34 C
Phnom Penh

មន្ត្រី​​បណ្តឹងសាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​នឹង​ជួយ​ដោះ​ស្រាយ​វិវាទ​ដី​ធ្លីនៅ​ឯអាកាស​យានដ្ឋាន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំណាង​ប្រជា​ជន​រាប់​រយ​គ្រួសារ​ដែល​ប្រឈម​នឹង​ការ​បណ្តេញ​ចេញពី​​ទី​លំនៅ​ដ្ឋាន​ នៅ​ជុំ​វិញ​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ បាន​យល់​ព្រម​អនុញ្ញាត​ឲ្យ​មន្ត្រី​ទទួល​បន្ទុក​អង្កេត​បណ្តឹង​ប្រជា​ជន​ របស់​សាជីវកម្ម​ហិរ​ញ្ញវត្ថុ​អន្តរជាតិ ដែលហៅ​កាត់​ថា IFC ​​សម្រប​​សម្រួល​ក្នុង​ការ​ដោះ​ស្រាយ​ជម្លោះ​ដី​ធ្លី​ជា​មួយ​រដ្ឋា​ភិបាល​ និង​ក្រុម​ហ៊ុន​គ្រប់គ្រង​អាកាស​យាន​ដ្ឋាន​នេះ​។ គួរ​បញ្ជាក់​ថា សាជីវកម្ម​ IFC ​​ជា​​សេនា​ធិ​ការ​វិនិយោគ​ឯក​ជន​របស់​ធនាគារ​​ពិភពលោក​ (World Bank)។

នៅ​ក្នុង​របាយការណ៍​ចុះ​ខែ​មករា ដែល​​ត្រូវ​បាន​ចេញ​ផ្សាយកាលពី​សប្តាហ៍​មុន​ បាន​ឲ្យ​ដឹង​ថា មន្ត្រី​ទទួល​បន្ទុក​អង្កេត​បណ្តឹង​ប្រ​ជាជន​របស់​សាជីវកម្ម IFC បាន​លើក​ឡើង​ថា រដ្ឋាភិបាល​ និង​ក្រុម​ហ៊ុន​អាកាស​យាន​ដ្ឋាន​កម្ពុជា​​​ ជាក្រុម​ហ៊ុន​ឯកជន​គ្រប់​គ្រងអា​​​​​កាស​យាន​ដ្ឋាន​នេះ ក៏​បាន​អនុញ្ញាត​ឲ្យ​មន្ត្រី​ទាំង​នេះ​ចូល​រួម​សម្រប​សម្រួល​ក្នុង​កិច្ច​ចរចាក៏​ប៉ុន្តែ ពួកគេ​មិន​បាន​បញ្ជាក់​ពីកាល​បរិច្ឆេទ​ ឬ​ក៏​គម្រោង​ពេល​វេលា​សម្រាប់​ដំណើរការ​នៃការ​ដោះ​ស្រាយ​វិវាទ​នេះ​ទេ​។

ប្រជា​ជន​៥៩​គ្រួសារ​បាន​ដាក់​ពាក្យ​បណ្តឹង​​ទៅ​មន្ត្រី​ទទួល​បន្ទុក​អង្កេត​ប​ណ្តឹង​ប្រជា​ជន​របស់​សាជីវកម្ម​ IFC កាលពី​ខែ​មិថុនា បន្ទាប់​ពី​អាជ្ញាធរ​មូលដ្ឋាន​បាន​គំរាម​បណ្តេញ​ប្រជា​ជន​ជិត​៤០០គ្រួសារ​ កាលពី​ចុង​ឆ្នាំ​២០១២ មុន​ពេល​មេដឹក​នាំ​មកពីទូទាំងពិភពលោក​​មក​ដល់​រាជធានី​ភ្នំពេញ​ ដើម្បី​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​ថ្នាក់​តំបន់​ចំនួន​ពីរ​។

