29 C
Phnom Penh

ក្រុម​ហ៊ុន​​ UDG រង​ការ​​ចោទ​​ប្រកាន់​ថា បាន​ដាំ​ដំឡូង​មី និង​ដូង​ប្រេង​​ជំនួសឲ្យ​​ការ​បង្កើត​រមណីយដ្ឋាន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមាជិក​សភា​ជាប់​ឆ្នោតមួយរូប​​​មកពី​គណ​បក្សសង្គ្រោះ​ជាតិ​បាន​ឲ្យ​ដឹង​កាល​ពី​ម្សិល​មិញ​ថា ​ក្រុម​ហ៊ុន​អភិវឌ្ឍន៍​ Union Development Group (UDG) ដែល​គ្រប់​គ្រង​ដោយ​ចិន​ក្នុង​ខេត្ត​កោះ​កុង​ កំពុង​ឈូស​ឆាយ​ដី​សម្បទាន​របស់​ខ្លួន​ដែល​ដំបូង​ឡើយ​ត្រូវ​បាន​គ្រោង​ធ្វើ​ជា​រមណីយ​ដ្ឋាន​ទេស​ចរណ៍​ដ៏​ធំ​មួយ​ ដើម្បី​ដាំ​ដំឡូង​មី​ និង​ដើមដូង​ប្រេង​ជំនួស​វិញ​។

លោក សុន​ ឆ័យ​​ សមាជិក​សភា​ជាប់​ឆ្នោត​​និង​ជា​ប្រធាន​ក្រុម​តំណាង​រាស្ត្រ​មក​ពី​គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​ចុះ​ទៅ​តំបន់​នោះ​កាល​​ពី​ម្សិល​មិញ​​ ដើម្បី​ជួប​ជាមួយ​គ្រួសារ​ដែល​ផ្ទះ​សំបែង​របស់​ពួក​គាត់​ត្រូ​វ​បាន​ដុត​កម្ទេច​ដោយ​ក្រុមហ៊ុន​​អភិវឌ្ឍ​ន៍ចិន​UDG កាល​ពី​ខែ​មករា​ និង​ដែល​បាន​នាំ​គ្នា​តវ៉ា​កាល​ពី​ដើម​ខែ​នេះ​ដើម្បី​ទាម​ទារ​​ឲ្យ​មាន​ដំណោះ​ស្រាយ​ចំពោះ​វិវាទ​ដី​ធ្លី​ដ៏​រំា​រ៉ៃ​នេះ​។

លោក​ សុន​ ឆ័យ​​ បាន​មាន​ប្រសាសន៍​តាម​​ទូរស័ព្ទ​ថា “យើ់ង​បាន​ជួប​ជា​មួយ​អ្នក​ភូមិ​ប្រហែល​១០០​គ្រួសារ​​ ហើយ​តំណាង​ក្រុម​ហ៊ុន​ម្នាក់​បាន​មក​ដល់​”។

លោក សុន​ ឆ័យ​  បន្ត​ថា “យើង​គិត​ថាវា​នឹង​គ្មាន​ប្រយោជន៍​អ្វី​ទេ​ក្នុង​ការ​ជួប​ជាមួយ​ក្រុម​ហ៊ុន​ចិន​ ព្រោះ​យើង​ដឹង​ហើយ​ថា ដី​សម្បទាន​ទាំង​អស់​នេះ​សុទ្ធ​តែ​ខុស​ច្បាប់​ទាំង​ស្រុង​។វា​មិន​ចាំ​បាច់​ត្រូវ​ធ្វើ​ការ​ជាមួយ​នឹង​កិច្ច​សន្យា​ដែល​បាន​លើក​ឡើង​នោះ​ទេ​។ [ក្រុមហ៊ុន​ UDG] បាន​លើក​ឡើង​ថា ខ្លួន​នឹង​អភិវឌ្ឍ​សណ្ឋាគារ​លំដាប់​ខ្ពស់​ ប៉ុន្តែ​ឥឡូវ នេះ​យើង​ឃើញ​ថា​ ពួក​គេ​កំពុង​តែ​យក​ដី​ទំហំ​ដ៏ធំ​​នេះ​ទៅ​ដាំ​ដំឡូង​មី​ទៅវិញ​”។

