កាលពីម្សិលមិញ មន្ត្រីម្នាក់បានឲ្យដឹងថា ក្រសួងបរិស្ថាននឹងផ្លាស់ប្ដូរការិយាល័យរបស់ខ្លួនទៅកាន់ដីមួយកន្លែងក្បែរកាស៊ីណូនិងសណ្ឋាគារណាហ្គាវើលក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងបរិស្ថានថ្មីបានលើកឡើងថា ទីស្នាក់ការថ្មីរបស់ខ្លួនដែលគ្រោងនឹងសាងសង់នៅខណ្ឌមានជ័យ ស្ថិតនៅឆ្ងាយពីកណ្តាលរាជធានីពេក។
ក្រសួងបរិស្ថានសព្វថ្ងៃមានទីតាំងនៅតាមបណ្តោយមហាវិថីព្រះសីហនុនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ប៉ុន្តែត្រូវបានគេគ្រោងផ្លាស់ទៅដីមួយកន្លែងទំហំ៩.០០០ ម៉ែត្រការ៉េនៅតាមបណ្តោយផ្លូវជាតិលេខ១ក្នុងខណ្ឌមានជ័យ បន្ទាប់ពីក្រសួងនេះបានដោះដូរដីជាមួយក្រុមហ៊ុនមួយដែលគេមិនស្គាល់ឈ្មោះ។
ឥឡូវ ក្រសួងនេះបានសម្រេចផ្លាស់ប្តូរមកកាន់ដីមួយកន្លែងទំហំ៥.០០០ម៉ែត្រក្រឡាចម្ងាយទីតាំងចាស់ប្រហែល១,៥គីឡូម៉ែត្រ នេះបើយោងតាមលោក សៅ សុភាព នាយកខុទ្ទកាល័យរបស់លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានដែលទើបតែងតាំងថ្មី។
លោក សុភាព បានមានប្រសាសន៍ថា “ក្រសួងបរិស្ថាននឹងចាប់ផ្តើមសាងសង់ទីតាំងរបស់ខ្លួននៅខែក្រោយតាមបណ្តោយទន្លេបាសាក់ក្បែរកោះពេជ្រ”។ លោក សុភាព បានលើកឡើងថា ការផ្លាស់ប្តូរនេះគឺពីព្រោះលោក សំអាល់ គិតថា ការិយាល័យថ្មីនៅតាមបណ្តោយផ្លូវជាតិលេខ១ វាឆ្ងាយពេកសម្រាប់មន្ត្រីរបស់ក្រសួងបរិស្ថាន។
លោក សុភាព បានមានប្រសាសន៍បន្តថា “វាមិនមែនជាមូលហេតុធំនោះទេ។ រដ្ឋមន្ត្រីគិតថា ទីតាំងដំបូងរបស់ក្រសួងស្ថិតនៅឆ្ងាយពេក ហើយវាមានការលំបាកនៅពេលធ្វើដំណើរទៅធ្វើការ ខណៈមានការកកស្ទះចរាចរណ៍នោះ។ទីតាំងថ្មីនៅក្បែរកោះពេជ្រ គឺវាផ្តល់ភាពងាយស្រួលក្នុងការទាក់ទងជាមួយដៃគូរបស់យើង ហើយវាងាយស្រួលសម្រាប់មន្ត្រីក្រសួងរបស់យើងក្នុងការធ្វើដំណើរទៅធ្វើការ” ។
លោ សុភាព បានឲ្យដឹងថា ក្រសួងបានប្រគល់អគារដែលមិនទាន់សាងសង់ចប់រួចរាល់នៅតាមបណ្តោយផ្លូវជាតិលេខ១ឲ្យទៅក្រុមហ៊ុន Ratana Cooperation and Constuction ជាក្រុមហ៊ុនមួយដែលបានចុះកិច្ចសន្យាទទួលសាងសង់អគាររបស់ក្រសួងបរិស្ថាន។ លោកបានមានប្រសាសន៍ថា “យើងបានប្រគល់អគារដំបូង [ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១] ទៅឲ្យក្រុមហ៊ុន Ratana Cooperation and Constuction ”។
លោក សុភាព បានបដិសេធមិនផ្តល់ព័ត៌មានលម្អិតទាក់ទិននឹងការផ្លាស់ប្តូរទីតាំងចុងក្រោយរបស់ក្រសួងបរិស្ថានឡើយ។
លោកបានប្រសាសន៍ដោយបដិសេធមិនប្រាប់ពីការចំណាយចំពោះការសាងសង់អគារថ្មីនេះថា “វាមិនមែន [ក្រុមហ៊ុន Ratana Cooperation and Construction ] ទេដែលនឹងសាងសង់អាគារថ្មីនេះ។ ឥឡូវនេះយើងកំពុងចរចាជាមួយក្រុមហ៊ុនសំណង់ថ្មី ហេតុដូច្នេះខ្ញុំមិនអាចប្រាប់ឈ្មោះក្រុមហ៊ុនសំណង់ថ្មីនេះបានទេ”។
លោក ខាត់ ណារិទ្ធិ ចៅសង្កាត់ទន្លេបាសាក់ បានបញ្ជាក់ពីទីតាំងថ្មីរបស់ក្រសួងបរិស្ថានថ្មីនេះ ប៉ុន្តែលោកបានបដិសេធមិនរៀបរាប់ពីការផ្លាស់ប្តូរនេះឡើយ។ លោក ខាត់ ណារិទ្ធិ បានមានប្រសាសន៍ថា “មន្ត្រីក្រសួងបរិស្ថាននិងក្រុមហ៊ុនសំណង់ បានចុះទៅសិក្សានៅដីនោះហើយកាលពីខែមករា”។
ទីតាំងនោះគឺឆ្លងមួយផ្លូវពីកាស៊ីណូនិងសណ្ឋាគារណាហ្គាវើល ហើយសព្វថ្ងៃគឺជាចំណតរថយន្តរបស់ណាហ្គាវើល។
និយាយទាក់ទិននឹងអគារ និងដីនៅខណ្ឌមានជ័យ រាជធានីភ្នំពេញវិញ លោក ឃ្លាំង សុឃឿន អតីតអ្នកគ្រប់គ្រងក្រុមហ៊ុន Ratana Cooperation and Constuction បានឲ្យដឹងកាលពីម្សិលមិញថា ការសាងសង់ត្រូវបញ្ឈប់កាលពីខែកញ្ញា ដោយសារបញ្ហាប្រាក់និងទីតាំង។
លោកបានមានប្រសាសន៍ថា “ខ្ញុំទទួលបានដំណឹងថា គ្មានប្រាក់សម្រាប់សាងសង់អគារនេះទេ។ ស្របពេលនឹង រដ្ឋមន្ត្រីក្រសួងបរិស្ថានថ្មី ត្រូវបានតែងតាំង ហើយខ្ញុំក៏ទទួលបានដំណឹងថា រដ្ឋមន្ត្រីក្រសួងបរិស្ថានថ្មីមិនចង់បានទីតាំងនេះ”។
បន្ទាប់ពីការផ្លាស់ប្តូរទីតាំងទៅខណ្ឌមានជ័យត្រូវបានប្រកាស មន្ត្រីនៅក្រសួងបរិស្ថានបានរអ៊ូរទាំថា ទីតាំងនោះស្ថិតនៅឆ្ងាយពីកណ្តាលរាជធានីពេក ហើយបាននាំគ្នាឆ្ងល់ថា តើហេតុអ្វីបានជាពួកគេមិនត្រូវបានបន្ថែមប្រាក់សម្រាប់ចំណាយលើការធ្វើដំណើរ ព្រោះរដ្ឋាភិបាលត្រូវបានគេរំពឹងថា នឹងទទួលបានប្រាក់យ៉ាងច្រើនពីការផ្លាស់ប្តូរទីតាំងនេះ។
ហើយទន្ទឹមនឹងនោះដែរ កាលពីឆ្នាំ២០១២ ទីតាំងចាស់របស់ក្រសួងបរិស្ថានដែលស្ថិតនៅតាមបណ្តោយមហាវិថីព្រះសីហនុ គឺមានតម្លៃចន្លោះពី៩,៦លានដុល្លារដល់១២លានដុល្លារ។ គេនៅមិនទាន់ដឹងច្បាស់នៅឡើយទេកាលពីម្សិលមិញ ថាតើអ្វីនឹងកើតឡើងចំពោះទីតាំងចាស់នេះ នៅពេលក្រសួងត្រូវផ្លាស់ប្តូរទៅក្បែរណាហ្គាវើល៕ ស៊ុយឈាង
(រាយការណ៍បន្ថែមដោយ Joshua Wilwohl)