ចំណុច​ដែល​ធ្វើ​ឲ្យ​សាជីវកម្ម​ IFC មាន​ការ​ពាក់​ព័ន្ធ​ក្នុង​ការ​ដោះ​ស្រាយ​វិវាទ​នេះ​គឺ​ដោយ​សារ​តែ​សាជីវកម្ម​នេះ​បាន​ផ្តល់​ប្រាក់​កម្ចី​១០លាន​ដុល្លារ​ដល់​គម្រោង​អភិវឌ្ឍន៍​អាកាស​យាន​ដ្ឋាន​បី​នៅ​​​ក្នុង​ប្រទេស​កម្ពុជា​ ដោយ​ត្រូវ​ចំណាយ​ប្រាក់​៧២លាន​ដុល្លារ​។ គួរបញ្ជាក់​ផង​ដែរ​ថា អាកាស​យាន​ដ្ឋាន​ទាំង​នេះ​សុទ្ធ​តែ​ស្ថិត​​​ក្រោម​ការ​គ្រប់​គ្រង​របស់​ក្រុម​ហ៊ុន​អាកាស​យាន​ដ្ឋាន​កម្ពុជា​ ហើយ​គម្រោង​នេះ​មាន​សកម្មភាព​អភិវឌ្ឍន៍​ជាច្រើន​ ដូចជា ការ​បង្កើត​ផ្លូវ​យន្ត​ហោះ​ឡើង​ចុះ​វែង​ជាង​មុន​មួយ​ ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ប្រតិបត្តិ​ការ​របស់​យន្ត​ហោះ​ដែល​មាន​ទំហំ​ធំ​ជាង​មុន​។

ប្រជាជន​ជាច្រើន​គ្រួសារ​ដែល​រស់​នៅ​ជុំ​វិញ​បរិវេណនៃ​​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ​អះ​អាង​ថា អាជ្ញាធរ​មូលដ្ឋាន​ផ្តល់​ការ​អនុញ្ញាត​ផ្លូវ​ការ​ឲ្យ​ពួកគាត់​រស់​នៅ​ និង​សង់​លំនៅ​ដ្ឋាន​នៅ​លើ​ដី​នោះ ក៏​ប៉ុន្តែ ឥឡូវ​នេះ​សិទ្ធិ​ដី​ធ្លី​របស់​ពួកគាត់​ត្រូវ​បាន​គេ​បំពាន​ តាម​រយៈការ​ព្យាយាម​បង្ខំ​ឲ្យ​ពួកគាត់​ចាក​ចេញ​។ រដ្ឋាភិបាល​បាន​ចោទ​ប្រកាន់​ប្រ​ជា​ជន​ទាំង​នោះ​ថា បាន​​រស់​នៅ​ខុស​ច្បាប់​លើ​ដី​នោះ។

របាយការណ៍​របស់​មន្ត្រី​ទទួល​បន្ទុក​អង្កេត​បណ្តឹង​ប្រជាជន​របស់​សាជីវកម្ម​ IFC បាន​បង្ហាញ​មូល​ដ្ឋាន​នៃ​ជម្លោះ​នេះ​ និង​បាន​កត់​សម្គាល់​ថា ភាគីទាំង​អស់​​ដែលរួម​មាន​គ្រួសារ​ ប្រជាជន​ រដ្ឋាភិបាល ​និង​ក្រុម​ហ៊ុន​អាកាស​យាន​ដ្ឋាន​កម្ពុជា​ បាន​ឯកភាពគ្នា​អនុញ្ញាតឲ្យ​​មន្ត្រី​ទទួលបន្ទុក​អង្កេត​បណ្តឹងប្រជាជន​ ចូល​ខ្លួន​សម្របសម្រួល​ក្នុងកិច្ចចរចា​នានា​។

