៅត្រង់ថា ដោយសារតែប្រព័ន្ធកិច្ចសន្យាផុយស្រួយ និងដោយសារតែប្រាក់ខែមិនគ្រប់គ្រាន់នឹងអាចរស់បាន ហើយកម្មករបង្ខំចិត្តធ្វើការបន្ថែមម៉ោងច្រើន ដើម្បីទទួលបានប្រាក់ខែគួរសម”។
នៅខាងក្រៅសួនឧស្សាហកម្មកាណាឌីយ៉ា ក្នុងខណ្ឌពោធិ៍សែនជ័យ កាលពីម្សិលមិញមានទស្សនយល់ឃើញខុសៗគ្នាចំពោះការធ្វើកូដកម្មមិនធ្វើការបន្ថែមម៉ោងនេះ។
កម្មការិនីម្នាក់ឈ្មោះ ផា អាយុ៤០ឆ្នាំ បាននិយាយថា អ្នកស្រីបង្ខំចិត្តធ្វើការថែមម៉ោង ដែលជាធម្មតាទទួលបានចំណូលបន្ថែមប្រហែល៣០ដុល្លារក្នុងមួយខែៗបន្ថែមពីលើប្រាក់ខែគោល១០០ដុល្លាររបស់គាត់។
អ្នកស្រីនិយាយថា “ពួកយើងបានធ្វើការច្រើនឆ្នាំហើយ ប៉ុន្តែពួកយើងមានតែដៃទទេនោះទេ។ ដូច្នេះពួកយើងចាំបាច់ត្រូវតែធ្វើកូដកម្ម ដើម្បីទាមទារដំឡើងប្រាក់ខែរបស់យើង”។
កម្មការិនីម្នាក់ទៀតឈ្មោះ ស្រី ម៉ៅ អាយុ២០ឆ្នាំធ្វើការនៅរោងចក្រ I Apparel Ltd. បាននិយាយថា កម្មករទាំងអស់ដែលមានគ្នាប្រហែល៥០០នាក់នៅរោងចក្ររបស់នាង បានចូលរួមកូដកម្មមិនចូលធ្វើការបន្ថែមម៉ោងនេះ។
នាងនិយាយថា “កម្មករទាំងអស់នៅក្នុងរោងចក្ររបស់ខ្ញុំមិនធ្វើការបន្ថែមម៉ោងទេ ពីព្រោះពួកគេចង់ឲ្យរដ្ឋាភិបាលដោះលែងអ្នកជាប់ឃុំទាំង២១នាក់។ ពួកយើងមិនព្រួយបារម្ភអំពីការបាត់បង់ប្រាក់បន្ថែមម៉ោងរបស់យើងទេ ពីព្រោះយើងត្រូវលះបង់ប្រាក់បន្ថែមម៉ោងនេះ ដើម្បីទទួលបានប្រាក់ខែខ្ពស់”។
តែទោះជាយ៉ាងណា កម្មការិនីម្នាក់ទៀតឈ្មោះ ចន្ធី អាយុ៣០ឆ្នាំបាននិយាយថា កម្មករនៅរោងចក្រ Noble Apparel Ltd. កន្លែងដែលស្ត្រីរូបនេះធ្វើការ សម្រេចចិត្តធ្វើការបន្ថែមម៉ោង បន្ទាប់ពីគណៈគ្រប់គ្រងរោងចក្របានព្រមានពួកគេកុំឲ្យធ្វើតាមសហជីពទាំងនេះ។
អ្នកស្រី ចន្ធី បាននិយាយថា “ពួកគេបានប្រាប់យើងថា រោងចក្រនឹងត្រូវបិទទ្វារយ៉ាងច្រើននៅពេលកម្មករចូលរួមធ្វើកូដកម្ម ហើយបានប្រាប់ពួកយើងកុំឲ្យជឿលើខិត្តប័ណ្ណរបស់សហជីពទាំងនេះ ពីព្រោះការញុះញុង់នេះនឹងធ្វើឲ្យប៉ះពាល់កម្មករ” ។
កម្មការិនីរូបនេះបានចោទជាសំណួរថា “ប្រសិនបើពួកយើងចូលរួមកូដកម្ម តើអ្នកណានឹងឲ្យប្រាក់យើង ខណៈពេលពួកយើងកំពុងធ្វើកូដកម្ម?”៕សុខុម