កាលពីម្សិលមិញ រដ្ឋាភិបាលអូស្ត្រាលីបានបន្តរងសំឡេងរិះគន់នៅក្នុងប្រទេសរបស់ខ្លួន ជុំវិញការស្នើឲ្យកម្ពុជា ដែលស្ថិតក្នុងចំណោមប្រទេសក្រីក្របំផុតនៅក្នុងតំបន់ ទទួលអ្នកស្វែងរកសិទ្ធិជ្រកកោនមួយចំនួនក្នុងចំណោមអ្នកស្វែងរកសិទ្ធិជ្រកកោនរាប់ពាន់នាក់ដែលបានព្យាយាមចូលទៅរស់ នៅប្រទេសអូស្ត្រាលី។
លោកស្រី ជូលី ប៊ីសប់ (Julie Bishop) រដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលី បានដាក់សំណើ នេះជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំឡុងកិច្ចប្រជុំឯកជនមួយនៅក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃសៅរ៍ ហើយលោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសកម្ពុជាបានឲ្យដឹងថា រដ្ឋាភិបាលនឹងពិចារណាដោយយក ចិត្តទុកដាក់ចំពោះសំណើនេះ។
នៅក្នុងប្រទេសអូស្ត្រាលី លោក គ្រីស្ទីន មីលន័រ (Christine Milne) មេដឹកនាំគណបក្សប្រឆាំងបៃតង (Greens) កាលពីថ្ងៃច័ន្ទ បានចោទប្រកាន់គណបក្សសេរីនិយម (Liberals) ដែលកំពុងគ្រប់គ្រងអំណាចម្ដងទៀតថា បានគាំទ្ររបបមួយពាក់ព័ន្ធក្នុងការរំលោភសិទ្ធិមនុស្ស នេះបើយោងតាមសារព័ត៌មាន ឌឹ វ៉េស អូស្ត្រាលៀន (The West Australian) ។
សារព័ត៌មានដដែលនេះបានរាយការណ៍ថា លោក ខេលវិន ថមសុន (Kelvin Thomson) សមាជិកសភាមកពីគណបក្សការងារក៏បានចោទប្រកាន់គណបក្សសេរីនិយមនផងដែរថា បានឆ្លៀតឱកាសនិយមនយោបាយ និងមានល្បិចលាក់ពុតមួយចំនួន បន្ទាប់ពីបានរារាំងកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការដោះដូរមនុស្សជាមួយប្រទេសម៉ាឡេស៊ី នៅពេលខ្លួននៅជាគណបក្សប្រឆាំង។
យោងតាមសេចក្ដីរាយការណ៍មួយនៅក្នុងសារព័ត៌មាន ស៊ីដនី ម៉នីង ហឺរ៉ាល់( Sydney Morning Herald) កាលពីម្សិលមិញ បានឲ្យដឹងថា លោក រីឆាដ ម៉ាឡេស (Richard Marles) អ្នកនាំពាក្យផ្នែកអន្តោប្រវេសន៍របស់គណបក្សប្រឆាំង បានរិះគន់ថា ជនជាតិអូស្ត្រាលីកំពុងស្វែងយល់បន្ថែមទៀតអំពីសំណើរបស់លោកស្រី ប៊ីសប់ តាមរយៈប្រព័ន្ធផ្សព្វផ្សាយបរទេសច្រើនជាងតាមរយៈក្រសួងការបរទេសអូស្ត្រាលី។
គិតមកទល់ពេលនេះ មានតែមន្ត្រីកម្ពុជាប៉ុណ្ណោះបានធ្វើអត្ថាធិប្បាយអំពីសំណើរបស់ប្រទេសអូស្ត្រាលី។ លោកស្រី ប៊ីសប់ បានបដិសេធមិនឆ្លើយតបនឹងសំណួរនៅក្នុងសន្និសីទសារព័ត៌មាន ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃសៅរ៍ ហើយក្រសួងការបរទេសនៃប្រទេសអូស្ត្រាលីមិនទាន់ចេញសេចក្ដីថ្លែងការណ៍ណាមួយទាក់ទងនឹងសំណើនេះនៅឡើយទេ។
សេចក្ដីថ្លែងការណ៍មួយដែលស្ថានទូតអូស្ត្រាលីប្រចាំរាជធានីភ្នំពេញបានចេញផ្សាយភ្លាមៗក្រោយពីដំណើរទស្សនកិច្ចរបស់លោកស្រី ប៊ីសប់ គ្រាន់តែមានសេចក្តីបញ្ជាក់ថា លោកស្រីបាននិយាយជាមួយមន្ត្រី កម្ពុជា អំពីការតាមចាប់អ្នករត់ពន្ធ និងធ្វើចំណាកស្រុកតាមផ្លូវទឹកដោយខុសច្បាប់ក្នុងចំណោមប្រធានបទជាច្រើនទៀត។
នៅពេលត្រូវបានស្នើសុំព័ត៌មានលម្អិតបន្ថែមទៀត អ្នកនាំពាក្យស្ថានទូតអូស្ត្រាលីមួយរូបបានណែនាំឲ្យទៅពិនិត្យមើលសេចក្ដីថ្លែងការណ៍ចេញផ្សាយកាលពីថ្ងៃអាទិត្យ ក៏ប៉ុន្តែ អ្នកនាំពាក្យរូបនោះមិនបានឆ្លើយតបឡើយកាលពីម្សិលមិញ។
អូស្ត្រាលីបានរងនូវសំឡេងរិះគន់យ៉ាងច្រើន ដោយសារតែការប្រព្រឹត្តរបស់ខ្លួនទៅលើអ្នកស្វែងរកសិទ្ធិជ្រកកោនដែលបច្ចុប្បន្នខ្លួនបានបញ្ជូនទៅមណ្ឌលឃុំខ្លួននៅប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេនិងប្រទេសណូរូ។
កាលពីម្សិលមិញ ប្រជាជនអូស្ត្រាលីជាច្រើនពាន់នាក់ត្រូវបានរាយការណ៍ថា បានប្រមូលផ្តុំគ្នាតវ៉ានៅទូទាំងប្រទេសជុំវិញករណីសម្លាប់អ្នកស្វែងរកសិទ្ធិជ្រកកោនជនជាតិអីុរ៉ង់ម្នាក់ អំឡុងកុបកម្មនៅមណ្ឌលឃុំឃាំងមួយនៅប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេកាលពីដើមខែនេះ។ អង្គការឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (United Nations High Commissioner for Refugees) ហៅកាត់ថា UNHCR បានឲ្យដឹងថា មណ្ឌលនោះគួរតែត្រូវបានបិទលែងឲ្យដំណើរការ។
លោកស្រី វីវៀន តាន់ (Vivian Tan) អ្នកនាំពាក្យការិយាល័យប្រចាំតំបន់របស់អង្គការ UNHCR នៅទីក្រុងបាងកក បានបដិសេធមិនធ្វើអត្ថាធិប្បាយទាក់ទងនឹងសំណើថ្មីរបស់ប្រទេសអូស្ត្រាលី ហើយប្រទេសកម្ពុជាទទួលយកអ្នកស្វែងរកសិទ្ធិជ្រកកោនដែលចូលទៅប្រទេសខ្លួន។
លោកស្រីបានមានប្រសាសន៍ថា “ អង្គការ UNHCR មិនបានចូលរួមក្នុងកិច្ចពិភាក្សាទ្វេភាគីទេកាលពីចុងសប្តាហ៍មុន ហើយមិនអាចអត្ថាធិប្បាយអំពីអ្វីដែលត្រូវបានពិភាក្សា និងឯកភាពគ្នាទេ។ យើងនឹងស្វែងរកព័ត៌មានបន្ថែមទៀតទាក់ទងទៅនឹងរឿងនេះ”។
អង្គការ UNHCR បានបិទការិយាល័យរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីបានប្រគល់ភារកិច្ចចាត់ចែងជនភៀសខ្លួនទាំងអស់ឲ្យរដ្ឋាភិបាលកាលពីឆ្នាំ២០១១។
លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) នាយករងអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំតំបន់អាស៊ី (Human Rights Watch) ដែលបានរិះគន់ប្រទេសកម្ពុជាជុំវិញការប្រព្រឹត្តរបស់
ប្រទេសនេះទៅលើអ្នកស្វែងរកសិទ្ធិជ្រកកោនមកពីប្រទេសចិន និងប្រទេសវៀតណាម ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ នេះបើយោងតាមសំណើថ្មីរបស់ប្រទេសអូស្ត្រាលីដែលសមនឹងទទួលរងការរិះគន់។
លោក ហ្វីល រ៉ូបឺតសុន បានលើកឡើងនៅក្នុងអីុម៉េលថា “ រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី ប៊ីសប់ បានកំណត់កម្រិតថ្មីមួយនៅក្នុងសំណើដែលរំលោភសិទ្ធិ និងធ្វើឲ្យខូចកិត្តិយសនេះ”។
លោក ហ្វីល រ៉ូបឺតសុន មានប្រសាសន៍ឲ្យដឹងបន្ថែមទៀតថា “ ដោយមិនជំរុញឲ្យមេដឹកនាំប្រទេសកម្ពុជាបញ្ឈប់សកម្មភាពរំលោភសិទ្ធិមនុស្ស លោកស្រីបែរជាឲ្យមេដឹកនាំទាំងនោះជួយក្នុងការគេចវេសពីកាតព្វកិច្ចរបស់អូស្ត្រាលី ចំពោះអ្នកស្វែងរកសិទ្ធិជ្រកកោន”៕ សុធា