ក្រុម​ហ៊ុន​អភិវឌ្ឍន៍​ចិន​UDG ត្រូវ​បាន​រដ្ឋាភិ​បាល​ផ្តល់​ដី​សម្បទាន​​ទំហំ​ ៤៥.​០០០​ហិក​តា​​នៅ​ក្នុង​ព្រំ​ដែន​នៃ​ឧទ្យាន​ជាតិ​បទុម​សាគរ​ កាល​ពី​ឆ្នាំ​២០០៨​ ហើយ​ក្រុម​ហ៊ុន​នេះ​បាន​លើកឡើង​ថា​ ខ្លួន​មាន​បំណង​បង្កើត​រមណី​យ​​ដ្ឋាន​ទេសចរណ៍​ដ៏ធំមួយ​ក្នុង​ទឹក​ប្រាក់​ទំហំ​ ៣,​៨​​ពាន់​លាន​ដុល្លារ​ដោយ​មាន​ការសាង​សង់​សណ្ឋាគារ​ កន្លែង​វាយ​កូន​ ហ្គុលហ៍្វ និង​អាកាស​យាន​ដ្ឋាន​​ឯកជន​មួយ។ ការ​ផ្តល់​ដី​សម្បទាន​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​អ្នក​ភូមិ​ជា​ច្រើន​គ្រួសារ​​​ដែល​រស់​នៅ​ក្នុង​ស្រុក​បទុម​សាគរ​និង​ស្រុក​មួយ​ទៀត​ក្បែរ​នោះ​ គឺ​ ស្រុក​គិរី​សាគរ​។

លោក សុន​ ឆ័យ បាន​អះអាង​ថា “ ពួក​គេ​​បាន​ប្តូរ​កិច្ច​សន្យា​ពី​អ្វី​ដែល​ខ្លួន​​បាន​សន្យា ​​គឺ​ពី​គោល​បំណង​សាង​សង់​រមណីយ​ដ្ឋាន​ទេស​ចរណ៍​ទៅ​ជា​អ្វី​ផ្សេង​”។

លោក សុន​ ឆ័យ ​បន្ថែម​ថា “ គ្មាន​ភ័ស្តុ​​តាង​បង្ហាញ​ពី​​តំបន់​រមណីយដ្ឋាន​ទេ​។ នេះ​គឺ​ជា​ការ​ចាប់​យក​ដី​និង​អំពើ​ពុក​រលួយ​​។ ខ្ញុំ​បាន​និយាយ​ទៅ​កាន់​មន្ត្រី​ម្នាក់​ក្នុង​ចំណោមមន្ត្រី​មួយ​ចំនួន​របស់​ក្រុម​ហ៊ុន​ចិន​ ដែល​ស្លៀកពាក់​ឯកសណ្ឋាន​យោធា​និង​ដែលទទួល​ខុស​ត្រូវ​ចំពោះ​ការ​ឈូស​ឆាយ​ដី​សម្រាប់​ដាំ​ដំឡូង​មី​។ គាត់​បាន​និយា​យ​ថា ពួក​គេ​បាន​យក​ត្រាក់ ទ័រ​ថ្មី​ចំនួន​៥០គ្រឿង​មក​ដើម្បី​ឈូសឆាយ​ដី​សម្រាប់​ដាំ​ដំឡូង​មី​”។

អ្នក​ភូមិ​ម្នាក់​ឈ្មោះ ស៊ុន​ គឹម​សឿន​ អាយុ​៥៨​ឆ្នាំ​ដែលមក​ពី​ឃុំ​តានួន ​ស្រុក​បទុម​សាគរ​​​បាន​អះអាង​ថា នគរបាល​បាន​ដាក់​ខ្នោះ​អ្នក​ស្រី​អស់​រយៈពេល​បី​ម៉ោង​កាល​ពី​ថ្ងៃ​ទី​២១​ ខែ​មករា​ ខណៈ​ផ្ទះ​បណ្តោះ​អាសន្ន​​ទំហំ​៥​គុណ​៦​ម៉ែត្រ​របស់​អ្នក​ស្រី​កំពុង​ត្រូវ​បាន​គេ​ដុត​កម្ទេច​។​ អ្នក​ស្រី​នៅ​មិន​ទាន់​ទទួល​បាន​ប្រាក់​សំណង​នៅ​ឡើយ​ទេ​។

អ្នក​ស្រី​​និយាយថា​ “ ពួក​គេ​មាន​គម្រោង​​​ដាំ​ដំឡូង​មី​និង​ដាំ​ដើម​ដូង​ប្រេង​”។ អ្នក​ស្រី​បាន​បន្ថែមថា​ ក្រុម​ហ៊ុន​បាន​ដាំ​ដំឡូង​មី​និង​ដើម​ដូង​ប្រេង​ចាប់​តាំង​ពី​ផ្ទះ​សំបែង​ត្រូវ​ដុត​កម្ទេច​មក​ម្លេះ​។ អ្នក​ស្រី​បាន​និយាយ​បន្ថែម​ទៀត​ថា “ពួក​គេ​មិន​បាន​សាង​សង់​ក្រុង​ទេស​​ចរណ៍​នោះ​ទេ​”។

រីឯអ្នកម្នាក់​ទៀត​ឈ្មោះ​ ឡាយ​ គៀត​ បាន​​​លើក​ឡើង​ថា​ អ្នក​ស្រី​ក៏​បាន​ឃើញ​ក្រុម​ហ៊ុន​កំពុង​ដាំ​ដំឡុង​មី​និង​ដើម​ដូង​ប្រេង​ដែរ​។ អ្នក​ស្រី​​និយាយ​ថា​ “ពួកគេ​កំពុង​ដាំ​ដំឡូង​​​​មី​និង​ដើម​ដូង​ប្រេង​ ហើយ​កំពុង​ឈូស​ឆាយ​ ដី​ស្រែ​របស់​ពលរដ្ឋ​។ ពួក​គេមិនទាន់​ចាប់​ផ្តើម​ដាំ​ដំឡូង​មី​និង​ដើម​ដូង​ប្រេង​នៅ​ឡើង​ទេ​ ប៉ុ​ន្តែ​ពួក​គេ​កំពុង​ឈូស​ដើមដូង​​និង​ដើម​ស្វាយ​និង​កំពុង​ឈូសកម្ទេច​​ភ្លឺ​ស្រែ​​ចោល​​”។

លោក​ អ៊ិន​ គង់​ចិត្រ​ អ្នក​សម្រប​សម្រួល​របស់​អង្គការ​សិទ្ធិ​មនុស្ស​លី​កាដូ​ប្រចាំ​ខេត្ត​កោះ​កុង​បាន​លើក​ឡើង​ថា​ លោក​បាន​ដឹង​ថា  ក្រុមហ៊ុន​អភិវឌ្ឍន៍ចិន​UDG  បាន​ដាំ​ដំឡូង​មី​​មួយ​ឆ្នាំ​មក​ហើយ​នៅ​លើ​ដី​​សម្បទាន​ទំហំ​៣០០​ហិកតា​ ជា​តំបន់​ ដែល​អ្ន​ក​ភូមិត្រូវ​បាន​គេ​ប្រាប់​ថា​ គេ​នឹង​សាង​សង់​អាកាសយាន​ដ្ឋាន​​មួយ​នៅ​ទី​នេះ​។

លោក​ អន ភារៈ អភិបាល​ស្រុក​បទុម​សាគរ​​បាន​បញ្ជាក់​ថា ក្រុម​ហ៊ុន​អភិវឌ្ឍន៍​ចិន​UDG​កំពុង​​​ដាំ​ដំណាំ​​ ប៉ុន្តែ​ដំណាំ​ទាំង​នេះ​គឺ​គ្រាន់តែ​សម្រាប់​​តែ​លម្អ​សោភ័ណភាព​ក្រុង​របស់​ពួក​គេ​ប៉ុណ្ណោះ​។  លោក​បាន​លើក​ឡើង​ថា  រាល់​សំណួរ​ទាក់​ទិន​​​លទ្ធភាព​ដែល​ក្រុម​ហ៊ុន​អភិវឌ្ឍ​ន៍​ចិន​UDG អាច​នឹង​ផ្លាស់​ប្តូរ​គោល​បំណង​របស់​ខ្លួន​សម្រាប់​ការ​ធ្វើ​អ្វីៗលើ​ដី​នេះ​គឺ​សួរ​ទៅ​ក្រុម​ហ៊ុន​​ទៅ​។ រីឯ​គណៈ​គ្រប់​គ្រង​​របស់​ក្រុមហ៊ុន​នេះ​មិន​អាច​ទាក់​ទង​បាន​ឡើយ​៕​ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស