កាលពីម្សិលមិញមន្ត្រីកំពង់ផែម្នាក់បានឲ្យដឹងថា ទម្ងន់សរុបនៃទំនិញដែលដឹកឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីខែមករា បានកើនឡើង២៦ភាគរយបើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៣។
ទំនិញជាង៣០៩.២០០តោនបានឆ្លងកាត់កំពង់ផែក្រុងព្រះសីហនុកាលពីខែមុន ពោលគឺខ្ពស់ជាងកាលពីខែមករាឆ្នាំ២០១៣ដែលមានទំនិញឆ្លងកាត់ត្រឹមតែ២៤៤.៧១០តោននោះ។
លោក ជា សម្បត្តិ ប្រធានទទួលបន្ទុកផ្នែកស្ថិតិនិងផែនការនៅកំពង់ផែក្រុងព្រះសីហនុបានឲ្យដឹងថា ការកើនឡើងនៃទំនិញដែលត្រូវបានដឹកឆ្លងកាត់កំពង់ផែគឺជាសញ្ញាមួយនៃកំណើនសេដ្ឋកិច្ច។តួលេខនៃទំនិញសរុបដែលបានឆ្លងកាត់កំពង់ផែក្រុងព្រះសីហនុកាលពីឆ្នាំ២០១៣មានទម្ងន់៣, ០១ លានតោន ជាតួលេខមួយដែលលោក ជា សម្បត្តិ រំពឹងថា អាចនឹងកើនឡើងលើសពីនេះនៅក្នុងឆ្នាំនេះ។
លោក ជា សម្បត្តិ បានមានប្រសាសន៍ថា “ យើងបាននាំចេញស្រូវយ៉ាងច្រើនទៅកាន់ប្រទេសជាង៣០។ ហើយសម្លៀកបំពាក់ក៏នៅតែជាផលិតផលដ៏សំខាន់មួយទៀតដែលយើងបាននាំចេញ”។ ក្នុងចំណោមផលិតផលនាំចេញសរុបកាលពីឆ្នាំមុនរបស់ប្រទេសកម្ពុជា សម្លៀកបំពាក់និងផលិតផលវាយនភណ្ឌ មានរហូតដល់ទៅ៨០ភាគហើយបើគិតជាទំហំទឹកប្រាក់វិញគឺស្មើនឹង ៥, ៥៣ ពាន់លានដុល្លារ៕ ស៊ុយឈាង