របាយការណ៍​នេះ​មាន​​ខ្លឹម​សារ​ថា “នៅ​ក្នុង​ដំណើរការ​នៃការ​ដោះ​ស្រាយ​​របស់​មន្ត្រី​ទទួល​បន្ទុក​អង្កេត​បណ្តឹង​ប្រជា​ជន​ ក្នុង​វិវាទ​នេះ​ មន្ត្រី​រូប​នោះ​ផ្តល់​នូវការ​សម្រប​សម្រួល​ដោយ​ប្រកាន់​ខ្ជាប់នៅ​ជំហរ​អព្យាក្រឹត​​ និង​រៀប​ចំ​កិច្ច​ប្រជុំ​ដាច់​ដោយ​ឡែក​ពី​គ្នា​ និង​កិច្ច​ប្រជុំ​រួម​គ្នា​ទៅ​តាម​ស្ថានភាព​ចាំ​បាច់​។ មន្ត្រី​ទទួល​បន្ទុក​អង្កេត​បណ្តឹង​ប្រជា​ជន​ នឹង​ធ្វើការ​ជាមួយ​ភាគី​ទាំង​អស់​ ដើម្បីជួយ​ពួកគេ​ឲ្យ​ឯក​ភាព​​គ្នា​លើ​រយៈពេល ដំណើរការ​ និង​គម្រោង​​​ពេល​វេលា​សម្រាប់​កិច្ច​ប្រជុំ​ទាំង​នោះ”។

អ្នក​សម្រប​សម្រួល​ជាតិ​របស់​មន្ត្រី​ទទួល​បន្ទុក​អង្កេត​បណ្តឹង​ប្រជាជន​ គឺ​លោកមេធាវី គង់ ផលលាក់​ មិន​បាន​ឆ្លើយ​តប​ទៅ​នឹង​សំណើ​សំុ​ធ្វើ​សេចក្តី​អត្ថាធិប្បាយ​ទេ​។

អ្នកស្រី ច្រាយ នីម ជា​ប្រជា​ជន​ម្នាក់​នៅ​ក្នុង​ចំណោម​ប្រជាជនដែលកំពុង​​ប្រឈម​នឹង​ការ​បណ្តេញ​ចេញ​​ បាន​ឲ្យ​ដឹង​កាលពី​ម្សិល​មិញ​ថា  អ្នកស្រី​សង្ឃឹម​ថា មន្ត្រី​ទទួល​បន្ទុក​អង្កេត​បណ្តឹង​ប្រជាជន​នឹង​អាច​ជួយ​បាន​។

អ្នកស្រី​បាន​និយាយថា “រដ្ឋាភិបាល​បាន​សន្យា​ផ្តល់​ប្រាក់​សំណង​តាម​តម្លៃ​ទីផ្សារ​ អំឡុង​កិច្ច​ប្រជុំ​កាលពី​សប្តាហ៍​មុន ក៏​ប៉ុន្តែ យើង​មិន​ជឿ​ថា ពួកគេ​អាច​ដោះ​ស្រាយ​បញ្ហា​នេះ​ឲ្យ​​យើង​ទាំង​អស់​គ្នា​ទេ ដោយសារ​តែ​ប្រជា​ជន​រាប់​ពាន់​គ្រួសារ​បាន​បាត់​បង់​ដី​ធ្លី​របស់​ខ្លួន​ [នៅ​ទូទាំង​ប្រទេស​] ដោយ​សារ​គម្រោង​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល​”។

លោក យិន គា ប្រធាន​រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ បាន​ឲ្យ​ដឹង​ថា ចំនួន​គ្រួសារ​ប្រជា​ជន​ដែល​នឹង​ត្រូវ​បណ្តេញ​ចេញ​ និង​ចំនួន​ប្រាក់​សំណង​ពិត​ប្រាកដ​​ដែល​ពួកគាត់​នឹង​ទទួល​បាន​ មិន​ត្រូវ​បាន​លើក​ទៅ​ពិភាក្សា​នៅ​ក្នុង​កិច្ច​ប្រជុំ​​កាលពី​សប្តាហ៍​មុន​ទេ ហើយ​បញ្ហាទាំង​នេះ​ប្រហែល​ជាមិន​អាច​មាន​ការ​សម្រេច​បាន​ទេ ដរាប​ណា​ដី​បន្ថែម​ទៀត​ដែល​ចាំ​បាច់​សម្រាប់​ពង្រីក​ផ្លូវ​យន្ត​ហោះ​ឡើង​ចុះ​ នឹង​ត្រូវ​បាន​បោះ​​បង្គោល​ព្រំ​ដែន​គ្រប់​ចំណុច​ទេ​នោះ។

លោកបាន​និយាយ​ថា “យើង​មិន​ទាន់​ដឹង​ថា ប្រតិបត្តិការ​បណ្តេញ​ចេញ​នឹង​ចាប់​ផ្តើម​នៅ​ពេល​ណា​ ឬក៏​ប្រាក់​សំណង​ប៉ុន្មាន​ដែល​យើង​នឹង​ផ្តល់​ឲ្យ​ទេ​ ក៏​ប៉ុន្តែ គម្រោង​នេះ​នឹង​ចាប់​ផ្តើម​នាពេល​ឆាប់​នេះ​។ យើង​នឹង​ចរចា​បន្ទាប់​ពី​យើង​កំណត់​ចំនួន​គ្រួសារ​ដែល​រង​ផល​ប៉ះពាល់​ដោយ​គម្រោង​នេះ​”។

លោក សាយ សុខាន់ អនុរដ្ឋលេខា​ធិការ​​លេខា​ធិការ​ដ្ឋាន​អាកាស​ចរណ៍​ស៊ីវិល​ បាន​ឲ្យ​ដឹង​ថា មន្ត្រី​នានានឹង​ជួប​ប្រជុំ​គ្នា​នៅ​សប្តាហ៍​ក្រោយ​ ដើម្បី​កំណត់​កាលបរិច្ឆេទ​​សម្រាប់​ចាប់​ផ្តើម​បោះ​បង្គោល​លើ​ដី​ដែល​ចាំ​បាច់​​ក្នុង​ការ​ពង្រីក​ផ្លូវសម្រាប់​យន្ត​ហោះ​​ឡើង​ចុះ​។

លោក ខែក នរិនដា អ្នក​នាំ​ពាក្យ​ក្រុម​ហ៊ុន​អាកាសយាន​ដ្ឋាន​កម្ពុជា ​បាន​លើក​ឡើង​ថា ក្រុម​ហ៊ុន​របស់​លោក​ សង្ឃឹម​ថា ខ្លួន​អាច​ដោះ​ស្រាយ​វិវាទ​នេះ​ដោយ​សន្តិវិធី​ ពីព្រោះ​ក្រុម​ហ៊ុន​នេះ​បាន​ធ្វើការ​ជាមួយ​គ្រួសារ​ប្រជា​ជន​ដែល​ជាប់​ពាក់​ព័ន្ធនៅ​​ក្នុង​វិវាទ​ដី​ធ្លី​ប្រហាក់​ប្រហែល​គ្នា​មួយ​ នៅ​ជុំ​វិញ​អាកាស​យាន​ដ្ឋាន​ក្នុង​ខេត្ត​ព្រះ​សីហនុ ដែល​មន្ត្រី​ទទួល​បន្ទុក​អង្កេត​បណ្តឹង​ប្រជាជន​របស់​សាជីវកម្ម​ IFC បាន​ជួយ​ដោះ​ស្រាយ​ផ​ង​ដែរ។

លោក​បាន​មា​ន​ប្រសាសន៍​ថា “ដោយ​មាន​ការ​សម្រប​សម្រួល​របស់​មន្ត្រី​ទទួល​បន្ទុក​អង្កេត​បណ្តឹង​ប្រជា​ជន​ នឹង​មាន​ឱកាស​​ដោះ​ស្រាយ​ប្រកប​ដោយ​ផ្លែផ្កា​ ដូចគ្នា​នឹង​​លទ្ធផល​សម្រេច​បាន​នៅ​អាកាស​យាន​ដ្ឋាន​ខេត្ត​ព្រះ​សីហនុផង​ដែរ”៕ សុធា​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស