38 C
Phnom Penh

សាលាដំបូង​​​រាជ​​​ធានី​​​សម្រេច​ឲ្យស៊ើបអង្កេត​ឡើង​វិញ​​​​លើ​​​​​​រឿង​​​ក្តី​​​ជួញដូរ​ក្មេងស្រី​គថ្លង់​ទៅ​​ផ្ទះបន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពីម្សិលមិញ សាលា​ដំបូង​រាជ​ធានី​​ភ្នំពេញ បាន​សម្រេច​បញ្ជូន​រឿង​ក្ដី​មនុស្ស​ពីរ​នាក់​ដែល​ជាប់​ចោទ​ពីបទ​ជួញ​ដូរ​​ក្មេងស្រី​គថ្លង់​ និង​មាន​ផ្ទុក​មេរោគ​អេដស៍​​អាយុ​១៣​ឆ្នាំ​ម្នាក់​ទៅ​ផ្ទះ​បន ទៅ​ឲ្យ​ចៅ​ក្រម​ស៊ើប​សួរ​​​វិញ ដើម្បី​ឲ្យ​​​​គាត់​​​ពិនិត្យ​មើល​រូ​ប​​ភាព​​វីដេអូ​ដែល​​ជន​​សង្ស័យ​ម្នាក់​អះអាង​ថា គាត់​មិន​​​នៅ​​​​កន្លែង​​​កើត​​​ហេតុ​​​ទេ ​ពេល​​បទឧ​ក្រិដ្ឋ​​​នោះ​​​កើត​ឡើង​។

ឯម សុភា អាយុ​៤៤​ឆ្នាំ និង​ ឡុញ ចាន់ អាយ​ុ​២៨​ឆ្នាំ​ ត្រូវ​បាន​ផ្ដន្ទា​ទោស​កាល​ពី​ដើម​ខែ​នេះ ហើយ​ដំបូង​តុលាការ​គ្រោង​​នឹង​ចេញ​សាល​​ក្រម​នៅ​ថ្ងៃ​ម្សិល​មិញនេះ​។

ប៉ុន្តែ​លោក តែ សំអាង ចៅក្រម​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​បានព​ន្យារ​ពេល​​ចេញ​សាល​ក្រម​ ពីព្រោះ​ស្ត្រី​ឈ្មោះ សុភា បាន​អះ​អាង​ថា គាត់​បាន​និង​កំពុង​លេង​​ល្បែង​នៅ​ពេល​មាន​ការ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ដូច​ដែល​បាន​​ចោទប្រកាន់នោះ។

លោកចៅក្រម​ តែ សំអាង បាន​លើក​ឡើង​​​​​នៅ​ក្នុង​តុលាការ​ថា “ តុលាការ​បា​ន​សម្រេច​បញ្ជូន​រឿង​ក្ដី​នេះ​ទៅ​ឲ្យចៅក្រម​ស៊ើប​សួរ​ធ្វើការ​ស៊ើប​អង្កេត​ឡើង​វិញ និង​ពិនិត្យ​មើល​កាមេរ៉ា​សុវត្ថិភាព​នៅ​កាស៊ីណូ ណា​ហ្គាវើល​”។

ស្ត្រីឈ្មោះ សុភា បាន​​​​បញ្ជាក់​​​​ថា គាត់​មិន​បាន​​​នៅ​ផ្ទះទេ​កាលពីខែ​មិថុនានោះ ដែល​​​នៅពេល​​​នោះ​​​ ​មាន​ការ​អះអាង​ថា ក្មេង​ស្រី​រង​គ្រោះ​​គឺ​​​ជា​កុមារ​កំព្រា​មាន​ផ្ទុក​មេរោគ​អេដស៏ ដែល​រស់​នៅ​អង្គការ​ក្ដី​សង្ឃឹម​ថ្មី​នៃ​​កុមារ​កម្ពុជា ជា​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​នៅ​ក្នុង​​​ខេត្ត​កំពង់​ស្ពឺ បាន​ទៅ​​លេង​ជាមួយ​​កូន​ស្រី​​​របស់​ស្ត្រីឈ្មោះ សុភា ជាមិត្ត​ភក្ដិ​​រៀន​  ជា​មួយ​​គ្នា​នៅ​ផ្ទះ​របស់​គាត់​មុន​​​ពេល​នាង​បាត់​ខ្លួន​រយៈ​​ពេល​ពីរ​ថ្ងៃ​។

ពេលនាង​​​ត្រឡប់​មក​ដល់​អង្គការ​ក្រៅ​រដ្ឋាភិបាលវិញ ក្មេង​ស្រី​រូប​នេះ​បាន​​ប្រាប់​បុគ្គលិក​ថា នាង​ត្រូវ​បាន​គេ​នាំ​ទៅ​ផ្ទះ​បន​មួយ​​​​​​​កន្លែង​ស្ថិត​ក្នុង​សង្កាត់​ទន្លេ​បាសាក់ រាជ​ធានី​ភ្នំពេញ​ ហើយ​ត្រូវ​បាន​គេ​រំលោភ​ ដែល​​ក្រោយ​​មក​មាន​ការបញ្ជាក់​តាម​រយៈ​ការ​​​ធ្វើ​កោសល្យ​វិច័យ​។

ស្ត្រី​ឈ្មោះ សុភា បាន​ប្រាប់​តុលាការ​ថា “ខ្ញុំ​មិ​ន​នៅ​ផ្ទះ​ទេ នៅ​ពេល​ក្មេង​ស្រី​រង​គ្រោះ​​​ត្រូវ​គេ​នាំទៅ​ទីនោះ។ ខ្ញុំ​កំពុង​លេង​ល្បែង​នៅ​កាស៊ីណូ​​ណាហ្គា​វើល”។ តាម​ច្បាប់ប្រទេស​​​កម្ពុជា​ វា​ជា​ការ​ខុសច្បាប​់​ការ​ ដែល​​​ពល​រដ្ឋ​ខ្មែរ​​​ទៅ​លេង​​ល្បែង​នៅ​កា​ស៊ី​ណូ​។

លោក សុខ​ ផល្លា នាយក​ប្រតិបត្តិ​អង្គ​ការ​ក្រៅ​រដ្ឋាភិបាល​នេះ ដែល​បាន​ដាក់​ពាក្យ​បណ្ដឹង​​ប្ដឹង​អ្នក​ទាំង​ពីរ​បាន​មាន​ប្រសា​សន៍​​​ថា​​​​សេចក្ដី​សម្រេច​កាលពី​ម្សិល​មិញ​​​បង្ហាញ​​“ ពី​ភាព​គ្មាន​សង្ឃឹម” ​​ចំពោះ​ប្រព័ន្ធ​តុលាការ​។

លោក​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​មិន​​ជឿ​ប្រព័ន្ធ​តុលាការ​​​ឡើយ ជន​រង​គ្រោះ​ផ្ទាល់​បាន​និយា​យ​ថា  គឺស្ត្រី​ឈ្មោះ​ សុភា បាន​នាំ​នាង​​​​​​​​​​​​ទៅកាន់​ផ្ទះ​បននោះ​”។

លោក​បាន​មាន​ប្រសាសន៍​ថា ការ​ស៊ើប​អង្កេត​ឡើង​វិញ​ទំនងជា​មាន​បញ្ហា ពីព្រោះ​ចុង​ចោទ​អះអាង​ថា គាត់​នៅ​កាស៊ី​ណូ​កាល​ពី​ខែ​មិថុនា ប៉ុន្តែ​តាម​ធម្មតា​រូបភាពនៅ​ក្នុង​កាមេរ៉ា​សុវត្ថិភាព​ត្រូវ​បាន​លុប​ចោល​​បន្ទាប់ ពី​រយៈពេល​ប្រហែលបីខែ​៕ សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស