នគរបាលបានឲ្យដឹងកាលពីម្សិលមិញថាជនជាតិកាណាដាអាយុ៧០ឆ្នាំម្នាក់ បានយកកាំបិតស្លាចាក់ខ្លួនឯងជាច្រើនកន្លែងកាលពីថ្ងៃអាទិត្យនៅក្នុងបន្ទប់ផ្ទះជួលមួយនៅក្នុងក្រុងសៀមរាប ខណៈដែលនគរបាលបានទៅដល់ផ្ទះសំណាក់របស់គាត់ដើម្បីចាប់ខ្លួនគាត់ ដោយសារបទល្មើសរួមភេទជាមួយកុមារ។
នគរបាលបានទម្លាយទ្វារផ្ទះ និងដណ្តើមយកកាំបិតពីឈ្មោះ ព្យ័រ ដេស្លូរីយ័រ (Pierre Deslauriers) មុនពេលបញ្ជូនគាត់ទៅមន្ទីរពេទ្យខេត្តដើម្បីព្យាបាល និងចាប់ខ្លួនគាត់តាមការចោទប្រកាន់ពីបទរំលោភផ្លូវភេទក្មេងប្រុសចំនួនប្រាំនាក់អាយុក្រោម១៤ឆ្នាំ នេះបើយោងតាមលោក ម៉ីវុឌ្ឍី នាយរងនគរបាលប្រឆាំងការជួញដូរមនុស្សខេត្តសៀមរាប។
លោកវរសេនីយ៍ត្រី វុឌ្ឍី បានឲ្យដឹងថា “ជនសង្ស័យ គឺលោក ដេស្លូរីយ័រ បានដឹងថា នគរបាលប្រឆាំងការជួញដូរមនុស្សរបស់យើងកំពុងតាមចាប់គាត់ ហើយជននេះបានលាក់ខ្លួនក្នុងបន្ទប់ផ្ទះជួលដោយគ្មានសម្លៀកបំពាក់ និងបានព្យាយាមធ្វើអត្តឃាត”។
លោកបានបន្ថែមថា នគរបាលបានទទួលពាក្យបណ្តឹងពីក្រុមគ្រួសារជនរងគ្រោះ និងបានចំណាយពេលពីរថ្ងៃ តាមដានលោក ដេស្លូរីយ័រ មុនពេលឈានទៅរកការចាប់ខ្លួនគាត់។ ក្មេងប្រុសទាំងនោះបានអះអាងថា ដេស្លូរីយ័រ បានឲ្យប្រាក់ពួកគេម្នាក់ៗ២ឬ៣ដុល្លារដើម្បីរួមភេទជាមួយពួកគេ។
លោកវរសេនីយ៍ត្រី ម៉ី វុទ្ធី បានឲ្យដឹងទៀតថា ជនសង្ស័យឈ្មោះ ដេស្លូរីយ័រ បានចាក់ពោះខ្លួនឯង និងកាត់ដៃ និងកដៃរបស់ខ្លួន ក៏ប៉ុន្តែ របួសរបស់ជនសង្ស័យនេះមិនបានគំរាមកំហែងអាយុជីវិតទេ។
ក្នុងសេចក្តីប្រកាសព័ត៌មានចេញផ្សាយកាលពីម្សិលមិញ អង្គការសកម្មភាពដើម្បី កុមារបានលើកឡើងថា ខ្លួនបានទទួលដំណឹងកាលពីថ្ងៃទី២០ ខែកុម្ភៈ ពីអង្គការដៃគូរបស់ខ្លួនមួយនៅខេត្តសៀមរាប ទាក់ទងទៅនឹងបុរសម្នាក់ត្រូវបានសង្ស័យថា បានរំលោភបំពានលើកុមារាពីរនាក់។ អង្គការនេះបានបញ្ជូនដំណឹងនេះបន្តទៅនគរបាលខេត្តសៀមរាប និងស្នើឲ្យនគរបាលធ្វើអន្តរាគមន៍ អំឡុងពេលកំពុងតាមដានជនសង្ស័យឈ្មោះ ដេស្លូរីយ័រ គួរបញ្ជាក់ថា អង្គការនេះបានស៊ើបអង្កេត និងជំរុញឲ្យមានការនាំជនសង្ស័យទៅផ្តន្ទាទោសពីបទល្មើសផ្លូវភេទលើកុមារនៅក្នុងប្រទេសកម្ពុជា។
អង្គការសកម្មភាពដើម្បី កុមារ បានឲ្យដឹងទៀតថា ភ្នាក់ងាររបស់ខ្លួនបានឃើញជនសង្ស័យនាំក្មេងប្រុសបួននាក់ចូលទៅក្នុងព្រៃ ហើយបន្ទាប់មកនគរបាលបានសួរនាំក្មេងប្រុសទាំងនោះ ហើយពួកគេ និយាយ ថា ពួកគេត្រូវបានគេរំលោភបំពាន។ សេចក្តីប្រកាសព័ត៌មាននោះមានខ្លឹមសារថា “ដោយមានជំនួយពីអង្គការសកម្មភាពដើម្បី កុមារ បច្ចុប្បន្ន នគរបាលកំពុងកំណត់អត្តសញ្ញាណជនរងគ្រោះច្រើននាក់ទៀត ដើម្បីនាំពួកគេមកសម្ភាស”៕ ប៊ុននី